អ្វីជាជំងឺទឹកក្នុងស្រោមសួត?
ជំងឺទឹកក្នុងស្រោមសួត(Pleural effusion) ជាជំងឺដែលបណ្ដាលមកពីមានវត្តមានទឹក(Liquide)ច្រើនខុសធម្មតានៅក្នុងចន្លោះសួត និងប្រអប់ទ្រូង(Visceral and Parietal pleura) ។
ជាធម្មតា នៅចន្លោះរវាង សួត និង ប្រអប់ទ្រូង (pleural space) តែងតែមានបរិមាណទឹកតិចតួច (10-20ml) សំរាប់ជាសំណើមជួយសម្រួល(Lubricate) នៅពេលសួត កកិតជាមួយប្រអប់ទ្រូងក្នុងកំឡុងពេលធ្វើចលនាដង្ហើម ប៉ុន្តែបរិមាណទឹកនេះអាចកើនឡើងខុសធម្មតានៅក្នុងករណីមួយចំនួន។
នៅពេលដែលបរិមាណទឹកនេះកើនឡើងច្រើនក្នុងកម្រិតណាមួយ វាអាចបណ្តាលអោយអ្នកជំងឺហត់ ពិបាកដកដង្ហើម ឈឺទ្រូង ក្អក និង រួមផ្សំជាមួយសញ្ញាមួយចំនួនទៀតប្រែប្រួលទៅតាមមូលហេតុរបស់វា។
ជាទូទៅ គេចែកប្រភេទទឹកនេះជា2ក្រុមធំៗ៖
-Transudative pleural effusion: ទឹកប្រភេទនេះអាចជាលទ្ធផលនៃការធ្លាក់ចុះប្រូតេអ៊ីនក្នុងឈាម ឬ កើនឡើងសំពាធក្នុងសរសៃឈាម ដែលលក្ខខណ្ឌ័ទាំង2នេះជំរុញអោយមានការជ្រាបទឹកពីសសៃឈាមចាក់ចូលទៅក្នងចន្លោះស្រោមសួត។ ជាធម្មតា បើគេវិភាគឃើញទឹកប្រភេទនេះ គេអាចសន្និដ្ឋានបានថាស្រោមសួតពុំមានជំងឺទេ មូលហេតុគឺមកពីជំងឺផ្សេង។
-exudative pleural effusion: ទឹកប្រភេទនេះភាគច្រើនជាផលនៃការរលាកស្រោមសួតផ្ទាល់ដោយមេរោគប្រភេទណាមួយ ឬ ដោយជំងឺមហារីក និងជំងឺមួយចំនួនទៀត។
គេអាចដឹងថាមានទឹកចូលក្នុងស្រោមសួតបាន ដំបូងតាមរយៈការថតសួតដោយកាំរស្មី (Chest X-ray) ហើយគេអាចបញ្ជាក់អោយបានកាន់តែច្បាស់លាស់នូវបរិមាណ ជំរៅ កំហាប់ទឹក និងភាពស្អិត (loculation) ដោយការធ្វើ Ultrasound និង Scan។
ការព្យាបាលជំងឺនេះអោយមានប្រសិទ្ធភាព ទាមទារជាមុន នូវការធ្វើរោគវិនិច្ឆ័យរកមូលហេតុអោយបានត្រឹមត្រូវច្បាស់លាស់ តាមរយៈការសិក្សាលើរោគសញ្ញារាងកាយ ការបូមទឹកស្រោមសួតទៅពិនិត្យវិភាគ (Thoracentesis) ហើយក្នុងករណីខ្លះ គឺតំរូវរហូតដល់ការច្រិបសាច់ស្រោមសួត(Pleural biopsy) យកទៅវិភាគទៀតផង។
ការបូមទឹកពីក្នុងស្រោមសួត ឬច្រិបសាច់សួត ត្រូវធ្វើដោយគ្រូពេទ្យជំនាញ ហើយក្នុងករណីខ្លះត្រូវទាមទារអោយមានការតម្រង់ទិស និងដៅចំណុចដែលត្រូវបូមអោយបានជាក់លាក់ ដើម្បីអោយការបូមមានប្រសិទ្ធភាព និងជៀសវាងនូវផលវិបាកផ្សេងៗ ដូចជា ខ្យល់ចូលក្នុងស្រោមសួត(Pneumothorax) ការហូរឈាមច្រើន និងចាក់ម្ចុលចំសរីរាង្គផ្សេង។
បកស្រាយដោយ វេជ្ជបណ្ឌិត អ៊ឹម វិសិដ្ឋ ឯកទេសជំងឺសួត មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត លេខ ទូរស័ព្ទទំនាក់ទំនង(017 333 251)
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេង ឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ