ការឡើងសម្ពាធឈាម ពេលហាត់ប្រាណចំពោះអ្នកជំងឺលើសឈាមជាគ្រោះថ្នាក់ទេ?
ការហាត់ប្រាណ ឬការធ្វើសកម្មភាពរាងកាយច្រើន គឺជាការបារម្ភមួយចំពោះអ្នកជំងឺដែលលើសសម្ពាធឈាម (លើសឈាម)ដោយសារពួកគេគិតថាវាបង្កឲ្យសម្ពាធឈាមកើនឡើងរហូតដល់កម្រិតគ្រោះថ្នាក់។
ការពិតទៅ ការហាត់ប្រាណជួយធ្វើឲ្យសុខភាពបេះដូងរឹងមាំ គ្រប់គ្រងទម្ងន់បានល្អ ក៏ដូចជាបន្ថយស្ត្រេសផងដែរ ដែលទាំងនេះជាចំណែកដ៏អំណោយផលសម្រាប់ការគ្រប់គ្រងសម្ពាធឈាម។ ផ្ទុយទៅវិញ ការមិនធ្វើសកម្មភាព ឬមិនហាត់ប្រាណត្រូវបានរកឃើញថាមានទំនាក់ទំនងនឹងការកើនឡើងនៃសម្ពាធឈាមទៅវិញ។
ការឡើងសម្ពាធឈាម
នៅពេលហាត់ប្រាណជារឿងធម្មតា វាជាការពិតដែលការធ្វើសកម្មភាព ក៏ដូចជាហាត់ប្រាណអាចធ្វើឲ្យអ្នកឡើងសម្ពាធឈាមក្នុងរយៈពេលខ្លីមួយ ក៏ប៉ុន្តែវានឹងត្រឡប់ទៅរកភាពប្រក្រតីវិញក្រោយពេលអ្នកបញ្ឈប់សកម្មភាពតាមដំណើរដូចជា ការដើរយឺតៗមកវិញជាដើម ដែលការធ្វើបែបនេះក៏ជួយការពារការវិលមុខបន្ទាប់ពីធ្វើចលនាផងដែរ។ ការត្រឡប់មកធម្មតាវិញនឹងកាន់តែរហ័ស ប្រសិនបើអ្នកកាន់តែមានសុខភាពរឹងមាំ។ មានន័យថាអ្នកជំងឺដែលមានសម្ពាធឈាមឡើង ជាធម្មតាគួរតែអាចហាត់ប្រាណ ឬបង្កើនការធ្វើសកម្មភាពរាងកាយបានដោយសុវត្ថិភាព។ ដោយឡែក ប្រសិនបើអ្នករក្សាទម្ងន់បានល្អ នោះការកើននៃសម្ពាធឈាមនៅពេលហាត់ប្រាណ គឺមានតិចជាងអ្នកដែលលើសទម្ងន់។
យ៉ាងណាមិញ ប្រសិនបើសម្ពាធឈាមរបស់អ្នកជំងឺកំពុងឡើងខ្ពស់ វេជ្ជបណ្ឌិតនឹងអាចឲ្យអ្នកជំងឺបញ្ចុះសម្ពាធឈាមដោយប្រើប្រាស់ឱសថសិន មុននឹងចាប់ផ្តើមណែនាំគម្រោងហាត់ប្រាណដល់ពួកគេ។ ជាមួយនឹងសម្ពាធឈាមឡើងខ្ពស់ អ្នកជំងឺពុំគួរចាប់ផ្តើមធ្វើសកម្មភាពថ្មីណាមួយដោយពុំមានការពិភាក្សានឹងវេជ្ជបណ្ឌិតឡើយ។
គួរបញ្ជាក់ថា សម្រាប់សម្ពាធឈាម Systolic (ខាងលើ) អាចកើនឡើងតាមតម្រូវការនៃរាងកាយអំឡុងពេលហាត់ប្រាណ ដែលអាចចាត់ទុកថានៅតែធម្មតាចំពោះការកើនពី ១២០ មីលីម៉ែត្របារ៉ត មុនពេលហាត់ រហូតដល់ ២០០ មីលីម៉ែត្របារ៉ត នៅអំឡុងពេលហាត់។
សញ្ញាគួរចាប់អារម្មណ៍
ការធ្លាក់ចុះភ្លាមៗនៃសម្ពាធឈាមក្រោយពីហាត់ប្រាណ ដោយមិនត្រឡប់មករកកម្រិតធម្មតាវិញ ក្នុងរយៈពេលប្រហែលមួយម៉ោងអាចជាសញ្ញានៃបញ្ហាបេះដូងណាមួយ។ ដោយឡែក ចំពោះអ្នកដែលមានសម្ពាធឈាមក្រោម ៩០/៦០ មីលីម៉ែត្របារ៉តជាប់ គួរតែត្រូវបានបញ្ជូនទៅកាន់វេជ្ជបណ្ឌិត។
ទោះយ៉ាងណាក៏ដោយ នៅពេលហាត់ប្រាណដំបូងរាងកាយរបស់អ្នកអាចនឹងមានសញ្ញាមិនប្រក្រតីមួយចំនួន តែវាអាចជារឿងធម្មតា និងត្រូវការពេលវេលា ដើម្បីទម្លាប់មកវិញ។ ក្នុងនោះ ការដកដង្ហើមខ្លាំងជាងមុន បែកញើស និងបេះដូងលោតញាប់ជាងមុន គឺជារឿងធម្មតានៅពេលដែលអ្នកហាត់ប្រាណបែបអេរ៉ូប៊ិច (ប្រើដង្ហើម)។
ក៏ប៉ុន្តែ ករណីដែលអ្នកមានអារម្មណ៍ថាដកដង្ហើមបានខ្លីខ្លាំង ឬមានអារម្មណ៍ថាបេះដូងលោតញាប់ខ្លាំង ឬមិនទៀងទាត់ ឬបែរជាលោតយឺតទៅវិញ អាចជាសញ្ញាដែលអ្នកគួរទៅពិភាក្សានឹងវេជ្ជបណ្ឌិត។ ម្យ៉ាងទៀត អ្នកក៏គួរបញ្ឈប់ការហាត់ប្រាណ ប្រសិនបើអ្នកមានអាការៈឈឺទ្រូង ខ្សោយ វិលមុខ ឈឺក្បាលតិចតួច ឬមានសម្ពាធ ឬការឈឺចាប់នៅត្រង់កញ្ចឹងក ដៃ ថ្គាម ឬស្មា។ ប្រសិនបើអាការៈទាំងនេះមិនបាត់ទៅវិញក្នុងរយៈពេលខ្លីណាមួយ ឬក៏វាកើតឡើងវិញម្តងទៀត អ្នកត្រូវទាក់ទងទៅកាន់វេជ្ជបណ្ឌិតរបស់អ្នកសម្រាប់ការផ្តល់ជំនួយជាបន្ទាន់។
ការហាត់ប្រាណដែលត្រូវបានណែនាំចំពោះអ្នកមានសម្ពាធឈាមខ្ពស់
អេរ៉ូប៊ិច (ប្រើដង្ហើម) គឺជាជម្រើសល្អបំផុតសម្រាប់ការបន្ថយសម្ពាធឈាម នេះបើតាម the medical journal ។ អ្នកអាចធ្វើការដើររាប់ជំហានក្នុងកម្រិតល្មម (ប្រហែល១០០ជំហានក្នុង ១នាទី) ហែលទឹក ធាក់កង់ ឬរាំជាដើម។ ការហាត់រយៈពេល៣០នាទីក្នុងមួយថ្ងៃ និង ៥ថ្ងៃក្នុងមួយសប្តាហ៍ បូកនឹងការហាត់ប្រើកម្លាំង (លើកទម្ងន់) រយៈពេល ២ថ្ងៃត្រូវបានណែនាំផងដែរ។ ដោយឡែក ប្រសិនបើអ្នកធ្លាប់មានស្ថានភាពសុខភាពណាមួយរួមមានការគាំងបេះដូង ឬមានជំងឺសរសៃឈាមបេះដូងជាដើម អ្នកត្រូវធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជាមុនសិន។
ចំពោះការធ្វើសូណា និងត្រាំទឹកក្តៅ ជាទូទៅអាចទ្រទ្រង់បានដោយអ្នកមានសម្ពាធឈាមខ្ពស់ជាមួយនឹងសម្ពាធឈាមស្ថិតក្រោមការគ្រប់គ្រងបានល្អ។ ដោយឡែក ប្រសិនអ្នកជំងឺត្រូវបានណែនាំឲ្យចៀសវាងការហាត់ប្រាណកម្រិតល្មមដោយវេជ្ជបណ្ឌិត ពួកគេក៏គួរតែប្រុងប្រយ័ត្ននឹងការត្រាំទឹកក្តៅ និងសូណាផងដែរ ដោយសារកម្តៅអាចធ្វើឲ្យសរសៃឈាមរីក ដែលជាហេតុការណ៍ដែលកើតឡើងផងដែរ ចំពោះការដើរកម្រិតល្មម។
គន្លឹះក្នុងការហាត់ប្រាណខ្លះៗចំពោះអ្នកជំងឺលើសសម្ពាធឈាម
• ចងចាំថាអ្នកត្រូវតែធ្វើការកម្តៅសាច់ដុំមុនពេលហាត់ប្រាណ និងបន្ថយកម្តៅមកវិញ ក្រោយពេលហាត់
• គួរដកដង្ហើមទៅតាមចង្វាក់នៃការហាត់ ចៀសវាងការទប់ដង្ហើម
• គួរធ្វើឲ្យការហាត់ពោរពេញដោយភាពរីករាយ (រកកីឡាដែលអ្នកចូលចិត្ត) និងចងភ្ជាប់វាជាមួយទំនាក់ទំនងសង្គម (រកដៃគូហាត់ រាប់អានមិត្តជាដើម)
• ចៀសវាងហាត់ប្រើកម្លាំងខ្លាំងពេក ដែលអាចបង្កឲ្យសម្ពាធឈាមឡើងខ្ពស់
• មិនគួរបាក់ទឹកចិត្តដោយសារជម្រើសនៃការហាត់ប្រាណមានកម្រិតនៅពេលដំបូងឡើយ ពីព្រោះនៅពេលស្ថានភាពរបស់អ្នកប្រសើរឡើង អ្នកនឹងអាចធ្វើសកម្មភាពកាន់តែច្រើនឡើង
• គួរប្រើឧបករណ៍សម្រាប់តាមដានការលោតរបស់បេះដូង (heart rate) ផងដែរ ជាពិសេស ប្រសិនអ្នកត្រូវបានកំណត់នូវកម្រិតលោតរបស់បេះដូងដោយវេជ្ជបណ្ឌិត។
ដើម្បីសុវត្ថិភាព និងសម្រេចនូវគោលដៅក្នុងការហាត់ប្រាណ អ្នកគួរប្រាកដថាអ្នកបានចាប់ផ្តើមជាមួយនឹងគម្រោងដែលត្រឹមត្រូវ និងស័ក្តិសមនឹងអ្នក ដោយចែករំលែកគម្រោងហាត់ជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នក។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ