អាហារបែបណាល្អ សម្រាប់ខួរក្បាលរបស់អ្នក?
បើទោះបីខួរក្បាលជាសរីរាង្គសុំាញុំាដែលកំណត់ថាយើងជានរណា និងកំណត់ការគិតរបស់យើងក្តី តែចំពោះការយកចិត្តទុកដាក់ និងការរក្សាលំនឹង មិនមែនមានលក្ខណៈសុំាញុំាដូចអ្នកគិតនោះទេ។ ជាការពិតណាស់ អាហារពិតជាសំខាន់សម្រាប់ខួរក្បាលជាងអ្វីៗទាំងអស់ ដូចនេះ អ្នកត្រូវជ្រើសរើសអាហារឲ្យបានសមស្រប និងត្រឹមត្រូវ។ខាងក្រោមនេះ ជាអាហារមួយចំនួនដែលអាចជាជម្រើសល្អរបស់អ្នក៖
1. ខ្លាញ់
៦០%នៃខួរក្បាលត្រូវការខ្លាញ់ ដែលខ្លាញ់ទាំងនោះ ជាពពួក Omega-3 និង Omega-6 ផងដែរ។ ពពួក Omega-3 អាចមាននៅក្នុង ខ្លាញ់ត្រីសូម៉ុងសណ្តែកដី គ្រាប់ធញ្ញជាតិ ហើយក៏អាចមានផងដែរ នៅក្នុងត្រីធូណា តៅហ៊ូជាដើម។ ចំពោះ Omega-6 អាចមាននៅក្នុង ពោត ផ្កាឈូករ័ត្ន សណ្តែកសៀង ប័រ ។ល។
2. ទឹក
ផ្នែកដែលធំជាងគេក្នុងរាងកាយរបស់យើង គឺទឹកដូច្នោះ អ្នកត្រូវបរិភោគទឹក ឲ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយ ពិសេស សម្រាប់ជួយឲ្យខួរក្បាលនិងរាងកាយមានថាមពល ព្រមទាំង ងាយជ្រាបទឹក។ជាក់ស្តែង អ្នកគួរពិសាទឹកយ៉ាងហោចណាស់៨កែវ ក្នុងមួយថ្ងៃ ដែលស្មើនឹង ២ លីត្រ ល្អបំផុតសម្រាប់ខួរក្បាល។
3. ប្រូតេអ៊ីន
ប្រូតេអ៊ីន មិនមែនល្អសម្រាប់តែសាច់ដុំនោះទេ វាក៏មានសារសំខាន់សម្រាប់រក្សាណឺរ៉ូន (កោសិកាខួរក្បាល) ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រសិនបើអ្នកបរិភោគប្រូតេអ៊ីនមិនបានគ្រប់គ្រាន់ទេ នោះណឺរ៉ូននឹងមានបញ្ហា ដែលអ្នកមិនអាចផ្ចង់ស្មារតីក្នុងការសិក្សា ឬធ្វើការងារមិនបានល្អ ពិសេស ការចងចាំចុះខ្សោយ។ ប្រូតេអ៊ីនទាំងនោះរួមមាន សាច់ត្រី សាច់មាន់ ពងមាន់ ទឹកដោះគោជាដើម។
4. កាហ្វេអ៊ីន
កាហ្វេអ៊ីន គឺធ្វើឲ្យខួរក្បាលមានថាមពលលឿនដោយសារតែវាទៅភ្ញោចឲ្យមានការបញ្ចេញAdrenaline ។ វាធ្វើឲ្យមានថាមពលពេលដំបូងៗប៉ុន្តែបន្ទាប់មកវានឹងចុះខ្សោយបន្តិចម្តងៗ ដូច្នោះអ្នកត្រូវជួសជុលតាមរយៈ ការផឹកតែ ឬតែក្រូចឆ្មារ។ល។ ទោះជាយ៉ាងណាក៏ដោយ ការផឹកកាហ្វេច្រើនហួសកំណត់ អាចធ្វើឲ្យអ្នក រសាប់រសល់ អស់កម្លាំង ឡេះឡះ បេះដូងលោតញាប់ និងមានបញ្ហាក្នុងការគេង។
5. បន្លែ និងផ្លែឈើ
បន្លែផ្លែឈើជាច្រើនល្អសម្រាប់ខួរក្បាល ដែលបន្លែផ្លែឈើទាំងនោះផ្ទុកនូវសារធាតុជាច្រើន រួមមាន វីតាមីន សារធាតុខនិជ និងសារធាតុសំខាន់ៗជាច្រើនទៀត រួមទាំងប្រសិទ្ធភាពប្រឆាំងអុកស៊ីតកម្មសម្រាប់ទ្រទ្រង់សុខភាពរាងកាយ ពិសេសខួរក្បាល ដែលអាចធ្វើឲ្យមានលំនឹង និងបង្កើនការចងចាំ។ បន្លែផ្លែឈើទាំងនោះអាចមានដូចជាប៉េងប៉ោះ ប្រូខូលី ស្ពៃ ផ្លែប័រ និង ផ្លែប្លូប័ររីជាដើម។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ