របបអាហារតុល្យភាពសម្រាប់កុមាររួមបញ្ចូលអ្វីខ្លះ?
អាណាព្យាបាលមួយចំនួនប្រហែលជាធ្លាប់បានឮជាញឹកញាប់ពីការនិយាយអំពី “របបអាហារដែលមានតុល្យភាព” សម្រាប់កុមារ។ប៉ុន្តែអ្នកច្បាស់ទេថាអាហារដែលមានតុល្យភាពនោះរួមបញ្ចូលអ្វីខ្លះហើយគួរធ្វើការជ្រើសរើសអាហារប្រភេទណាដើម្បីសម្រេចបាននូវតុល្យភាពនោះសម្រាប់កូនរបស់អ្នក ក៏ដូចជាកុមារទូទៅ។ ខាងក្រោមនេះជាជីវជាតិអាហារ ៩យ៉ាងដែលអាចស្វែករកបានតាមប្រភេទអាហារផ្សេងៗមួយចំនួន។
1. ប្រូតេអ៊ីន
ជាតិប្រូតេអ៊ីនអាចជួយសម្រួលក្នុងការលូតលាស់កោសិការាងកាយរបស់កុមារបំលែងអាហារទៅជាថាមពលប្រឆាំងនឹងការឆ្លងមេរោគ និងជួយដឹកនាំអុកស៊ីសែន។ អ្នកអាចស្វែងរកប្រូតេអ៊ីននៅក្នុងអាហារមួយចំនួនដូចជា៖ សាច់សត្វ (សត្វ-ស្លាប ត្រី) ស៊ុត គ្រាប់ធញ្ញជាតិ សណ្តែក និងផលិតផលទឹកដោះគោ។
2.កាបូហាយដ្រេត
ជាសារធាតុស្ថិតក្នុងទម្រង់អាចជា ស្ករ ម្សៅ និងជាតិសរសៃដែលវាជាប្រភពថាមពលដ៏សំខាន់សម្រាប់រាងកាយរបស់កុមារ។ មុខងាររបស់កាបូហាយដ្រេតបានសម្រួលដល់ការប្រើប្រាស់ជាតិខ្លាញ់និងប្រូតេអ៊ីនសម្រាប់បង្កើតនិងរៀបចំកោសិកាឲ្យបានល្អ យ៉ាងណាមិញកុមារគួរទទួលបានអាហារដែលមានជាតិម្សៅ និងជាតិសរសៃឲ្យបានច្រើនជាងសារជាតិស្ករ។ អាហារប្រភេទនេះមានដូចជា៖ នំបុ័ង ពពួកធញ្ញជាតិ ម្សៅអង្ករ នំស្រួយ នំផាស្តា និងដំឡូង។
3. ជាតិខ្លាញ់
ជាតិខ្លាញ់មិនមែនសុទ្ធតែជាសារធាតុអាក្រក់ទេដរាបណាការប្រើប្រាស់មានភាពសមស្របនិងត្រឹមត្រូវទៅតាមតម្រូវការរបស់រាងកាយ។ វាជាប្រភពថាមពលមិនអាចខ្វះបានសម្រាប់កុមារនិងមានភាពងាយស្រួលក្នុងការរក្សាទុកក្នុងរាងកាយ បន្ថែមពីនោះវាក៏មានសារប្រយោជន៍ក្នុងការជួយឲ្យរាងកាយធ្វើការប្រើប្រាស់ជីវជាតិដទៃទៀតបានល្អទៀតផង។ ជាតិខ្លាញ់អាចមានក្នុងអាហារដូចជា៖ ផលិតផលទឹកដោះគោស្រស់ ប្រេងឆា សាច់សត្វ ត្រី និងគ្រាប់ផ្លែឈើជាដើម។
4. កាល់ស្យូម
មានមុខងារចម្បងក្នុងការពង្រឹងសុខភាពឆ្អឹង និងធ្មេញរបស់កុមារ ក៏ដូចជាបញ្ចៀសកំណកឈាមនៅតាមសរសៃប្រសាទ សាច់ដុំ និងមុខងាររបស់បេះដូង។ អ្នកអាចរកកាល់ស្យូមនៅក្នុងរបបអាហារជា ទឹកដោះគោ ឈីស យ៉ាអួ ការ៉េម ស៊ុតផ្នែកក្រហម បន្លែប្រូខូលី ស្ពៃ និងតៅហ៊ូ។
5. ជាតិដែក
ជាសារជាតិមានភាពចាំបាច់សម្រាប់បង្កើនគុណភាពនៃគោលិកាឈាមក្រហមក្នុងការដឹកនាំអុកស៊ីសែនចែកចាយទៅកាន់គ្រប់ផ្នែកនៃសារពាង្គកាយទាំងអស់របស់កុមារ។ ជាតិដែកអាចមាននៅក្នុងរបបអាហារដូចជា៖ សាច់ក្រហម ថ្លើមពពួកខ្យងខ្ចៅ អាហារជាគ្រាប់ សណ្តែក គ្រាប់ផ្លែឈើ និងធញ្ញជាតិមានជាតិដែកជាដើម។
6. វីតាមីន B (Folate)
វីតាមីនBឬFolateមិនត្រឹមតែជាតម្រូវការចាំបាច់សម្រាប់អ្នកមានផ្ទៃពោះនោះទេកុមារក៏គួរទទួលបានជីវជាតិនេះក្នុងរបបអាហារប្រចាំថ្ងៃផងដែរដោយហេតុថាវាមានមុខងារក្នុងការរីកលូតលាស់កោសិការាងកាយហើយកង្វះសារជាតិនេះទៀតសោតអាចធ្វើឲ្យមានជំងឺស្លេកស្លាំង។អាហារដែលមានកម្រិតវីតាមីនBខ្ពស់អាចមាននៅក្នុងពពួកគ្រាប់ធញ្ញជាតិដើមនិងគ្រាប់សណ្តែកស្ពៃ (Spinach)ទំពាំងបារាំង (Asparagus) សណ្តែកខ្មៅ និងសណ្តែកបណ្តុះជាដើម។
7. ជាតិសរសៃ
របបអាហារដែលមានជាតិសរសៃជួយសម្រួលលំហូរនៃមុខងាររបស់ពោះវៀននិងមួយផ្នែកទៀតវាក៏មានតួនាទីកាត់បន្ថយហានិភ័យនៃការប្រឈមទៅនឹងជំងឺបេះដូង និងមហារីកនៅថ្ងៃខាងមុខ។ជាតិសរសៃអាចមាននៅក្នុងអាហារដូចជា៖ ពពួកធញ្ញជាតិ ដើមនិងគ្រាប់សណ្តែក គ្រាប់ពូជ និងគ្រាប់ផ្លែឈើជាដើម។
8. វីតាមីន A
វាបានផ្តល់ជាមុខងារចាំបាច់សម្រាប់កុមារ រួមទាំងមនុស្សពេញវ័យ ដែលរួមបញ្ចូលនូវមុខងារលូតលាស់ ជំនួយភ្នែក សុខភាពស្បែក និងការពារជំងឺឆ្លង។ អ្នកអាចស្វែងរកវីតាមីន A នៅក្នុងអាហារជា ការ៉ុត ដំឡូង សណ្តែកបារាំង ស្ពៃប្រូខូលី ស្ពៃក្តោប ខ្លាញ់ត្រី និងស៊ុតផ្នែកក្រហម។
9. វីតាមីន C
វីតាមីន C មិនត្រឹមតែជួយកំចាត់ជំងឺផ្តាសាយបាននោះទេ វាក៏មានមុខងារក្នុងការពង្រឹងនៃកោសិការាងកាយ និងសរសៃឈាមជំនួយក្នុងការជាសះស្បើយមុខរបួសក៏ដូចជាធានាឲ្យបាននូវភាពរឹងមាំនៃឆ្អឹងនិងធ្មេញដែលអាចមានវត្តមាននៅក្នុង ពពួកផ្លែក្រូច ផ្លែស្រ្តប៊ឺរី ប៉េងប៉ោះ ដំឡូង ស្ពៃក្តោប ប្រូខូលី ផ្កាស្ពៃ ល្ហុង និងផ្លែស្វាយផងដែរ។
ប្រភេទអាហារនីមួយៗសុទ្ធតែមានអត្ថប្រយោជន៍និងផ្តល់ជាជីវជាតិរៀងៗខ្លួនដូច្នេះអ្នកគួរធ្វើការជ្រើសរើសរបបអាហារឲ្យបានច្រើន និងចម្រុះគ្នា ព្រោះវាអាចធានាបានឲ្យរាងកាយកុមារអាចទទួលបាននូវជីវជាតិគ្រប់គ្រាន់ និងត្រឹមត្រូវ។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ