Menu

Signing Ceremony on Cooperation between Vissar Medical and Nursing Centre and Healthtime Corporation


Signing Ceremony on Cooperation between Vissar Medical and Nursing Centre and Healthtime Corporation

វគ្គសិក្សាស្តីអំពីភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន និងមន្ទីរសម្រាកព្យាបាលវិសារ ដែលត្រូវបានធ្វើឡើងជាផ្លូវការនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០នេះក្រោយពីមានជំនួបពិភាក្សាជាច្រើនលើកកន្លងមក និងការបង្ហាញនូវទស្សនៈវិស័យរួមគ្នា ដើម្បីឆ្លើយតបនឹងតម្រូវការ ក៏ដូចជាការសំណូមពរពីដៃគូសហការព្រមទាំងអតីតសិក្ខាកាមជាច្រើន ជាពិសេសក្នុងវិស័យគ្លីនិកមន្ទីរពេទ្យតែម្តង។

តាមរយៈប្រសាសន៍របស់លោកស្រី ប៊ូ មល្លិកា ស្ថាបនិកនៃ Vissar Medical and Nursing Center បានឲ្យដឹងថាវគ្គសិក្សានេះត្រូវបានបង្កើតឡើងដោយមើលឃើញថាក្នុងវិស័យសុខាភិបាលរបស់យើងនៅមានចំណុចដែលត្រូវធ្វើការរួមគ្នា និងជាពិសេសគឺការពង្រឹងលើផ្នែកផ្តល់សេវាកម្មនៅក្នុងបរិបទសុខាភិបាល ដែលមិនសំដៅតែក្នុងគ្លីនិកមន្ទីរពេទ្យ តែក៏រួមបញ្ជូលទាំងឱសថស្ថាន និងកន្លែងផ្តល់សេវាសុខភាពផ្សេងៗទៀតផងដែរ។ លោក សាំង​ តារារស្មី ស្ថាបនិកនៃក្រុមហ៊ុន ហ៊ែលថាម ខបភើរេសិន ក៏បានបន្ថែមផងដែរថាបដិសណ្ឋារកិច្ចជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យសុខាភិបាលដែលអាចចូលរួមផ្តល់ប្រជាជនយើងនូវសេវាកម្មសុខាភិបាលមួយដែលល្អជាងបច្ចុប្បន្ន ហើយយើងរំពឹងទុកថាជំនាញនេះក៏នឹងចូលរួមមួយចំណែកនឹងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ លើសពីនេះ លោកក៏បានបង្ហើបផងដែរអំពីការពង្រីកដៃគូសហការទាំងជាតិ និងអន្តរជាតិបន្ថែមទៀតដើម្បីឲ្យការផ្តល់សេ​វាកម្ម ក៏ដូចជាការបណ្តុះបណ្តាលផ្សេងៗទៀតក្នុងវិស័យសុខាភិបាលយើងកាន់តែប្រសើរ។

ទាក់ទងនឹងវគ្គសិក្សានេះ ក៏ត្រូវបានឲ្យដឹងផងដែរថានឹងផ្តោតលើការបណ្តុះបណ្តាល ២សំខាន់ៗសម្រាប់បុគ្គលិក និងអ្នកជំនាញសុខាភិបាលក្នុងការងារផ្តល់សេវាកម្មសុខភាព ដោយក្នុងនោះរួមមាន វគ្គបណ្តុះបណ្តាលលើបច្ចេកទេសបដិសណ្ឋារកិច្ចដ៏ល្អ និងវគ្គអភិវឌ្ឍបុគ្គលិកលក្ខណៈជាអ្នកដឹកនាំល្អក្នុងបរិបទសុខាភិបាល ដែលទាំងនេះធ្វើឡើងមិនមែនសម្រាប់តែបុគ្គលិកដែលស្ថិតក្នុងថ្នាក់ជាអ្នកគ្រប់គ្រង នាយផ្នែក ឬនាយកឡើយតែគឺសម្រាប់បុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់តែម្តង សម្រាប់ធ្វើការអភិវឌ្ឍខ្លួន និងដឹកនាំក្រុមការងារប្រកបដោយប្រសិទ្ធភាព និងភាពរីកចម្រើនទៅមុខ។

គួររំលឹកឡើងវិញថា វិសារ ធ្លាប់មានបទពិសោធន៍ជោគជ័យរួចមកហើយក្នុងការផ្តល់សេវាកម្មដោយផ្ទាល់ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលទៅដល់បុគ្គលិក និងថ្នាក់ដឹកនាំនៃបណ្តាដៃគូសហការនានាទៅលើបច្ចេកទេសនៃការធ្វើបដិសណ្ឋារកិច្ច និងភាពជាអ្នកដឹកនាំក្នុងបរិបទសុខាភិបាល។ ដោយឡែក ក្រុមហ៊ុនហ៊ែលថាម ខបភើរេសិន ក៏មានបទពិសោធន៍បង្កើតឡើងនូវវគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយដែរនាប៉ុន្នានឆ្នាំកន្លងមកនេះ ដោយអមជាមួយនូវបទពិសោធន៍ជាង ៧ ឆ្នាំក្នុងការធ្វើការ និងទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយនឹងក្រុមគ្រូពេទ្យ អ្នកជំនាញសុខាភិបាល ព្រមទាំងស្ថាប័នរដ្ឋក៏ដូចជាឯកជនជាច្រើនក្នុងការបង្កើតជាសហគមន៍មួយនៃអ្នកវិជ្ជាជីវសុខាភិបាល ដែលអាចធ្វើការជាមួយគ្នា និងសហការគ្នាបានយ៉ាងប្រសើរផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីវគ្គសិក្សាស្តីពី “ភាពជាអ្នកដឹកនាំ និងបដិសណ្ឋារកិច្ចក្នុងបរិបទសុខាភិបាល” សូមធ្វើការតាមដានលើទំព័រហ្វេសបុកជាផ្លូវការរបស់ ហ៊ែលថាម គឺ Healthtime Pro ឬទំនាក់ទំនងមកលេខ 069 888 959 / 077 888 075។ 

2020 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporationចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


Share:

Related Articles