អ្នកអាចកំពុងមានដុំសាច់ក្នុងខួរក្បាលឬ?
ខួរក្បាលជាសរីរាង្គសំខាន់បំផុតដែលមាននាទីរក្សាឲ្យបាននូវតុល្យភាពគ្រប់ដំណើរការទាំងអស់ដែលមាននៅក្នុងរាងកាយ។ក្នុងករណីដែលមានដុំសាច់ក្នុងខួរក្បាលនោះវានឹងផ្តល់ជាផលរំខានដល់តួនាទីរបស់ខួរក្បាល ហើយផលវិបាកទាំងនោះអាចនឹងមានភាពខុសៗគ្នាអាស្រ័យទីតាំងដែលដុំសាច់នោះស្ថិតនៅ។
អ្វីជាដុំសាច់ដុះក្នុងខួរក្បាល?
ដុំសាច់ខួរក្បាល ឬភាសាបច្ចេកទេស ហៅថា Brain Tumors គឺជាដុំដុះមិនធម្មតានៅក្នុងប្រអប់ខួរក្បាលដែលរួមមានប្រមាណ ១៥០ ប្រភេទ ប៉ុន្តែជាក់ស្តែងវាត្រូវបានបែងចែកជា ២ ប្រភេទធំៗគឺ ដុំសាច់ដែលកើតឡើងដោយឯកឯង (Primary Brain Tumors) ដែលមានប្រភពពីកោសិកាណាមួយនៃខួរក្បាលខ្លួនឯងផ្ទាល់ និងដុំសាច់ដែលមានប្រភពមកពីការរាលដាលនៃសរីរាង្គមហារីកផ្សេងទៀតរបស់រាងកាយ (Metastatic Brain Tumors)។ ប្រភេទនៃដុំសាច់ខួរក្បាលកើតឡើងដោយខ្លួនឯងមាន ២ប្រភេទ គឺប្រភេទកាច និងប្រភេទស្លូត អាចកើតមកពីក្រពេញនៅក្នុងខួរក្បាលហើយមួយចំនួនទៀតកើតចេញពីកោសិកាប្រព័ន្ធប្រសាទខួរក្បាល ឬពីកោសិកាស្រោមខួរក្បាល និងកោសិកានៅជុំវិញខួរក្បាលតែម្តង។ បើយោងតាមអង្គការសុខភាពពិភពលោក បានបែងចែកកម្រិតភាពកាចរបស់ដុំសាច់ខួរក្បាលជា ៤កម្រិតដែលកម្រិត ១ និង២ ជាកម្រិតទាប មិនសូវមានគ្រោះថ្នាក់ ចំណែកកម្រិត៣ និង៤ ជាកម្រិតគ្រោះថ្នាក់ និងកាច។
អត្រានៃការកើនឡើង
បើយោងតាមការសិក្សារបស់ប្រទេសជឿនលឿនមួយចំនួន បានបង្ហាញថាជារៀងរាល់ឆ្នាំ មនុស្សប្រហែល២៥នាក់ក្នុងចំណោមមនុស្ស ១០ ម៉ឺននាក់អាចប្រឈមនឹងការកើតមានជំងឺដុំសាច់ខួរក្បាលនេះ។ ដោយឡែកនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានការសិក្សាណាមួយបញ្ជាក់ពីទិន្នន័យពិតប្រាកដនៃអត្រាការកើតជំងឺ ក៏ដូចជាកម្រិតនៃការកើនឡើងនៃជំងឺនេះនៅឡើយទេ។ ប៉ុន្តែបើយោងតាមទិន្នន័យដែលមានក្នុងគ្លីនិកក្តីសង្ឃឹមនៃយេរ៉េម៉ាក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ (២០១៧ និង ២០១៨) បានបង្ហាញថា កម្ពុជាប្រហែលជាមានអត្រានៃការកើនឡើងស្រដៀងគ្នានឹងបណ្តាប្រទេសជឿនលឿនទាំងឡាយនៅលើសកលលោកដែរដោយហេតុថាមានអ្នកជំងឺប្រមាណ ៥២ នាក់បានទទួលការវះកាត់ដើម្បីព្យាបាលជំងឺ ក្នុងចំណោមអ្នកជំងឺ ១០០នាក់ដែលបានមកពិនិត្យជំងឺទាក់ទងដុំសាច់ក្នុងខួរក្បាល។ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺអត្រានៃការកើនឡើងនេះអាចប្រហែលមកពីមានការជឿនលឿននូវបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់កម្ពុជានាពេលបច្ចុប្បន្នដែលមានទាំងការរីកចម្រើននូវឧបករណ៍ ឬម៉ាស៊ីនទំនើបៗដែលអាចរកឃើញដុំសាច់នេះបានល្អជាងមុន(CT Scan ឬ MRI) ព្រមទាំងការកើនឡើងនូវចំនួនធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងការវិភាគ ធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺផងដែរ។ នេះមានន័យថា តាមការពិតកាលពីមុនក៏មាននូវជំងឺនេះដែរ ប៉ុន្តែដោយសារពុំមានបច្ចេកវិទ្យាទំនើប និងធនធានមនុស្សគ្រប់គ្រាន់ជាហេតុធ្វើឲ្យអ្នកជំងឺស្លាប់បាត់បង់ជីវិត ទាំងមិនបានដឹងមូលហេតុច្បាស់លាស់។
មូលហេតុចម្បង និងបុគ្គលប្រឈម
នាពេលបច្ចុប្បន្ន គេមិនទាន់អាចពន្យល់បានឡើយអំពីមូលហេតុចម្បងៗដែលនាំឲ្យកើតជំងឺនេះប៉ុន្តែ គេអាចរកឃើញកត្តាប្រឈមមួយចំនួនដែលចូលរួមបង្កឲ្យកើតជំងឺ ដែលរួមមានដូចខាងក្រោម៖
- ប្រវត្តិគ្រួសារ៖ ប្រហែលជា ៥% នៃអ្នកជំងឺមានដុំសាច់ខួរក្បាល មានប្រវត្តិគ្រួសារដែលមានដុំសាច់ខួរក្បាលដែរ។
- អាយុ ភេទ សញ្ជាតិ៖ គេសង្កេតឃើញថាបុគ្គលក្មេង និងចាស់ខ្លាំង មានភាពប្រឈមនឹងការកើតជំងឺនេះជាងបុគ្គលវ័យកណ្តាល ចំណែកមនុស្សប្រុសប្រឈមនឹងការកើតជំងឺនេះជាងមនុស្សស្រី តែមនុស្សស្រីប្រឈមនឹងការកើតដុំសាច់ប្រភេទ Meningioma ដែលជាប្រភេទកាចច្រើនជាងបុរសវិញ ហើយជនជាតិស្បែកស ប្រឈមនឹងការកើតដុំសាច់ប្រភេទ Glioma ច្រើនជាងជនជាតិស្បែកខ្មៅ។ ប៉ុន្តែគួរបញ្ជាក់ផងដែរថា បុគ្គលប្រភេទណា វ័យណាក៏អាចកើតមានជំងឺនេះដែរ គ្រាន់តែមានបុគ្គលមួយចំនួនខាងលើនេះមានភាពប្រឈមខ្ពស់ជាងគេប៉ុណ្ណោះ។
- ការប៉ះពាល់សារធាតុវិទ្យុសកម្ម និងសាធាតុគីមីដោយមិនមានការការពារត្រឹមត្រូវ៖ មានដូចជាការប្រើប្រាស់ថ្នាំកសិកម្មថ្នាំសម្លាប់សត្វល្អិត សារធាតុគីមីដែលចេញពីរោងចក្រកៅស៊ូ ជ័រ ជាដើម។
- ការជក់បារី៖ ថ្វីត្បិតតែមិនទាន់មានការរកឃើញដោយផ្ទាល់ពីមូលហេតុនៃការកើតដុំសាច់ខួរក្បាលតែអ្នកជក់បារីអាចមានកត្តាប្រឈមខ្លះផងដែរ។
យន្តការ និងរោគសញ្ញា
ជាធម្មតា រោគសញ្ញាដែលស្តែងចេញនៅពេលមានដុំសាច់ក្នុងខួរក្បាលអាចមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅលើទំហំ ទីតាំង និងការលូតលាស់របស់ដុំសាច់នោះដែលវាអាចផ្តល់ជាសម្ពាធលើផ្នែកណាមួយ ឬប្រព័ន្ធប្រសាទណាមួយនៃខួរក្បាល ហើយសញ្ញាទាំងនោះរួមមាន៖
- ឈឺក្បាលដែលខុសពីធម្មតា ឈឺខ្លាំង ជាពិសេសពេលព្រឹក និងពេលធ្វើការងារខ្លាំងក្លា ឬធ្ងន់ធ្ងរ
- ចង្អោរ ក្អួត
- បញ្ហាទាក់ទងគំហើញដូចជា ស្រវាំងភ្នែក មើលឃើញរូបភាពបែកជា២ បាត់បង់គំហើញមួយចំហៀង
- បាត់បង់ញាណដឹង មានដូចជា ធ្លាក់មុខ ស្ពឹកមុខមួយចំហៀង ទន់ ឬខ្សោយអវយវៈណាមួយជាហេតុធ្វើឲ្យពិបាកក្នុងការធ្វើចលនា
- បាត់បង់ការចងចាំ បាត់បង់ការស្ដាប់ ពិបាកនិយាយ និងពិបាកក្នុងការផ្ចង់អារម្មណ៍
- វង្វេងវង្វាន់ ផ្លាស់ប្តូរអាកប្បកិរិយា និងឥរិយាបថ
- បាត់បង់ស្មាតី លែងដឹងខ្លួន និងករណីខ្លះអាចមានប្រកាច់ទៀតផង។
យន្តការនៃការវិវឌ្ឍជំងឺអាស្រ័យទៅលើលក្ខណៈនៃដុំសាច់ អាចប្រែជាដុំសាច់ស្លូត ឬដុំសាច់កាច និងកម្រិតធ្ងន់ធ្ងរនៃការប៉ះពាល់ទៅលើកោសិកាប្រព័ន្ធប្រសាទផងដែរ។
ការធ្វើរោគវិនិច្ឆ័យ
ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺ អ្នកជំងឺតម្រូវឲ្យមកជួបគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ ឬគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ ដើម្បីធ្វើការពិនិត្យផ្នែកប្រព័ន្ធប្រសាទ និងធ្វើការវិភាគរូបភាពអមវេជ្ជសាស្ត្រដូចជា ស៊ីធីស្កែន (CT Scan) ឬអឹមអអាយ (MRI) រួចទើបបន្តធ្វើការច្រឹបដុំសាច់ដើម្បីធ្វើរោគវិនិច្ឆ័យជាក់លាក់ថាវាជាដុំសាច់ស្លូត ឬកាច។
ការព្យាបាល និងការត្រៀមខ្លួន
ការព្យាបាលអាចត្រូវបានធ្វើឡើងតាមវិធីសាស្ត្រច្រើនយ៉ាង អាស្រ័យទៅតាមលក្ខណៈដុំសាច់នោះ ថាតើជាប្រភេទដុំសាច់កាច ឬស្លូត ទំហំ និងការលូតលាស់របស់វា ដែលអាចបង្កជាសម្ពាធសង្កត់លើផ្នែកណាខ្លះនៃខួរក្បាល ឬសរសៃប្រសាទប្រភេទណា។ ការព្យាបាលរួមមានជាការតាមដាន ប្រើប្រាស់ថ្នាំ ការវះកាត់យកដុំសាច់ចេញ ការព្យាបាលដោយកាំរស្មីការព្យាបាលដោយចាក់ថ្នាំគីមី ឬជាការព្យាបាលដែលរួមបញ្ចូលនូវវិធីសាស្ត្រទាំងអស់នេះតែម្តង។គួរបន្ថែមថា ការព្យាបាលនេះនឹងត្រូវបានចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឯកទេសជាច្រើនផ្នែក ដែលក្នុងនោះមានដូចជា៖
- គ្រូពេទ្យផ្នែកប្រព័ន្ធប្រសាទ
- គ្រូពេទ្យផ្នែកវះកាត់ប្រព័ន្ធប្រសាទ
- គ្រូពេទ្យផ្នែកដាក់ថ្នាំសណ្តំ
- គ្រូពេទ្យផ្នែកជំងឺមហារីក
- គ្រូពេទ្យផ្នែកចាក់ថ្នាំគីមី
- គ្រូពេទ្យផ្នែកបាញ់កាំរស្មី
- គ្រូពេទ្យផ្នែកចលនា។
គួរបញ្ជាក់ថា មុនវះកាត់ និងក្រោយវះកាត់ អ្នកជំងឺត្រូវពិនិត្យសុខភាពទូទៅ អត់អាហាររយៈពេល៦ម៉ោងមុនពេលវះកាត់ និងតម្រូវឲ្យមានការសុំឈាមជាមុន ប្រសិនបើជាការវះកាត់ធំដែលអាចហូរឈាមច្រើន។
ផលវិបាក
ក្នុងករណីដែលអ្នកជំងឺមិនបានមកទទួលបានការព្យាបាលត្រឹមត្រូវ ឬមិនទាន់ពេលវេលានោះអ្នកជំងឺ អាចប្រឈមនឹងការខូចខាតកោសិកាខួរក្បាលកាន់តែខ្លាំង មិនអាចសង្គ្រោះបាន និងអាចបណ្តាលឲ្យស្លាប់។ ប៉ុន្តែ កម្រិតធ្ងន់ធ្ងរនៃគ្រោះថ្នាក់នេះក៏អាស្រ័យទៅតាមលក្ខណៈនៃដុំសាច់ខួរក្បាលកាច ឬស្លូត និងកម្រិតសង្កត់ទៅលើកោសិកាខួរក្បាលផងដែរ។
វិធីសាស្ត្រការពារខ្លួន
ដោយហេតុថានាពេលបច្ចុប្បន្នពុំទាន់រកឃើញមូលហេតុជាក់លាក់ដែលបង្កឲ្យមានជំងឺនេះនៅឡើយ ហេតុដូចនេះវិធីការពារខ្លួនជាក់លាក់ក៏មិនទាន់ចេញជារូបរាងនោះទេ ប៉ុន្តែអាចធ្វើការការពារខ្លួនពីកត្តាជំរុញមួយចំនួនដូចជា៖
- ស្លៀកសម្លៀកបំពាក់បិទជិត ពាក់ម៉ាស់ ស្រោមដៃស្រោមជើង រាល់ពេលធ្វើការងារជាមួយសារធាតុគីមីទាំងឡាយដែលចេញពីថ្នាំកសិកម្ម រោងចក្រកៅស៊ូ ឬវិទ្យុសកម្មជាដើម។ល។
- បញ្ឈប់ការជក់បារី។
ប្រសិនបើអ្នកមានបញ្ហា ឬរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ សូមប្រញាប់មកពិគ្រោះជាមួយគ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទ ឬគ្រូពេទ្យឯកទេសវះកាត់ប្រព័ន្ធប្រសាទ ដើម្បីធ្វើការពិនិត្យ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ព្រមទាំងទទួលយកនូវការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ គួររំឭកថាករណីដែលអ្នកជំងឺពន្យារពេលមកទទួលការព្យាបាលដែលត្រឹមត្រូវ នោះប្រសិទ្ធភាពនៃការព្យាបាលអាចថយចុះ ហើយការព្យាបាលអាចកាន់តែស្មុគស្មាញឬពិបាកក្នុងការព្យាបាល ចំណាយពេលយូរ និងចំណាយថវិកាច្រើន។ផ្ទុយមកវិញ ប្រសិនបើអ្នកជំងឺមកទទួលការព្យាបាលនៅដំណាក់កាលដំបូងនោះលទ្ធផលនៃការព្យាបាលក៏កាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ឯកទេសវះកាត់ប្រព័ន្ធប្រសាទគ្លីនិកក្ដីសង្ឃឹមនៃយេរ៉េម៉ា និងជាសមាជិកអន្តរជាតិនៃសមាគមវះកាត់ប្រព័ន្ធប្រសាទសហរដ្ឋអាមេរិក
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ