អ្វីខ្លះជាប្រភេទនៃការវះកាត់សម្រាប់ព្យាបាលជំងឺមហារីក?
ការវះកាត់ គឺជាវិធីសាស្រ្តតាមបែបវេជ្ជសាស្រ្តមួយក្នុងចំណោមការព្យាបាលជំងឺមហារីកដទៃទៀតដូចជាការព្យាបាលដោយចាក់ថ្នាំគីមី ការបាញ់កាំរស្មី និងការប្រើថ្នាំអ័រម៉ូន។ វិធីសាស្រ្តក្នុងការវះកាត់នេះមានច្រើន ផ្អែកតាមប្រភេទនៃជំងឺមហារីក ទីកន្លែងកើតមហារីក និងសុខភាពរបស់អ្នកជំងឺផ្ទាល់ ដែលរួមមាន៖
• Curative Surgery៖ វិធីសាស្រ្តនេះគឺជាការវះកាត់យកដុំមហារីកចេញពីខ្លួនប្រាណរបស់អ្នកជំងឺ និងធ្វើឡើងចំពោះដុំមហារីកដែលមិនទាន់ រីករាលដាលទៅកន្លែងផ្សេង (Localized tumor) នៃខ្លួនរបស់អ្នកជំងឺ។ ការព្យាបាលប្រភេទនេះជាញឹកញាប់គេចាត់ទុកជាជម្រើសទី១ក្នុងចំណោមជម្រើសផ្សេងៗទៀត។ ដោយឡែក គោលបំណងនៃការវះកាត់នេះគឺដើម្បីវះយកចេញនូវដុំមហារីកទាំងអស់ (Remove total the cancer tumor) និងទទួលបានប្រសិទ្ធភាពខ្ពស់នៅពេលមហារីកស្ថិតនៅដំណាក់កាលដំបូង (Early stage)
• Preventive Surgery៖ គឺជាការវះកាត់យកនូវដុំជាលិកាដែលមិនមានកោសិកាមហារីក ប៉ុន្តែវាអាចវិវឌ្ឍទៅជាដុំមហារីកដូចជា ករណីដុំប៉ូលីបក្នុងពោះវៀន (Polyps in colon)។ គោលបំណងនៃការវះកាត់ប្រភេទនេះ គឺដើម្បីការពារ ឬបង្ការមិនឲ្យមហារីករាលដាលទៅកន្លែងផ្សេងទៀត
• Debulking Surgery៖ គឺជាការវះកាត់យកតែមួយផ្នែកនៃដុំមហារីក (ករណីដុំមហារីកធំ) ដើម្បីជាជំនួយដល់ការព្យាបាលដោយថ្នាំគីមី ឬការបាញ់កាំរស្មី
• Palliative Surgery៖ ជាការវះកាត់ដើម្បីព្យាបាលជំងឺមហារីកនៅដំណាក់កាលចុងក្រោយ (Advance stage) មិនមែនដើម្បីឲ្យជាសះពីជំងឺមហារីកនោះទេ ប៉ុន្តែដើម្បីកាត់បន្ថយរោគសញ្ញា ដែលរំខានដល់អ្នកជំងឺ (Relieve discomfort) ឬជួយកែបញ្ហាដែលកើតឡើងដោយសារមហារីក
• Open Surgery៖ ជាការវះកាត់បើក ដោយប្រើប្រាស់កាំបិត (Scapel)
• Laparoscopic surgery៖ ជាការវះកាត់ដោយប្រើប្រាស់ឧបករណ៍ចោះ
• Robotic Surgry៖ ជាការប្រើឧបករណ៍បែបទំនើប (Robot) ដើម្បីធ្វើការវះកាត់
• Cryosurgery ឬCryotherapy៖ ជាការប្រើប្រាស់ឧបករណ៍ធាតុត្រជាក់ខ្លាំង (Extremely cold temperature) ដើម្បីសម្លាប់កោសិកាមហារីកដូចជាមហារីកស្បែក មហារីកស្បូន មហារីកថ្លើមជាដើម
• Laser Surgery៖ ជាការប្រើប្រាស់ថាមពលពន្លឺឡាស៊ែរដើម្បីយកដុំមហារីកតូចៗចេញ
• Radiofrequency Surgery៖ ជាការប្រើប្រាស់ឧបករណ៍កម្តៅដើម្បីដុតកោសិកាមហារីក។
គួរបញ្ជាក់ថា ជំងឺមហារីកដែលច្រើនតម្រូវឲ្យព្យាបាលដោយការវះកាត់គឺរាល់ដុំមហារីកទាំងឡាយណានៅលើសរីរាង្គ ដែលអាចដំណើរការដោយវិធីសាស្រ្តនេះបាន និងដុំមហារីកដែលមិនទាន់រាលដាលទៅកន្លែងផ្សេងទៀត រួមមាន មហារីកបំពង់អាហារ មហារីកក្រពះ មហារីកពោះវៀនតូច ឬធំ មហារីកសួត មហារីកសុដន់ មហារីកក្រពេញដៃស្បូន មហារីកស្បូន និងមហារីកលើសរីរាង្គផ្សេងៗទៀត។ ក្នុងចំណោមមហារីកទាំងនេះគឺស្ទើរតែទាំងអស់អាចធ្វើការវះកាត់ព្យាបាលបាននៅប្រទេសកម្ពុជា ក្នុងកម្រិតស្តង់ដាដូចទៅនឹងបរទេស (Oncological surgery standard) ផងដែរ។ ដោយឡែកចំពោះជំងឺមហារីកដែលមិនតម្រូវឲ្យធ្វើការព្យាបាលដោយការវះកាត់រួមមានមហារីកគ្រាប់ឈាម (Leucemia) មហារីកប្រព័ន្ធទឹករងៃ ឬមហារីកកូនកណ្តុរ (Lymphoma)និងមហារីកដែលកើតនៅលើសរីរាង្គជ្រៅ មិនអាចធ្វើការវះកាត់បាន។ល។
ការត្រៀមខ្លួនរបស់អ្នកជំងឺ
• អ្នកជំងឺនឹងត្រូវធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ថាតើជាប្រភេទមហារីកអ្វី និងកើតលើសរីរាង្គណាមួយ។
• គ្រូពេទ្យនឹងរកឲ្យឃើញពីដំណាក់កាលនៃជំងឺមហារីក (Tumor staging) ដោយតម្រូវឲ្យអ្នកជំងឺធ្វើការពិនិត្យអមវេជ្ជសាស្ត្រជាច្រើនដូចជាការធ្វើអេកូពោះ (Abdominal ultrasound) ការថតសួត (Chest X-ray) ការថត CT Scan និងPET Scan។
• អ្នកជំងឺតម្រូវឲ្យពិនិត្យសុខភាពទូទៅបន្ថែម (General condition) ពិនិត្យឈាម (Blood exam) និងពិនិត្យបេះដូង (Echocadiogram)។
• បន្ទាប់ពីទទួលបានលទ្ធផល អ្នកជំងឺនឹងត្រូវជួបជាមួយគ្រូពេទ្យជំនាញផ្នែកសណ្តំ ដើម្បីពិនិត្យសុខភាពមុនចាក់ថ្នាំសណ្តំ (Preanesthetic Consultation) ក្នុងករណីពិបាក ឬស្មុគស្មាញ គ្រូពេទ្យជំនាញត្រូវធ្វើការប្រជុំរួមមុនសម្រេចចិត្តធ្វើការវះកាត់។
• គ្រូពេទ្យត្រូវពន្យល់ដល់អ្នកជំងឺ និងក្រុមគ្រួសារអំពីស្ថានភាព ផលវិបាកនិងគ្រោះថ្នាក់ដែលទាក់ទងនឹងការវះកាត់ រួចធ្វើការផ្តិតមេដៃលើលិខិតយល់ព្រមវះកាត់ ហើយគ្រូពេទ្យនឹងដាក់កម្មវិធីសម្រាប់វះកាត់ទៅតាមពេលវេលាមួយសមស្រប។
• បន្ទាប់ពីវះកាត់រួចអ្នកជំងឺត្រូវសម្រាកព្យាបាលមួយរយៈនៅបន្ទប់សង្គ្រោះក្រោយវះកាត់ (Intensive care unit) រួចបញ្ជូនត្រឡប់ទៅសម្រាកនៅអគារវះកាត់វិញ បន្ទាប់ពីអ្នកជំងឺមានសភាពប្រសើរ និងមិនមានផលវិបាកណាមួយធ្ងន់ធ្ងរ។ ជាទូទៅ រយៈពេលនៃការវះកាត់គឺអាស្រ័យទៅតាមប្រភេទដុំសាច់ ដំណាក់កាល និងកត្តាជាច្រើនទៀត ដូចជាកត្តាគ្រូពេទ្យ និងកត្តាសម្ភារ ហើយភាគច្រើនអ្នកជំងឺអាចចេញពីមន្ទីរពេទ្យបានក្រោយវះកាត់ (មហារីកប្រព័ន្ធរំលាយអាហារ) ក្នុងរយៈពេល ៧ ទៅ១០ថ្ងៃ ប្រសិនបើមិនមានផលវិបាកដែលតម្រូវឲ្យព្យាបាលបន្ត។
ការវះកាត់ជំងឺមហារីកអាចជួបផលវិបាក និងគ្រោះថ្នាក់ជាយថាហេតុអាស្រ័យលើមនុស្សម្នាក់ៗ ប្រភេទ និងទីកន្លែងនៃមហារីក ប្រភេទនៃការវះកាត់ សុខភាព និងអាយុរបស់អ្នកជំងឺ ដែលរួមមាន៖
• បាត់បង់សរីរាង្គ ឬមុខងាររបស់សរីរាង្គ
• បាត់បង់ឈាម ឬការហូរឈាម
• ឈឺចាប់
• ការបង្ករោគនៅទីតាំងវះកាត់ ឬនៅលើមុខរបួស
• ផលវិបាកផ្សេងទៀតដែលមិនទាក់ទងនឹងការវះកាត់ (រលាកសួត រលាកផ្លូវទឹកនោម….)។ល។
ប្រសិទ្ធភាពនៃការវះកាត់
ប្រសិទ្ធភាពនៃការវះកាត់ជំងឺមហារីកអាស្រ័យលើដំណាក់កាលនៃជំងឺមហារីកមហារីកនៅដំណាក់កាលដំបូង (ដំណាក់កាល០ ទី១ និងទី២) ដែលកោសិកាមហារីកមិនទាន់រាលដាលទៅលើសរីរាង្គផ្សេងទៀតនោះ ការព្យាបាលដោយការវះកាត់ Curative surgery ទទួលបាននូវប្រសិទ្ធភាពខ្ពស់រហូតដល់មហារីកជាសះស្បើយ និងមិនកើតឡើងវិញ។ ផ្ទុយទៅវិញ ប្រសិនបើមហារីកស្ថិតក្នុងដំណាក់ទី ៣ ឬទី៤ ដែលកោសិកាមហារីករាលដាលទៅកន្លែងផ្សេងតាមប្រព័ន្ធសរសៃឈាម ប្រព័ន្ធទឹករងៃរាលដាលទៅថ្លើម និងសួត នោះការព្យាបាលដោយការវះកាត់មិនទទួលបានប្រសិទ្ធភាពខ្ពស់ទេ ពោលគឺគ្រាន់តែពន្យារប៉ុណ្ណោះ។
សូមប្រជាជនកម្ពុជាទាំងអស់អញ្ជើញទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញមហារីកប្រសិនបើសង្ស័យថាមានជំងឺមហារីក ដើម្បីទទួលបាននូវការព្យាបាលទាន់ពេលវេលា ចំណាយថវិកាតិចទទួលបានប្រសិទ្ធភាពខ្ពស់ និងចំណេញពេលវេលា។ គួរបញ្ជាក់ថា ស្ទើរតែទាំងអស់នៃជំងឺមហារីកអាចធ្វើការព្យាបាលដោយការវះកាត់តាមស្តង់ដាដូចនៅបរទេសដោយមិនចាំបាច់ធ្វើដំណើរទៅព្យាបាលនៅប្រទេសក្រៅដែលត្រូវចំណាយថវិកាច្រើន ពេលវេលាច្រើន ត្រូវការជំនួយផ្នែកភាសាពិបាកក្នុងការទំនាក់ទំនង ហើយបើទៅមិនចំគោលដៅនោះនឹងជួបផលមិនល្អផងដែរ។ ម៉្យាងវិញទៀត សូប្រជាជនទាំងអស់នៅក្នុងប្រទេសកម្ពុជាមកពិនិត្យសុខភាពឲ្យបានទៀងទាត់ដើម្បីទទួលបានការព្យាបាលឲ្យទាន់ពេលវេលា និងអាចការពារក្នុងករណីជំងឺមួយចំនួន។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឆាយ រស្មី ឯកទេសវះកាត់ប្រព័ន្ធរំលាយអាហារ និងមហារីកប្រព័ន្ធរំលាយអាហារនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ