បុគ្គលវ័យចំណាស់អាចងាយប្រឈមនឹងជំងឺសឹកសន្លាក់ឆ្អឹង
បច្ចុប្បន្ន នៅពេលប្រជាជនមានវ័យកាន់តែកើនឡើង(អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ) ជាពិសេសចំពោះស្រ្តី នោះការប្រឈមទៅនឹងជំងឺផ្សេងៗនឹងស្ថិតនៅក្នុងអត្រាខ្ពស់ ដោយជំងឺសឹកសន្លាក់ឆ្អឹង ក៏ត្រូវបានសង្កេតឃើញកើតមានឡើងផងដែរនៅក្នុងវ័យនេះ។
និយមន័យ
ការសឹកសន្លាក់ឆ្អឹង គឺជាជំងឺកើតឡើងបណ្តាលមកពីការសឹកផ្ទៃសន្លាក់ឆ្អឹងខ្ចីដែលមានភ្នាសពណ៌ស សម្រាប់ការពារសន្លាក់ពីការប៉ះទង្គិចជាមួយនឹងឆ្អឹង។ នៅពេល សន្លាក់ឆ្អឹងខ្ចីបានសឹក នោះជាហេតុធ្វើឲ្យសន្លាក់អាចកកិតគ្នាជាមួយឆ្អឹងដែលមានសរសៃប្រសាទ ទើបបង្កឲ្យមានការឈឺចាប់។ ជាក់ស្ដែងការកកិត ឬសឹកនោះអាចកើតមានឡើងរយៈពេលយូរឆ្នាំដែលភាគច្រើនបណ្តាលមកពីការប្រើប្រាស់សន្លាក់យូរ។
មូលហេតុ និងកត្តាប្រឈម
មូលហេតុដែលបណ្តាលឲ្យសឹកសន្លាក់ឆ្អឹងមានដូចជា៖
• ធាត់លើសទម្ងន់
• ការប្រើប្រាស់លើសកម្រិត (Over Use)
• ការប៉ះទង្គិច (បាក់បែក ឬគ្រេចធ្វើឲ្យផ្ទៃសន្លាក់មិនស្មើ ឬសរសៃពួរយារ)
• ការប្រើប្រាស់ប្រភេទថ្នាំសរសៃដូចជាពពួក ក័រទីកូអុីត(Corticosteroid) ជាដើម។ល។
ចំណែកបុគ្គលដែលមានហានិភ័យខ្ពស់ក្នុងការប្រឈមចំពោះបញ្ហាសឹកសន្លាក់ឆ្អឹងរួមមាន៖
• ស្រ្តីវ័យចំណាស់ (អាយុចាប់ពី ៥៥ឆ្នាំឡើងទៅ)
• ស្រ្តីអស់រដូវ
• អ្នកធាត់
• អ្នកលេងកីឡា
• ឧស្សាហ៍ប៉ះទង្គិច
• អ្នកធ្វើការធ្ងន់ៗ ដូចជា កម្មករសំណង់។
រោគសញ្ញា និងយន្តការ
អ្នកជំងឺសឹកសន្លាក់ឆ្អឹងមានរោគសញ្ញាសំខាន់បីធំៗដូចជា មានការឈឺចាប់នៅត្រង់សន្លាក់ រឹងសន្លាក់ ហើមសន្លាក់ និងប្តូររូបរាងជង្គង់ទៅជាគៀវ ឬថយមុខងារសន្លាក់(សន្លាក់លែងត្រង់)។ ចំពោះយន្តការរបស់ជំងឺសឹកសន្លាក់ឆ្អឹង ពោលគឺកើតឡើងនៅពេលដែលឆ្អឹងខ្ចី (ស្រទាប់ឆ្អឹងរលោងដែលស្រោបពីលើឆ្អឹង) បានដាច់រហែក ឬសឹកឆ្អឹង និងឆ្អឹងត្រូវកកិតគ្នាដែលជាហេតុធ្វើឲ្យហើម និងឈឺចាប់នៅត្រង់តំបន់នោះ។ ដោយហេតុថាការកកិតបន្តក្នុងរយៈពេលយូរនោះ ទើបធ្វើឲ្យសន្លាក់នឹងបាត់បង់ភាពរឹងមាំ ហើយការឈឺចាប់នឹងក្លាយទៅជាសឹករុំារ៉ៃ។
ការធ្វើរោគវិនិច្ឆ័យ
ជំងឺសឹកសន្លាក់អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការសួរនាំពីការឈឺចាប់របស់អ្នកជំងឺ និងការពិនិត្យទៅលើរោគសញ្ញាទាំងឡាយដូចបានរៀបរាប់ខាងលើ។ លើសពីនេះ យើងក៏អាចធ្វើរោគវិនិច្ឆ័យបានតាមរយៈការបូមឈាមយកទៅវិភាគដោយចង់ដឹងថាមានជាតិរលាកដើម្បីទាត់ចោលការរលាកសន្លាក់និងការថតដោយប្រើឧបករណ៍វិទ្យុសកម្ម CT Scan ឬ X-ray ផងដែរ។
ការព្យាបាល
សឹកសន្លាក់ឆ្អឹងត្រូវព្យាបាលដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងទៅតាមដំណាក់កាល ឬកម្រិតនៃការសឹករបស់សន្លាក់ផ្ទាល់៖
• ដំណាក់កាលទី១ និងទី២៖ ផ្ទៃសឹកមានបរិមាណតិចតួចតែប៉ុណ្ណោះ មិនទាន់ដល់ ៣០ភាគរយនោះទេ ដោយការព្យាបាលគឺតម្រូវឲ្យប្រើប្រាស់ថ្នាំដែលជួយជំរុញការបញ្ចេញទឹករំអិលរបស់សន្លាក់តាមរយៈការលេប ឬចាក់ជែលសិប្បនិម្មិតរបស់ទឹកសន្លាក់ ដើម្បីឲ្យមានលក្ខណៈរអិល ហើយការព្យាបាលបែបនេះមានប្រសិទ្ធភាពខ្ពស់។
• ដំណាក់កាលទី៣៖ ផ្ទៃសឹកមានបរិមាណប្រហែល៥០ភាគរយ ដោយការព្យាបាលគឺត្រូវប្រើប្រាស់ថ្នាំជំនួយ និងការផ្លាស់ប្តូរទម្លាប់នៃការរស់នៅដូចជាបន្ថយការធ្វើចលនា បញ្ចុះទម្ងន់ និងបន្ថយការលេងកីឡាជាដើម។
• ដំណាក់កាលទី៤៖ ជាដំណាក់កាលមួយដែលធ្ងន់ធ្ងរ ហើយការព្យាបាលគឺតម្រូវឲ្យធ្វើការផ្លាស់ប្តូរសន្លាក់ទៅជាសន្លាក់សិប្បនិមិ្មតវិញ។
ផលវិបាក និងការការពារ
ភាគច្រើន អ្នកជំងឺសឹកសន្លាក់ឆ្អឹងដែលមកទទួលបានការព្យាបាលទាន់ពេលវេលានោះ អ្នកជំងឺអាចជាសះស្បើយ និងបន្តការប្រើប្រាស់បានយូរ។ ផ្ទុយទៅវិញប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលទាន់ពេលវេលានោះទេ ស្ថានភាពជំងឺអាចបង្កជាផលវិបាកដូចជា ខូចផ្ទៃសន្លាក់រហូតដល់ ពិការភាពដោយសារឈឺចាប់ ជាពិសេសអាចបណ្តាលឲ្យគាំងសន្លាក់តែម្តង។ ជាទូទៅ ដើម្បីការពារពីការសឹកសន្លាក់ឆ្អឹងចាំបាច់ត្រូវការពារពីមូលហេតុដែលបង្កឲ្យមានការសឹកសន្លាក់រួមមាន៖
• ការពារធាត់
• ឧស្សាហ៍ត្រួតពិនិត្យកំហាប់ឆ្អឹង
• ត្រួតពិនិត្យសុខភាពទូទៅ
• ជ្រើសរើសកីឡាដែលមិនប៉ះពាល់ដល់សន្លាក់
• ចៀសវាងការធ្វើចលនាច្រើនពេក
• ចៀសវាងការប្រើប្រាស់ថ្នាំសរសៃ (Corticosteroid) និងថ្នាំផ្លូវចិត្ត
• ចៀសវាងការប៉ះទង្គិច ប្រសិនបើមានការប៉ះទង្គិចត្រូវទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់។
គួរបញ្ជាក់ផងដែរ រាល់ការប៉ះទង្គិច មានការឈឺចាប់ការហើម ប្រែប្រួលទ្រង់ទ្រាយរបស់ជង្គង់ និងមានរោគសញ្ញាគួរឲ្យកត់សម្គាល់ផ្សេងទៀតអ្នកជំងឺគួរជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញផ្ទាល់ដើម្បីធ្វើការពិនិត្យ និងព្យាបាលដើម្បីធានាឲ្យបានប្រសិទ្ធភាពចៀសវាងទទួលបានការព្យាបាលមិនត្រឹមត្រូវនាំឲ្យប៉ះពាល់ដល់សុខភាព ចំណាយពេលវេលា និងថវិកាច្រើន។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ម៉េង សុខ ឯកទេស បាក់បែកឆ្អឹង និងសន្លាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ