ស្គាល់បញ្ហាអង្គែច្បាស់ ជាមួយលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ
បញ្ហាជំងឺអង្គែកើតមានច្រើននៅប្រទេសកម្ពុជាយើងហើយទៀតសោតស្ថិតនៅក្នុងជំងឺឈានមុខគេទាំង១០ដែលកើតចំពោះស្បែករបស់ប្រជាជនអាស៊ី។ អង្គែមិនមែនជាកើតតែលើសក់ក្បាលទេតែវាកើតនៅគ្រប់កន្លែងមានមេរោគហើយក៏អាចកើតនៅលើស្បែកផងដែលតែវាមានសភាពជាក្រម៉ដូចស្បែកបែកស្រកា។
តាមពាក្យសាមញ្ញារបស់ប្រជាជន បញ្ហានេះគេហៅថា«អង្គែ» តែបើពាក្យបច្ចេកទេសគេហៅថា «Seborrheic dermatitis»អង្គែ ដែលកើតឡើងដោយសារការលើសជាតិប្រេង និងខ្លាញ់ច្រើនលើស្បែកក្បាលដែលនាំឲ្យរោកស្បែកក្បាល។ អង្គែគ្រាន់តែជាសញ្ញាជំងឺរលោកស្បែកស្រាលៗ។
អង្គែមានពីរប្រភេទផ្សេងគ្នា គឺអង្គែធម្មតា និងអង្គែដោយសារជំងឺ គឺកើតឡើងដោយសារស្ត្រេស គេងមិនលក់ ធុញថប់ក្នុងអារម្មណ៍ ផឹកស្រា និងមានសកម្មភាពផ្សេងទៀតដែលបណ្ដាលឲ្យស្បែកឡើងខ្លាញ់។ ការផ្អាប់ជាតិខ្លាញ់យូរ នៅលើស្បែកក្បាលអាចឲ្យវារោលរលាកស្បែកក្បាលបាន។ ឯជំងឺមួយចំនួនទៀតក៏អាចបណ្ដាលឲ្យមានបញ្ហាអង្គែផងដែរដូចជា ជំងឺPsoriasis ឲ្យអង្គែដែលមានសភាពជាបន្ទះៗពណ៌ស ហើយក្រាស់។
ឯការព្យាបាលវិញ អ្នកខ្លះប្រើសាប៊ូថ្នាំបន្ថែមជាតិបន្ថែមជាតិខ្លាញ់មានដូចជា សាប៊ូសម្រាប់ស្បែកអង្គែ សាប៊ូសម្រាប់ស្បែកប្រេង សាប៊ូសម្រាប់ស្បែកមានអង្គែក្រាស់ឬសាប៊ូសម្រាប់ពង្រឹងគល់សក់អាចឲ្យបាត់អង្គែបាន តែបើមិនបាត់ គ្រូពេទ្យនឹងណែនាំឲ្យប្រើទឹកថ្នាំលាបសក់នៅកន្លែងដែលមានអង្គែប្រហែល១ទៅ២សប្ដាហ៍នឹងជា ។ យ៉ាងណាមិញ បញ្ហានេះងាយនឹងព្យាបាល តែវាក៏ងាយនឹងកើតមានវិញដែរ។
ដូចនេះ ដើម្បីបង្ការកុំឲ្យកើតមានអង្គែម្ដងទៀត អ្នកត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យពីប្រភេទសាប៊ូដែលត្រូវនិងស្បែកក្បាលរបស់អ្នកចៀសវាងផ្លាស់ប្ដូរសារប៊ូចងបានក្លិនក្រអូបឬចង់ប្ដូរពណ៍សក់តាមការកក់សាប៊ូដូចអ្នកមានសក់ក្បាលធម្មតា។
ជាចុងក្រោយ លោកវេជ្ជបណ្ឌិតសូមជម្រាបដល់អ្នកដែលមានបញ្ហាជំងឺអង្គែនេះថា អ្នកជំងឺអាចធ្វើការជ្រើសរើសប្រភេទសាប៊ូដែលត្រូវនឹងស្បែកក្បាលរបស់ខ្លួនមកសាកល្បងជាមុនប៉ុន្តែប្រសិនបើមិនទទួលបានប្រសិទ្ធភាពពីការប្រើប្រាស់សាប៊ូទេ លោកអ្នកត្រូវមកជួបនឹងគ្រូពេទ្យសើស្បែកដែលលោកអ្នកទុកចិត្តបាន ដើម្បីធ្វើការពិនិត្យ និងរកមធ្យាបាយដោះស្រាយ។
ជាទូទៅ ករណីអង្គែធម្មតាលោកអ្នកអាចប្រើត្រឹមសាប៊ូបានអាចព្យាបាលបញ្ហានេះបានប៉ុន្តែករណីអង្គែខ្លាំងក្លា គ្រូពេទ្យនឹងណែនាំឲ្យប្រើប្រាស់សាប៊ូបូកជាមួយថ្នាំទឹកលាបលើស្បែកក្បាល។ មួយវិញទៀត សូមចៀសវាងការប្រើប្រាស់ផលិតផលដែលលោកអ្នកមិនស្គាល់ច្បាស់លាស់ ឬប្រើតាមគ្នា ឬទទួលការព្យាបាលដោយគ្មានជំនាញ ព្រោះអាចឲ្យលោកខាតទាំងថវិកា និងពេលវេលា។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ