ជំងឺហឺតអាចព្យាបាលជាសះស្បើយ ឬយ៉ាងណា?
តើជំងឺហឺតជាអ្វី?
ជំងឺហឺត គឺជាជំងឺសួតរ៉ាំរ៉ៃ ដែលធ្វើឲ្យរលាក និងត្បៀតផ្លូវដង្ហើម។ ជំងឺហឺត បណ្តាលឲ្យមានសញ្ញាទាំងបួនដូចជា ឮសូរសំឡេងពេលដកដង្ហើមចេញ ណែនទ្រូងដូចគេរឹប ហត់ និងក្អក។
តើវាជាជំងឺដែលកើតមានពីកំណើត ឬមានកត្តាណាខ្លះដែលបង្កឲ្យមានជំងឺនេះឡើង?
«តួនាទីរបស់ហ្សេនេទិកក្នុងការកកើតជំងឺហឺត» ការកកើតជំងឺហឺត គឺមួយចំណែកទាក់ទងទៅនឹងហ្សេនេទិក មួយចំណែកទៀតទាក់ទងទៅនឹងកត្តាបរិស្ថាន «ផ្សែងបារី ធូលី លម្អងផ្កា…..»។
ចង្កោមគ្រួសារដែលមានជំងឺហឺត បានជម្រុញឲ្យមានការកើនឡើងនូវការស្រាវជ្រាវពីឥទ្ធិពលនៃហ្សែនទៅលើការកើតជំងឺនេះ។ បើទោះបីជាការកំណត់ហ្សែននៃជំងឺហឺតនៅមិនទាន់មានភាពពេញលេញក៏ដោយ ការស្វែងរកហ្សែននេះបានកែប្រែទស្សនៈទៅលើជំងឺហឺតនេះ។
តើជំងឺនេះមានយន្តការយ៉ាងដូចម្តេចខ្លះ?
ដំណើរការវិវឌ្ឍនៃជំងឺហឺត
ក្នុងអំឡុងពេលធ្វើទុករបស់ជំងឺហឺត ផ្លូវដង្ហើមដែលរលាក មានប្រតិកម្មទៅនឹងកត្តាបរិស្ថានដែលបង្កជំងឺដូចជា ផ្សែង ធូលី ឬលម្អងផ្កា។ ផ្លូវដង្ហើម រួមតូច និងបញ្ចេញស្លេស្មច្រើន ដោយធ្វើឲ្យពិបាកដកដង្ហើម។ ជំងឺហឺតជាលទ្ធផលនៃការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំនៅនឹងទងសួត។
ផ្លូវដង្ហើមរបស់អ្នកជំងឺហឺត ងាយនឹងមានប្រតិកម្មទៅនឹងសារធាតុបង្ក។ ពេលប្រឈមមុខទៅនឹងកត្តាបង្ក ទងសួតកន្ត្រាក់ខ្លាំង។ ការរលាកកើតឡើងបន្ទាប់ នាំទៅដល់ ការរួមតូចនៃទងសួត ឡើងស្លេស្ម ដែលធ្វើឲ្យអ្នកជំងឺក្អក និងហត់។
អ្វីខ្លះដែលជាសញ្ញាដំបូងរបស់ជំងឺហឺត?
សញ្ញាដំបូងរបស់ជំងឺហឺតមានដូចជា៖
•ឮសូរសំឡេងពេលដកដង្ហើមចេញ
•ណែនទ្រូងដូចគេរឹប
•ហត់
•ក្អក។
តើគេធ្វើរោគវិនិច្ឆ័យជំងឺហឺតដូចម្តេច?
ជំងឺហឺតត្រូវបានធ្វើរោគវិនិច្ឆ័យ ដោយផ្អែកទៅលើ ប្រវត្តិជំងឺនិងគ្រួសារ ការពិនិត្យលើរាងកាយ និងលទ្ធផលតេស្ត (Spirometry)។
តើជំងឺនេះត្រូវព្យាបាលដូចម្តេចខ្លះ? ហើយជំងឺនេះ ជាដាច់ឬទេ?
បើទោះបីជាយើងមិនអាចព្យាបាលជំងឺហឺតនេះឲ្យជាដាច់ក៏ដោយ ប៉ុន្តែយើងអាចគ្រប់គ្រងវាបាន។ ករណីនីមួយៗ មានលក្ខណៈខុសគ្នា ដូចនេះ អ្នកនិងគ្រូពេទ្យអ្នក ចាំបាច់ត្រូវបង្កើតរូបមន្តព្យាបាលមួយ សម្រាប់អ្នកផ្ទាល់។ រូបមន្តព្យាបាលនេះ នឹងមានព័ត៌មានស្តីអំពីកត្តាជម្រុញ និងការអប់រំក្នុងការប្រើថ្នាំរបស់អ្នក។
ចំពោះអ្នកដែលមិនបានទទួលការព្យាបាលត្រឹមត្រូវ តើអាចមានផលលំបាកឬកាន់តែធ្ងន់ធ្ងរដល់កម្រិតណាចំពោះករណីជំងឺហឺតនេះ?
ជំងឺហឺតស្រួចស្រាវមួយចំនួន អាចបណ្តាលឲ្យអ្នកជំងឺស្លាប់បាន បើគ្មានការព្យាបាលត្រឹមត្រូវ។
តើមានវិធីសាស្ត្រការពារកុំឲ្យកើតជំងឺនេះដែរឬទេ? អ្វីខ្លះ?
ការស្វែងរកកត្តាបង្ក មានសារសំខាន់ខ្លាំង ក្នុងការការពារ និងគ្រប់គ្រងជំងឺនេះ។
តើប្រទេសកម្ពុជាយើងមានករណីកើតជំងឺហឺតនេះច្រើនឬទេ? តើប្រជាជនណាខ្លះដែលប្រឈមទៅនឹងជំងឺនេះជាងគេ?
តាមការសិក្សារបស់ European Respiratory Journal ចេញផ្សាយក្នុងឆ្នាំ២០១៤ បង្ហាញថានៅកម្ពុជាហឺតមនុស្សចាស់ដែលមានអាយុច្រើនជាង២០ឆ្នាំមានអត្រាប្រវ៉ាឡង់៥,៥%។
ដកស្រង់ពីបទសម្ភាសន៍រវាងហេលស៍ថាម និងលោកវេជ្ជបណ្ឌិត សេង វីរៈ ជាវេជ្ជបណ្ឌិតឯកទេសខាងផ្នែកជំងឺសួតនៅមន្ទីរពេទ្យមិត្ភភាពខ្មែរ-សូវៀត