កំហុសឆ្គង ៦យ៉ាងនៃការហាត់ប្រាណខាងក្នុង
លំហាត់ប្រាណក្នុងផ្ទះអាចបង្កជាភាពងាយស្រួលសម្រាប់បុគ្គលមួយចំនួនព្រោះការហាត់អាចធ្វើបានគ្រប់ពេលវេលាតាមការចង់បាន យ៉ាងណាមិញការអនុវត្តការហាត់មួយចំនួនអាចជាកំហុសឆ្គង ដោយសារវាអាចធ្វើឡើងមានភាពប្រញាប់ប្រញាល់ ឬការមិនយល់ពីរបៀបក្នុងការរៀបចំខ្លួនសម្រាប់ការហាត់ឲ្យមានប្រសិទ្ធភាពដល់រាងកាយ។ កំហុសឆ្គងទាំងនោះអាចមានសភាពធម្មតា តែវាទាមទារឲ្យមានការស្វែងយល់ដើម្បីអាចឲ្យអ្នកកែប្រែកំហុសទាំងនោះបានទាន់ពេលវេលា។
1- ហាត់ប្រាណតែមួយផ្នែកនៃរាងកាយ
គន្លឹះនៃការទទួលបាននូវសុខភាព និងសម្រស់រាងកាយ ទាមទារឲ្យមានការខិតខំប្រឹងប្រែងក្នុងការធ្វើលំហាត់ប្រាណឲ្យបានគ្រប់ផ្នែកនៃរាងកាយពីព្រោះវាអាចធានាឲ្យមានការដុតបំផ្លាញជាតិខ្លាញ់តាមរយៈការកើនឡើងនៃមេតាបូលីស និងពង្រឹងសាច់ដុំ ជាលិកាបានល្អ។ អ្នកគួរជ្រើសរើសលំហាត់ប្រាណចម្រុះផ្សេងគ្នាដែលអាចរួមបញ្ចូលដោយ ការលើកទម្ងន់ ការដើរ ការទាញសន្ធឹង និង លំហាត់ប្រាណប្រភេទស្រាលមួយចំនួនទៀត។
2- គ្មានឧបករណ៍ហាត់ប្រាណសមរម្យ
កង្វះខាតឧបករណ៍ហាត់ប្រាណមួយចំនួន ក៏អាចជាកំហុសឆ្គងមួយនៃការហាត់ប្រាណនៅក្នុងផ្ទះ។ប្រសិនអ្នកសម្រេចចិត្តជ្រើសរើសការហាត់នៅផ្ទះ អ្នកគួរពិចារណាក្នុងការទិញម៉ាស៊ីនហាត់ប្រាណមួយចំនួនដូចជា ម៉ាស៊ីនដើរ ឬលើកទម្ងន់ជាដើម ដែលឧបករណ៍ទាំងនេះស័ក្តិសមបំផុត និងជាជំនួយបានយ៉ាងល្អដើម្បីភាពជោគជ័យនៃការហាត់ និងបង្កើនសុខភាពរាងកាយ។
3- ទម្លាប់ហាត់ប្រាណតែមួយបែបច្រើនខែ
ពិតណាស់ការហាត់ជាប្រចាំ ជាកត្តានាំឲ្យទទួលបានលទ្ធផលដែអ្នកចង់បាន យ៉ាងណាមិញប្រសិនអ្នកធ្វើលំហាត់ប្រាណច្រើនខែតែមួយបែបជាកំហុសឆ្គងមួយដែលប្រហែលជាអ្នកពុំបានដឹង។ ការហាត់បែបនេះ អាចបណ្តាលឲ្យរាងកាយមានភាពស៊ាំទៅនឹងកម្លាំងនៃការហាត់បង្កឲ្យគ្មានប្រសិទ្ធភាពទៅវិញ យកល្អអ្នកគួរមានជម្រើសហាត់ច្រើន និងផ្លាស់ប្តូររៀងរាល់ខែ ដោយអាចរួមបញ្ចូលនូវការបង្កើនទម្ងន់នៃការលើកឬរយៈពេលនៃការហាត់ជាដើម។
4- មិនកម្តៅសាច់ដុំមុនពេលហាត់
ការមិនបានរៀបចំរាងកាយ ឬមិនកម្តៅសាច់ដុំមុនពេលហាត់ ជាកត្តាដែលកាត់បន្ថយនូវប្រសិទ្ធភាពនៃលំហាត់ប្រាណ។ អ្នកគួរធ្វើចលនាសាច់ដុំដើម្បីឲ្យចរន្តឈាម និងរាងកាយត្រៀមលក្ខណៈបានល្អក្នុងការហាត់ នោះអ្នកនឹងមានភាពរហ័សរហួនក្នុងដំណើរការហាត់ទាំងមូល។
5- ហាត់ច្រើនហួសហេតុ
ការព្យាយាមបញ្ចេញញើសឲ្យបានច្រើនអំឡុងពេលហាត់ប្រាណ ជាការអនុវត្តយ៉ាងល្អសម្រាប់ការសម្រកទម្ងន់តាមបែបធម្មជាតិ ប៉ុន្តែមុនពេលចាប់ផ្តើម អ្នកគួរដឹងពីកម្រិតថាមពលនៃរាងកាយរបស់អ្នក។ យកល្អអ្នកគួរអនុញ្ញាតឲ្យរាងកាយមានពេលវេលាសម្រាក ចៀសវាងហាត់ច្រើន-ហួសប្រមាណដែលរាងកាយមិនអាចមិនទ្រាំទ្របាន ដោយសារវាមិនត្រឹមតែបំផ្លាញសុខភាពអ្នកនោះទេ ការចំណាយពេលលើការហាត់ក៏គ្មានប្រសិទ្ធភាពផងដែរ។
6- គេងមិនបានគ្រប់គ្រាន់
ធ្វេសប្រហែស ឬមើលរំលងពីសារសំខាន់នៃការគេង ដោយបណ្តោយខ្លួនមិនទទួលបាននូវដំណេកគ្រប់គ្រាន់ក៏ជាកំហុសឆ្គងមួផងដែរ។ អ្នកគួរគេងឲ្យបាន ៨ម៉ោងរៀងរាល់យប់ដើម្បីជួយសម្រួលនូវរាងកាយ ជំរុញការហាត់ឲ្យកាន់តែមានប្រសិទ្ធភាព ពីព្រោះកាខ្វះខាតវាអាចឲ្យអ្នកឡើងទម្ងន់ និងប៉ះពាល់ដល់សុខភាព។
ដោយគ្រាន់តែធ្វើការយកចិត្តទុកដាក់បន្តិចទៅលើរបៀបក្នុងការធ្វើលំហាត់ប្រាណ នោះអ្នកប្រាកដជាមិនចំណាយពេលឥតប្រយោជន៍ ថែមទាំងអនុវត្តបាននូវលំហាត់ប្រាណដែលត្រឹមត្រូវ និងមានប្រសិទ្ធភាពទៀតផង។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។