អ្វីខ្លះជាមូលហេតុចម្បងបណ្តាលឲ្យទារករលូត?
ការពន្យល់លម្អិតចំពោះបញ្ហារលូតកូនជាពិសេសនៅត្រីមាសដំបូង គឺមិនទាន់បានជាក់លាក់នៅឡើយ ប៉ុន្តែគេបានសង្កេតឃើញមានកត្តាមួយចំនួនតាមរយៈបទពិសោធន៍កន្លងមក។ ចង់ដឹងថាអាចមានមូលហេតុបែបណាខ្លះដែលបណ្តាលឲ្យការពពោះឈានដល់ការរលូតអ្នកអាចស្វែងយល់តាមរយៈករណីសិក្សាដូចខាងក្រោម៖
សំណួរ៖ ហេតុអ្វីបានជាមានផ្ទៃពោះជិត ៧សប្តាហ៍ហើយ តែអំប្រ៊ីយ៉ុងមិនលូតលាស់?
ចម្លើយ៖ ប្រមាណជា ២០ ទៅ ៣០ភាគរយនៃការមានផ្ទៃពោះអាចបញ្ចប់ទៅវិញដោយសារទារកនៅក្រៅស្បូនជាហេតុបណ្តាលឲ្យទារកត្រូវរលូត។ បច្ចុប្បន្នក៏មិនទាន់មានតេស្ត ឬវិធីសាស្រ្តណាមួយច្បាស់លាស់ដែលអាចបង្ហាញអំពីមូលហេតុពិតប្រាកដនៃបញ្ហានេះដែរ។ តាមរយៈបទពិសោធន៍កន្លងមកភាគច្រើននៃបញ្ហានេះកើតមានឡើងនៅត្រីមាសដំបូងចំណែកមូលហេតុដែលទំនងអាចកើតមានឡើងនោះគឺបណ្តាលមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម។ ភាពមិនប្រក្រតីនៃក្រូម៉ូសូមអាចកើតមានឡើងនៅពេលមេជីវិតរបស់បុរស (Sperm) ដែលបង្កើតបានជាស៊ុត រួចបន្តវិវឌ្ឍជាអំប្រ៊ីយ៉ុងមានចំនួនក្រូម៉ូសូមមិនត្រឹមត្រូវ(ខ្វះឬលើស) ឬអាចមានភាពមិនប្រក្រតីកើតឡើងក្នុងអំឡុងពេលចែកកោសិកា ដែលបណ្តាលឲ្យចំណែកក្រូម៉ូសូមទទួលបានមានចំនួនខ្វះខាត ឬចម្លងមិនបានត្រឹមត្រូវ។ ជាលទ្ធផល អំប្រ៊ីយ៉ុងមិនអាចលូតលាស់បន្ត និងមិនអាចបន្តពពោះទៀតបាន។ ការពន្យល់លម្អិតចំពោះមូលហេតុដែលអាចនឹងកើតឡើង គឺមិនទាន់មានលក្ខណៈច្បាស់លាស់នៅឡើយទេ។ ខណៈពេលដែលការសិក្សាមួយចំនួនបានកំពុងព្យាយាមស្វែងយល់អំពីកត្តាបង្កខាងក្រៅមានដូចជា ការប្រើប្រាស់អាស៊ីតហ្វូលិក ឬការបញ្ចាំងកាំរស្មី ដែលអាចប៉ះពាល់ដល់ក្រូម៉ូសូម ប៉ុន្តែនៅមិនមានភស្តុតាងដែលអាចបញ្ជាក់ពីទំនាក់ទំនងនេះនៅឡើយ។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត Anna Roslyakova ឯកទេសផ្នែកសម្ភព និងរោគស្រ្តី Women-Baby’s Center Anna
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ