I have a fever
សីតុណ្ហភាពក្នុងខ្លួនរបស់យើងប្រែប្រួលពេញមួយថ្ងៃ ដោយវានឹងចុះទាបបំផុតនៅម៉ោង៦ព្រឹក ហើយឡើងខ្ពស់បំផុតនៅចន្លោះម៉ោង ៤ទៅ ម៉ោង៦រសៀល។ សីតុណ្ហភាពខ្លួនរបស់យើងអាចចាត់ទុកថាធម្មតាគឺស្ថិតនៅក្រោម ៣៨អង្សាសេ។
អាការៈក្តៅខ្លួន គឺជាការឡើងកម្តៅខ្លួនលើសពីសីតុណ្ហភាពធម្មតាតាមរយៈការបញ្ជារបស់ខួរក្បាល ដែលការឡើងកម្តៅនេះជាទូទៅគឺជាការឆ្លើយតបទៅនឹងការឆ្លងរោគណាមួយ។ បញ្ហាក្តៅខ្លួនមិនមែនជាជំងឺទេតែវាជាប្រតិកម្មនៃរាងកាយយើងក្នុងការការពារខ្លួន ហើយនេះជាការបញ្ជាក់ថា ខ្លួនប្រាណរបស់យើងកំពុងពន្យឺតការលូតលាស់ និងការបង្កើនចំនួនរបស់មេរោគ តែកំពុងបង្កើនចំនួនគោលិកាឈាមដែលប្រឆាំងជាមួយនឹងការបង្ករោគ។
ការក្តៅខ្លួនលើកុមារ
បញ្ហាក្តៅខ្លួនកើតលើកុមារតូចៗអាយុពី ២ខែ ទៅ៣៦ខែ ដែលមិនត្រូវបានគេស្គាល់ពីមូលហេតុច្បាស់លាស់ ៧៦%ត្រូវបានគេញែកចេញថាជាការបង្កឡើងដោយវីរុស។ វីរុសភាគច្រើនជា វីរុសបង្ករោគនៅនឹងប្រព័ន្ធដង្ហើម (Adénovirus) វីរុសបង្កជំងឺស្អូច (Roséole) វីរុស Entérovirus និងវីរុស Paréchovirus។
ការក្តៅខ្លួនលើមនុស្សពេញវ័យ
• ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងគ្រុនញាក់អាចជាការបង្ករោគដោយបាក់តេរីនៅផ្លូវទឹកប្រម៉ាត់ (រលាកផ្លូវទឹកប្រម៉ាត់) ផ្លូវបង្ហូរទឹកនោម ឬផ្លូវដង្ហើម។
• ករណីក្តៅខ្លួនខ្លាំង ក្រោយធ្វើដំណើរទៅតំបន់ត្រូពិច អាចជាជំងឺគ្រុនចាញ់
• ករណីក្តៅខ្លួនខ្លាំង មានលក្ខណៈជាពីរដំណាក់កាល អាចជាជំងឺគ្រុនឈាម
• ករណីក្តៅខ្លួនខ្លាំង រួមផ្សំជាមួយនឹងការបែកញើសពេលយប់ អាចជាជំងឺរបេង ឬជំងឺដែលមិនទាក់ទងនឹងការបង្ករោគដូចជាមហារីកកូនកណ្តុរ
• ករណីក្តៅខ្លួនខុសធម្មតា ចំពោះមនុស្សវ័យក្មេងអាចជាជំងឺអេដស៍។
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ