
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ពីការផ្សព្វផ្សាយខុសពីការពិតសារជាតិបន្សាបគ្រឿងញៀន

តាមរយៈ សេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ក្រសួងមិនបានទទួលស្គាល់ថា ឱសថបុរាណ របស់លោកគ្រូក្មេង ថោង សុខុន ដែលជាស្វាមីរបស់អ្នកស្រី ស្វែង សុជាតា ថាមានសារជាតិបន្សាបជួយបន្សាបគ្រឿងញៀនទេ ដែលការផ្សព្វផ្សាយព័ត៌មានរបស់បណ្តាញទំនាក់ទំនងសង្គម ដែលមានឈ្មោះថា បាយក្តាំង ដែលបានចុះផ្សាយថ្ងៃទី០៦ ខែមេសា មានចំណងជើងថា <ស្វែង សុជាតា បញ្ជាក់ថា ថ្នាំបន្សាបសារជាតិញៀនរបស់ប្តីក្មេងនាងត្រូវក្រសួង ទទួលស្គាល់ហើយ> និងទំព័រកាសែតភ្នំពេញប៉ុសិ៍្ត ដែលចុះផ្សាយថ្ងៃទី០៧ ខែមេសា មានចំណងជើងថា<ស្វែង សុជាតា ថា ថ្នាំបន្សាបគ្រឿងញៀនត្រូវក្រសួងចុះពិនិត្យរួចរាល់ហើយ> ជាការបំផ្លើសពីការពិតទាំងស្រុង។
ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន រួចមកហើយលើការផ្សព្វផ្សាយមិនត្រឹមត្រូវពីប្រសិទ្ធភាពបន្សាបថ្នាំញៀននៃឱសថបុរាណនេះ ហើយក៏មានការចុះស្រាវជ្រាវជាបន្ទាន់ដែរ និងជួបជាមួយលោកថោង សុខុន ដោយលោកបានយល់ព្រមបញ្ឈប់ការផ្សព្វផ្សាយប្រាសចាកការពិត ពីបណ្តាញទំនាក់ទំនងសង្គម និងព្រមគោរពច្បាប់ទម្លាប់ផងដែរ។
ក្រសួងសុខាភិបាល តាមរយៈគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ មិនទទួលស្គាល់ឱសថប្រភេទនេះ និងការបើកកន្លែងព្យាបាលឱសថបុរាណរបស់លោកគ្រូក្មេង ថោង សុខុននេះឡើយ ហើយនឹងចាត់់វិធានការតាមផ្លូវច្បាប់។
ក្រសួងសុខាភិបាល សូមបដិសេដមិនទទួលស្គាល់នូវការលើកឡើងដូចអត្ថបទខាងលើ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការឃោសនាបោកប្រាស់ ពីការព្យាបាលដោយឱសថបុរាណ និងការបន្សាបគ្រឿងញៀនរបស់លោកគ្រូក្មេងនេះ។ សូមប្រជាជន ស្វែងរកការព្យាបាលជាមួយគ្រូពេទ្យ ដែលមានជំនាញ និងមានការបណ្តុះបណ្តាលត្រឹមត្រូវនៅតាមមូលដ្ឋានសុខាភិបាល។
ប្រភព ៖ ទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល