សេចក្តីប្រកាសព័ត៌មាន ការប្រមូលត្រឡប់មកវិញនូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានទទួលព្រឹត្តិប័ត្រវិភាគគុណភាពកាហ្វេមួយមុខ ពីមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០១៨ ដែលបានបញ្ជាក់ថាកាហ្វេចង្អុលមេឃ មាន លេខឡូតិ៍ 86-2-01847-2-00-41 វេចខ្ចប់ជា Box/15 Sachets/16g ជាមួយថ្ងៃខែឆ្នាំផុតកំណត់ប្រើប្រាស់គឺ ០៨-២០១៩ មានផ្ទុកឱសថឈ្មោះ Sildenafil ដែលប្រើប្រាស់សម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតចំពោះអ្នកប្រើប្រាស់ ជាពិសេសចំពោះអ្នកចូលចិត្តផឹកកាហ្វេចង្អុលមេឃនេះ។ កាហ្វេដែលមានផ្ទុកឱសថឈ្មោះ Sildenafilនេះត្រូវបាននាំចូលមកព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនឈ្មោះ ក្រុមហ៊ុនកាហ្វេចង្អុលមេឃ វេបសាយឈ្មោះ www.coffeechongolmech.com និងវិទ្យុសុរិន្ទខ្នងភ្នំ FM 101.70 MHz ហើយចែកចាយ និងលក់ តាមបណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ។
ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឲ្យក្រុមហ៊ុនកាហ្វេចង្អុលមេឃ ឯ.ក នាយកដ្ឋានឱសថ ចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសម្អាង អាជ្ញាធរពាក់ព័ន្ធមន្ទីរសុខាភិបាលរាជធានីខេត្ត គ្រប់បណ្តាសាខាកាហ្វេចង្អុលមេឃ តូបលក់ទំនិញ និងតូបលក់ភេសជ្ជៈផ្សេងៗ ត្រូវធ្វើការប្រមូលត្រឡប់មកវិញជាបន្ទាន់នូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយដែលមានផ្ទុកឱសថឈ្មោះ Sildenafil ដើម្បីយកមកកម្ទេចចោល។
ក្នុងករណីបានជួបប្រទះ ឬកំពុងប្រើប្រាស់លក់ចែកចាយនូវផលិតផលកាហ្វេចង្អុលមេឃក្លែងក្លាយខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល
តាមរយៈទូរស័ព្ទលេខ៖ ០១១ ៥៧៤ ៧៨៧, ០៩៥ ៣៥៩ ៥៩៩, ០១២ ៩៨៣ ៣៣៤។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

