ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនចំនួន ៣ ដើម្បីធ្វើវិនិយោគលើសេវាកម្មសុខាភិបាល និងសេវាកម្មគ្រប់គ្រងអាជីវកម្ម

(រាជធានីភ្នំពេញ)៖ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ កន្លងនេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្រ្តជាមួយគ្នាជាមួយក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក សម្រាប់ការវិនិយោគរួមគ្នាលើសេវាកម្មសុខាភិបាល និងសេវាកម្មគ្រប់គ្រងអាជីវកម្មក្នុងទំហំទឹកប្រាក់ ៥.៦លានដុលា្លរសហរដ្ឋអាមេរិក។

ជាក់ស្តែង ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដាច់ដោយឡែកពីគ្នារវាងលោកជំទាវ សែ លីលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក ជាមួយលោកស្រី អុិន ថៃរ៉ូហ្សាលីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉េកស៍ អាយខន ម.ក លោកស្រីវេជ្ជបណ្ឌិត ឃួន លីដា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ម.ក និងលោក វ៉ាន ច័ន្ទដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស ម.ក នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភោគីត្រា។

ក្នុងឱកាសនេះដែរ លោក Rory Cox នាយកវិនិយោគនៃក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក បានឲ្យដឹងថា ការបណ្តាក់ទុនរួមគ្នានេះគឺដើម្បីផ្តល់ឲ្យប្រទេសកម្ពុជានូវគោលដៅមួយធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ធប្រកបដោយភាពទាន់សម័យ។ យើងរីករាយក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការឲ្យកាន់តែជិតសិ្នទ្ធថែមទៀត ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោងដ៏ធំរបស់យើងគឺទីក្រុង អៃស៊ីធី។

លោកស្រី Lorencia Kumalasari នាយកប្រតិបត្តិក្រុមហ៊ុន ម៉េកស៍ អាយខន បានលើកឡើងថា ក្រុមហ៊ុន ម៉េកស៍ អាយខន ជាក្រុមហ៊ុនមេដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពីរក្នុងការផ្តល់សេវាកម្មផ្នែកទន្តសាស្រ្ត និងរោគសើស្បែក ដោយគោរពតាមបទដ្ឋាន ISO ត្រឹមត្រូវ។ ហើយនៅក្នុងឆ្នាំខាងមុខនេះ ក្រុមហ៊ុនគ្រោងនឹងបើកសាខា Jordan Petra Dental Clinic ចំនួន ៤ បន្ថែមទៀតដែលអាចធ្វើឲ្យអតិថិជនមានឱកាសទទួលបានការព្យាបាលប្រកបដោយវិជ្ជាជីវៈ ដោយសារតែមានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងតម្លៃសមរម្យផងដែរ។

ក្នុងនោះដែរ លោកវេជ្ជបណ្ឌិត វ៉ាន សុខជា នាយកប្រតិបត្តិក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល បានលើកឡើងផងដែរថា ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថលជាក្រុមហ៊ុនមេដែលបានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពីរគឺ ក្រុមហ៊ុន Maxicare Pedaitric Clinic និងក្រុមហ៊ុន Bright Mind ដែលមានក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់ រួមជាមួយការបណ្តុះបណ្តាលខ្ពស់និងបញ្ចប់ការសិក្សាមកពីប្រទេសបារាំង អូស្ត្រាលី និងកូរ៉េ។ ក្រុមហ៊ុន Bright Mind ផ្តោតលើការពិនិត្យព្យាបាលកុមារជួបបញ្ហាជំងឺ Autism ដោយក្រុមជំនាញជាជនជាតិបរទេសហើយចំពោះគ្លីនិក Maxicare Pediatric មានបម្រើសេវាកម្ម ២៤ម៉ោងក្នុងមួយថ្ងៃ ដល់អតិថិជនផងដែរ។ ក្រុមហ៊ុន អូរ៉ូរ៉ា ឃែភីថល ក៏បានសម្រេចចិត្តចូលរួមជាដៃគូយុទ្ធសាស្ត្រដើម្បីផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នករស់នៅក្នុងទីក្រុង អៃ ស៊ីធី ក៏ដូចជាប្រជាពលរដ្ឋនៅជុំវិញនោះផងដែរ។

លោក លីវ បូនីតូ នាយកប្រតិបត្តិក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានលើកឡើងដែរថា ដោយបានមើលឃើញនូវកំណើនសេដ្ឋកិច្ច ស្ថេរភាពនយោបាយនិងលំហូរចូលជាវិជ្ជមាននៃវិនិយោគិនពីក្រៅប្រទេសមកក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ហ្វួរមី រ៉ូសហ្ស បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ភ្នំពេញ លែន ឃែភីថល ក្នុងការផ្តល់សេវាកម្មសវនកម្ម គណនេយ្យ និងពន្ធដារ ដល់សហគ្រាសដែលនឹងមានវត្តមានក្នុងទីក្រុងដ៏មានសក្តានុពលមួយនេះនិងដើម្បីជួយសហគ្រាសគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព។ក្រុមហ៊ុនក៏ជា Xero Gold Partner ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ Xero Accounting Software គឺជាកម្មវិធីគណនេយ្យ ដែលកំពុងទទួលបានចំណែកទីផ្សារធំៗនៅបរទេស និងទទួលបានការចាប់អារម្មណ៍នៅក្នុងប្រទេសកម្ពុជា។ 

សូមបញ្ជាក់ផងដែរថា ភាពជាដៃគូបែបនេះ នឹងជំរុញឲ្យមានរលកសហការជាដៃគូលក្ខណៈអន្តរជាតិបន្ថែមទៀត ក៏ដូចជាស្រូបទាញគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យលំដាប់ពិភពលោកមកទីផ្សារកម្ពុជាផងដែរ។ ក្រុមហ៊ុនភ្នំពេញ លែន ឃែភីថល ម.ក គ្រោងនឹងរៀបចំឲ្យមានការចូលរួមបណ្តាក់ទុនជាបន្តបន្ទាប់ទៀតនៅឆ្នាំនេះផងដែរ។

2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

Related Word


Comment