Menu

១០វិធីប្រែក្លាយខ្លួនអ្នក និងជីវិតឲ្យល្អប្រសើរ


១០វិធីប្រែក្លាយខ្លួនអ្នក និងជីវិតឲ្យល្អប្រសើរ

នរណាក៏ដោយតែងតែជួបប្រទះនឹងភាពបរាជ័យ ព្រោះថាដំណើរជីវិតរបស់យើងម្នាក់ៗមិនអាចចៀសផុតពីបញ្ហា ឬឧបសគ្គផ្សេងៗនោះឡើយ ប៉ុន្តែអ្នកមិនត្រូវស្អប់ខ្លួនឯងនោះទេ។ ជាការពិតណាស់ ប្រសិនបើអ្នកចង់ទទួលបានការគោរព និងក្តីស្រលាញ់នោះ អ្នកត្រូវតែជាអ្នកទីមួយដែលត្រូវផ្តល់នូវតម្លៃទាំងពីរនោះដល់ខ្លួនឯង។

បុគ្គលម្នាក់ៗសុទ្ធតែអាចមិនពេញចិត្តនឹងខ្លួនឯងដោយសារមូលហេតុណាមួយ ដូចជា មានរាងមិនស្អាត មិនទទួលបានការចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន ឬពេលដែលជួបនឹងភាពបរាជ័យក្នុងដំណាក់កាលណាមួយនៃជីវិតជាដើម។ មិនថាអ្នកតូចចិត្តនឹងខ្លួនឯងដោយសារហេតុផលអ្វីនោះទេ សូមធ្វើការសាកល្បងជាមួយនឹងវិធីទាំង១០ខាងក្រោម ដើម្បីកែប្រែផ្នត់គំនិតរបស់អ្នក ហើយស្រលាញ់ខ្លួនឯងជាងមុន។

ជឿជាក់លើខ្លួនឯង!
អ្នកត្រូវតែប្រាកដប្រជាជាមួយនឹងអ្វីគ្រប់យ៉ាងដែលខ្លួនធ្វើដោយមានគោលដៅមួយច្បាស់លាស់សម្រាប់ជីវិតរបស់ខ្លួន។ វាក៏ជាវិធីមួយដែលអាចឲ្យអ្នកឈ្វេងយល់ពីសមត្ថភាពរបស់ខ្លួនផងដែរ ហើយអ្នកក៏អាចធ្វើការផ្លាស់ប្តូររឿងបែបណាក៏ដោយ ដោយខ្លួនឯងដែរ។ សូមព្យាយាមផ្លាស់ប្តូរពីរឿងតូចតាច ម្តងបន្តិចៗរហូតដល់បានក្លាយជារឿងធំមួយ។ ត្រូវតែម៉តចត់ ហើយជឿជាក់ និងស្រលាញ់ខ្លួនឯង។

គោរពខ្លួនឯង!
ដើម្បីស្រលាញ់ខ្លួនឯង ដំបូងអ្នកត្រូវគោរពខ្លួនឯងជាមុនសិន។ ក្នុងនាមជាមនុស្សម្នាក់ គឺតែងតែងមានចំណុចល្អ និងអាក្រក់ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកផ្តល់តម្លៃលើខាងណាច្រើនជាង។ ហេតុដូច្នេះហើយ គិតបែបវិជ្ជមាន ហើយទុកចំណុចអាក្រក់មួយឡែកសិន។

ថែរក្សារាង!
វាហាក់ដូចជាពិបាកជឿបន្តិច ប៉ុន្តែការដែលមានរាងសមល្មមពិតជាមានប្រយោជន៍ខ្លាំងណាស់។ ប្រសិនបើអ្នករាងធាត់ពេក ឬស្គមពេកនោះ អ្នកនឹងមិនមានទំនុកចិត្តលើការបង្ហាញខ្លួននៅចំពោះមុខអ្នកដទៃនោះឡើយ។ ចង់ឲ្យឡើងទម្ងន់គឺងាយមែនទែន តែបើសម្រកវិញ គឺជាកិច្ចការមួយពិបាក។ ហើយការអង្គុយនៅលើកៅអីរកនឹកពីវិធីសម្រកទម្ងន់នឹងមិនបានជាប្រយោជន៍អ្វីឡើយ អ្វីដែលអ្នកត្រូវធ្វើ គឺរៀបចំកាលវិភាគច្បាស់លាស់មួយសម្រាប់ខ្លួនឯង បូករួមជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំមួយ ដើម្បីរង់ចាំមើលលទ្ធផលដែលនឹងទទួលបាន។ ធ្វើបែបហ្នឹង អាចនឹងឲ្យទំនុកចិត្ត និងការគោរពខ្លួនឯងនឹងកើនឡើងផងដែរ។

ជួបជាមួយនឹងមនុស្សថ្មី!
អ្នកមិនមែនជាមនុស្សតែម្នាក់ដែលជួបប្រទះនឹងបញ្ហាលំបាកក្នុងជីវិតនោះទេ ទេវតាផ្តល់ឲ្យមនុស្សគ្រប់គ្នានូវចំនួនស្មើគ្នានៃបញ្ហា និងដំណោះស្រាយ ប៉ុន្តែគ្រាន់តែក្នុងពេលខុសគ្នា ដោយអ្នកខ្លះសំណាងក៏រកឃើញដំណោះស្រាយក្នុងពេលខ្លី ហើយខ្លះទៀតត្រូវចំណាយពេលយូរ។ ការជួបជាមួយនឹងមនុស្សថ្មីជួយឲ្យអ្នករកឃើញខ្លួនឯង ហើយមានការលូតលាស់ខាងផ្លូវចិត្តគំនិត។ ព្យាយាមស្វែងរកមនុស្សដែលមានចំណូលចិត្ត និងក្តីស្រមៃដូចអ្នក ហើយធ្វើការចែករំលែកគ្នានូវអារម្មណ៍របស់ខ្លួន។ ខណៈនោះ ពួកគេនឹងគោរពស្រលាញ់អ្នក ហើយអ្នកក៏ដូចគ្នាដែរ អ្នកនឹងគោរពស្រលាញ់ខ្លួនឯងដែរ។

ស្តាប់អ្នកដទៃ តែធ្វើតាមបេះដូងរបស់អ្នក!
វាអាចជាការគួរសមមួយក្នុងការស្តាប់គំនិត និងដំបូន្មានរបស់អ្នកដទៃ ប៉ុន្តែអ្នកមិនត្រូវផ្តល់ឱកាសឲ្យនរណាម្នាក់មានឥទ្ធិពលលើជីវិតរបស់អ្នកឡើយ។ ពេលដែលអ្នកអនុញ្ញាតឲ្យនរណាម្នាក់គ្របដណ្តប់លើអ្នក ទំនុកចិត្តរបស់អ្នកនឹងគិតឡើងសារជាថ្មី ហើយក៏លែងខ្លាំងក្លាដូចពីមុនដែរ។ ប្រសិនបើមានមិត្តណាម្នាក់ដែលតែងតែទាញយកប្រយោជន៍ពីអ្នកនោះ អ្នកមិនគួររក្សាចំណងមិត្តភាពនេះទៀតឡើយ។ គួរចំណាយពេលជាមួយមិត្តដែលមិនធ្វើឲ្យអ្នកស្ទាក់ស្ទើរលើទំនុកចិត្តរបស់អ្នក។

បន្តសម្រេចក្តីប្រាថ្នារបស់ខ្លួន!
អ្នកត្រូវតែជម្រុញខ្លួនឯងឲ្យបន្តសម្រេចរាល់ក្តីប្រាថ្នារបស់ខ្លួនជាបន្តបន្ទាប់ ហើយវានឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្ថែមទៀត។ ហើយទំនុកចិត្តនោះនឹងទាក់ទាញខ្លួនអ្នកឲ្យងាកមកចាប់អារម្មណ៍នឹងខ្លួនឯងកាន់តែខ្លាំងទៀត។ កំណត់ទិសដៅដែលត្រូវដើរ ហើយដើរឆ្ពោះទៅរកវាជាមួយនឹងការផ្តោតគោលដៅ១០០%។ មិនថាលំបាកយ៉ាងណា កុំបោះបង់ចោល!!!

រៀបចំខ្លួនឲ្យបានស្អាត!
«កុំវាយតម្លៃមនុស្សតាមរយៈសំបកក្រៅ» ប្រហែលជាអ្នកធ្លាប់បានលឺពាក្យមួយឃ្លានេះ តែសម័យនេះទៅហើយ មនុស្សភាគច្រើនសុទ្ធតែឲ្យតម្លៃលើលក្ខណៈខាងក្រៅដូចជាសម្លៀកបំពាក់ ទម្ងន់ រូបរាងកាយ និងអំណាចទឹកប្រាក់ ជាដើម។ វាមិនជាកិច្ចការអ្វីធំដុំនោះទេ ព្រោះថាការតុបតែងខ្លួនឲ្យបានស្អាតនឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង ហើយអ្នកដទៃទៀតសោតក៏និយាយសរសើរអ្នកផងដែរ។ ប្រាកដណាស់អារម្មណ៍ពេលត្រូវបានគេសរសើរ គឺអារម្មណ៍សប្បាយរីករាយ និងស្រស់ថ្លា។

ស្វែងរកនិមិត្តរូបផ្ទាល់ខ្លួន!
និមិត្តរូបនឹងមិនធ្វើឲ្យអ្នកស្រលាញ់ខ្លួនឯងនោះទេ ប៉ុន្តែពួកគេនឹងជាកម្លាំងជម្រុញដោយប្រយោលដែលអាចឲ្យអ្នកក្លាយជាមនុស្សម្នាក់ដែលល្អជាងមុន។ តើអ្នកធ្លាប់មាននិមិត្តរូប ហើយតែងតែកោតសរសើររូបគេ និងស្រម៉ៃថាថ្ងៃណាមួយខ្លួននឹងធ្វើដូចជាគេដែរឬទេ? ពួកគេប្រៀបបានជាកម្លាំងជម្រុញទឹកចិត្តដែលធ្វើឲ្យអ្នករីកលូតលាស់ និងដើរកាន់តែឆ្ងាយនៅក្នុងដំណើរជីវិត ដោយដើរតាមគន្លងរបស់ពួកគេ។

ចាប់ផ្តើមស្រលាញ់ខ្លួនឯង!
ប្រើចិត្តគំនិតរបស់អ្នកគិតទៅលើចំណុចខ្លាំង និងចំណុចវិជ្ជមានរបស់ខ្លួនឯង ព្រោះថាសុភមង្គលពិតប្រាកដ និងក្តីស្រលាញ់កតើចេញពីគំនិតបែបនោះ។ ធ្វើជាមនុស្សសុទិដ្ឋិនិយម ហើយត្រូវចេះស្កប់ស្កល់ជាមួយនឹងអ្វីដែលខ្លួនមាន។ ពេលនោះអ្នកនឹងមិនចាំបាច់ខ្វល់ចិត្តក្នុងការដើររកមនុស្សដែលស្រលាញ់អ្នកឡើយ។

កុំតឹងតែងចំពោះខ្លួនឯងពេក!
ការស្រលាញ់ខ្លួនឯងអាចនឹងត្រូវការពេលវេលាខ្លះ ហើយការដែលត្រូវបានគេចូលចិត្ត និងសរសើរក៏ត្រូវការពេលវេលាផងដែរ។ មនុស្សម្នាក់ៗមិនគួររំពឹងទុកច្រើនពេកនោះទេ អ្វីដែលគង់នឹងកើត វាគង់តែនឹងកើតទេ តែប្រសិនបើវាមិនកើត ទោះជាប្រឹងយ៉ាងណាក៏គ្មានន័យដែរ។ រឿងល្អៗប្រាកដជាចូលមកក្នុងជីវិតរបស់អ្នក ប៉ុន្តែវាក៏ត្រូវការពេលវេលាដែរ។

«វិធីខាងលើអាចនឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលតែងតែមានក្តីសុខ និងផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែប្រសើរ និងស្រស់ថ្លា។ មិនថានៅទីកន្លែងណា ឬពេលវេលាណានោះទេ ត្រូវច្រានចោលនូវភាពខ្មាសអៀន ហើយបញ្ចេញនូវទំនុកចិត្តលើខ្លួនឯងដែលនឹងនាំមកនូវជោគជ័យសម្រាប់អនាគតរបស់អ្នក!!! ស្រលាញ់ខ្លួនឯងឲ្យបានច្រើនៗ...»

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

Related Articles