អ្វីទៅជាការបណ្តុះមេរោគ (Microbiological Culture)?
ការបណ្តុះមេរោគ
ជាវិធីសាស្ត្រមន្ទីរពិសោធន៍ ដើម្បីរកមេរោគដែលបង្ករោគដល់អ្នកជំងឺ។ វាជាការរំលេចមេរោគចេញពីវត្ថុវិភាគផ្សេងៗដូចជា ឈាម ទឹកនោម ខ្ទុះ កំហាក ។ល។
នៅពេលដែលអ្នកជំងឺមានរោគសញ្ញាដែលបណ្ដាលមកពីជំងឺឆ្លងដូចជា គ្រុនក្ដៅ គ្រុនញាក់ ករខ្ទុះ បូស ។ល។ វេជ្ជបណ្ឌិតតែងតែយកវត្ថុវិភាគតាមកន្លែងសង្ស័យនោះទៅបណ្ដុះមេរោគ។
ឧទាហរណ៍៖
- បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងសួត គេយកស្លេស កំហាកទៅបណ្តុះ។
- បើអ្នកជំងឺមានអាការៈបង្កមេរោគនៅបង្ហូរនោម គេយកទឹកនោមទៅបណ្តុះ។
- បើអ្នកជំងឺមានអាការៈកើតបូស គេយកខ្ទុំទៅបណ្ដុះ។
- បើអ្នកជំងឺមានអាការៈបង្កមេរោគនៅក្នុងឈាម គេយកឈាមទៅបណ្តុះ។ សូមបញ្ជាក់ផងដែរថា ករណីភាគច្រើននៃជំងឺបង្កដោយមេរោគតាមសរីរាង្គនានា(Infection)មេរោគអាចជាយថាហេតុឆ្លងចូលក្នុងឈាមហើយអ្នកជំងឺលេចចេញអាការៈគ្រុនញាក់។ដូចនេះហើយបានជាគេយកឈាមទៅបណ្ដុះពេលអ្នកជំងឺគ្រុន ឬញាក់។
តើការការបណ្តុះមេរោគសារៈសំខាន់ឬទេ?
វិធីនេះមានសារៈសំខាន់ណាស់ក្នុង៖
- ការធ្វើរោគវិនិច្ឆ័យ
- ជំនួយការព្យាបាលឲ្យមានប្រសិទ្ធភាព និង សន្សំសំចៃទាំងពេលវេលា និង ថវិកា
- កំណត់វិធានការការពារ បង្ការការឆ្លងរោគ។
តើពេលណាបានលទ្ធផលពីការបណ្ដុះ?
វាអាស្រ័យលើប្រភេទវត្ថុវិភាគ និង មេរោគ។ តាមធម្មតា លទ្ធផលអាចបានរវាងថ្ងៃទី ៣-៥។ ដោយទ្បែក លទ្ធផលបណ្តុះមេរោគរបេងត្រូវចាំ២-៣ខែ។
តែទោះបីជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតតែងតែចាប់ផ្តើមការព្យាបាល ដោយមិនរង់ចាំនាំឲ្យយឺតយ៉ាវដល់អ្នកជំងឺទេ ក៏ព្រោះថា ការធ្វើរោគវិនិច្ឆ័យដំបូង អាចពឹងផ្អែកលើ ការសាកសួរ ពិនិត្យរាងកាយ និងការវិភាគជំនួយ (វិភាគឈាម ថតកាំរស្មីX ពិនិត្យអេកូ...)។ ម៉្យាងវិញទៀត មិនមែនរាល់ការបណ្តុះមេរោគសុទ្ធតែរំលេចចេញនូវមេរោគទេ គឺវាអាស្រ័យនឹងកត្តាផ្សេងៗដូចជា៖ កំហាប់ឬបរិមាណមេរោគក្នុងវត្ថុវិភាគ ចំនួនវត្ថុវិភាគ យកវត្ថុវិភាគទៅបណ្តុះមុនឬក្រោយប្រើថ្នាំ។ល។
អនុសាសន៍៖ សូមប្រឹក្សា និង សាកសួរព័ត៌មានជាមួយវេជ្ជបណ្ឌិត ពិសេសវេជ្ជបណ្ឌិតឯកទេសជំងឺឆ្លង
បកស្រាយដោយ ៖ លោក អ៊ត ងីម (អ្នកជំនាញមន្ទីរពិសោធន៍នៃមន្ទីរពេទ្យខ្មែរ-សូវៀត និង នាយកចាត់ការទូទៅនៃមន្ទីរពិសោធន៍វេជ្ជសាស្ត្រ សុភមង្គល និង ម៉េឌីថិច)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ