កីឡាប្រភេទណាអ្នកមានសម្ពាធឈាមទាបគួរហាត់?
ជំងឺសម្ពាធឈាមទាបអាចមានគ្រោះថ្នាក់ខ្លាំង ជាពិសេសសម្រាប់អ្នកមានសម្ពាធឈាមទាបធ្ងន់ធ្ងរ ដោយសារតែខួរក្បាល បេះដូង និងកោសិកាដទៃទៀតមិនទទួលបានអុកស៊ីសែន និងឈាមដើម្បីទៅចិញ្ចឹម។ ការធ្វើលំហាត់ប្រាណពិតជាមានសារសំខាន់ណាស់ ពិសេសអ្នកជំងឺសម្ពាធឈាមទាប ប៉ុន្តែ ត្រូវជ្រើសរើសប្រភេទដែលមានលក្ខណៈសមស្រប និងត្រឹមត្រូវ ដូចជា៖
ការហែលទឹក
ហែលទឹក គឺជាប្រភេទកីទ្បាមួយដែលល្អសម្រាប់សុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ជាក់ស្តែង ការហែលទឹកញឹកញាប់អាចកាត់បន្ថយនូវជំងឺធំៗមួយចំនួន និងអាចឲ្យយើងមានអារម្មណ៍ស្រស់ថ្លា។ តាមការសិក្សាបង្ហាញថា ការហែលទឹករយៈពេល ៣០នាទីរៀងរាល់ថ្ងៃ ឬ យ៉ាងតិច ១ដងក្នុងមួយសប្ដាហ៍ អាចធ្វើឲ្យសុខភាពល្អ និងកាត់បន្ថយគ្រោះថ្នាក់នៃ ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងល្អបំផុតសម្រាប់អ្នកមានសម្ពាធ-ឈាមទាបស្រាប់។
ការដើរ
គេអាចចាត់ទុកថាការហាត់ប្រាណដោយដើរ គឺល្អបំផុតសម្រាប់អ្នកដែលមានជំងឺសម្ពាធឈាមទាប។ ម៉្យាង ការដើរអាចធ្វើឲ្យសាច់ដុំមានចលនា និងមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះ អាចធ្វើឲ្យយើងចៀសផុតពីជំងឺស្ទះសរសៃឈាមបេះដូង។ លោកអ្នកគ្រាន់តែចំណាយពេលយ៉ាងតិច ៣០នាទីក្នុងមួយថ្ងៃដើម្បីដើរ ឬអាចរាប់បញ្ចូលទាំងការទ្បើងចុះជណ្ដើរផ្ទះប្រសិនបើអ្នកគ្មានពេលវេលាគ្រប់គ្រាន់។
ការជិះកង់
ការជិះកង់គឺជាកីទ្បាមួយដែលផ្ដល់នូវសុខភាពល្អ ហើយពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ អ្នកអាចជិះជាលក្ខណៈកម្សាន្ត រៀងរាល់ព្រឹកឬពេលរសៀល បន្ទាប់ពីធ្វើការហើយ ឬក៏អាចជ្រើសរើសពេលចុងសប្ដាហ៍។ វាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយរួមមាន កាត់បន្ថយកាល់ទ្បូរី បង្កើនចលនាសាច់ដុំ លើកកម្ពស់ចលនារួមគ្នានៃកោសិកា និងជាពិសេស អាចឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ អស់កង្វល់បានផងដែរ។
Pilates
ជាកីទ្បាមួយប្រភេទដែលប្រើកម្លាំងខ្លាំង និងខ្សោយរួមជាមួយគ្នា អស្ចារ្យសម្រាប់អ្នកមានសម្ពាធឈាមទាប។ កម្លាំងរាងកាយខ្លាំងទាក់ទងនឹងក្បាលពោះ សាច់ដុំ និងចង្កេះដែលជួយបត់បែនរាងកាយរបស់យើង និងបង្កើនឲ្យមានឥរិយាបថល្អ។ ក្រៅពីជួយរាងកាយឲ្យមានភាពរឹងមាំ និងជួយដល់ការដកដង្ហើម វាថែមទាំងអាចជួយបង្កើនតុល្យភាព និងសម្របសម្រួលដល់ដំណើរការនៅក្នុងខ្លួនបានយ៉ាងប្រសើរ។
ការរត់ត្រឹកៗ
កីទ្បារត់ត្រឹកៗអាចចាត់ទុកថាជាកីទ្បាដែលពេញនិយមមួយ ក្នុងចំណោមកីទ្បាដែលផ្ដល់នូវសុខភាពល្អទាំងឡាយសម្រាប់មនុស្សចាស់។ យ៉ាងតិចត្រឹមតែ ៣០នាទីរៀងរាល់ថ្ងៃ អាចជួយបង្កើនចលនាបេះដូង ជំងឺសម្ពាធឈាម និងគ្រប់គ្រងដំណើរការចរន្តឈាម។
©2018រក្សាសិទ្ធិគ្រប់យ៉ាងដោយHealthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ