លំហាត់ប្រាណដែលជួយឲ្យរឹងមាំទាំងផ្លូវកាយ សប្បាយទាំងផ្លូវចិត្ត
គោលបំណងនៃការធ្វើលំហាត់ប្រាណតែងតែខុសៗពីគ្នាអាស្រ័យលើបុគ្គលម្នាក់ៗ អ្នកខ្លះចង់បានរាងស្អាត ខ្លះក៏ចង់បានសាច់ដុំហាប់ណែន ស្របពេដែលអ្នកខ្លះទៀត ហាត់ប្រាណដើម្បីភាពរឹងមាំ និងធូរស្រាលនៃសុខភាពផ្លូវចិត្តរបស់ខ្លួន។ ជាការពិតណាស់ លំហាត់ប្រាណទៀងទាត់មានគុណប្រ-យោជន៍មិនតិចនោះទេ ក្នុងនោះរួមមានដូចជា កាត់បន្ថយស្ត្រេស រំសាយអារម្មណ៍ទុក្ខសោក សម្រួលដល់ដំណេកជាដើម។
ជាទូទៅ ដើម្បីឲ្យទទួលបានផលវិជ្ជមានចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ដដូចដែលបានរៀបរាប់ខាងលើ គឺគួរតែជាលំហាត់ប្រាណបែបអេរ៉ូប៊ិក (aerobic exercise) នៅទីធ្លាខាងក្រៅ ដែលអាចឲ្យអ្នករករាយជាមួយនឹងធម្មជាតិក្នុងពេលជាមួយគ្នាផងដែរនោះ។ ខាងក្រោមនេះ ជាលំហាត់ប្រាណ៤យ៉ាងដែលលោកអ្នកអាចធ្វើបាន ប្រសិនបើអ្នកមានបំណងពង្រឹងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នក…
លំហាត់ប្រាណបែបអេរ៉ូប៊ិក
លំហាត់ប្រាណប្រភេទអេរ៉ូប៊ិកជាសកម្មភាពទាំងឡាយណាដែលជំរុញក៏ដូចជាបង្កើនចង្វាក់បេះដូង និងដង្ហើមតែមិនខ្លាំងក្លាដល់ថ្នាក់លោកអ្នកមិនអាចបន្តហាត់យូរនោះឡើយ រួមមានដូចជា ការហាត់ប្រាណតាមចង្វាក់ភ្លេង ការជិះកង់ ការរត់ការឡើងភ្នំជាដើម។ តាមការស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណប្រភេទនេះពិតជាមានផលវិជ្ជមានខ្លាំងក្លាចំពោះរាងកាយ។ជាក់ស្តែង នៅពេលដែលចង្វាក់បេះដូងអ្នកកើនឡើង ហើយដំណើរឈាមរត់កើនឡើងផងនោះកម្រិតអង់ដូហ្វីន (Endorphins) របស់អ្នកនឹងកើនឡើងផងដែរ។ អង់ដូហ្វីន នឹងជួយបំបាត់ការឈឺចាប់ និងរំសាយដល់អារម្មណ៍សោកសៅរបស់អ្នក។អ្នកជំនាញបានណែនាំឲ្យអ្នកធ្វើលំហាត់ប្រាណបែបនេះឲ្យបានយ៉ាងតិច៣០នាទីម្តង ហើយធ្វើឲ្យបាន២-៣ ដង ក្នុងមួយសប្តាហ៍។ គួរបញ្ជាក់ផងដែរថា សកម្មភាពកាន់តែមានការប្រកួតប្រជែងខ្លាំង គុណប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តរបស់អ្នកក៏រឹតតែប្រសើរផងដែរ។
លំហាត់ប្រាណជាមួយធម្មជាតិ
លំហាត់ប្រាណនៅខាងក្រៅ ក៏ត្រូវបានអ្នកខ្លះហៅថា «លំហាត់ប្រាណបៃតង ឬធម្មជាតិ» ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជួយកាត់បន្ថយស្ត្រេស និងពង្រឹងភាពជាម្ចាស់ការ ព្រមទាំងការគ្រប់គ្រងលើខ្លួនឯង។ ការហាត់ប្រាណនៅខាងក្រៅជាមួយនឹងខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្រស់ស្អាតបូករួមនឹងក្លិនក្រអូបបែបធម្មជាតិ ពិតជាល្អចំពោះរាងកាយ និងចិត្តពិតមែន។ប៉ុន្តែត្រូវប្រាកដថា អ្នកហាត់នៅមជ្ឈដ្ឋានដែលមានបរិស្ថានបរិសុទ្ធ នោះទើបសួតរបស់អ្នកអាចស្រូបយកខ្យល់អាកាសស្រស់បស់ និងជួយលាងសម្អាតសារពាង្គកាយរបស់អ្នក។ ស្របពេលជាមួយគ្នាចិត្តរបស់អ្នកនឹងបញ្ចេញចោលនូវការព្រួយបារម្ភផងទាំងពួង ហើយក៏ផ្តោតទៅលើសម្រស់នៃធម្មជាតិដែលនៅជុំវិញខ្លួនអ្នកវិញ។ ជាឧទាហរណ៍ការជិះកង់តាមដងព្រៃដែលមានទេសភាពស្រស់ស្អាត ការរត់ត្រឹកៗ ហាត់ប្រាណនៅជុំវិញស្ទឹង ឬបឹងជាដើម។
ការហែលទឹក
ការហែលទឹកមិនត្រឹមតែជួយសម្រួលដល់សាច់ដុំរបស់អ្នកប៉ុណ្ណោះទេចលនានៃការហែលទៀតសោតក៏ជួយសម្រួលដល់ផ្លូវចិត្តរបស់អ្នកផងដែរមិនថាជាការហែលទឹកក្បាច់ណាមួយឡើយព្រោះវាសុទ្ធតែមានគុណប្រយោជន៍ចំពោះសុខភាពផ្លូវចិត្តអ្នកដូចគ្នា។
វានឹងរឹតតែពិសេស ប្រសិនបើអ្នកហែលនៅក្នុងទឹកបែបធម្មជាតិដូចជាសមុទ្រ បឹង ឬអាងហែលទឹកខាងក្រៅ (outdoor pool) ដោយហេតុថាអ្នកនឹងអាចបានរីករាយនឹងការគយគន់នូវទេសភាពដ៏ស្រស់បំព្រងនៅជុំវិញខ្លួន រួមទាំងមានភាពជិតស្និទ្ធជាមួយនឹងធម្មជាតិពិតៗទៀតផង។
លំហាត់ប្រាណជាក្រុម
ពេលខ្លះ ការធ្វើសកម្មភាពតិចតួចជាមួយនឹងមិត្តសម្លាញ់ ឬមនុស្សជាទីស្រឡាញ់ ក៏អាចជួយសម្រាលអារម្មណ៍ស្មុគស្មាញ និងកាត់បន្ថយការព្រួយបារម្ភផងដែរព្រោះថាការរីករាយនឹងលំហាត់ប្រាណពិតជាជួយរំញោចដល់អារម្មណ៍វិជ្ជមាន និងភាពរីករាយនៅក្នុងចិត្តបានពិតមែន។ការចូលជាសមាជិកនៃក្រុមកីឡាប្រភេទណាមួយក៏ជាជម្រើសល្អផងដែរ។ សមូហភាពក្នុងការលេងជាក្រុម សាមគ្គីភាពចូលរួមការប្រកួតមិត្តភាព និងការជួយគាំទ្រគ្នាទៅវិញទៅមក ជាចំណែកមួយក្នុងការបន្ថយនូវស្ត្រេសពីជីវិតប្រចាំថ្ងៃ តាមរយៈការសហការគ្នាសម្រេចនូវគោលដៅរួម។ ការធ្វើលំហាត់ប្រាណជាក្រុមនេះ ជួយឲ្យអ្នកមានអារម្មណ៍ថាជីវិតយ៉ាងហោចណាស់ក៏កំពុងមានគោលដៅមួយច្បាស់លាស់ និងមានថាមពលក្នុងការតស៊ូសម្រេចវាឲ្យបានផងដែរ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ