Jonghyunចាកចេញទៅ ដោយបន្សល់នូវបណ្តាំដែលអានហើយក៏ខ្លោចចិត្ត...
ហ្វេនតារាកូរ៉េប្រាកដជាទទួលបានដំណឹងដ៏សោកសៅមួយហើយ…នោះ គឺការស្លាប់របស់តារាK-popក្នុងវ័យ២៧ឆ្នាំ ដែលជាសិល្បករដ៏ល្បីឈ្មោះ និងមានសមត្ថភាព ដែលជាសមាជិកមួយរូបនៃក្រុមតារាកូរ៉េ Shinee ដែលមានឈ្មោះបោះសំឡេងក្នុងវិស័យសិល្បៈ គឺ Kim Jonghyun ក្រោយពេលដែលត្រូវបានរកឃើញសន្លប់នៅក្នុងបន្ទប់ស្នាក់នៅ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
មានហេតុផលជាច្រើនដែលបណ្តាលឲ្យគ្រប់គ្នាគិតថានេះជាករណីធ្វើអត្តឃាត ជាក់ស្តែង បងស្រីរបស់គាត់បានទទួលសារដ៏រន្ធត់ពីគាត់ ដែលមានខ្លឹមសារជាភាសាអង់គ្លេសថា«It's been really hard up until now. Send me off please…» ដែលធ្វើឲ្យគាត់មានការព្រួយបារម្ភ និងផ្តល់ដំណឹង ព្រមទាំងសុំជំនួយសង្រ្គោះដល់ប្អូនប្រុសរបស់ខ្លួន…
ក្រោយពីអានព័ត៌មានក្រៅប្រទេស និងក្នុងប្រទេសមួយចំនួន ខ្ញុំក៏បានរកឃើញហេតុផលមួយទៀតនោះ ដែលមានបង្ហាញនៅខាងក្រោមនេះ។ វាជាខ្លឹមសារនៃសំបុត្របណ្តាំដែល Jonghyunបានផ្ញើទៅកាន់មិត្តភក្តិជិតស្និទ្ធរបស់ខ្លួន ដែលធ្លាប់បានស្តាប់ និងដឹងរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនកន្លងមក ព្រមទាំងបានសំណូមពរឲ្យបង្ហោះពីបំណងដែលមាននៅក្នុងបណ្តាំនេះ ក្រោយពេលដែលគាត់លែងមានវត្តមាននៅលើផែនដីនេះទៀត…គួរបញ្ជាក់ផងដែរថា បណ្តាំនេះត្រូវបានបកប្រែជាភាសាខ្មែរ និងមានប្រភពមកពីអត្ថបទព័ត៌មានមួយរបស់ Sabay ។
“ខ្ញុំបានឈឺចាប់គ្រាំចិត្ត។ ជំងឺផ្លូវចិត្តបានលេបត្របាក់ខ្ញុំបន្តិចម្ដងៗរហូតដល់រូបរាងកាយខ្ញុំទាំងមូល ហើយខ្ញុំមិនអាចជម្នះនឹងវាបាន។ ខ្ញុំស្អប់ខ្លួនឯង។ ខ្ញុំបានចាប់យកការចងចាំដែលបានបែកបាក់ទាំងប៉ុន្មាន ហើយប្រឹងប្រែងផ្សារភ្ជាប់ឲ្យវាជាប់គ្នាសាជាថ្មី តែខ្ញុំមិនទទួលបានចម្លើយអ្វីទាំងអស់។ ប្រសិនបើខ្ញុំមិនអាចជួយឲ្យខ្លួនឯងដកដង្ហើមបានស្រួលដូចគេផងនោះ ខ្ញុំគួរតែឈប់ដកដង្ហើមតែម្ដងទៅ វាល្អជាង។
ខ្ញុំបានសួរខ្លួនឯង ដែលមិនអាចទទួលខុសត្រូវចំពោះខ្លួនឯងបាន។ មានតែខ្លួនខ្ញុំតែម្នាក់គត់ ខ្ញុំពិតជាឯកោខ្លាំងណាស់។ វាពិតជាងាយស្រួលណាស់បើនិយាយពីទីបញ្ចប់នោះ។ វាពិតជាពិបាកក្នុងការបញ្ចប់វា។ ខ្ញុំរស់នៅរហូតមកដល់ពេលនេះព្រោះតែការលំបាកទាំងនេះ។ ខ្ញុំបានប្រាប់ខ្លួនឯងថាខ្ញុំចង់រត់គេច។ ត្រូវហើយ ខ្ញុំចង់រត់គេចចេញ ពីខ្លួនឯង ពីអ្នកទាំងអស់គ្នា។
ខ្ញុំបានសួរថា តើនរណានៅទីនោះ? គឺជាខ្ញុំ! គឺជាខ្ញុំទៀតហើយ! ហើយវានៅតែជាខ្ញុំដដែល។ ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាខ្ញុំនៅតែបន្តបាត់បង់ការចងចាំ? នេះក៏ព្រោះតែចរិតរបស់ខ្ញុំ ខ្ញុំយល់ហើយ ដូចនេះនៅទីបំផុតវានៅតែជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍ ប៉ុន្តែគ្មាននរណាអើពើនោះទេ។ ពួកគេមិនដែលទាំងជួបខ្ញុំផង ពួកគេមិនដឹងថាខ្ញុំកើតនៅលើលោកនេះផង។
ខ្ញុំបានសួរខ្លួនឯងថា ហេតុអីបានជាពួកគេរស់នៅ? ពួកគេគ្រាន់តែរស់ រស់បន្តដង្ហើមទៅមុខទៀត។ បើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំរើសយកការស្លាប់ ខ្ញុំនឹងឆ្លើយថា ដោយសារខ្ញុំហត់នឿយខ្លាំងពេក។ ខ្ញុំទទួលរងការប៉ះទង្គិច ហើយខ្ញុំក៏បានគិតវាយ៉ាងល្អិតល្អន់ច្បាស់លាស់បំផុតដែរ។ ខ្ញុំដឹងថាខ្ញុំមិនអាចផ្លាស់ប្ដូរការឈឺចាប់នេះឲ្យទៅជាអ្វីដែលល្អឡើងវិញបាននោះទេ។ ការឈឺចាប់ វាអ៊ីចឹងឯង វាឈឺ។
ពួកគេបានស្ដីបន្ទោសខ្ញុំ កុំឲ្យខ្ញុំធ្វើរឿងបែបនេះ ហេតុអី? ហេតុអីខ្ញុំមិនអាចបញ្ចប់រឿងមួយតាមអ្វីដែលខ្ញុំចង់ធ្វើ? ពួកគេបានប្រាប់ខ្ញុំឲ្យរកដើមហេតុនៃការឈឺចាប់របស់ខ្ញុំ។ ខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ ខ្ញុំឈឺចាប់ដោយសារតែខ្លួនខ្ញុំ។ វាជាកំហុសរបស់ខ្ញុំ ហើយទាំងអស់នេះព្រោះតែខ្ញុំខ្វះខាតអ្វីមួយ។ លោកគ្រូពេទ្យ នេះជាអ្វីដែលលោកចង់ឮមែនទេ? អត់ទេ ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ។ នៅពេលដែលសំឡេងដ៏ពីរោះបានស្ដីបន្ទោសមកលើចរិតរបស់ខ្ញុំ ខ្ញុំបានគិតថា ធ្វើជាគ្រូពេទ្យស្រួលអ៊ីចឹងសោះ។
មនុស្សដែលឆ្លងកាត់ការលំបាកខ្លាំងជាងខ្ញុំ ពួកគេរស់នៅធម្មតា មនុស្សដែលទន់ខ្សោយជាងខ្ញុំ ពួកគេនៅតែទ្រាំទ្ររស់នៅបាន។ ប្រហែលវាមិនមែនជាការពិតនោះទេ គ្មាននរណាម្នាក់ពិបាក និងទន់ខ្សោយជាងខ្ញុំ ហើយនៅបន្តរស់នៅបានទៀតនោះទេ។ ខ្ញុំនៅតែសួរខ្លួនឯងថាហេតុអ្វីខ្ញុំនៅតែព្យាយាមរាប់រយដងហើយ វានៅតែមិនបានផលល្អសម្រាប់ខ្លួនឯង។ វាសម្រាប់អ្នកទាំងអស់គ្នា សូមកុំនិយាយអ្វីទាំងអស់ បើសិនជាអ្នកមិនយល់ពីវានោះ។ រកមូលហេតុ ហេតុអីបានជាខ្ញុំទទួលរងភាពឈឺចាប់? ខ្ញុំបានប្រាប់ហើយថាហេតុអ្វី។ វាពិតជាខុសខ្លាំងណាស់មែនទេដែលត្រូវឈឺចាប់ខ្លាំងដោយសាររឿងនេះ តើខ្ញុំគួរតែមានហេតុផលដូចក្នុងរឿងច្រើនជាងនេះមែនទេ? ហេតុផលច្បាស់លាស់ជាងនេះ? ខ្ញុំបានប្រាប់អ្នកហើយ។ អ្នកមិនបានស្តាប់ឮទេ? អ្វីដែលអ្នកអាចឆ្លងកាត់បាន វាមិនតាមលងបន្លាចជីវិតអ្នកនោះទេ។ តតាំងជាមួយពិភពលោកដែលមិនមែនសម្រាប់ខ្ញុំ។ ជីវិតនៃកេរ្តិ៍ឈ្មោះមិនមែនសម្រាប់ខ្ញុំ។ នេះជាហេតុផលដែលខ្ញុំឈឺចាប់។ ព្រោះតែខ្ញុំល្បីល្បាញ។
ហេតុអ្វីខ្ញុំរើសយកផ្លូវនេះ? វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ វាជាចម្ងល់ដែលស្ថិតនៅជាមួយខ្ញុំជារៀងរហូត។ ខ្ញុំអាចនិយាយអ្វីបាន គ្រាន់តែប្រាប់ខ្ញុំថាខ្ញុំធ្វើវាបានល្អហើយ។ ប៉ុណ្ណឹងគ្រប់គ្រាន់ហើយ ដែលខ្ញុំប្រឹងប្រែងបានយ៉ាងនេះ។ ទោះបីជាអ្នកមិនអាចញញឹមបានតែកុំកុហកខ្ញុំពេលខ្ញុំចេញទៅ។ អ្នកធ្វើវាបានល្អណាស់ អ្នកប្រឹងប្រែងខ្លាំងណាស់។ លាហើយ។"
គ្រាន់តែអានហើយ ក៏មានអារម្មណ៍ថាសោកសៅ និងយល់ដឹងថា គាត់មានបញ្ហាជាច្រើនលាក់ទុកនៅក្នុងចិត្ត…
យ៉ាងណាក៏ដោយ នរណាក៏មិនអាចចៀសផុតពីបញ្ហា ដែលត្រូវតែជួបប្រទះក្នុងរូបភាពផ្សេងៗគ្នានៅក្នុងដំណើរជីវិតនោះឡើយ។ វាជាការពិត ដែលពេលខ្លះ យើងពិបាកខ្លាំង…ពិបាកធ្វើចិត្តខ្លាំង…ពេលដែលអារម្មណ៍បែបនោះ កើតមានឡើងម្តងៗក៏ធ្វើឲ្យខ្លួនឯងលែងមើលឃើញពីតម្លៃនៃជីវិត ហើយទាមទារចង់ចាកចេញពីរឿងរ៉ាវគ្រប់យ៉ាងដោយមិនប្រឹងប្រែងអំពីដំណោះស្រាយ តែបែរជាចង់បញ្ចប់នូវជីវិតរបស់ខ្លួនទៅវិញ…
រាល់ពេលដែលធ្លាក់ទឹកចិត្តម្តងៗ សូមគ្រប់គ្រងខ្លួនឯងឲ្យបាន មិនថាពិបាកប៉ុណ្ណានោះទេ…ត្រូវចាំថា…ជីវិតមួយនេះ យើងម្នាក់ៗជាអ្នកគ្រប់គ្រង ជាអ្នកដឹកនាំ…សូមផ្តល់តម្លៃដលល់ការរស់នៅ បើទោះជាមានរឿងអ្វីត្រូវប្រឈមក៏ដោយ…សូមគិតថា មានឱកាសប្រឈមនឹងបញ្ហា ប្រសើរជាមិនមានសូម្បីតែឱកាស…
រឹងមាំឡើងណា៎!!!
ក៏មានអត្ថបទណែនាំខ្លះៗពីអាយដុល…កុំភ្លេចអាន ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមដល់ខ្លួនឯង តាមរយៈអត្ថបទ បាក់ទឹកចិត្ត!
សម្រាប់អ្នកចង់ស្វែងយល់អំពីទំនាក់ទំនងជំងឺធ្លាក់ទឹកចិត្ត និងការធ្វើអត្តឃាត ជាមួយនឹងអ្នកឯកទេសពិគ្រោះយោបល់ផ្លូវចិត្ត និងអ្នកចិត្តសាស្រ្ត អាចអានបានតាមរយៈអត្ថបទ នេះ
ប្រភពអត្ថបទបណ្តាំ ៖ Sabay News