[ខ្លឹមៗ] ការវិវត្តនៃបញ្ហាភ្នែកចំពោះអ្នកជំងឺទឹកនោមផ្អែម
កម្រិតនៃការថែទាំសុខភាពភ្នែកគួរតែមានសម្រាប់មនុស្សគ្រប់វ័យ ប៉ុន្តែសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកមានកម្រិតជាតិស្ករខ្ពស់ គួរគប្បីយ៉ាងទុកដាក់ឲ្យបានច្រើនជាងមនុស្សធម្មតា។ វាត្រូវបានគេរកឃើញថា ទាំងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និងប្រភេទទី២ សុទ្ធតែអាចមានបញ្ហាភ្នែកដែលគេហៅថារលាកបាតភ្នែក ប៉ុន្តែអ្នកជំងឺទឹកនោមផ្អែមប្រភេទទី១បានស្តែងឡើងនូវផលប៉ះពាល់លើភ្នែកធ្ងន់ធ្ងរជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។
បញ្ហាភ្នែករបស់អ្នកជំងឺទឹកនោមផ្អែម គឺបណ្តាលមកពីការមិនអាចគ្រប់គ្រងជាតិស្ករនិងជាតិខ្លាញ់ក្នុងឈាម និងការលើសសម្ពាធឈាមធ្វើឲ្យមានការប៉ះពាល់ដល់សរសៃឈាមតូចៗជាពិសេសសរសៃឈាមតូចៗដែលទៅចិញ្ចឹមភ្នែក។ ការប៉ះពាល់ដល់បាតភ្នែក ចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវបានចែកចេញជា៣ដំណាក់កាលធំៗ និងមានចេញជាសញ្ញាទៅតាមកម្រិតនីមួយៗ៖
•Mild NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញនូវសរសៃឈាមតូចៗបែកនៅលើរ៉េទីន។
•Moderate NPDR (Non Proliferative Diabetic Retinopathy)៖ មានលេចចេញសរសៃឈាមតូចៗបែកកាន់តែច្រើន ហើយមាន Macular edema (កន្លែងចាប់រូបភាពចាប់ផ្តើមហើម) ធ្វើឲ្យអ្នកជំងឺចាប់ផ្តើមស្រវាំង។
•Severe NPDR (Non Proliferative Diabetic Retinopathy)៖ មានចំណុចសៗរួមនឹងសរសៃឈាមជាច្រើនខុសធម្មតានៅលើរ៉េទីន។
ដំណាក់កាលចុងក្រោយគឺ Proliferative Diabetic Retinopathy៖ ករណីនេះអ្នកជំងឺមានផលវិបាកកាន់តែច្រើន។បញ្ហានេះអាចបណ្តាលឲ្យអ្នកជំងឺងងឹតភ្នែកទាំងស្រុង ប្រសិនបើមិនមានការព្យាបាលឲ្យបានទាន់ពេលវេលា។
ជាចុងក្រោយលោកសាស្ត្រចារ្យវេជ្ជបណ្ឌិតបានមានប្រសាសន៍ថាប្រសិនបើមានអ្នកជំងឺទឹកនោមផ្អែមរួមមកនៅរោគសញ្ញាផ្សេងៗនៃសុខភាពភ្នែកដូចជា ស្រវាំងភ្នែក ឃើញរូបភាពវៀច អាចមានឈាមនៅនឹងភ្នែក លោកអ្នកគួរមកជួបពិនិត្យជាមួួយវេជ្ជបណ្ឌិតឯកទេសភ្នែកឲ្យបានឆាប់រហ័ស ដើម្បីជាការបង្ការផលវិបាកនៅថ្ងៃមុខ៕
ស្វែងយល់បន្ថែម៖ ជំងឺទឹកនោមផ្អែមអាចធ្វើឲ្យអ្នកងងឹតភ្នែកបានដែរ?
បកស្រាយដោយ៖ ងី ម៉េង ឯកទេសចក្ខុរោគ និងជាប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធាននៃគ្លីនិកភ្នែក ម៉ែង រ័ត្ននីន (វេជ្ជបណ្ឌិត ងឺ ម៉ែង)
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ