ហាត់ប្រាណបន្ទាប់ពីធ្វើការហត់មិនមែនជាបន្ទុកឡើយ !
ក្រោយពីត្រឡប់ពីធ្វើការ ឬមកពីរៀនវិញ តែងតែអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅអំពីទម្រេតខ្លួនឲ្យបានបន្តិច ក៏អស់ចិត្តដែរ។ ប្រាកដទេថាការធ្វើបែបនេះ ជួយឲ្យអ្នកមានថាមពលឡើងវិញ?បន្ទាប់ពីបំពេញការងារ ឬសិក្សាពេញមួយថ្ងៃហើយក៏ដោយ អ្នកនៅមានកិច្ចការផ្សេងទៀតជាច្រើនដែលត្រូវធ្វើបន្ថែមដូចជា ធ្វើកិច្ចការសាលា បង្ហើយការងារមួយចំនួន ឬរៀបគម្រោងនានាសម្រាប់ថ្ងៃស្អែក។ ហេតុនេះអ្នកត្រូវប្រាកដថាអ្នកមានថាមពលគ្រប់គ្រាន់ ក្នុងការបំពេញការងារទាំងនោះ។ មិនត្រឹមតែអាហារទេដែលផ្តល់ឲ្យអ្នកនូវថាមពល លំហាត់ប្រាណក៏ជួយអ្នកបានដូចគ្នា បើចង់ដឹងច្បាស់ពីហេតុផល និងប្រភេទលំហាត់ប្រាណនានា សូមធ្វើការតាមដានជាមួយ ហេលស៍ថាម ដូចខាងក្រោម៖
ហេតុអ្វីបានជាការហាត់ប្រាណអាចផ្តល់ថាមពលដល់រាងកាយ?
មនុស្សភាគច្រើនតែងគិតថាឲ្យតែហាត់ប្រាណរួច ដឹងតែអស់កម្លាំង បើមិនតិចក៏ច្រើនដែរហើយអ្នកអាចជាម្នាក់ដែលគិតបែបនេះ។ពិសេសគឺបន្ទាប់ពីត្រឡប់មកពីធ្វើការឬពីសាលាដោយយល់ថាខ្លួនឯងអស់កម្លាំងស្រាប់ទៅហើយ បើទៅហាត់ប្រាណទៀតរឹតតែហត់។ ហេតុផល២យ៉ាង អាចប្តូរការគិតរបស់អ្នកបានដែលបង្ហាញយ៉ាងជាក់លាក់ថាលំហាត់ប្រាណអាចផ្តល់ថាមពលដោយផ្ទាល់រួមមាន៖
•បង្កើនកម្រិត Endorphins ដែលជាអ័រម៉ូនធម្មជាតិ ត្រូវបានបញ្ចេញនៅរាល់ពេលអ្នកធ្វើលំហាត់ប្រាណ ផ្តល់ឲ្យអ្នកមានអារម្មណ៍មានថាមពល និងស្វាហាប់ជាងមុន បង្កើនការផ្តោតអារម្មណ៍ក្នុងការធ្វើអ្វីផ្សេងៗ និងផ្តល់ឲ្យអ្នកនូវការត្រៀមខ្លួនជាមួយនឹងដំណោះស្រាយបញ្ហានានា បន្ទាប់ពីការហាត់ប្រាណសមស្រប ព្រោះ Endorphinsជួយជំរុញថាមពលរាងកាយអ្នកប្រកបដោយប្រសិទ្ធភាព។
•បង្កើនសុខភាពបេះដូងសរសៃឈាមឲ្យដំណើរការបានល្អ ផ្តល់ឲ្យអ្នកនូវការធ្វើកិច្ចការបានច្រើនជាងមុន និងប្រសើរបំផុតជារៀងរាល់ថ្ងៃ។នៅពេលដែលអ្នកហាត់ប្រាណជាប្រចាំពិសេសនៅពេលល្ងាចបន្ទាប់ពីអ្នកមកដល់ផ្ទះត្រឹមតែ១៥នាទីឬ៣០នាទីនោះអ្នកនឹងអាចបញ្ចប់កិច្ចការនពេលយប់តាមគម្រោងរបស់អ្នកដោយជោគជ័យ។ ហើយអ្នកនឹងគេងលក់ស្រួល ស្ងប់ហើយមានអារម្មណ៍ថាគេងឆ្អែត ផ្ទុយពីការគេងច្រើនតែនៅតែអស់កម្លាំង។
ហេតុផលនៃការហាត់ប្រាណជាប្រចាំ ទោះជានៅពេលព្រឹក ឬល្ងាចគឺ អ្នកនឹងមានថាមពលច្រើនជាងធម្មតា ហើយមិនឆាប់អស់កម្លាំងទោះជាអ្នកធ្វើការ ឬសិក្សាពេញមួយថ្ងៃក៏ដោយ។
ប្រភេទកីឡាដែលមានប្រសិទ្ធភាពបំផុត? ការហាត់ប្រាណជាប្រចាំពិតជាសំខាន់ប៉ុន្តែការជ្រើសរើសប្រភេទកីឡាសមស្រប និងរយៈពេលហាត់គឺកាន់តែសំខាន់ដើម្បីឲ្យអ្នកទទួលបានអត្ថប្រយោជន៍តាមការរំពឹងទុក។
ភាគច្រើននៃប្រភេទលំហាត់ប្រាណដែលផ្តល់ថាមពលដល់អ្នកបាន ជាលំហាត់ប្រាណដែលប្រើដង្ហើម(aerobic) មានន័យថាប្រើប្រាស់អុកស៊ីហ្សែនដើម្បីភ្ញោចទៅបេះដូង និងប្រព័ន្ធដំណកដង្ហើមដូចជា ការរត់ត្រឹកៗ ដើរ ធាក់កង់ ឬហែលទឹក។
ប៉ុន្តែត្រូវចាំថា គ្រប់សកម្មភាពរបស់អ្នកសុទ្ធតែអាចជាការហាត់ប្រាណ តួយ៉ាង ក្រោយត្រឡប់មកដល់ផ្ទះល្ងាច អ្នកអាចធ្វើសកម្មភាពនានាដែលតម្រូវឲ្យអ្នកដើរទៅមកៗនៅក្នុងផ្ទះឬជុំវិញផ្ទះដូចជាការស្រោចទឹកផ្កាឬដំណាំផ្សេងៗនេះវាក៏ជាឱកាសក្នុងការផ្តល់ថាមពលពីធម្មជាតិបៃតងនៃផ្ទះអ្នកបានផងដែរ។ម៉្យាងអ្នកអាចហាត់ប្រាណជាលក្ខណៈការធ្វើចលនាដៃជើងការលើកដៃជើងឬពត់ខ្លួនអមជាមួយបទភ្លេងដែលអ្នកចូលចិត្តវាពិតជាឱសថទិព្វផ្តល់ថាមពលដ៏អស្ចារ្យដល់អ្នកបន្ទាប់ពីហត់នឿយនឹងកាងារដ៏មមាញឹករបស់អ្នក។ចំពោះរយៈពេលនៃការចាប់ផ្តើមដ៏ល្អបំផុតគឺ ត្រឹម១០នាទីឡើងទៅ១៥នាទីឬ៣០នាទី និងយ៉ាងហោចណាស់ក៏៣ដងក្នុងមួយសប្តាហ៍ដែរ។
វាគឺជាការសម្រេចចិត្តរបស់អ្នក ថាតើអ្នកនៅបន្តគេងមើលទូរទស្សន៍ ឬទូរស័ព្ទបន្ទាប់ពីអ្នកទៅដល់ផ្ទះទៀត ឬយ៉ាងណា? បើអ្នកក៏ដឹងខ្លួនឯងហើយថា ធ្វើបែបនេះ អ្នកមិនមានអារម្មណ៍ទៅធ្វើកិច្ចសាលា បង្ហើយការងារ ឬធ្វើគម្រោងសម្រាប់ស្អែក ដែលអ្នកតែងតែប្រាប់ខ្លួនឯងរាល់ថ្ងៃថានឹងធ្វើ។ ផ្លាស់ប្តូររបៀបរបបរស់នៅរបស់អ្នក គឺជាការផ្លាស់ប្តូរជីវិតរបស់អ្នកដូច្នោះដែរ…
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ