មួយឈុតអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន
សម្រាប់គូស្វាមីភរិយា និងគូស្នេហ៍ដែលចង់បង្កើនចំណងស្នេហា ម៉េចនឹងអាចរំលងការញ៉ាំអាហារជាមួយគ្នាបាន ជាពិសេសនៅថ្ងៃ Valentine នេះតែម្តង។ អ្នកអាចនឹងស្រមៃឃើញពីទិដ្ឋភាពដ៏រ៉ូមេនទិចនៃអាហារពេលល្ងាចដ៏ស្ងប់ស្ងាត់ ក្រោមពន្លឺភ្លើងទៀន លាយឡំនឹងចម្រៀងលន្លង់លន្លោច រួមជាមួយនឹងបរិយាកាសយ៉ាងមនោរម្យពីខ្យល់ធម្មជាតិ តែបើបានមេនញូដែលចម្អិនដោយផ្ទាល់ដៃទៀតកាន់តែពិសេស ពីព្រោះវាជាការបង្ហាញក្តីស្រឡាញ់ពិតប្រាកដ និងផ្តល់អារម្មណ៍កាន់តែល្អចំពោះគ្នាផងដែរ។ តែដឹងហើយឬនៅថាគួរចម្អិនអ្វី និងគួរមានអ្វីខ្លះទៀតសម្រាប់អាហារមួយពេលនេះ?
តេន តេន តេន...មុខម្ហូបដែលក្រុមការងារនឹងណែនាំគឺ «សាល់ម៉ុនចៀនជាមួយនឹងប្រូខូលី!»
គ្រឿងផ្សំ៖ សាលម៉ុនលាងស្អាត ៣ ខាំ សម្រាប់មនុស្ស ២ នាក់ ក្រូចឆ្មារ ម្រេចម៉ត់ និងប្រូខូលី។
របៀបចម្អិន៖
•ក្នុងករណីដែលអ្នកទុកសាល់ម៉ុននៅក្នុងទូរទឹកកក អ្នកត្រូវដកវាចេញមកក្រៅក្នុងសីតុណ្ហភាពធម្មតា ហើយទុករយៈពេល១៥ ទៅ ២០ នាទីជាមុនសិន
•បន្ទាប់ពីសាល់ម៉ុនមានសីតុណ្ហភាពធម្មតាហើយ ត្រូវកម្តៅខ្ទះឲ្យក្តៅល្មម រួចដាក់ប្រេងអូលីវ ឬប្រេងឆាយើងធម្មតាចូល (ដាក់ប្រេងល្មម)
•ពេលប្រេងក្តៅហើយ អ្នកអាចដាក់សាល់ម៉ុនចូលបាន បន្ទាប់មករោយម្រេចម៉ត់ និងអំបិលពីលើ
•អ្នកគួរចៀនខាងដែលមានស្បែករបស់សាល់ម៉ុនជាមុន (ដាក់ភ្លើងល្មមៗ) ហើយពេលដល់កម្រិតឆ្អិនដែលអ្នកចង់បាន អ្នកអាចប្រែទៅខាងមិនមានស្បែក
•ចំពោះប្រូខូលី អ្នកអាចស្ងោរ ឬឆាជាមួយនឹងទឹកប្រេងខ្យងដើម្បីឲ្យមានជាតិសិន
•ចុងក្រោយ គឺធ្វើទឹកម្រេចសម្រាប់ញ៉ាំជាមួយនឹងសាល់ម៉ុន។
រៀបចំម្ហូបឲ្យមានសោភ័ណភាព ក៏ជាផ្នែកមួយនៃអាហារក្រោមពន្លឺភ្លើងទៀនផងដែរ…
•អ្នកអាចប្រើប្រាស់ជាចានថ្មមូល ឬតាមចំណូលចិត្ត
•ដាក់សាលម៉ុននៅម្ខាង និងប្រូខូលីនៅម្ខាងទៀតឲ្យរៀបរយ (ស្រូបទឹកឆាប្រេងខ្យងតិចៗបង្កើនពណ៌)
•ហាន់ក្រូចឆ្មារជាចំណិតស្តើងៗ រួចដាក់មួយចំណិតនៅជិតសាល់មុ៉ន ឬអ្នកអាចច្នៃក្រូចឆ្មារទៅជារាងបេះដូង (បន្ថែមជីវ៉ាន់សុយបន្តិច បើអ្នកចូលចិត្ត)
•ដាក់ទឹកម្រេចក្នុងកូនចាន ជិតចានដាក់សាល់ម៉ុនរបស់យើង។
អាហារក្រោមពន្លឺភ្លើងទៀន មិនមែនមានតែអាហារគោលទេ អញ្ចឹងកុំភ្លេច…
ស្រាក្រហម
មានសាល់ម៉ុនហើយ បើញ៉ាំជាមួយទឹកដូចជាមិនសូវត្រូវ ទឹកក្រូចក៏ខុសរសជាតិ យកល្អគឺស្រាក្រហមនេះឯង។ ចំពោះលក្ខណៈគូស្នេហ៍ អ្នកគួរតែប្រើស្រាក្រហមស្រាល ឬក៏ដិតតាមចំណង់ចំណូលចិត្ត ព្រោះពណ៌ក្រហមអាចបង្ហាញសេចក្តីស្នេហារបស់អ្នកទាំងពីរ។
ផ្លែឈើលាងមាត់
មួយនេះមិនចាំបាច់រើសពណ៌ទេ ដោយសារតែស្រាមានពណ៌ក្រហមរួចហើយ អ្វីដែលសំខាន់គឺយកផ្លែឈើមករៀបចំឲ្យស្អាត ដោយកាត់ជាចំនិតរួចផ្គុំគ្នាជារាងបេះដូងក៏បាន។
នំខេក ឬខាប់ខេកសម្រាប់អបអរ
នំខេក បើញ៉ាំជាមួយស្រា គឺពិតជាស័កិ្តសម។ វាអាចជាចំនិតនំខេក ឬខេកទាំងមូលតូចល្មមដែលមានសរសេរអក្សរទៅកាន់អ្នកជាទីស្រឡាញ់ក៏បាន។ អ្នកអាចជ្រើសរើសយករសជាតិស្រ្តូបឺរី ព្រោះមានជាតិជូរអែមៗ ត្រូវជាមួយនឹងស្រាក្រហមដែលអ្នកកំពុងតែញ៉ាំ។
សង្ឃឹមថាអ្នកនឹងមានពេលវេលាដ៏ល្អជាមួយគ្នានៅក្នុងថ្ងៃពិសេស ជាមួយឈុតនៃអាហារពេលល្ងាចនេះ ហើយក៏កុំភ្លេចជ្រើសរើសកន្លែង រៀបចំតុ ទៀន និងសម្ភារៈលម្អផ្សេងៗដើម្បីបង្កើតបរិយាកាសល្អៗ និងធ្វើឲ្យវាក្លាយជាអាហារពេលល្ងាចដែលគួរឲ្យចងចាំបំផុត។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ