ខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃនៅតែជាហានិភ័យខ្ពស់សម្រាប់គ្រប់គ្នា
មនុស្សគ្រប់រូបមានបេះដូង ដែលជាសរីរាង្គមួយមានតួនាទីច្របាច់នាំឈាមទៅចិញ្ចឹមគ្រប់ផ្នែកនៃដងខ្លួននៅពេលកន្ត្រាក់ ជាលទ្ធផលឲ្យឈាចេញតាមសរសៃឈាមក្រហម ដែលជាប្រភេទឈាមសម្បូរដោយអុកស៊ីសែន និងសារជាតិចិញ្ចឹម។ ជាក់ស្តែងសារពាង្គកាយទាំងអស់របស់មនុស្ស ត្រូវការជាចាំបាច់នូវសារធាតុ២យ៉ាងនេះ សូម្បីតែបេះដូង និងសរសៃឈាមខ្លួនឯងផ្ទាល់។
នៅពេលផ្នែកផ្សេងៗនៃរាងកាយប្រើប្រាស់អុកស៊ីសែន និងសារជាតិចិញ្ចឹមអស់ ឈាមក្រហមនឹងក្លាយជាឈាមខ្មៅ ដែលឈាមនេះត្រូវត្រឡប់ឡើងទៅបេះដូង និងទៅសួតវិញ តាមរយៈសរសៃឈាមវ៉ែន។ គ្រប់ផ្នែកនៃសារពាង្គកាយមនុស្សសុទ្ធតែមានសរសៃឈាមវ៉ែន ហើយសរសៃឈាមវ៉ែនដែលងាយទទួលរងការខូចខាតជាងគេ គឺបណ្តាសរសៃឈាមវ៉ែនដែលនៅនឹងជើង។ ជាទូទៅ សរសៃឈាមវ៉ែននៅនឹងជើងមាន២ជំពូកធំៗរួមមាន៖
•សរសៃឈាមវ៉ែនដែលនៅជ្រៅៗជាប់នឹងឆ្អឹង៖ សរសៃឈាមនេះមិនសូវមានចោទជាបញ្ហាខ្សោយនោះទេ
•សរសៃឈាមវ៉ែនដែលនៅនឹងសើស្បែក៖ សរសៃឈាមងាយបណ្តាលឲ្យខ្សោយនិងវិវឌ្ឍទៅជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃភាគច្រើនបំផុត។
មូលហេតុនៃជំងឺ
ធម្មជាតិតម្រូវឲ្យមានកត្តាជាច្រើនដែលឲ្យឈាមអាចឡើងពីជើងត្រឡប់ទៅបេះដូងវិញបាន សំខាន់ជាងគេនោះគឺ ការកន្ត្រាក់របស់សាច់ដុំកំភួនជើង មានន័យថា ធម្មជាតិតម្រូវឲ្យមនុស្សដើរ ដើម្បីឲ្យឈាមឡើងបន្តិចម្តងៗទៅកាន់បេះដូង ដូច្នេះរាល់កត្តាបង្កទាំងអស់ដែលប្រឆាំងនឹងធម្មជាតិកំណត់ខាងលើ នឹងបង្កជាជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ។
កត្តាទាំងនោះរួមមាន ៖
-មនុស្សចាស់
-កត្តាតំណពូជ
-អ្នកដំណើរតាមយន្តហោះរយៈពេលយូរ
-អ្នកប្រឈមជាមួយកម្តៅថ្ងៃខ្លាំង
-អ្នកចូលចិត្តស្លៀករឹតខ្លាំងពេក
-អ្នកធ្វើការក្នុងការិយាល័យពុំសូវបានដើរ ឬអ្នកឈរយូរ
-អ្នកចូលចិត្តញ៉ាំអាហារសម្បូរខ្លាញ់
-អ្នកមានបញ្ហាឆ្អឹងជើងដែលគាត់ដើរពុំរួច
-អ្នកលើសទម្ងន់
-ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើត
-ស្ត្រីមានផ្ទៃពោះ
-អ្នកធ្លាប់មានប្រវត្តិកើតជំងឺនេះជាដើម។
តាមការសិក្សាស្រាវជ្រាវ វាជាប្រភេទជំងឺដែលមានការវិវឌ្ឍយឺត មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗនោះទេ ប៉ុន្តែវាបានប៉ះពាល់យ៉ាងខ្លាំងដល់រាងកាយរបស់អ្នកជំងឺរហូតដល់ជាង៥០% ប៉ះពាល់ដល់សង្គម៥០% និងប៉ះពាល់ដល់អារម្មណ៍ធ្ងន់ធ្ងរ។
រោគសញ្ញាជាក់ស្តែង
ជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃ មិនសូវជាមានរោគសញ្ញាធ្ងន់ធ្ងរទេ អ្នកជំងឺភាគច្រើនអាចមានអារម្មណ៍ហាក់ដូចជាធ្ងន់ៗជើង ចុកក្នុងកំភួនជើង ឬហើមនៅប្រអប់ជើង រមួលក្រពើ រមាស់ ស្ពឹកៗជើងញឹកញាប់។ ជំងឺនេះត្រូវបានបែងចែកជាដំណាក់កាលចាប់ពី០រហូតដល់ដំណាក់កាលទី៦ ដែលដំណាក់កាល០ ជើងគាត់ធម្មតាស្អាតគ្រាន់តែអាចមានសញ្ញាសង្ស័យ ដំណាក់កាល១អាចមានចេញជាសញ្ញាខៀវៗនៅជើង ដំណាក់កាល២អាចចេញមកសរសៃអង្កាញ់ៗហើយដំណាក់កាលបន្តទៀតអាចចេញជាដំបៅពិសេសនៅភ្នែកជើង វានឹងមិនជាសះស្បើយទេ ប្រសិនបើមិនធ្វើការវះកាត់យកសរសៃឈាមដែលខូចនោះចេញ។
ការធ្វើរោគវិនិច្ឆ័យ
គ្រូពេទ្យនឹងតម្រូវឲ្យអ្នកជំងឺធ្វើអេកូដើម្បីរករោគវិនិច្ឆ័យពីជំងឺខ្សោយសរសៃឈាមវ៉ែននេះ គ្រាន់តែនៅដំណាក់កាល០ និងដំណាក់កាលទី១ ការធ្វើអេកូមិនអាចមានលទ្ធភាពឃើញនោះទេ ដូច្នេះដើម្បីឲ្យដឹងពិតប្រាកដ ត្រូវមើលលើទម្លាប់ប្រចាំថ្ងៃ និងការងារក៏ដូចជាមុខរបររបស់ពួកគាត់។ ការធ្វើអេកូបង្ហាញថា ឈាមដែលឡើងទៅហើយរត់ត្រឡប់មកវិញ បង្កឲ្យសរសៃឈាមវិវឌ្ឍជាអង្កាញ់ៗ អាចនឹងទៅជាកកឈាម ពេលនោះគាត់អាចប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ព្រោះឈាមដែលកកនោះ អាចនឹងរំកិលទៅកាន់សរសៃឈាមជ្រៅៗ រហូតដល់សរសៃឈាមនៅសួត ធ្វើឲ្យស្ទះសរសៃឈាមនៅសួត (Pulmonary Embolism) ដែលអាចប៉ះពាល់ដល់អាយុជីវិតភ្លាមៗ។
វិធីក្នុងការព្យាបាល
អ្នកជំងឺខ្សោយសរសៃឈាមវ៉ែនទាមទារ ធ្វើរោគវិនិច្ឆ័យឲ្យបានលឿនបំផុត ពោលគឺតាំងពីដំណាក់កាលដំបូង។ ដោយឡែក វិធីសាស្រ្តក្នុងការព្យាបាលមានច្រើនយ៉ាង៖
•ការព្យាបាលដោយប្រើប្រាស់ថ្នាំសម្រួលឲ្យឈាមឡើងទៅបេះដូង និងសួត បានស្រួល ព្រមទាំងជួយកាត់បន្ថយការវិវឌ្ឍរបស់ជំងឺខ្សោយសរសៃឈាមនេះ។
•ប្រសិនបើដំណាក់កាលខ្សោយនោះចាប់ពីកម្រិតទី២ទៅ ការព្យាបាល គឺអាចធ្វើការវះកាត់ដកសរសៃឈាមនោះចេញ ឬការប្រើកាំរស្មី ឬការចាក់ថ្នាំបញ្ចូលក្នុងសរសៃឈាមដើម្បីឲ្យសរសៃឈាមស្វិតមកវិញ។
•ការព្យាបាលមួយប្រភេទទៀតគឺឲ្យអ្នកជំងឺពាក់ស្រោមជើងដែលផលិតដោយអ្នកជំនាញខាងវេជ្ជសាស្ត្រ។ ស្រោមជើងប្រភេទនេះ អាចពាក់បានសូម្បីតែអ្នកដែលកំពុងមានផ្ទៃពោះ ហើយមានការបែងចែកជាជំពូកផ្សេងៗនៃស្រោមជើងទៅតាមកម្រិតនៃការរឹតរបស់ស្រោមជើង និងដំណាក់កាលនៃជំងឺ។
ការការពារ
ដើម្បីចៀសវាងពីជំងឺខ្សោយសរសៃឈាមវ៉ែនរ៉ាំរ៉ៃត្រូវប្តូររបៀបក្នុងការរស់នៅ ហើយកាត់បន្ថយនូវរាល់ហានិភ័យដែលបានរៀបរាប់ខាងលើ។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ ផាង ឯកទេសបេះដូង សរសៃឈាម នៅមជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ