ភាពធ្ងន់ធ្ងរនៃជំងឺមហារីកគល់ច្រមុះ
យោងតាម GLOBOCAN ២០១៨នេះ បានបង្ហាញថាអត្រានៃការកើតជំងឺមហារីកនៅទ្វីបអាស៊ីមានរហូតដល់ ៨៤.៦% ដែលជាអត្រាមួយច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាទ្វីបដទៃទៀតនៅលើសកលលោក។ ចំណែកនៅប្រទេសកម្ពុជាវិញ ដោយហេតុថា មិនទាន់មានការសិក្សាណាមួយអំពីជំងឺនេះ ដូច្នេះទិន្នន័យពិតប្រាកដទូទាំងប្រទេសក៏មិនទាន់មានដែរ។ប៉ុន្តែបើយោងតាមទិន្នន័យបានពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ (២០១៦- ២០១៧) បានបង្ហាញថា ជំងឺមហារីកគល់ច្រមុះបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមជំងឺមហារីក ត្រចៀក ច្រមុះ បំពង់ក និងជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងផ្នែកជំងឺមហារីក។
ជំងឺមហារីកគល់ច្រមុះ ឬភាសាបច្ចេកទេសហៅ ថា Nasopharyngeal Cancer គឺជាប្រភេទជំងឺមហារីកដែលជាទូទៅ វាចាប់ផ្តើមកើតមាននៅទីតាំងក្រោយរន្ធច្រមុះ ខាងលើបំពង់ក និងនៅជាប់បាតខួរក្បាល បន្ទាប់មកវាអាចរីករាលដាល ទៅផ្នែកផ្សេងៗនៃរាងកាយ។ យើងសង្កេតឃើញថាជំងឺមហារីកគល់ច្រមុះមានច្រើនប្រភេទណាស់ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោកឆ្នាំ ២០០៣ បានបែងចែកជំងឺនេះជា ៣ ប្រភេទធំៗ ដោយក្នុងនោះមានតែ២ប្រភេទប៉ុណ្ណោះ ដែលជួបប្រទះច្រើនជាងគេនៅលើពិភពលោក គឺប្រភេទទី២ និងទី៣ ហើយប្រភេទទី៣នេះត្រូវបានគេឲ្យ ឈ្មោះថា Undifferentiated Carcinoma Nasopharyngeal Tumor (UCNT)។
មូលហេតុ និងកត្តាប្រឈម
ទោះបីជំងឺមហារីកគល់ច្រមុះគ្មានមូលហេតុច្បាស់លាស់យ៉ាងណាក៏ដោយ ប៉ុន្តែវាមានកត្តាប្រឈមចម្បងផ្សេងទៀត ដែលរួមមាន៖
• ការបង្ករោគដោយវីរុសមួយប្រភេទឈ្មោះថា Epstein-Barr Virus (EBV)៖ វីរុសប្រភេទនេះអាចមានលទ្ធភាពបង្កឲ្យកើតជាដុំសាច់ និងធ្វើឲ្យដុំសាច់វិវឌ្ឍក្លាយជាសាច់មហារីក ដែលភាគច្រើននៃការវិវឌ្ឍនេះនឹងក្លាយជាជំងឺមហារីកប្រភេទទី ២ ឬ៣តែម្តង
• របបអាហារ៖ ការចូលចិត្តបរិភោគអាហារផ្អាប់ឬអាហារខ្លោច
• ការជក់បារី៖ ការសិក្សាមួយកាលពីឆ្នាំ ២០១៣បានបង្ហាញថាអ្នកជក់បារីមានអត្រាប្រឈមខ្ពស់ ចំពោះការកើតជំងឺនេះរហូតដល់ ៦០% ច្រើនជាងអ្នកមិនជក់បារី
• តំណពូជ៖ មានភាគរយតិចតួចកើតមានផងដែរ ចំពោះបុគ្គលដែលមានសមាជិកគ្រួសារធ្លាប់បានកើតជំងឺមហារីកនេះពីមុន។
រោគសញ្ញា និងយន្តការ
រោគសញ្ញាតែងតែស្តែងចេញទៅតាមការវិវឌ្ឍរបស់ដុំសាច់ មានន័យថា ពេលទំហំដុំសាច់ក្នុងរន្ធច្រមុះតូច នោះរោគសញ្ញាមានតិចតួច ផ្ទុយមកវិញ ប្រសិនបើដុំសាច់រីកកាន់តែធំ នោះរោគសញ្ញា អាចមានកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរ ដូចជា៖
• រោគសញ្ញាទាក់ទងនឹងច្រមុះ៖ ការហូរឈាមច្រមុះ ដែលអាចហៀរចេញមកខាងក្រៅ ឬអាច ធ្លាក់ទៅផ្នែកខាងក្រោយតាមបំពង់កវិញ
• រោគសញ្ញាទាក់ទងនឹងត្រចៀក៖ អាចបណ្តាលឲ្យមានការរលាកត្រចៀកកណ្តាល ឈឺត្រចៀកហ៊ឹងត្រចៀក ឬមានទឹករងៃក្នុងត្រចៀក
• រោគសញ្ញាទាក់ទងនឹងសរសៃវិញ្ញាណ៖ រោគសញ្ញាទាំងនេះអាចកើតមាន ករណីដែលដុំសាច់ រីករាលដាលដល់បាតខួរក្បាល ហើយអាចស្តែងជា ការធ្លាក់ភ្នែកមួយចំហៀង ការទាញភ្នែកមួយ ចំហៀង ស្ពឹកមុខ ឈឺក្បាលខ្លាំងជាដើម។
ម៉្យាងវិញទៀត ប្រសិនបើដុំនេះវិវឌ្ឍលឿនទៅកាន់តំបន់ជិតៗ ជាពិសេសត្រង់ទីតាំងកូនកណ្តុរនៅក វាអាចនឹងបង្កឲ្យមានការឡើងកូនកណ្តុរនៅនឹងក ដែលអាចមានទំហំខុសៗគ្នាចាប់ពី ១សង់ទីម៉ែត្រឡើងទៅ។ អ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះគឺការវិវឌ្ឍនៃជំងឺដល់ដំណាក់កាលចុងក្រោយយ៉ាងលឿន ទៅកាន់តំបន់ឆ្ងាយៗដូចជា ឆ្អឹង សួត និងថ្លើម ហើយអ្នកជំងឺអាចនឹងមាន ជាអាការៈ ឈឺឆ្អឹងកងខ្នងខ្លាំង ចុកជើងខ្លាំង ឈឺតាមសរសៃប្រសាទ ចាក់មកជើង ដង្ហក់ ហត់ ក្អកមានឈាមឬឡើងលឿងជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីអាចសន្និដ្ឋានបានថាវាពិតជាជំងឺមហារីក គល់ច្រមុះមែននោះ គ្រូពេទ្យជំនាញត្រូវធ្វើតាមដំណាក់កាលដូចខាងក្រោម៖
• ពិនិត្យសញ្ញាគ្លីនិក (Clinical Examination) មានដូចជា ការស្ទាបរកមើលកូនកណ្តុរនៅ ក ការសាកសួរពីរោគសញ្ញា ប្រវត្តិនៃការរស់នៅ
របបអាហារ និងប្រវត្តិគ្រួសារ។ បន្ទាប់មក ប្រសិនបើមានករណីសង្ស័យ ត្រូវបញ្ជូនអ្នកជំងឺ ឲ្យទៅជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់ក ដើម្បីបន្តការពិនិត្យឆ្លុះរកមើលសាច់ដុះនៅតំបន់កនោះតែម្តង។
• ការថតស្កែន ឬMRI ពីសំណាក់គ្រូពេទ្យឯកទេសរូបភាពវេជ្ជសាស្រ្ត ដើម្បីផ្តល់ជាព័ត៌មានបញ្ជាក់ថា មានដុំសាច់ ឬមិនមាន ក្នុងករណីដែលគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កមិនអាចពិនិត្យបាន។ ករណីមានដុះសាច់ អ្នកជំងឺត្រូវបញ្ជូនមកជួបគ្រូពេទ្យឯកទេស ត្រចៀក ច្រមុះ បំពង់កម្តងទៀត ដើម្បីពិនិត្យឡើងវិញ និងច្រឹបសាច់នោះយកទៅវិភាគ។ ម៉្យាងវិញទៀតការថតស្កែនក៏អាចវាយតម្លៃពីទំហំនៃការរីករាលដាលដុំសាច់ទៅដល់ឆ្អឹងក្បាលផងដែរ។
• ការវិភាគសាច់៖ សាច់ដែលបានច្រឹបហើយនឹងត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពិសោធន៍វិភាគសាច់ដើម្បីសន្និដ្ឋានថាជាប្រភេទសាច់ស្លូត ឬសាច់កាច។
ការត្រៀមខ្លួនរបស់អ្នកជំងឺមុនពេលធ្វើរោគវិនិច្ឆ័យ
អ្នកជំងឺធម្មតាដែលគ្មានជំងឺប្រចាំកាយ គឺមិនចាំ បាច់មានជាការត្រៀមខ្លួនអ្វីច្រើននោះទេ។ លើកលែងតែ អ្នកជំងឺមានបញ្ហាតម្រងនោម ជំងឺទឹកនោមផ្អែម ទើបតម្រូវឲ្យធ្វើការពិនិត្យមុខងារតម្រងនោមជាមុនសិន ដោយហេតុថាការថតស្កែនអាចប៉ះពាល់ដល់តម្រងនោមតាមរយៈការចាក់បញ្ចូលសារធាតុមួយប្រភេទ ដើម្បីឲ្យរូបភាពស្កែនកាន់តែច្បាស់។ ចំណែកអ្នកជំងឺបេះដូង សរសៃឈាមដែលតែងប្រើប្រាស់ថ្នាំប្រឆាំងកំណកឈាម តម្រូវឲ្យបញ្ឈប់ការប្រើប្រាស់ថ្នាំនេះ ក្នុងរយៈពេល៧២ម៉ោងមុន និងក្រោយការច្រឹបដុំសាច់។
ការព្យាបាល
បន្ទាប់ពីបានដឹងថា អ្នកជំងឺពិតជាមានជំងឺមហារីកមែនហើយ ក្រុមគ្រូពេទ្យឯកទេសនឹងធ្វើការវាយតម្លៃអំពីដំណាក់កាលនៃជំងឺជាមុន ទើបធ្វើការសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រយកមកព្យាបាលដែលការព្យាបាលត្រូវបានចែកជា២ប្រភេទធំៗ គឺវិធីសាស្ត្របញ្ចាំងកាំរស្មី និងការប្រើថ្នាំគីមី៖
• ដំណាក់ទី១៖ ជាដំណាក់កាលដែលដុំសាច់មានទំហំតូច ដូច្នេះ ការព្យាបាលគឺប្រើប្រាស់ការបាញ់កាំរស្មីតែម៉្យាងគត់ ប្រសិនបើមិនមានការចេញជាកូនកណ្តុរក។ ប៉ុន្តែប្រសិនបើក្នុងរយៈពេលតាមដានក្រោយការបញ្ចាំងកាំរស្មីអ្នកជំងឺមានលេចឡើងជាដុំសាច់នៅត្រង់កូនកណ្តុរកទៀតគ្រូពេទ្យអាចនឹងធ្វើការវះកាត់ដុំសាច់នោះចេញ។
• ដំណាក់ទី២ និង៣៖ ជាដំណាក់កាលដែលដុំសាច់មានទំហំធំជាងមុន បូករួមជាមួយការរាលដាលមកកូនកណ្តុរក នោះការព្យាបាលតម្រូវឲ្យមានការបញ្ចូលវិធីសាស្ត្រ ២ គឺមានទាំងការប្រើប្រាស់ថ្នាំដើម្បីជួយបង្កើនប្រសិទ្ធភាពរបស់ការបាញ់កាំរស្មី និងការបញ្ចាំងកាំរស្មី ដើម្បីកម្ចាត់ចោលនូវដុំសាច់មហារីកនេះតែម្តង។
• ដំណាក់ទី៤៖ ជាដំណាក់ចុងក្រោយ ឬជាដំណាក់យឺតយ៉ាវ ដែលដុំសាច់អាចរាលដាល ចូលខួរក្បាល ឆ្អឹងខ្នង សួត និងថ្លើម។ ការព្យា បាលសម្រន់ការឈឺចាប់ ដោយការចាក់ថ្នាំគីមី ជាជម្រើសតែមួយគត់ដែលអាចប្រើប្រាស់ចំពោះអ្នកជំងឺ ដើម្បីជួយពន្យារអាយុជីវិត និងបង្កើនគុណ ភាពជីរិតរបស់អ្នកជំងឺបានខ្លះ។ ប៉ុន្តែ ប្រសិនបើអ្នកជំងឺអាចឆ្លើយតបនឹងការព្យាបាលបែបថ្នាំគីមីនេះបានល្អ ដោយដុំសាច់ប្រែជាតូចជាងមុន បាត់អស់កន្លែងរាលដាលនៅ ឆ្អឹងខ្នង សួត និងថ្លើម គ្រូពេទ្យជំនាញអាចនឹងពិភាក្សាក្នុងការបញ្ចាំងកាំរស្មី បំបាត់ដុំសាច់ត្រង់គល់ច្រមុះនោះឲ្យគាត់បន្តទៀត។
ផលរំខាននៃការព្យាបាល
អ្នកជំងឺអាចនឹងទទួលបាននូវផលរំខានមួយចំនួន ទៅតាមប្រភេទនៃការព្យាបាល ប៉ុន្តែវាមិនបង្ក ផលប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺទេ គ្រាន់តែរំខានដល់ការរស់នៅរបស់គាត់ប៉ុណ្ណោះ៖
• ការប្រើប្រាស់កាំរស្មី៖ អាចបង្កឲ្យមានការខូចខាតក្រពេញទឹកមាត់ (Parotid gland) ជាហេតុធ្វើឲ្យក្រពេញមិនអាចផលិតទឹកមាត់បាន ហើយអ្នកជំងឺមានសភាពស្ងួតមាត់ខ្លាំង។ ក្រៅពីនេះ អ្នកជំងឺអាចមានការរលាកមាត់ ឈឺមាត់ ពិបាកទទួលទានអាហារ ការរលាកស្បែកខាងក្រៅត្រង់តំបន់ក នៅអំឡុងពេលព្យាបាលផងដែរ។ ប៉ុន្តែអាការៈនេះនឹងបាត់ទៅវិញទាំងស្រុង ឬ៥០%បន្ទាប់ពីបញ្ចប់ការព្យាបាល។
• ការប្រើប្រាស់ថ្នាំគីមី៖ អាចបណ្តាលឲ្យមានការក្អួត ចង្អោរ និងចំនួនគ្រាប់ឈាមថយចុះជាដើម។
ការត្រៀមខ្លួនរបស់អ្នកជំងឺ
គ្រប់ដំណាក់កាល ទាំងមុនពេល អំឡុងពេល និងក្រោយពេលព្យាបាល អ្នកជំងឺត្រូវសហការជា មួយគ្រូពេទ្យនិងធ្វើការត្រៀមខ្លួនជាស្រេចដូចជា៖
• តមអាហារហឹរ ជូរខ្លាំង ក្តៅខ្លាំង និងចៀសវាងការប៉ះផ្ទាល់នឹងកម្តៅថ្ងៃ
• បរិភោគអាហារដែលផ្តល់សុខភាពល្អ មានបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ជាពិសេសពិសា ទឹកឲ្យបានច្រើន
• អាចប្រើប្រាស់ទឹកខ្ពុរមាត់ដែលមានសូដ្យូមប៊ីកាបូណាត ដើម្បីកាត់បន្ថយមេរោគក្នុងមាត់ចំពោះអ្នកជំងឺមានបញ្ហារលាកមាត់
• លាបក្រែមប្រឆាំងការរលាកនៅតំបន់ដែល រលាកខ្លាំង។
គួរបញ្ជាក់ថា ការព្យាបាលជំងឺនេះមិនតម្រូវឲ្យមានការសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ អ្នកជំងឺអាចត្រឡប់ទៅផ្ទះវិញបាន ព្រមទាំងអាចប្រកបរបរទទួលទានបានធម្មតា លើកលែងតែការប៉ះ កម្តៅថ្ងៃ។
ផលវិបាកនៃភាពយឺតយាវ
ករណីអ្នកជំងឺមិនបានរួសរាន់មកទទួលការព្យាបាលឲ្យបានទាន់ពេលវេលា នោះអ្នកជំងឺអាចនឹងប្រឈមមុខនឹងការរីករាលដាលដុំសាច់ ទៅកាន់តំបន់សំខាន់ផ្សេងទៀត នៃរាងកាយមានដូចជា ឆ្អឹង សួតនិងថ្លើម ដែលបង្កឲ្យអ្នកជំងឺមានអាការៈកាន់តែ ធ្ងន់ធ្ងរ ជាពិសេសអាចនឹងបាត់បង់អាយុ
ជីវិតទៀតផង។
វិធីសាស្រ្តការពារ
នៅពេលបានដឹងអំពីកត្តាប្រឈម និងមូលហេតុ ដែលបង្កឲ្យមានជំងឺនេះហើយ យើងអាចកាត់បន្ថយអត្រានៃការកើតជំងឺនេះបានខ្លះតាមរយៈ វិធីសាស្ត្រការពារខ្លួន ដូចខាងក្រោម៖
• រក្សាអនាម័យក្នុងការរស់នៅ ដើម្បីកុំឲ្យឆ្លងមេរោគពីបរិយាកាស ក៏ដូចជាពីអ្នកដទៃ
• បរិភោគតែអាហារផ្តល់សុខភាពល្អ និងចៀសវាងការបរិភោគអាហារផ្អាប់ អាហារខ្លោច ស្រា បារី ជាដើម។ ការសិក្សារបស់ប្រទេសហុងកុង រយៈពេល ២៥ ឆ្នាំ ១៩៨៤-២០០៩ បានបង្ហាញថា អត្រាជំងឺមានការថយចុះរហូតដល់ ៥០% ដោយ គ្រាន់តែបញ្ឈប់ការញ៉ាំអាហារផ្អាប់ និងខ្លោច
• ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។
ប្រសិនបើមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបគ្រូពេទ្យឯកទេសជាបន្ទាន់ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា មានប្រសិទ្ធភាព ចំណាយថវិកាតិច និងចំណេញពេលវេលា។ ម៉្យាងទៀត សូមបញ្ឈប់ការបរិភោគអាហារផ្អាប់ និងខ្លោច ឲ្យបានកាន់តែច្រើនកាន់ តែប្រសើរ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត រិទ្ធ សុភារិន ឯកទេសជំងឺមហារីក និងព្យាបាលដោយកាំរស្មី នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ