
កាន់តែស៊ីជម្រៅពី Antioxidants…!
មុននឹងទៅដល់ Antioxidants អ្នកត្រូវដឹងអំពីអ្វីទៅជារ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករជាមុនសិន។ ជាក់ស្តែង រ៉ាឌីកាល់សេរី និងប្រភេទអុកស៊ីសែនប្រតិករ ជាសារធាតុពុលដែលកើតឡើងនៅក្នុងខ្លួនមនុស្ស ដោយសារតែចលនាមេកានិច និងការធ្វើមេតាបូលីសឲ្យទៅជាកាកសំណល់។ រីឯ Antioxidants ជាប្រព័ន្ធការពារធម្មជាតិ ឬប្រៀបដូចជាកងទ័ពការពារសរីរាង្គមនុស្ស ដែលវាផលិតចេញពីចំណីអាហារ និងអាហារបំប៉នមួយចំនួន។
មូលហេតុនៃការកើនឡើងនូវរ៉ាឌីកាល់សេរីនៅក្នុងខ្លួនមនុស្សម្នាក់ៗចាំបាច់ត្រូវមានតុល្យភាពរវាង រ៉ាឌីកាល់សេរីពុលជាមួយនឹង Antioxidantsតែដោយសាររ៉ាឌីកាល់សេរីកើនឡើងច្រើននៅក្នុងខ្លួន ព្រោះរាងកាយត្រូវការថាមពលសម្រាប់បង្កើនបញ្ញាញាណ ស្មារតី រូបរាងកាយឲ្យរឹងមាំធំធាត់ ដូច្នេះសំណល់ទាំងនោះក៏កើនឡើងដូចគ្នា។ ម៉្យាង មានកត្តាខាងក្រៅជាច្រើនទៀតផងដែរដូចជា ស្រេ្តស កត្តាពន្លឺថ្ងៃក្តៅខ្លាំង ការជក់បារី ការផឹកស្រា កត្តាចំណីអាហារដែលមានផ្ទុកនូវសារធាតុលោហៈពុល មានជាតិគីមី គេងមិនលក់ គិតច្រើន និងការមានជំងឺប្រចាំកាយដូចជា លើសឈាម មហារីក ពិសេសការព្យាបាលដោយការចាក់ថ្នាំគីមី និងវិទ្យុសកម្ម។ ដូច្នេះ ជាតិពុលទាំងនោះកាន់តែបង្កឲ្យមានការកើនឡើងនូវរ៉ាឌីកាល់សេរី និងក្រុមអុកស៊ីសែនប្រតិករនៅក្នុងខ្លួន។
នៅពេលដែលរ៉ាឌីកាល់សេរីកើនឡើងច្រើនធ្វើឲ្យលើសនូវ Antioxidants ធម្មជាតិ ដូចនេះហើយបានជានៅពេលអាយុកាន់តែច្រើន រ៉ាឌីកាល់សេរីកាន់តែច្រើន រីឯ Antioxidants កាន់តែថយចុះពិសេសមនុស្សចាស់ដែលមានជំងឺប្រចាំកាយ។ នេះបញ្ជាក់ថា វាបានបាត់បង់នូវតុល្យភាពរវាង រ៉ាឌីកាល់សេរី និង Antioxidants ដែលបណ្តាលឲ្យមានបញ្ហាមួយ គឺអុកស៊ីតកម្មកើនឡើង។ នៅពេលដែលអុកស៊ីតកម្មកើនឡើងកាន់តែច្រើនបង្កឲ្យមានស្រេ្តសអុកស៊ីតកម្ម ដែលវាជាបញ្ហាចម្បងមួយបំផ្លាញទៅលើកោសិកាDNA ប្រូតេអ៊ីន និងលីពីតក្នុងខ្លួន ជាលទ្ធផលបង្កឲ្យមានការប្រែប្រួល និងជាមូលហេតុមួយនៃការកើតជំងឺមហារីក។
កាលពីសម័យមុន Antioxidants សម្បូរ ព្រោះមិនសូវមានរ៉ាឌីកាល់សេរី គ្មាននូវសារធាតុពីក្រៅច្រើន និងមានសុខភាពល្អ តែដោយសារគ្មានអង់ទីប៊ីយ៉ូទិច នាំឲ្យជំងឺឆ្លងកើតមានច្រើន។ មកដល់បច្ចុប្បន្ន អង់ទីប៊ីយ៉ូទិចកើនឡើង ជំងឺឆ្លងធ្លាក់ចុះ ក៏ប៉ុន្តែផ្ទុយមកវិញ Antioxidants ធ្លាក់ចុះ បណ្តាលឲ្យរ៉ាឌីកាល់សេរីកើនឡើង ជាមូលហេតុដែលប្រជាជនភាគច្រើនប្រឈមមុខខ្ពស់ជាមួយនឹងជំងឺលើប្រព័ន្ធការពាររាងកាយ។ តាមរយៈការសិក្សាមួយទៅលើមនុស្សចាស់ដែលមានសុខភាពល្អចាប់ពីអាយុ១០០ឆ្នាំឡើង ឃើញថា Antioxidants របស់គាត់មានការកើនឡើងខ្ពស់ ជាពិសេស Antioxidants ម៉្យាងឈ្មោះ Glutathione គឺស្ទើរតែ១០០%ពេញ។ ដោយឡែក ចំពោះមនុស្សចាស់ដែលមានជំងឺប្រចាំកាយវិញ សង្កេតឃើញថា Antioxidants មានការថយចុះ ហើយស្រេ្តសអុកស៊ីតកម្មកើនឡើង។
៤ប្រភេទនៃ Antioxidants និងមុខងារសំខាន់ៗ
• ក្រុមអង់ស៊ីម៖ ប្រភេទ Antioxidants ពីធម្មជាតិ រលាយនៅក្នុងឈាម ឬទឹកក្នុងរាងកាយ ដែលរួមមាន Superoxide dismutase, Catalase និង Glutathione peroxide។ អង់ស៊ីមទាំង៣ប្រភេទនេះ មានតួនាទីសំខាន់ក្នុងការបង្វែរនូវពពួក Oxide ឲ្យទៅជា Peroxide (អុកស៊ីសែនពុល) និងអុកស៊ីសែន។ ក្រោយពីរលាយក្រោមឥទ្ធិពលរបស់អង់ស៊ីម Superoxide dismutase និងCatalaseរួច វាបណ្តាលឲ្យទៅជា Peroxide ដែលត្រូវបានរំលាយបន្តដោយ Glutathione peroxidase(មានរូបមន្ត GSH) បង្កើតជាទឹក និងអុកស៊ីសែន។
• Glutathione Reductase (L-GHS)៖ ជាប្រភេទមេបញ្ជាការចម្បងរបស់ក្រុម Antioxidantsផ្សេងទៀត ក្រៅពីប្រភេទដែលរលាយជាអង់ស៊ីម។ ជំហានដំបូង L-glutathione បានទៅបន្សាបរ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដោយស្រូបយកអ៊ីយ៉ុងពុលពី DNA ឬសារធាតុដទៃទៀត។ លើសពីនេះទៀតវាបានបណ្តុះនូវពពួកវីតាមីនC ទម្រង់ Ascorbate ដែលជាវីតាមីនCខូចគុណភាព ឲ្យក្លាយជា Ascorbic Acid វិញ។ ជាក់ស្តែង ចំពោះ glutathione វាត្រូវបានរលាយក្នុងទឹកដោយសារចំណីអាហារពីខាងក្រៅដូចជាបន្លែ សាច់មាន់ ឬសាច់គោ តែត្រូវនៅក្រោម៦០ដឺក្រេ។ កត្តារួមផ្សំមួយទៀតគឺ L-Selenomethionine មាននាទីសម្រាប់ជួយបន្សាប Peroxide (អុកស៊ីសែនពុល) និង glutathione ពុល (GSSH) ដែលកើតក្រោយបន្សាបរ៉ាឌីកាល់សេរីពុល ឲ្យក្លាយទៅជា glutathione ដែលមានមុខងារជាអ្នកបន្សាបជាតិពុលវិញ។
• Antioxidants ផ្សេងទៀត៖
- វីតាមីនC៖ ជា Antioxidants ខ្លាំងមួយសិ្ថតក្រោមទម្រង់ Ascorbic Acid ដោយបំផ្លាញរ៉ាឌីកាល់សេរីរលាយក្នុងទឹកឲ្យក្លាយជាអុកស៊ីតកម្ម។ លើសពីនេះ វីតាមីនCក៏មានមុខងារជួយបណ្តុះវីតាមីនE (Tocopherol ដែលត្រូវបានធ្វើអុកស៊ីតកម្ម ហើយបង្វែរឲ្យទៅជា Antioxidants វិញ ទម្រង់ Tocopheryl) ដែលធ្វើអុកស៊ីតកម្មហើយ មកជាវីតាមីនE មានគុណភាពវិញផងដែរ។
- វីតាមីនE៖ មានមុខងារជួយរំលាយសារធាតុខ្លាញ់ដែលធ្វើអុកស៊ីតកម្មជាពិសេសពពួក LDL (Low Density Lipoproteins) មិនឲ្យទៅជាពុល។
- B-carotene៖ វាមានតួនាទីបំផ្លាញពពួកអុកស៊ីសែនប្រតិករដែលកាចសាហាវ ពិសេសពពួក B-carotene មាននៅក្នុងស្បែក បេះដូង។
- Ubiquinol៖ ប្រភេទ Antioxidants បំផ្លាញនូវពពួកអុកស៊ីសែនទោល ពពួករ៉ាឌីកាល់អ៊ីដ្រុកស៊ីត ដែលមានច្រើនបំផុតនៅក្នុងបេះដូង។
• អាហារបំប៉ន៖ ប្រទាលកន្ទុយក្រពើ រមៀត ឬផ្លែញ ក៏ត្រូវបានចាត់ទុកជា Antioxidants ដែលមានក្នុងចំណីអាហារប្រចាំថ្ងៃ។
Antioxidants ដែលមាននៅក្នុងខ្លួនស្រាប់ រួមជាមួយការញ៉ាំបញ្ចូលពីខាងក្រៅ ជួយការពាររាងកាយពីជំងឺផ្សេងៗ ធ្វើឲ្យមានភាពរឹងមាំ និងអាចរក្សាបាននូវតុល្យភាពរវាងរ៉ាឌីកាល់សេរី ប្រកបដោយប្រសិទ្ធភាព។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត ហ៊ឹម គុយ ឯកទេសជំងឺទូទៅ ថ្លើម និងអាហារូបត្ថម្ភ មានតួនាទីជាអនុប្រធានមន្ទីរសុខាភិបាលកងទ័ពជើងគោក
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
Related Articles
View All