យុវវ័យសម័យថ្មីចូលចិត្តញ៉ាំអ្វីប្លែកៗ
យុវជនយុវតីចូលចិត្តអី្វដែលទាន់សម័យ ហើយប្លែកៗ…ម៉្លោះហើយបានជាអាហារបច្ចុប្បន្នក៏មានភាពប្លែកៗស្ទើរតែនឹកស្មានមិនដល់។ ពេលនេះHealth Time Pub នាំមិត្តអ្នកអានទៅស្គាល់អាហារប្លែកៗប៉ុន្មានមុខនេះមើល៎ ទំនងញុំាអត់?
ប៊ឺហ្គឺខ្មៅ អញ្ចឹងទំនងញុំាអត់?
បើមើលពីរូបរាងខាងក្រៅខ្មៅៗអញ្ចឹង…ដូចជាមិនទំនងញុំាសោះ…តែបើអ្នកបានញុំាហើយ ពិតជាចង់ញុំាជារៀងរាល់ថ្ងៃ ហើយក៏ប្រហែលជាមើលយូរៗឃើញថា ប៊ឺហ្គឺខ្មៅដូចអាហ្រ្វិកអញ្ចឹង Cuteដែរតាស៎…
បើនិយាយពីប៊ឺហ្គឺពណ៌ខ្មៅបែបនេះ អ្នកអាចនឹកឃើញដល់myBurgerLab ដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១២។ អីយ៉ា!!!ទើបតែ៤ឆ្នាំសោះ មានដល់ទៅ៤សាខានៅម៉ាឡេស៊ីហើយមកដល់ស្រុកយើងបាត់ ធ្លាប់តែឮថាម៉ាក ២០ ឆ្នាំ៣០ឆ្នាំទើបពង្រីកសាខាក្រៅប្រទេស។ អញ្ចឹងអាហារនេះពិតជាមិនធម្មតាទេ...
ថាធ្យូង…ធ្យូងមែន៎!!!
សម្បកនំបុ័ងមានពណ៌ខ្មៅដោយសារតែវាធ្វើឡើងពីម្សៅធ្យូង ដែលមិនត្រឹមតែផ្តល់ភាពទាក់ទាញទាំងរូបរាង និងរសជាតិតែប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ដល់សុខភាពផងដែររួមមានការជួយសម្រួលដល់អាការៈហើមពោះ និងឆ្អល់ពោះដោយការស្រូបយកសារធាតុមិនល្អពីក្នុងប្រព័ន្ធរំលាយអាហារ។ ចំណែកគ្រឿងផ្សំមានច្រើនមុខដូចជាសាឡាដ ត្រាវបំពង សណ្តែកដី ប្លូប៊ឺរី គីមឈី បន្លែសរីរាង្គគ្មានសារធាតុគីមី សាច់ស្រស់ៗដូចជាទ្រូងមាន់ដែលសម្បូរដោយជាតិប្រូតេអ៊ីន សាច់គោយកមកពីអាមេរិកដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ ថែមទាំងមានសុវត្ថិភាពទៀតផង។
ណាគេថាប៊ឺហ្គឺមិនហិរ ប្លែកទៀតហើយ…
សម្រាប់អ្នកដែលចូលចិត្តញុំាហិរពិតជាត្រូវប៉ាន់ហើយ myBurgerLabលើកនេះមាននាំមកជូននូវមេនញូបែបហិរហិរ គឺSuper spicy Gwang Wang Doដែលវាត្រូវបានដាក់ជាមួយម្ទេសចំនួន៦គ្រាប់។ ញាក់សាច់ដែរហ្នឹង…ហ៊ានមកផ្ចាញ់គ្នាដែរអត់ហ្នឹង?
ការ៉េមផ្លែឈើ
ធ្លាប់តែឃើញការ៉េមមានរសជាតិផ្លែឈើផ្សេងៗ ដែលញុំាទៅឡើងជក់មាត់ តែឥឡូវការ៉េមមួយបែបទៀតក៏លេចឡើង គឺមានទាំងរសជាតិ និងសាច់ផ្លែឈើតែម្តង…គ្រាន់តែឃើញ…ចង់ញុំាបាត់ទៅហើយ ជាពិសេសត្រង់ស្នូលផ្លែ ស្ត្រ័របឺរី និងគីវីហ្នឹងហ្មង…ការ៉េមស្រស់ៗបែបហ្នឹង ជឿថាលោកអ្នកមិនទាន់បានឃើញច្រើនទេ តែលោកអ្នកអាចរកបាននៅLa Popsនៅផ្លូវប៉ាស័្ទរ និងសាខាមួយចំនួនទៀត។ ការ៉េមបែបនេះមិនត្រឹមតែ Cuteហើយឆ្ងាញ់នោះទេ ថែមទាំងមិនមានបញ្ចូលពណ៌ និងក្លិនដែលធ្វើឲ្យប៉ះពាល់សុខភាពទៀតផង។
នៅមានមុខម្ហូបប្លែកៗជាច្រើនទៀតដែលអាចរកញ៉ាំបានទៅតាមចំណង់ចំណូលចិត្តរបស់អ្នក...ហើយត្រុវចំាថា«សុខភាពជាចម្បង កុំឲ្យរំលងអាហារបីពេល»ណា៎!!!
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ