ភស្តុតាងលើប្រសិទ្ធភាពរបស់សារជាតិសណ្តែកសៀង ចំពោះស្ត្រីអស់រដូវ
សណ្តែកសៀងគឺជាគ្រឿងផ្សំគោលនៃអាហារប្រពៃណីរបស់ប្រជាជនអាស៊ីមករាប់ពាន់ឆ្នាំ ហើយក៏ត្រូវបានណែនាំទៅកាន់ប្រទេសប៉ែកខាងលិចរាប់រយឆ្នាំមកហើយដែរ។ បច្ចុប្បន្ន សណ្តែកសៀងត្រូវបានប្រើប្រាស់ជាចម្បងនៅក្នុងផលិតផលអាហារជាច្រើន និងត្រូវបានស្គាល់យ៉ាងទូលំទូលាយជាមួយនឹងសារជាតិបំប៉នរបស់វា ជាពិសេសគឺ Isoflavone ដែលមានអត្ថប្រយោជន៍យ៉ាងសន្ធឹកទៅលើសុខភាព។
បរិមាណ Isoflavone នៅក្នុងអាហារពីសណ្តែកសៀង
សណ្តែកសៀង មានផ្ទុកនូវ Isoflavone ច្រើនជាងគេ តែសណ្តែកសៀងផ្អាប់ ឬកែច្នៃមួយចំនួនអាចបាត់បង់នូវបរិមាណ Isoflavones រហូតដល់ ៨០ ទៅ ៩០%។
អត្ថប្រយោជន៍នៃ Isoflavone ចំពោះសុខភាព
1. អាការៈរបស់ស្ត្រីអស់រដូវ
ក្នុងឆ្នាំ ២០១៥ Isoflavone ពីសណ្តែកសៀងត្រូវបានបង្ហាញថាជាការព្យាបាលក្នុងលំដាប់ដំបូងគេទៅលើអាការៈនៃការអស់រដូវរបស់ស្ត្រី។ការសិក្សាបានបង្ហាញផងដែរដោយ CochraneLibrary នៅឆ្នាំ ២០១១បានលើកឡើងអំពីការបន្ថយការរសាត់ចេញរបស់ឆ្អឹងចំពោះស្ត្រីអស់រដូវដែលបរិភោគ Isoflavoneពីសណ្តែកសៀង។
សារធាតុនេះត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងការប្រើប្រាស់ថ្នាំអ័រម៉ូនក្នុងការគ្រប់គ្រងអាការៈរបស់ស្ត្រីអស់រដូវ។
2. ប្រព័ន្ធសរសៃឈាមបេះដូង
រដ្ឋបាលនៃចំណីអាហារនិងឱសថរបស់អាមេរិកក៏ដូចជាកាណាដា អង់គ្លេស ប្រេស៊ីល ឥណ្ឌូនេស៊ីនិងភីលីពីនបានបង្ហាញអំពី ការថយចុះនូវការប្រឈមនៃជំងឺសរសៃឈាមបេះដូង និងឥទ្ធិពលក្នុងការការពារជំងឺសរសៃឈាមបេះដូងដោយប្រូតេអ៊ីនសណ្តែកសៀង ក្នុងបរិមាណ ២៥ ក្រាមក្នុងមួយថ្ងៃ។ ការសិក្សាមួយចំនួនទៀត នៅឆ្នាំ ២០១១ និង ២០១២ បានរកឃើញថា Isoflavone អាចជំរុញមុខងាររបស់ជញ្ជាំងសរសៃឈាមក្នុងកម្រិតទាប (Baseline) ព្រមទាំងធ្វើឲ្យប្រសើរឡើងពីភាពរឹងស្ទក់នៃសរសៃឈាមអាកទែរចំពោះស្ត្រីក្រោយអស់រដូវផងដែរ។
3. ការគ្រប់គ្រងទម្ងន់
ការលើសទម្ងន់ជាបញ្ហាគួរឲ្យកត់សម្គាល់នៅទូទាំងពិភពលោក។ Isoflavone មានឥទ្ធិពលសម្របសម្រួលមេតាបូលីស និងរក្សាលំនឹងនៅក្នុងរាងកាយ ដែលធ្វើឲ្យវាមានអានុភាពក្នុងការការពារ និងព្យាបាលការលើសទម្ងន់។
4. សុខភាពផ្លូវចិត្ត
ការសិក្សាមួយដោយជនជាតិជប៉ុនទៅលើស្ត្រីក្រោយអស់រដូវបានបង្ហាញថាការប្រើប្រាស់ក្នុងកម្រិតសមរម្យមួយ (២៥មីលីក្រាមក្នុងមួយថ្ងៃ)នូវIsoflavone ក្រោមទម្រង់Aglycone អាចកាត់បន្ថយអាការៈនៃការធ្លាក់ទឹកចិត្ត និងការបារម្ភ។ការសិក្សាពីឆ្នាំ ២០១៤ បានបង្ហាញថាការប្រើលើសពី ៣ខែក្នុងកម្រិត ១០០មីលីក្រាមក្នុង១ថ្ងៃនៃ Isoflavone អាចបន្ថយរោគសញ្ញានៃការបាក់ទឹកចិត្តរបស់ស្ត្រីក្រោយអស់រដូវ ដោយប្រសិទ្ធភាពគឺប្រហែលនឹងឱសថ Zoloft (៥០mg/ថ្ងៃ) និង Prozac (១០ mg/ថ្ងៃ)។
5. សុខភាពស្បែក
តាមរយៈការសិក្សាដែលបានធ្វើឡើងលើក្រុមស្ត្រីអស់រដូវបានបង្ហាញអំពីការប្រសើរឡើងយ៉ាងគួរឲ្យកត់សម្គាល់នៃការកាត់បន្ថយភាពជ្រីវជ្រួញការប្រែប្រួលនៃពណ៌ស្បែក និងរូបសម្រស់ទូទៅចំពោះស្ត្រីអាយុចន្លោះពី ៥០ ទៅ ៦៥ ឆ្នាំដែលបានប្រើប្រាស់ Isoflavone ពីសណ្តែកសៀង ២០ក្រាមក្នុងមួយថ្ងៃរយៈពេល ៣ខែ។
6. ជំងឺមហារីក
សកម្មភាពប្រឆាំងនឹងជំងឺមហារីករបស់សណ្តែកសៀងត្រូវបានភ្ជាប់ទៅនឹងវត្តមានរបស់ Isoflavone ដែលធ្វើការការពារនៅវគ្គនៃការរីកលូតលាស់នៃដុំមហារីក ក៏ដូចជាកាត់បន្ថយការប្រឈម និងការកើតឡើងវិញនៃដុំសាច់ផងដែរ។សេចក្តីវិភាគចេញពីការសិក្សាចំនួន ១៤៣ ក៏បង្ហាញអំពីលទ្ធផលគួរឲ្យកត់សម្គាល់លើទំនាក់ទំនងរវាង Isoflavone និងការថយចុះនៃការប្រឈមនឹងមហារីកក្រពះ និងសួតទៀតផង។
7. ការឆ្លងរោគ
Isoflavone គឺជាសារធាតុធម្មជាតិដែលបង្កើតឡើងដោយរុក្ខជាតិក្នុងការប្រឆាំងទប់ទល់នឹងការឆ្លងរោគពីផ្សិត និងបាក់តេរី ដូចនេះវាក៏អាចប្រឆាំងនឹងមេរោគ និងជួយឲ្យមេរោគល្អក្នុងពោះវៀនកាន់តែប្រសើរផងដែរ។
8. ឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម
ឥទ្ធិពលនេះជួយការពារពីការវិវឌ្ឍនៃជំងឺមហារីកដែលបង្កដោយរ៉ាឌីកាល់សេរី។ ការសិក្សានៅក្នុងមន្ទីរពិសោធន៍បានបង្ហាញថាប្រភេទមួយរបស់Isoflavone (genistein) អាចជំរុញសកម្មភាពរបស់អង់ស៊ីមប្រឆាំងអុកស៊ីតកម្មផ្សេងៗ។សកម្មភាពនេះអាចប្រៀបបានទៅនឹងឥទ្ធិពលរបស់វីតាមីនE។
សុវត្ថិភាពរបស់ Isoflavone
នៅឆ្នាំ ២០១៥ EFSA បានសរុបសេចក្តីថា កម្រិតប្រើពី ៣៥ ទៅ ១៥០mgក្នុងមួយថ្ងៃនៃ Isoflavone ពីអាហារ ឬអាហារបំប៉ន មិនមានចោទជាផលអវិជ្ជមានលើជាលិកាដែលរងឥទ្ធិពលពីអ័រម៉ូនភេទដូចជាសុដន់ ស្បូន ក្រពេញទីរ៉ូអ៊ីត រហូតដល់ ២ឆ្នាំកន្លះ។ ការប្រើប្រាស់ Isoflavone ពីសណ្តែកសៀងដោយស្ត្រីមានជំងឺមហារីកសុដន់មានទំនាក់ទំនងនឹងការថយចុះនៃអត្រាការស្លាប់ និងការរើឡើងវិញនៃមហារីកផងដែរ។ ម្យ៉ាងទៀត ពុំមានការហាមឃាត់ចំពោះការប្រើប្រាស់ Isoflavone លើស្រ្តីដែលព្យាបាលដោយឱសថ Tamoxifen ឬ Anastrozole ឡើយហើយវាបែរជំរុញប្រសិទ្ធភាពនៃការព្យាបាលទៅវិញ។ ថ្មីៗនេះផងដែរ សមាគមស្ត្រីអស់រដូវនៃអាមេរិកខាងជើង បានបញ្ជាក់ថាគ្មានការកើនឡើងនៃការប្រឈមទៅនឹងមហារីកសុដន់ ឬស្រទាប់ស្បូនដោយសារ Isoflavone ឡើយ។
ឯកសារយោង៖ (1) Gianluca Rizzo and Luciana Baroni : Nutrients. 2018 Jan;10(1): 43. (2) Mark Messina :Nutrients. 2016 Dec; 8(12):754.]
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ