Menu

ទង្វើ និងសុខភាពឆ្អឹងដែលអ្នកគួរដឹង


ទង្វើ និងសុខភាពឆ្អឹងដែលអ្នកគួរដឹង

លោកអ្នកប្រាកដជាធ្លាប់លឺថានៅពេលចាស់ទៅ ឆ្អឹងនឹងចុះខ្សោយ ឧស្សាហ៍ឈឺ និងពិបាកធ្វើចលនាចុះឡើងហើយមែនទេ? តែផ្ទុយទៅវិញ មនុស្សមួយចំនួនមានសុខភាពឆ្អឹងចាប់ផ្តើមចុះខ្សោយឆាប់រហ័សជាងមនុស្សធម្មតាហើយក៏បង្កទៅជាការឈឺចាប់ និងមិនងាយធ្វើការបត់បែនផ្សេងៗជាដើម។ ដូច្នេះ យើងខ្ញុំនឹងបង្ហាញដើមចមដែលមនុស្សមួយភាគធំបានធ្វេសប្រហែស និងមិនបានដឹងថាទង្វើទាំងនោះបានជះឥទ្ធិពលអាក្រក់ដល់សុខភាពឆ្អឹងរបស់ពួកគេទេ។

១. ការបរិភោគអំបិលច្រើនហួសកំណត់
នៅពេលដែលអ្នកបរិភោគអំបិលកាន់តែច្រើននោះសារធាតុកាល់ស្យូមនៅក្នុងខ្លួននឹងកាត់បន្ថយ ដូច្នេះ ឆ្អឹងអាចនឹងមិនមានសភាពរឹងមាំ។ អាហារដែលសម្បូរសារជាតិអំបិលលើសចំនួនកំណត់មានដូចជា នំបុ័ង ហ្វ្រូម៉ា ដំឡូងកញ្ចប់ជាដើម។ យ៉ាងណាមិញ លោកអ្នកមិនចាំបាច់ឈប់ញុំាអាហារដែលមានជាតិប្រៃទាំងស្រុងនោះទេតែគួរតែពិសាក្នុងចំនួនតិចជាង២៣០០មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ។

២. ការចំណាយពេលច្រើននៅក្នុងផ្ទះ
លោកអ្នកគួរតែចេញទៅក្រៅឲ្យបានច្រើនបន្តិច ពីព្រោះខ្លួនរបស់អ្នកត្រូវការបង្កើតវីតាមីនដេក្រោមឥទ្ធិពលពន្លឺព្រះអាទិត្យ។ ជាការពិតណាស់ លោកអ្នកគ្រាន់តែចំណាយ១០-១៥នាទីជារៀងរាល់ថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែមិនត្រូវចំណាយពេលច្រើននៅក្រោមពន្លឺថ្ងៃពេកទេព្រោះវាអាចត្រឡប់ទៅជាឲ្យលោកអ្នកជួបបញ្ហាស្បែកទៅវិញ។

៣. របបអាហារ
នៅពេលខ្លះអាយុ-ពណ៌ស្បែករបស់អ្នក និងកន្លែងដែលអ្នករស់នៅអាចឲ្យលោកអ្នកមានការលំបាកស្រូបយកវីតាមីនដេពីព្រះអាទិត្យដូច្នេះរបបអាហារក៏អាចជួយលោកអ្នកបានមួយផ្នែកដែរតួយ៉ាងដូចជា គ្រាប់ធញ្ញជាតិ ទឹកដោះគោ គ្រាប់អាល់ម៉ុន សណ្តែកសៀង និងអាហារមិនសូវសម្បូរសារធាតុខ្លាញ់។ ក្រៅពីនេះ លោកអ្នកក៏អាចរកអាហារជំនួយបន្ថែមពីគ្រូពេទ្យផងដែរ។

៤. ការសេពគ្រឿងស្រវឹង
នៅពេលដែលអ្នកដើរលំហែនៅខាងក្រៅជាមួយមិត្តភកិ្តតែងតែមានការផឹកគ្រឿងស្រវឹងតិចឬច្រើន ដូចនេះលោកអ្នកគួរតែកំណត់ចំនួនដែលត្រូវផឹកឲ្យបានសមស្រប និងត្រឹមត្រូវដូចជាមនុស្សស្រីមិនគួរផឹកលើសពីមួយកែវទេ ឯមនុស្សប្រុសវិញក៏មិនគួរផឹកលើសពី២កែវដែរពីព្រោះសុរាអាចរារាំងខ្លួនប្រាណអ្នកក្នុងការស្រូបយកសារធាតុកាល់ស្យូម។

៥. ផឹកភេសជ្ជៈមិនត្រឹមត្រូវ
ការផឹកភេសជ្ជៈកំប៉ុងដែលមានផ្ទុកជាតិសូដាច្រើនពេកធ្វើឲ្យឆ្អឹងមានការខូចខាតបើផ្អែកតាមរយៈការសិក្សាស្រាវជ្រាវមួយចំនួន។ មិនតែប៉ុណ្ណោះ ជាតិកាហ្វេអ៊ីន និងផូស្វ័រក៏អាចបង្កបញ្ហាដែរ ដូច្នេះលោកអ្នកគួរតែផ្លាស់ប្តូរទម្លាប់ដោយងាកមកទទួលទានទឹកដោះគោ ឬភេសជ្ជៈមានផ្ទុកសារធាតុកាល់ស្យូមវិញល្អជាង។

៦. ផ្សែងបារី
រៀងរាល់ពេលដែលអ្នកដកដង្ហើមដោយមានស្រូបនូវផ្សែងបារីនោះខ្លួនប្រាណរបស់លោកអ្នកនឹងមិនអាចផលិតជាលិកាឆ្អឹងថ្មីបានឆាប់រហ័សទេ ហើយប្រសិនបើជាលោកអ្នកជក់បារីកាន់តែយូរផលអវិជ្ជមាននឹងកាន់តែកើនឡើង។ ហេតុដូចនេះ លោកអ្នកគួរតែបញ្ឈប់ការជក់បារី ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ឆ្អឹងដែលអាចនឹងកើតមានឡើងទោះបីជាមានភាពលំបាកបន្តិចក៏ដោយ។

៧. ការប្រើប្រាស់ថ្នាំ
ប្រសិនបើអ្នកប្រើប្រាស់ថ្នាំក្នុងរយៈពេលយូរពេកនោះអ្នកអាចប្រឈមមុខបញ្ហាឆ្អឹងជាមិនខាន។ ថ្នាំមួយចំនួនអាចមានផលប៉ះពាល់ដល់សុខភាពឆ្អឹងដូច្នេះអ្នកគួរតែមានការប្រុងប្រយ័ត្នខ្ពស់ហើយ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។

៨. មានទម្ងន់ស្រាល
ជាធម្មតា មនុស្សដែលមានទម្ងន់ស្រាលជាងមនុស្សធម្មតាដែលមានវ័យស្របាលគ្នាអាចមានការប្រឈមខ្ពស់ក្នុងការបាក់បែកឆ្អឹងដូច្នេះ ប្រសិនបើលោកអ្នកមានឆ្អឹងតូចលោកអ្នកគួរតែធ្វើលំហាត់ប្រាណមួយចំនួន និងជួបជាមួយវេជ្ជបណ្ឌិត ដើម្បីពិភាក្សាថាតើអ្នកគួរបន្ថែមឬញុំាអាហារដែលមានសារធាតុកាល់ស្យូមដែរឬទេ។

៩. ត្រូវមានបម្រុងប្រយ័ត្នជានិច្ច
នៅពេលក្មេងៗដួល ជាការពិត ឆ្អឹងខ្ចីនឹងងាយដុះលូតលាស់ឡើងវិញ ប៉ុន្តែបើមនុស្សចាស់ដួលវិញឆ្អឹងមិនងាយនឹងដុះមកវិញទេហើយទាមទាររយៈពេលយូរដើម្បីជាសះស្បើយ។  ហេតុដូចនេះ លោកអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដូចជាពេលឡើងកាំជណ្តើរ ជាន់លើកៅអីដើម្បីឈោងយករបស់ខ្ពស់ជាដើម។


Share:

Related Articles