ជំងឺទឹកនោមផ្អែមជាឃាតករលាក់មុខ
តើជំងឺទឹកនោមផ្អែមជាអ្វី?
ជាជំងឺរ៉ាំរ៉ៃដែលមានកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ និងមិនឆ្លង ហើយមិនអាចព្យាបាលឲ្យជាសះស្បើយទេ តែអាចបង្ការបាន។ ចំណែកកត្តាហានិភ័យនៃជំងឺទឹកនោមផ្អែមរួមមាន៖
• ទម្លាប់នៃការទទួលទានអាហារមិនមានសុខភាព
• កង្វះកាយវប្បកម្ម (សកម្មភាពរាងកាយ)
• លើសទម្ងន់ ឬធាត់
• ការជក់បារី
• កម្រិតជាតិស្ករក្នុងឈាមមិនធម្មតា អំឡុងពេលមានផ្ទៃពោះ
• ការវិវឌ្ឍនៃអាយុកាល ចាស់ជរា អាយុច្រើន
• ប្រវត្តិគ្រួសារ។
តើខ្ញុំមានជំងឺទឹកនោមផ្អែមទេ?
ដើម្បីដឹងថាអ្នកមានជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ មានរោគសញ្ញាសំខាន់ៗបី ដូចខាងក្រោម៖
• នោមញឹកញាប់
• ផឹកទឹកច្រើន
• ហូបច្រើន។
រោគសញ្ញាទូទៅ
ការស្រកទម្ងន់ អស់កម្លាំង មានអារម្មណ៍ងងុយគេង បន្ទាប់ពីបរិភោគអាហារ។ដោយឡែកក៏មានរោគសញ្ញាដទៃទៀតដូចជា៖
• ព្រឹលភ្នែក
• រមាស់នៅតំបន់ប្រដាប់បន្តពូជ
• ការរលាកអណ្តាត
• ស្ពឹកដៃជើង ការព្យាបាលរបួសមិនងាយសះស្បើយ និងការបង្ករោគលើស្បែក។
តើខ្ញុំត្រូវទៅមណ្ឌលសុខភាពនៅពេលណា?
• ពិគ្រោះជាមួយគ្រូពេទ្យ គិលានុបដ្ឋាយិកា ដើម្បីធ្វើតេស្តកម្រិតជាតិស្ករនៅក្នុងឈាម ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេល។
• ប្រសិនបើអ្នកមានអាយុ៤០ឆ្នាំឡើង ទោះជាមិនមានរោគសញ្ញាដូចខាងលើ ឬមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើ ការធ្វើរោគវិនិច្ឆ័យនិងការព្យាបាលទាន់ពេលអាចបង្ការ ឬពន្យារផលវិបាកដែលកើតឡើងនៅក្នុងផ្នែកជាច្រើននៃរាងកាយ និងបន្ថយការប្រឈមនៃការស្លាប់មុនអាយុ។ ផលវិបាកនៃជំងឺទឹកនោមផ្អែមរួមមាន៖
• គ្រោះថ្នាក់សរសៃឈាមខួរក្បាល
• ងងឹតភ្នែក
• គាំងបេះដូង
• ជំងឺខ្សោយតម្រងនោម
• កាត់អវយវៈ (ជើង)។
តើអាចទប់ស្កាត់ជំងឺទឹកនោមផ្អែមយ៉ាងដូចម្តេច?
ដើម្បីបង្ការ ឬពន្យារពេលនៃការចាប់ផ្តើមជំងឺទឹកនោមផ្អែមប្រភេទទី ២ និងផលវិបាករបស់វាអ្នកគួរតែ៖
• ថែរក្សាទម្ងន់រាងកាយឲ្យមានសុខភាពល្អ (មិនឲ្យធាត់)
• ហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទី
• ទទួលទានអាហារដែលមានសុខភាពល្អ អាហារចម្រុះ ទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន
• ចៀសវាងអាហារ ភេសជ្ជៈដែលមានជាតិស្ករ និងជាតិខ្លាញ់ឆ្អែត
• ចៀសវាងការជក់បារី និងការពារពីការស្រូបផ្សែងបារី។
តើគេអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរបៀបណា?
ប្រសិនបើអ្នករកឃើញថាកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកមានកម្រិតខ្ពស់សូមទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទោះបីជាអ្នកមិនមានរោគសញ្ញាក៏ដោយ ការខូចខាតដល់សរីរាង្គអាចបង្កើនការស្លាប់បាន។ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកអាចចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រងស្ថានភាពរបស់អ្នក។ ដោយអ្នកត្រូវ៖
• លេបថ្នាំឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ
• ទទួលទានអាហារតាមរបបកំណត់ និងលេបថ្នាំឲ្យបានទៀងទាត់តាមពេលវេលាកំណត់
• ត្រូវដឹងពីអ្វីដែលអ្នកគួរធ្វើនៅពេលអ្នកមានកម្រិតជាតិស្ករក្នុងឈាមថយចុះ
• ធ្វើការហាត់ប្រាណឲ្យបានទៀងទាត់
• ចៀសវាងការជក់បារី និងបពា្ឈប់ការប្រើគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់
• តាមដានកម្រិតជាតិស្ករក្នុងឈាមនៅផ្ទះ (ប្រសិនបើអាចធ្វើបាន)។
បកស្រាយដោយ៖ វេជ្ជបណ្ឌិត ឡាក់ ឡេង ឯកទេសសុខភាពសាធារណៈ អនុប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៥
2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ