ឈប់រកលេសបែបនេះទៀត ទើបអ្នកមានទឹកចិត្តទៅក្លឹបហាត់ប្រាណ
អ្នកខ្លះ បានចាប់ផ្តើមថ្ងៃទី១រួចហើយ តែក៏តែងតែមានលេសជាហូរហែ ដែលបង្អាក់ដល់ការបំពេញតាមនូវផែនការដែលបានព្រាងទុក…ធ្លាប់ផ្តល់ហេតុផល ឬលេសខាងក្រោមនេះទេ៎? បើធ្លាប់ពិតមែន…ល្មមដល់ពេល ឈប់ប្រើប្រាស់វាហើយណា៎!!!
«ខ្ញុំគ្មានពេលទេ»
នេះក៏ព្រោះតែអ្នកមិនផ្តល់អាទិភាពខ្ពស់ដល់ការធ្វើលំហាត់ប្រាណ ដើម្បីភាពរឹងមាំនៃសុខភាពរបស់ខ្លួន។ តើអ្នកពិតជាមិនមានពេលពិតមែន ក្នុងអំឡុងពេល២៤ម៉ោងក្នុងមួយថ្ងៃរបស់អ្នក? ត្រូវចាំថា អ្នកតែងតែអាចទុកពេលវេលាសម្រាប់កិច្ចការមួយជានិច្ច បើអ្នកបានផ្តល់អាទិភាពលើវា។ ជាក់ស្តែង អ្នកគួរតែទុកចន្លោះម៉ោងច្បាស់លាស់ក្នុងកាលវិភាគប្រចាំថ្ងៃរបស់អ្នកសម្រាប់ការចំណាយពេលសម្រាប់សុខភាពនៅកន្លែងហាត់ប្រាណឲ្យបានយ៉ាងតិច៣០នាទី ឬ១ម៉ោង ទៅតាមប្រភេទនៃលំហាត់ប្រាណ ឬកីឡាដែលអ្នកចង់ធ្វើ។
«ខ្ញុំតែងតែមានអារម្មណ៍ខ្មាសអៀន»
ពេលខ្លះ ចេះតែមានអារម្មណ៍ថា អ្នកដទៃមើលមកខ្លួន ហើយនិយាយ ឬមានគំនិតខ្លះៗមកលើខ្លួន ដែលជាហេតុធ្វើឲ្យមិនសូវចង់ទៅប៉ុន្មានទេ ជាពិសេសពេលដែលត្រូវទៅម្នាក់ឯង ហើយស្ថិតនៅក្រោមការវាយតម្លៃនៃក្រសែភ្នែកនៃមនុស្សជាច្រើន។ ប៉ុន្តែ…តើអ្នកធ្លាប់បានគិតទេថា «តើការយល់ឃើញរបស់ពួកគេពិតជាអ្វីដែលអ្នកគួរតែខ្វាយខ្វល់ និងបារម្ភ ជាងការដែលអ្នកកំពុងធ្វើរឿងល្អសម្រាប់សុខភាពរបស់អ្នកឬ?»។
«វាគួរឲ្យធុញទ្រាន់ណាស់!»
វិធីសាស្រ្តចម្បងជាងគេ ដើម្បីចៀសវាងអារម្មណ៍ធុញទ្រាន់នោះ គឺធ្វើអ្វីដែលអ្នកចូលចិត្ត។ បើមិនចូលចិត្តការរត់លើម៉ាស៊ីនទេ មិនបាច់បង្ខំទេ ព្រោះដូចដែលដឹងស្រាប់ហើយថា ការធ្វើអ្វីដែលខ្លួនមិនពេញចិត្ត មិនបានយូរនោះទេ។ ក្រោយពីបង្កើតទម្លាប់ល្អបានហើយ សឹមចាប់ផ្តើមសាកល្បងនូវសកម្មភាព ក៏ដូចជាប្រភេទលំហាត់ប្រាណផ្សេងៗទៀត។
«ខ្ញុំមានអារម្មណ៍ថាហត់ណាស់!»
មានការងារប្រចាំថ្ងៃត្រូវបំពេញច្រើន? ជួនកាល ត្រូវក្រោកពីព្រឹក ហើយចូលគេងយប់ជ្រៅទៀត? ប្រាកដជាអស់កម្លាំងខ្លាំងហើយមែនទេ? ប៉ុន្តែ ការចំណាយពេលទៀងទាត់លើលំហាត់ប្រាណនេះមិនត្រឹមតែជួយឲ្យរាងកាយរឹងមាំទេ វាថែមទាំងជួយដល់ភាពស្វាហាប់និងលទ្ធភាពក្នុងការសម្រេចកិច្ចការងាររបស់អ្នកទៀតផង។
«អាកាសធាតុថ្ងៃនេះដូចជាមិនសូវស្រួលសោះ…»
មេឃភ្លៀង? ប្រហែលជាពិបាកធ្វើដំណើរបន្តិច…តែបើនិយាយអំពីកន្លែងហាត់ប្រាណវិញ គឺមិនមានបញ្ហានោះទេ មានទាំងដំបូល ពន្លឺ និងសម្ភារៈជាច្រើននៅរង់ចាំអ្នក។ បើផ្លូវធ្វើដំណើរទៅកាន់ទីនោះមិនមានបញ្ហាទេ លេសមួយនេះ គួរតែមិនត្រូវលើកឡើងមកឡើយ។
«ថ្ងៃណា ក៏មានមនុស្សច្រើនដែរ»
កន្លែងខ្លះមិនមានម៉ាស៊ីនច្រើននោះទេ ដែលជាទូទៅអ្នកក៏មិនអាចហាត់ជាមួយនឹងម៉ាស៊ីនដែលអ្នកប្រាថ្នាយូរដូចចិត្ត ព្រោះត្រូវមានវេនសម្រាប់អ្នកហាត់ម្នាក់ៗ(មិនអាចកាន់កាប់ផ្តាច់មុខឡើយ)។ ក្នុងអំឡុងពេលរង់ចាំ អ្នកក៏អាចសាកល្បងប្រើប្រាស់នូវម៉ាស៊ីនដែលអ្នកមិនធ្លាប់ប្រើ ឬទទួលទានភេសជ្ជៈប៉ូវកម្លាំងសិន មុននឹងដល់វេនរបស់អ្នក។
«ខ្ញុំទៅបានម្តងហើយ សប្តាហ៍នេះ»
ធ្វើបានល្អហើយ! តែមិនមែនទៅ១ថ្ងៃក៏ឈប់ទៅទេ…យ៉ាងហោចក៏គួរតែហាត់ឲ្យបាន៣ទៅ៤ដងដែរ ក្នុងមួយសប្តាហ៍។ កុំភ្លេចថា ត្រូវធ្វើវាឲ្យក្លាយជាទម្លាប់ល្អមួយណា៎…
«មានអារម្មណ៍ថាមិនទាន់បាត់ឈឺខ្លួនផង»
ជាពិសេសក្រោយពេលចាប់ផ្តើមប៉ុន្មានថ្ងៃដំបូងគឺប្រាកដជាកើតមានអាការៈឈឺចាប់សាច់ដុំខ្លះៗតែក៏មិនមានន័យថា អ្នកត្រូវឈប់ធ្វើវានោះទេ (សម្រាប់ករណីមិនមានរបួស ឬបញ្ហាសាច់ដុំធ្ងន់ធ្ងរ)។
«ហាត់យូរគ្រាន់ដែរហើយ ដូចមិនឃើញមានអ្វីប្លែកសោះ»
ក្រៅពីហាត់ប្រាណតាមក្បួនខ្នាតជាប្រចាំ តើអ្នកមានធ្វើអ្វីដែលមានឥទ្ធិពលលើលទ្ធផលនៃលំហាត់ប្រាណរបស់អ្នកឬទេ? ដូចជា របបអាហារដែលអ្នកទទួលទាន? បើអ្នកខំហាត់ជាប្រចាំដែរ តែមានទម្លាប់ញ៉ាំអាហារប៉ះពាល់ដល់សុខភាពនោះ លទ្ធផលដែលរំពឹងទុកធ្វើម៉េចនឹងកើតមានបានទៅ?
ឈប់រកលេសទៀតទៅ!!! ត្រៀមខ្លួនរួចជាស្រេចសម្រាប់រយៈពេលប៉ុន្មាននាទីដើម្បីសុខភាព ជាប្រចាំវិញ…តើអាចធ្វើបានទេ៎?
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ