សញ្ញាណនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម
និយមន័យនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម
ជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើម គឺជាប្រតិកម្មដែលបង្កឡើងដោយពពួកអាល្លែកហ្សែនធ្វើឲ្យមានការហើម រលាកតាមផ្លូវដង្ហើម។ សម្រាប់ការអង្កេតនៅប្រទេសកម្ពុជាយើងគឺមានការកើនឡើង ជាក់ស្តែង នៅឆ្នាំ២០០៤ ការសិក្សានៅមន្ទីរពេទ្យព្រះអង្គឌួង ករណីអ្នកជំងឺដែលគាត់មកពិគ្រោះឃើញថាមានអាល្លែកហ្ស៊ី១៥% និងនៅឆ្នាំ២០១៥ការសិក្សានៅមន្ទីរពេទ្យព្រះកេតុមាលា ករណីជំងឺអាល្លែកហ្ស៊ីនេះមានការកើនឡើងរហូតដល់២៨%។ តាមទិន្នន័យនៅឆ្នាំ២០០៦ តំបន់នៃពិភពលោកដែលប្រឈមនឹងអាល្លែកហ្ស៊ីខ្ពស់ជាងគេ គឺអ៊ុយគ្រែន រហូតដល់៤០%។
មូលហេតុបង្កឲ្យមានអាល្លែកហ្ស៊ីផ្លូវដង្ហើម
• កត្តាខាងក្រៅ
-ការផ្លាស់ប្តូរអាកាសធាតុ ដែលយើងហៅថាអាល្លែកហ្ស៊ីរដូវកាល វាកើតមានឡើងពេលប្តូរពីរដូវក្តៅទៅរដូវត្រជាក់ ឬពីរដូវត្រជាក់មករដូវក្តៅ ឬរដូវផ្ការីកដែលធ្វើឲ្យគាត់អាល្លែកហ្ស៊ីជាមួយលម្អងផ្កា
-ការបំពុលបរិស្ថាន ផ្សែងបារី ផ្សែងយានយន្តឬផ្សែងចេញពីរោងចក្រ
- គេហដ្ឋានមិនស្អាត មានផ្សិតនៅតោងជាប់ជញ្ជាំង ដោយសារជម្រាបទឹកផ្សេងៗ ផ្សិតដុះពីអាហារផ្អូម ឬផ្សិតពីកាកសំណល់ផ្សេងៗ
- សត្វចិញ្ចឹម ដែលមានរោមដូចជាសត្វឆ្កែ សត្វឆ្មា សត្វល្អិត ឬពពួកសត្វកន្លាត ទាំងលាមក ទាំងទឹកនោមរបស់វា
-Ascariens ជាសត្វល្អិតតូចបំផុតដែលរស់នៅជាប់កម្រាលព្រំ ភួយ មុង ខ្នើយ កន្ទេលជាដើម។
• កត្តាខាងក្នុង
- មកពីចំណីអាហារដូចជា គ្រឿងសមុទ្រ ស៊ុតទឹកដោះគោ អាហារផ្អាប់ និងសណ្តែកដី
- ថ្នាំពេទ្យ ថ្នាំបុរាណដែលមានការលាយផ្សំចូលគ្នាជាច្រើនមុខ។
បុគ្គលជាកម្មកររោងចក្រ រស់នៅ និងធ្វើការក្នុងបរិស្ថានមិនល្អ ឬធ្វើការក្នុងកសិដ្ឋានចិញ្ចឹមសត្វប្រឈមមុខខ្ពស់នឹងអាល្លែកហ្ស៊ីផ្លូវដង្ហើមបំផុត។ ចំពោះអ្នកអាល្លែកហ្ស៊ីច្រមុះស្រាប់មាន២០%កើតហឺត រីឯបុគ្គលដែលកើតហឺតមាន៥០%អាល្លែកហ្ស៊ីច្រមុះ។
រោគសញ្ញាជាក់ស្តែង
មនុស្សម្នាក់អាចសន្និដ្ឋានថាមានជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមបានផ្អែកលើរោគសញ្ញាដូចជា រមាស់ច្រមុះ តឹងច្រមុះ កណ្តាស់ ហៀរសំបោរ អាចដល់សួតគឺធ្វើឲ្យហត់ភ្លាមៗបន្ទាប់ពីសញ្ញាក្អកទៅតាមដំណាក់កាល។ រោគសញ្ញាបន្ទាប់បន្សំអាចរួមមានអស់កម្លាំង ឈឺក្បាល និងសញ្ញាលើស្បែក ហើយក៏អាចធ្វើឲ្យអ្នកជំងឺគេងមិនបានឬគេងភ្ញាក់ៗ ប៉ះពាល់ដល់ការសិក្សា ការងារ ក៏ដូចជាសង្គមជាតិទាំងមូល។
យន្តការនៃអាល្លែកហ្ស៊ីផ្លូវដង្ហើម
ពេលដែលអាល្លែកហែ្សនចូលដល់ក្នុងខ្លួន កោសិកាមួយហៅថាម៉ាក្រូហ្វាចាប់យកអាល្លែកហ្សែនដើម្បីបង្កើតបានជាអង់ទីក័រ។ នៅពេលអាល្លែកហ្សែនចូលលើកទី២ អង់ទីក័រចាប់យកអាល្លែកហ្សែននោះម្តងទៀត ហើយវាបញ្ចេញជាសារធាតុមួយឈ្មោះថាអ៊ីសស្តាមីន (Histamine)ជាហេតុនាំឲ្យមានការលេចចេញជារោគសញ្ញាអាល្លែកហ្ស៊ីផ្សេងៗ។
ការធ្វើរោគវិនិច្ឆ័យអាល្លែកហ្ស៊ីផ្លូវដង្ហើម
ដំបូងត្រូវសាកសួរលម្អិតពីប្រវត្តិរបស់ជំងឺ កើតតាំងពីពេលណា តាំងពីកុមារភាព ឬទើបតែកើតមានឡើងថ្មីៗ ប្រវត្តិគ្រួសារ ដោយសារអាល្លែកហ្ស៊ីជាជំងឺតពូជ ប្រសិនបើឪពុក ឬម្តាយមានអាល្លែកហ្ស៊ី នោះកូនអាចប្រឈមនឹងបញ្ហានេះរហូតដល់៣០%។ មួយវិញទៀត ត្រូវសាកសួររហូតដល់ការរស់នៅរបស់គាត់ ដើម្បីរកមូលហេតុធ្វើឲ្យមានអាល្លែកហ្ស៊ី បរិស្ថានការងាររបស់គាត់ ជាកម្មកររោងចក្រ ធ្វើការនៅកន្លែងមួយគ្មានខ្យល់អាកាសឆ្លងកាត់ ឬហប់ កសិដ្ឋានចិញ្ចឹមសត្វ មុខងារ រួមនឹងបរិស្ថានដែលគាត់រស់នៅ។ បន្ទាប់មកតម្រូវឲ្យអ្នកជំងឺពិនិត្យគ្លីនិកដូចជា មើលច្រមុះ បំពង់ក ដើម្បីរកមើលកត្តាអាល្លែកហ្ស៊ី។ ក្រៅពីនេះ មានការធ្វើតេស្តឈាមដើម្បីសិក្សារក IgE specific រកមើលសារធាតុអាល្លែកហ្ស៊ី និងបច្ចេកទេសចុងក្រោយ គឺការធ្វើតេស្តលើស្បែក ហៅថា Skin Prick Testsដែលមានសារធាតុយកមកធ្វើតេស្តច្រើនយ៉ាង។
អាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវព្យាបាលរបៀបណា?
ការព្យាបាលជារឿងមួយសំខាន់បំផុត ជាដំបូងត្រូវផ្អែកលើការសាកសួរអ្នកជំងឺ ប្រសិនបើគាត់មានអាល្លែកហ្ស៊ីជាមួយសារធាតុណាមួយ ត្រូវចៀសសារធាតុនោះ។ ឧទាហរណ៍ បើគាត់ញ៉ាំទឹកដោះគោហើយបណ្តាលឲ្យគាត់ក្អក រមាស់ក ឬកណ្តាស់ ត្រូវណែនាំឲ្យគាត់បញ្ឈប់ នោះគាត់នឹងមានភាពធូរស្រាល។ ដូចនេះ អ្នកជំងឺចាំបាច់ត្រូវធ្វើការអង្កេតខ្លួនឯងផ្ទាល់។ ម៉្យាងទៀត អ្នកជំងឺអាចតម្រូវឲ្យប្រើប្រាស់ថ្នាំប្រភេទប្រឆាំងនឹងអីុសស្តាមីន (Antihistaminic) ឬពពួក Corticoid ទាំងប្រភេទថ្នាំលេប និងថ្នាំបាញ់ទៅតាមសញ្ញាអាល្លែកហ្ស៊ីដែលគ្រូពេទ្យចេញវេជ្ជបញ្ជា។
ជាទូទៅការការពារ និងព្យាបាលជំងឺអាល្លែកហ្ស៊ីផ្លូវដង្ហើមត្រូវធ្វើឡើងទន្ទឹមគ្នា ដោយហាត់ប្រាណជាប្រចាំ ព្រោះវាអាចជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ ហើយនៅពេលពួកគាត់ប៉ះជាមួយអាលែ្លកហ្សែនតិចតួចនឹងមិនចេញនូវសញ្ញាអាល្លែកហ្ស៊ីនោះទេ។ មួយវិញទៀត ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងត្រូវទម្លាប់ប្រើម៉ាស់ជាប្រចាំ ឬអាចប្រើប្រាស់ថ្នាំការពារទុកជាមុន។
ប្រដាប់ដង្ហើមជាផ្នែកមួយដ៏សំខាន់នៃរាងកាយនៅពេលមានផលប៉ះពាល់ ឬហើម បុគ្គលនោះត្រូវជួបជាមួយបញ្ហា ទាំងសុខភាព ថវិកា ពេលវេលា ការរៀនសូត្រ ការងារ និងសង្គមទាំងមូល។ ជាក់ស្តែង ជាឧទាហរណ៍ស្រាប់នៅប្រទេសបារាំងឆ្នាំ២០០២ មានការខាតបង់បណ្តាលមកពីបញ្ហាអាល្លែកហ្ស៊ី រហូតដល់៩១៥លានអឺរ៉ូ។ ដូច្នេះគ្រប់គ្នាចាំបាច់ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺអាល្លែកហ្ស៊ីនេះដោយយ៉ាងហោចណាស់ខិតខំសម្អាតទីក្រុងឲ្យបានស្អាត។
បញ្ជាក់ ៖ ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអាល្លែកហ្ស៊ីនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី២២ ដល់ ២៨ ខែមេសាឆ្នាំ២០១៨។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត សុខ គួង ឯកទេស ត្រចៀក ច្រមុះ បំពង់ក មានតួនាទីជាអនុប្រធានផ្នែកត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ