កម្មវិធីសមាជលើកទី២ “ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា”



នាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សមាគមអ្នកចែកចាយឱសថកម្ពុជាបានរៀបចំនូវកម្មវិធីសមាជលើកទី២ ក្រោមប្រធានបទ «ការចែកចាយឱសថស្របច្បាប់ និងមានគុណភាពនៅក្នុងប្រទេសកម្ពុជា» នៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
កម្មវិធីសមាជរយៈពេលកន្លះថ្ងៃនេះបានធ្វើការចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ម៉ោង១២ថ្ងៃត្រង់ ដោយមានការអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី ប្រធានសមាគម លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខាពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល លោក ហៀន គឹមសៀត តំណាងក្រសួងសុខាភិបាល និងលោក ហេង វិចិត្រ អគ្គលេខាធិការសមាគម និងឯកឧត្តម លោកជំទាវ លោកវេជ្ជបណ្ឌិត ឱសថការី លោក លោកស្រីដែលជាសមាជិកនៃសមាគមអ្នកចែកចាយឱសថកម្ពុជាទាំងអស់ ព្រមទាំងតំណាងក្រុមហ៊ុនចែកចាយឱសថប្រមាណជាង ១៣០នាក់ផងដែរ។
យោងតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ាន ស៊ីនឌី នាឱកាសនោះបានលើកឡើងថា «សមាគមអ្នកចែកចាយឱសថកម្ពុជាត្រូវបានបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុនអ្នកចែកចាយឱសថកម្ពុជាមួយចំនួនក្នុងទស្សនៈវិស័យ និងទិសដៅដូចគ្នា ឬជួបហេតុការណ៍ប្រចាំថ្ងៃប្រហាក់ប្រហែលគ្នា។ ហេតុផលទាំងអស់នេះបានជំរុញឲ្យក្រុមហ៊ុន និងស្ថាបនិកទាំងអស់ធ្វើការជួបជុំគ្នាជាច្រើនដងដើម្បីរៀបចំរចនាសម្ព័ន្ធ និងការសម្របសម្រួលឲ្យចេញជារូបរាងឡើង ដើម្បីដាក់ឲ្យក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសម្រេច ហើយជាលទ្ធផលត្រូវបានទទួលស្គាល់នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១២។ លោកក៏បានលើកឡើងបន្ថែមទៀតថា គោលបំណងនៃការបង្កើតសមាគមអ្នកចែកចាយឱសថកម្ពុជាគឺដើម្បីចែករំលែកព័ត៌មានដែលទទួលបានពីក្រសួងសុខាភិបាលទៅកាន់សមាជិក។»
ដោយឡែក លោក ហេង វិចិត្រ បានលើកឡើងបន្ថែមទៀតថា «កម្មវិធីសមាជ សមាគមអ្នកចែកចាយឱសថកម្ពុជា ប្រារព្ធឡើងក្នុងគោលបំណងធ្វើការសហការជាមួយស្ថាប័នដែលពាក់ព័ន្ធនានាដើម្បីគាំពារផ្នែកច្បាប់ទៅលើការនាំចូលនាំចេញឱសថ ក្នុងករណីមានបញ្ហាបច្ចេកទេសផ្សេងៗ។ ជួយសម្របសម្រួលរវាងសមាជិកមួយទៅសមាជិកមួយទៀត ឧបត្ថម្ភគាំពារទាំងស្មារតី និងសម្ភារៈដល់សមាជិក ពាំនាំពាក្យរបស់អ្នកចែកចាយឱសថរបស់សមាជិកជូនទៅក្រសួងសុខាភិបាល និងក្រសួងដែលពាក់ព័ន្ធក្នុងគោលបំណងសហការគ្នា និងលើកកម្ពស់ក្នុងការប្រើប្រាស់ឱសថ ព្រមទាំងជួបប្រជុំគ្នានូវបញ្ហាប្រឈមនានារបស់សមាជិក ដែលពាក់ព័ន្ធទៅនឹងការចុះបញ្ជិកាឱសថ ធ្វើការទំនាក់ទំនងជាមួយសមាគមឱសថដែលពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេសជាដៃគូរ និងធ្វើការផ្សព្វផ្សាយការប្រើប្រាស់ឱសថតាមរយៈការពិគ្រោះយោបល់ក្នុងសិក្ខាសាលាដើម្បីឲ្យអ្នកចែកចាយ អ្នកប្រើប្រាស់យល់ដឹងពីឱសថ។»
គួរបញ្ជាក់ម្តងទៀតថា បន្ទាប់ពីការធ្វើបទបង្ហាញពីវាគ្មិនកិតិយជាច្រើនរូប កម្មវិធីសមាជនេះបានបញ្ចប់ជាមួយនឹងវេទិកាសំណួរចម្លើយ ពីអ្នកចូលរួមទាំងអស់យ៉ាងសកម្ម និងប្រកបដោយលទ្ធផលល្អយ៉ាងគាប់ប្រសើរផងដែរ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ
            
            
            
            
            
