៧ គន្លឹះដើម្បីស្រកទម្ងន់រហ័ស និងមានសុវត្ថិភាព
ការស្រកទម្ងន់ច្រើនពេកក្នុងរយៈពេលខ្លី ក៏មិនប្រាកដថាល្អចំពោះសុខភាពដែរ តែក្នុងករណីខ្លះចាំបាច់ យើងក៏ត្រូវស្រកឲ្យបានច្រើនតាមដែលអាចធ្វើបាន។ បើសិនជាចង់ដឹងថា សម្រាប់ការសម្រកទម្ងន់រហ័ស និងមានសុវត្ថិភាពចំពោះសុខភាព គួរតែធ្វើអ្វីខ្លះនោះ សូមបន្តអាននូវចំណុចខាងក្រោមនេះ…
១. ញ៉ាំអាហារស្រស់ និងអាហារដែលមិនឆ្លងកាត់ការចម្រាញ់ច្រើន
ក្នុងអំឡុងពេលដែលអ្នកប្រាថ្នាចង់ឲ្យឆាប់ស្រកទម្ងន់ក្នុងរយៈពេលមិនយូរ អ្នកគួរតែចៀសវាងនូវអាហារដែលឆ្លងកាត់ការចម្រាញ់ច្រើន ហើយទទួលទានអាហារស្រស់ៗឲ្យបានច្រើន ដែលក្នុងនោះ រួមមានបន្លែ ផ្លែឈើ ពពួកសណ្តែក… ដែលធ្វើឲ្យអ្នកឆាប់ឆ្អែត ហើយក៏ងាយស្រួលក្នុងការញ៉ាំផងដែរ។
២. ញ៉ាំកាបូអុីដ្រាតកម្រិតទាប តែប្រូតេអុីនគ្មានជាតិខ្លាញ់ឲ្យបានច្រើន
ការទទួលទានអាហារដែលមានកម្រិតកាបូអុីដ្រាតទាប (មាននៅក្នុងបន្លែបៃតង ត្រី គ្រាប់ធញ្ញជាតិ…) តែក្នុងរយៈពេលប៉ុន្មានថ្ងៃ ក៏អាចឲ្យអ្នកស្រកគីឡូបានខ្លះដែរតាមរយៈការបន្ថយនូវបរិមាណខ្លាញ់ និងទម្ងន់ទឹកដែលលើស។ ស្របពេលជាមួយគ្នា អ្នកត្រូវបន្ថែមនូវប្រូតេអុីន (ពពួកសណ្តែក ដំឡូង ស៊ុត ត្រីធូណា ត្រីសាល់ម៉ុន…) ទៅក្នុងរបបអាហារឲ្យបានច្រើនដើម្បីឲ្យឆាប់ឆ្អែត និងបង្កើនសកម្មភាពរំលាយអាហារ។
៣. កាត់បន្ថយបរិមាណកាល់ឡូរី
បើអ្នកមិនទទួលទានកាល់ឡូរីតិចទេ ទម្ងន់ និងបរិមាណខ្លាញ់របស់អ្នកក៏មិនថយចុះដែរ។ អ្នកអាចសាកល្បងនូវវិធីទាំងនេះដោយធ្វើការរាប់ ឬកត់ត្រានូវបរិមាណកាល់ឡូរីដែលអ្នកទទួលទាន ញ៉ាំតែអាហារគោលៗ (ចៀសវាងអាហារសម្រន់) កាត់បន្ថយគ្រឿងទេស និងទឹកជ្រលក់ដែលមានកាល់ឡូរីខ្ពស់ ញ៉ាំប្រូតេអុីនមានជាតិខ្លាញ់ទាប (សាច់មាន់ ត្រី…)។
៤. រៀបចំកាលវិភាគនៃការតមអាហារផ្ទាល់ខ្លួន
មានកាលវិភាគ ក៏ដូចជាក្បួនខ្នាតមួយចំនួនដែលអ្នកអាចសាកល្បងបានទៅតាមចំណូលចិត្ត និងការប្តេជ្ញាចិត្តរបស់អ្នក ក្នុងនោះមានដូចជា ការតមអាហារ ៥ម៉ោងក្រោយអាហារនីមួយៗជារៀងរាល់ថ្ងៃ ការតមអាហារ ២ថ្ងៃក្នុងមួយសប្តាហ៍ ដោយញ៉ាំតែក្នុងបរិមាណតិច ឬតែក្នុងអំឡុងពេលម៉ោងក្រោយអាហារនីមួយៗ។ល។ យ៉ាងណាមិញ អ្នកគួរតែកុំតមក្នុងថ្ងៃដូចគ្នានឹងថ្ងៃដែលអ្នកហាត់ប្រាណ ឬហាត់កីឡា។
៥. ហាត់កីឡាលើកដុំដែក និងលំហាត់ប្រាណបែប High-Intensity Interval
ការស្រាវជ្រាវបង្ហាញថា ការហាត់ប្រាណបែប High-Intensity Interval (ដែលភាគច្រើនប្រើប្រាស់ថាមពលខ្លាំង និងបង្កើនចង្វាក់បេះដូងខ្ពស់) មានប្រសិទ្ធភាពក្នុងការសម្រកខ្លាញ់ និងទម្ងន់ដល់ទៅ ៥ដងជាងលំហាត់ប្រាណធម្មតា។ ចំណែកឯការលើកដុំដែក ក៏ជួយកាត់បន្ថយខ្លាញ់មិនល្អ ហើយក៏ជួយពន្លឿនល្បឿននៃការស្រកទម្ងន់តាមរយៈការសម្រួលដល់ចលនារំលាយអាហារ និងអ័រម៉ូនកម្ចាត់ជាតិខ្លាញ់ទៀតផង។ អ្នកគួរធ្វើវាយ៉ាងតិច ៣ទៅ ៤ដងក្នុងមួយសប្តាហ៍។
៦. កម្ចាត់ចោលនូវបរិមាណជាតិទឹកដែលលើស
មានវិធីសាស្ត្រមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីសម្រាល ក៏ដូចជាច្រានចោលនូវទម្ងន់នៃបរិមាណទឹកដែលលើស។ ជាក់ស្តែង ការញ៉ាំកាហ្វេ ការញ៉ាំទឹកមានសារធាតុអេឡិចត្រូលីតអាចកាត់បន្ថយបញ្ហាស្ត្រេស ការទទួលទានសារធាតុបំប៉នខ្លះ ក៏ដូចជាអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់… សុទ្ធតែអាចជួយអ្នកបានយ៉ាងមានប្រសិទ្ធភាព។
៧. មានជីវភាពរស់នៅដែលសកម្ម
ការប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រចាំថ្ងៃដែលសកម្ម ក៏អាចជាចំណែកមួយដ៏សំខាន់ក្នុងការសម្រកទម្ងន់បានរហ័សផងដែរ។ អ្នកគួរតែមានទម្លាប់ងាយៗមួយចំនួនដូចជា ដើរ ឬជិះកង់ទៅទីកន្លែងមួយចំនួន ប្រើជណ្តើរជើងជំនួសឲ្យជណ្តើរយន្ត ឬជណ្តើរប្រអប់ ដើរលេងកម្សាន្តនៅខាងក្រៅ ឈរឲ្យត្រង់ខ្លួនឲ្យបានច្រើន បោសសម្អាតផ្ទះ រៀបចំសួនច្បារ ឬសួនផ្កា។ល។
គួរបញ្ជាក់ផងដែរថា អ្នកមិនចាំបាច់អនុវត្តតាមគ្រប់ចំណុចក៏បានដែរ តែបើធ្វើបានកាន់តែច្រើន នឹងរឹតតែប្រសើរ…
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ