ជំងឺស្ទះសរសៃឈាមបេះដូង ហានិភ័យខ្ពស់លំដាប់ទី១!
ស្ទះសរសៃឈាមបេះដូង គឺជាការស្លោកសាច់ដុំបេះដូងស្រួចស្រាវដោយសារការស្ទះនូវសរសៃឈាមដែលទៅចិញ្ចឹមបេះដូង(coronary artery)។ តាមរបាយការណ៍អង្គការសុខភាពពិភពលោកបានបង្ហាញថា «នៅប្រទេសកម្ពុជាក្នុងចំណោមមនុស្ស១០០ពាន់នាក់ មាន១២៨.៨នាក់ ស្លាប់ដោយសារ ជំងឺស្ទះសរសៃឈាមបេះដូងនេះ»។ តាមតួលេខជាក់ស្តែងនៅមន្ទីរពេទ្យកាល់ម៉ែតឆ្នាំ២០១៦ពេញមួយឆ្នាំ បូករួម២០១៧រយៈពេលកន្លះឆ្នាំមានអ្នកជំងឺស្ទះសរសៃឈាមបេះដូងចូលមកសម្រាក និងព្យាបាលរហូតដល់៨៣៣នាក់ដែលជាតួលេខមួយគួរឲ្យព្រួយបារម្ភ។
បច្ចុប្បន្ននេះ ជំងឺស្ទះសរសៃឈាមបេះដូងនៅតែជាមូលហេតុទីមួយដែលសម្លាប់មនុស្សទូទាំងសកលលោក ក្រោយពេលរកឃើញថាមនុស្សប្រហែល៧លាននាក់ត្រូវបានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំទោះបីជាមានការរីកចម្រើននូវបច្ចេកវិទ្យាទំនើបក្នុងការព្យាបាលយ៉ាងណាក៏ដោយ។
សញ្ញាណាខ្លះដែលលេចឡើងចំពោះអ្នកជំងឺ?
ការចុកដើមទ្រូងខ្លាំង ជាសញ្ញាសំខាន់ និងភាគច្រើនបំផុតនៃជំងឺស្ទះសរសៃឈាមបេះដូង ដែលមានរយៈពេលលើសពី២០នាទី។ ការចុកនេះទៀតសោតអាចនឹងរាលមកគល់ថ្គាមចុះមកត្រឹមស្មា ឬរហូតដល់ដៃខាងឆ្វេង។ ក្រៅពីនេះ អ្នកជំងឺក៏មានសញ្ញារួមផ្សំផ្សេងទៀតដូចជាបែកញើស ឡេះឡាស់ ថប់ដង្ហើម និងហត់ជាដើម។
អ្វីជាមូលហេតុនៃជំងឺស្ទះសរសៃឈាមបេះដូង?
ភាគច្រើននៃមូលហេតុបង្កឲ្យមានការស្ទះសរសៃឈាមបេះដូង គឺការកកដុំខ្លាញ់ក្នុងសរសៃឈាមបេះដូង។ បន្ថែមពីនេះ ក៏មានកត្តាជំរុញផ្សេងទៀត និងក្រុមមនុស្សប្រឈមដូចខាងក្រោម៖
•កត្តាអាយុ ៖ នៅពេលអាយុកាន់តែច្រើន អត្រាប្រឈមកាន់តែខ្ពស់ (បុរសលើសពី៤៥ឆ្នាំ និងស្ត្រីលើសពី៥៥ឆ្នាំ)
•អ្នកជំងឺលើសសម្ពាធឈាម
•អ្នកជំងឺទឹកនោមផ្អែម
•អ្នកលើសជាតិខ្លាញ់ និងលើសទម្ងន់
•មនុស្សអសកម្ម ឬមិនសូវធ្វើពលកម្ម
•អ្នកជក់បារី
•អ្នកមានប្រវត្តិក្រុមគ្រួសារមានជំងឺស្ទះសរសៃឈាមបេះដូង (family refractor)។
វិធីសាស្ត្រត្រឹមត្រូវក្នុងការធ្វើរោគវិនិច្ឆ័យ
ករណីជំងឺស្ទះសរសៃឈាមបេះដូងមានសភាពមិនសូវធ្ងន់ធ្ងរ នោះការធ្វើរោគវិនិច្ឆ័យអាចធ្វើឡើងដោយ ការថតចង្វាក់បេះដូង ធ្វើអេកូបេះដូង និងការធ្វើតេស្តដោយឲ្យអ្នកជំងឺដើរនៅលើខ្សែពានឬដោយការធាក់កង់ ដើម្បីរកមើលសញ្ញានៃការស្ទះសរសៃឈាមបេះដូង។ ក្នុងពេលជាមួយគ្នា គ្រូពេទ្យឯកទេសអាចតម្រូវឲ្យអ្នកជំងឺថត CT ស្កែនលើសរសៃឈាមបេះដូង និងចុងក្រោយអាចធ្វើ Angiography ដើម្បីរកមើលទីតាំងនៃសរសៃឈាមដែលស្ទះ រួម និងការពិនិត្យឈាម។
ការព្យាបាលអ្នកជំងឺស្ទះសរសៃឈាមបេះដូង
ការព្យាបាលចម្បងនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូង គឺធ្វើយ៉ាងណាត្រូវបើកសរសៃឈាមដែលស្ទះនោះដំណើរការឡើងវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន(មុន៦ម៉ោងនិងយ៉ាងហោចណាស់មុន១២ម៉ោង)។ ការបើកឲ្យមានដំណើរការសរសៃឈាមឡើងវិញអាចធ្វើឡើងតាម២របៀប៖
•ប្រើប្រាស់ថ្នាំចាក់ ដើម្បីរំលាយដុំឈាមដែលកកស្ទះនៅក្នុងសរសៃឈាមបេះដូងនោះ ឬហៅថា Thrombolytic។
•ប្រើប្រាស់រ៉ឺស័រដើម្បីពង្រីកសរសៃឈាមបេះដូង(Angioplasty)។
ក្រោយពីការព្យាបាលដោយAngioplastyអ្នកជំងឺត្រូវពិសាថ្នាំឲ្យបានទៀងទាត់ទៅតាមវេជ្ជបញ្ជា និងធ្វើការតាមដានតាមការណែនាំរបស់គ្រូពេទ្យឯកទេស។ ហានិភ័យនៃអ្នកជំងឺស្ទះសរសៃឈាមបេះដូងអាចនឹងធ្ងន់ធ្ងររហូតឲ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់អាយុជីវិត ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវតាមបច្ចេកវិទ្យា។ អ្នកជំងឺស្ទះសរសៃឈាមបេះដូងទាមទារធ្វើការព្យាបាលឲ្យបានមុន៦ម៉ោង ឬយ៉ាងហោចណាស់ឲ្យបានមុន១២ម៉ោង ប្រសិនបើលើសពី១២ម៉ោងនោះសាច់ដុំបេះដូងរបស់អ្នកជំងឺនឹងស្លោកខូច ហើយហានិភ័យនឹងកាន់តែធ្ងន់ធ្ងរ។
គួរការពារខ្លួនបែបណាដើម្បីកាត់បន្ថយជំងឺនេះ?
តាមពិតជំងឺស្ទះសរសៃឈាមបេះដូងមិនអាចការពារបាននោះទេ ប៉ុន្តែវាអាចត្រូវបានកាត់បន្ថយតាមរយៈគោលការណ៍ដូចខាងក្រោម៖
•ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ (៣០នាទីក្នុង១ថ្ងៃនិង៥ថ្ងៃក្នុងមួយសប្តាហ៍)
•បញ្ឈប់ការជក់បារី
•កាត់បន្ថយ ឬបញ្ឈប់ការពិសាគ្រឿងស្រវឹង
•ចៀសវាងការបរិភោគអាហារប្រៃខ្លាំង
•កាត់បន្ថយអាហារសម្បូរជាតិខ្លាញ់
•កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ (Stress)
•គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ
•គ្រប់គ្រងជាតិស្ករឲ្យមានលំនឹងបើមានជំងឺទឹកនោមផ្អែម
•រក្សាទម្ងន់ឲ្យបានសមស្រប និងចៀសវាងកុំឲ្យលើសទម្ងន់
•ជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានទៀងទាត់។
ដោយសារជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺមួយដែលធ្ងន់ធ្ងរ និងទាមទារឲ្យមានការព្យាបាលទាន់ពេលវេលា ដូច្នេះអ្នកជំងឺក៏ដូចជាគ្រូពេទ្យទាំងអស់ដែលបាន និងកំពុងបំពេញការងារទាំងនៅរាជធានីក្តី និងនៅតាមបណ្តាខេត្តក្តី ប្រសិនបើជួបជាមួយនឹងអ្នកជំងឺដែលមានសញ្ញាដូចខាងលើ សូមប្រញាប់បញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យឯកទេសនៅភ្នំពេញជាបន្ទាន់ គឺ មន្ទីរពេទ្យកាល់ម៉ែតដែលមានមធ្យោបាយទំនើបគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលអ្នកជំងឺព្រមទាំងជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត មានបន្ទប់ថតឆ្លុះសរសៃឈាមបេះដូង (Angiography) ចំនួន២ ព្រមជាមួយគ្រូពេទ្យឯកទេសជំនាញខាងថតឆ្លុះសរសៃឈាមបេះដូងគ្រប់គ្រាន់ រងចាំទទួលព្យាបាលប្រជាពលរដ្ឋគ្រប់ពេលវេលា។
បកស្រាយដោយ៖ សាស្រ្តាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានអ៊ុយនីតេ ជំងឺបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ