ជំងឺរលាកសួត
ស្វែងយល់អំពីជំងឺរលាកសួត
ជំងឺរលាកសួតកើតឡើងនៅពេលដែលមេរោគជ្រាតចូលតាមផ្លូវដង្ហើមទៅក្នុងសួត ហើយប្រព័ន្ធការពាររបស់ខ្លួនយើងមិនអាចទប់ទល់នឹងភាពកាចសាហាវរបស់វាបាន។ មេរោគនេះនឹងបង្កអោយមានការរលាកខូចខាតសាច់សួត និងធ្វើអោយមុខងារសួតថយចុះ។
នៅសហរដ្ឋអាមេរិច មានអ្នកជំងឺជាង ៦ម៉ឺននាក់ស្លាប់ដោយសារជំងឺរលាកសួត។ ដោយឡែក នៅប្រទេសសិង្ហបុរី ជំងឺនេះបានដើរតួជាឃាតករទី២ដែលសំលាប់មនុស្សច្រើនជាងគេបន្ទាប់ពីជំងឺមហារីក។ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ជារៀងរាល់ឆ្នាំមានអ្នកស្លាប់ដោយសារជំងឺនេះពី២៥ម៉ឺនទៅ៥លាននាក់។ ចំនែកឯនៅប្រទេសកម្ពុជាយើងវិញ ជំងឺរលាកសួតនេះក៏កំពុងតែសំលាប់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃដែរ។
១) រោគសញ្ញា៖
- ក្តៅខ្លួន
- ក្អក
- ហត់
- ឈឺទ្រូង…។
២) ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល៖
អ្នកដែលប្រឈមមុខនឹងការកើតជំងឺរលាកសួតនេះ មានដូចជា មនុស្សចាស់ អ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយខ្សោយ(ជំងឺទឹកនោមផ្អែម ជំងឺខ្សោយតំរងនោម ជំងឺមហារីក ជំងឺអេដស៍...) អ្នកជំងឺមានបញ្ហាត្បៀតទងសួត ជាដើម។ យ៉ាងណាមិញ អ្នកមានសុខភាពបរិបូរណ៍ធម្មតា ក៏អាចកើតជំងឺរលាកសួតនេះបានដែរ។
ជំងឺរលាកសួតជាជំងឺដែលអាចព្យាបាលជាសះស្បើយ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលទាន់ពេលវេលា។
មេរោគដែលបង្កជំងឺនេះមានជាង១០០ប្រភេទ (រួមមានបាក់តេរី វីរុស ផ្សិត ប៉ារ៉ាស៊ីត ជាច្រើនប្រភេទ) ។ ដូច្នេះដើម្បីសំគាល់អត្តសញ្ញាណមេរោគទាំងនេះ គ្រូពេទ្យនឹងអាចស្នើសុំ ការថតសួត ការពិនិត្យឈាម ការពិនិត្យកំហាក ការឆ្លុះទងសួតជាដើម ដើម្បីឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា។
៣) ការវិវត្តន៍
ផលវិបាកនៃជំងឺនេះ ករណីមិនមានដំណោះស្រាយទាន់ពេលវេលា អាចធ្វើអោយមេរោគរីករាលដាលខ្លាំងឡើងៗ រហូតដល់អាចជ្រៀតចូលពេញសរពាង្គកាយទាំងមូល និងអាចធ្វើអោយអ្នកជំងឺស្លាប់បាន។
៤) ការការពារ
សព្វថ្ងៃ មានវ៉ាក់សាំងមួយចំនួនអាចកាត់បន្ថយការកើតជំងឺរលាកសួតនេះ ដែលត្រូវបានណែនាំអោយប្រើដូចជាវ៉ាក់សាំងផ្តាសាយInfluenza វ៉ាក់សាំងPneumococcus ជាដើម។
អត្ថបទ វេជ្ជបណ្ឌិត ពៅ សុធា ឯកទេស ជំងឺប្រព័ន្ធដង្ហើម