កាលៈទេសៈ ដែលអ្នកគួរទៅហាត់ប្រាណនៅខាងក្រៅ…
មិនថាអ្នកចូលចិត្តហាត់ប្រាណនៅផ្ទះ ឬជាតារានៅក្លឹបហាត់ប្រាណ ឬក៏មិនធ្លាប់ហាត់ប្រាណសោះនៅកាលៈទេសៈខ្លះ អ្នកពិតជាគួរពិចារណាសាកល្បងឈានជើងចេញទៅហាត់ប្រាណនៅទីធ្លាសាធារណៈខ្លះ។ ដោយមិនបាច់និយាយដល់ថ្ងៃដែលមានអាកាសធាតុល្អ ឬទេសភាពស្រស់ស្អាតនៅខាងក្រៅ កន្លែងដែលអ្នករស់នៅ អ្នកនឹងអាចពេញចិត្តនឹងអារម្មណ៍ល្អៗ ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតទៅលើការរស់នៅ និងសុខភាព ទៅតាមភាពសមស្របនឹងកាលៈទេសៈនៃការហាត់ប្រាណនៅខាងក្រៅផ្ទះផងដែរ។
នៅពេលដែលអ្នកចង់សម្រកទម្ងន់កាន់តែឆាប់រហ័ស
ការហាត់ប្រាណនៅខាងក្រៅអាចមានប្រៀបទៅលើការសម្រកទម្ងន់ ដោយសារវាតម្រូវឲ្យអ្នកហាត់ប្រាណដោយទប់ទល់ទៅនឹងខ្យល់ដែលធ្វើឲ្យអ្នកត្រូវប្រើកម្លាំងកាន់តែខ្លាំង និងជំរុញឲ្យមានការដុតកាល់ឡូរីបានកាន់តែប្រសើរ។ ដោយឡែក ការសិក្សាបានបង្ហាញថា បរិយាកាសខាងក្រៅ អាចជួយឲ្យអ្នកផ្តោតលើការហាត់បានច្រើនជាងភាពនឿយហត់ ដែលធ្វើឲ្យអ្នកអាចហាត់បានយូរជាងទៀតផង។
អ្នកចង់បង្កើនភាពស្និទ្ធស្នាលក្នុងសហគមន៍ និងជំនាញទំនាក់ទំនង
ការភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគមន៍របស់អ្នក ក៏ដូចជាការរក្សាទំនាក់ទំនងល្អៗត្រូវបានបង្ហាញថាអាចជំរុញដល់សុខភាពផ្លូវចិត្តបានយ៉ាងប្រសើរ។ ការហាត់ប្រាណនៅក្នុងភូមិឋានរបស់អ្នក ឬនៅទីសាធារណៈក្បែរៗផ្ទះ គឺជាជម្រើសប្រសើរសម្រាប់ជួបជាមួយនឹងអ្នកជិតខាង ដែលស្របពេលជាមួយគ្នា ប្រសិនអ្នកក៏កំពុងស្វែងយល់អំពីការបង្កើនទំនាក់ទំនង វាជាការល្អក្នុងការចាប់ផ្តើមអនុវត្តជាមួយនឹងអ្នកជុំវិញជាមុនហើយបន្ទាប់មកអ្នកអាចនឹងធ្វើការប្រាស្រ័យទាក់ទងដោយស្វ័យប្រវត្តិជាមួយមនុស្សថ្មីៗ ឬសហគមន៍ល្អៗជាបន្តបន្ទាប់។
អ្នកចង់មានពេលវេលារីករាយប្រចាំថ្ងៃជាមួយក្រុមគ្រួសារ
ប្រសិនជាពេលវេលារបស់អ្នកមានភាពតូចចង្អៀតខ្លាំង រហូតធ្វើឲ្យយល់ថាមានភាពសោះកក្រោះនៅក្នុងគ្រួសារ ការចេញទៅខាងក្រៅហាត់ប្រាណជាមួយគ្នា ជាពេលវេលាដ៏ល្អ ដើម្បីគុណភាពជីវិត និងភាពសកម្មក្នុងការរស់នៅ។ ជាជាងការហាត់ប្រាណតែឯង សកម្មភាពរួមគ្នាជាច្រើននៅក្រៅផ្ទះដូចជាការជិះកង់ រត់លេង លោតអន្ទាក់ជាដើម មិនត្រឹមអាចធ្វើឲ្យអ្នក និងកូនៗរបស់អ្នកមានសុខភាពល្អ និងប្រាជ្ញាស្មារតីរឹងមាំ តែក៏អាចធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយដូចនឹងការដើរលេងកម្សាន្តផងដែរ។ ប្រសិនអ្នកមានឪពុកម្តាយចាស់ៗ នេះក៏ជាឱកាសល្អក្នុងការកំដរពួកគាត់បង្កើតទម្លាប់រស់នៅសកម្ម ផ្តល់នូវទំនាក់ទំនងសង្គម និងកាត់បន្ថយភាពឯកោក្នុងវ័យចូលនិវត្តន៍របស់ពួកគាត់ ដែលជាផ្នែកដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃជំងឺនៅវ័យចំណាស់។
អ្នកចង់ក្រោកឈរឡើងវិញនៅក្នុងកាលៈទេសៈលំបាក
ការហាត់ប្រាណនៅខាងក្រៅជាមួយធម្មជាតិជុំវិញ ជាទូទៅ អាចផ្តល់នូវឥទ្ធិពលវិជ្ជមានផ្នែកអារម្មណ៍កាត់បន្ថយភាពតានតឹង ស្ត្រេស កំហឹង និងការបាក់ទឹកចិត្តកម្រិតស្រាលភ្លាមៗក្រោយពីការហាត់ម្តងៗ និងអាចបន្តបានពេញមួយថ្ងៃ ។ វាអាចជាមូលហេតុមួយសម្រាប់ការបន្តហាត់ប្រាណ មិនថានៅកាលៈទេសៈណាក៏ដោយ។ ក្រៅពីនោះ បរិយាកាសខាងក្រៅ ងាយនឹងឲ្យអ្នកផុសចេញនូវគំនិតថ្មីៗ ដំណោះស្រាយល្អៗ ថាមពល ជំនឿចិត្ត កម្លាំងចិត្ត ព្រមជាមួយនឹងភាពវិជ្ជមានក្នុងការសម្លឹងមើលការលំបាកដែលសុទ្ធសឹងតែអាចទាញអ្នកឲ្យក្រោកឈរឡើងវិញតទល់នឹងបញ្ហាក្នុងជីវិតរបស់អ្នក។
អ្នកត្រូវការបង្កើនសមត្ថភាពច្នៃប្រឌិត
អ្នកនឹងអាចសង្កេតថា អ្នកអាចច្នៃជាកីឡា ឬសកម្មភាពផ្សេងៗទៅជាការហាត់ប្រាណបានដោយប្រើប្រាស់បរិស្ថានដែលនៅជុំវិញ ដូចជា ការប្រើបង់អង្គុយលេងសម្រាប់ហាត់កម្លាំងដៃ ឬប្រើជណ្តើរជំនួសម៉ាស៊ីនជាន់ជាដើម ដែលទាំងនេះជាសញ្ញានៃការកើនឡើងនូវភាពច្នៃប្រឌិតក្នុងការរស់នៅទូទៅផងដែរ។
អ្នកចង់បង្កើនភាពជឿជាក់លើខ្លួនឯង
តាមរយៈអត្ថបទដែលបានចេញផ្សាយក្នុង Environmental Science & Technology បានឲ្យដឹងថា ពណ៌ និងសំឡេងទាំងអស់នៅបរិយាកាសខាងក្រៅអាចជារំញោចដ៏ល្អសម្រាប់ដាស់រាងកាយ និងខួរក្បាលរបស់អ្នក ដែលធ្វើឲ្យអ្នកកើតមានអារម្មណ៍ល្អ និងពេញចិត្តនឹងខ្លួនឯង ព្រមទាំងអ្វីៗដែលនៅជុំវិញខ្លួនដែលជំនឿចិត្តទាំងនេះនឹងជួយអ្នកក្នុងការបង្កើតភាពផ្លាស់ប្តូរធំៗជាច្រើនក្នុងការរស់នៅ។
អ្នកចង់មានពេលវេលាគ្រប់គ្រាន់ជាមួយពន្លឺព្រះអាទិត្យ
ពន្លឺពីព្រះអាទិត្យអាចផ្តល់ឲ្យអ្នកនូវការផលិតវីតាមីនដេដោយធម្មជាតិ សម្រាប់ការការពារប្រឆាំងនឹងជំងឺមហារីក ការវាយលុកនៃប្រព័ន្ធភាពស៊ាំ ជំងឺមេតាបូលិក ជំងឺបេះដូង ជំងឺពុកឆ្អឹង ព្រមទាំងកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និងជំងឺទឹកនោមផ្អែមប្រភេទ ២។ ពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមត្រូវបានបង្ហាញផងដែរ ថាអាចជួយសម្របសម្រួលវដ្តក្នុងការគេងឲ្យស្ថិតនៅក្នុងការគ្រប់គ្រងដែលអាចជួយដល់អ្នកមានបញ្ហាក្នុងការគេងស្កប់ស្កល់។
អ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុ
ខណៈពេលដែលអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុរាល់ការចំណាយសូម្បីតែលើរឿងតូចមួយក៏អាចធ្វើឲ្យអ្នករំខានក្នុងចិត្តផងដែរ ដែលធ្វើឲ្យអ្នកព្យាយាមកាត់បន្ថយនូវតម្រូវការជាច្រើន និងអាចរួមទាំងការចំណាយលើក្លឹបហាត់ប្រាណទៀតផង។ ដោយឡែក នៅអំឡុងពេលនេះ ការធ្វើលំហាត់ប្រាណក៏ជាចំណែកមួយដ៏សំខាន់ក្នុងការបង្កើនថាមពល កម្លាំងចិត្ត គំនិត ក៏ដូចជាឱកាសល្អៗ ហើយនេះក៏ជាពេលដែលអ្នកមិនអាចទ្រុឌទ្រោមទាំងសុខភាព និងរូបរាងកាយទៅតាមហិរញ្ញវត្ថុឡើយ។ ហេតុនេះ ចម្លើយគឺរក្សាទម្លាប់ហាត់ប្រាណដោយមិនហត់ចំណាយតាមរយៈការហាត់នៅខាងក្រៅផ្ទះ។
មិនប្រាកដថា ការហាត់ប្រាណខាងក្រៅអាចស័ក្តិសមនឹងគ្រប់គ្នា ឬគ្រប់កាលៈទេសៈនោះឡើយ ក៏ប៉ុន្តែប្រសិនបើអ្នកកំពុងស្ថិតក្នុងស្ថានភាពណាមួយខាងលើ អ្នកប្រហែលជាចង់សាកល្បងឈានជើងចេញទៅខាងក្រៅបញ្ចេញញើស និងមើលថាតើវាអាចជួយអ្វីអ្នកបានខ្លះ ជាជាងការសំងំនៅផ្ទះ ឬមិនធ្វើអ្វីសោះ។
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ