សកម្មភាពទាំង៥សម្រាប់ចុងសប្តាហ៍នៅភ្នំពេញ
ធ្វើការងារ ក៏ដូចជារៀន៥ថ្ងៃជាប់គ្នាហើយ…ម្នាក់ៗប្រាកដជាទន្ទឹងរង់ចាំឲ្យដល់ថ្ងៃចុងសប្តាហ៍ ដើម្បីបានសម្រាក និងលំហែផ្លូវកាយ ក៏ដូចជាផ្លូវចិត្ត…ក្នុងករណីដែលមិនមានពេលគ្រប់គ្រាន់ទៅដើរកម្សាន្តនៅក្រៅក្រុង ឬក្រៅប្រទេសនោះ យើងខ្ញុំក៏សូមធ្វើការណែនាំនូវសកម្មភាព៥យ៉ាងសម្រាប់កំដរថ្ងៃចុងសប្តាហ៍របស់អ្នក ដោយមិនចាំបាច់ទៅណាឆ្ងាយដូចគ្នា ប៉ុន្តែគិតថាវានឹងក្លាយជាថ្ងៃចុងសប្តាហ៍ដែលអ្នកចង់បាន។
មើលថ្ងៃរះនៅស្តាតអូឡាំពិក
ការចាប់ផ្តើមថ្ងៃថ្មីពិតជាសំខាន់ណាស់ ប្រសិនបើអ្នកគេងយូរពេក អ្នកនឹងរំលងអាហារពេលព្រឹក ហើយប្រហែលជាអាចមានអារម្មណ៍ខ្ជិលពេញមួយថ្ងៃតែម្តង។
អញ្ចឹង...ថ្ងៃចុងសប្តាហ៍នេះ សាកក្រោកពីព្រលឹម ស្លៀកពាក់បែបកីឡាទៅស្តាតអូឡាំពិក រត់លេងបន្តិចឲ្យចេញញើស ហើយមើលពីភាពស្រស់ស្រាយរបស់អ្នកនៅជុំវិញដែលខ្លះកំពុងរត់ ខ្លះក៏រាំ និងហាត់កីឡាផ្សេងៗ អ្នកនឹងមានអារម្មណ៍ប្លែក និងស្វាហាប់ខុសពីធម្មតា។ ស្របពេលដែលព្រះអាទិត្យកំពុងរះ អ្នកក៏អាចឆ្លៀតស្រូបយកកម្តៅព្រះអាទិត្យពេលព្រលឹមដែលមានអត្ថប្រយោជន៍ដល់សុខភាព និងកុំភ្លេចផ្តិតយករូបភាពស្អាតៗដែលធ្វើឲ្យស្រឡះចិត្តផងដែរ។
អ្វីដែលមិនគួរមើលរំលងនោះ គឺអាហារសុខភាពជាច្រើនប្រភេទនៅទីនោះ ដូចជា បបរល្ង តៅហ៊ូ ទឹកសណ្តែក និងទឹកផ្លែឈើកិនស្រស់ៗជាដើម។ ម៉ោង៧កន្លះ ឬ៨ព្រឹក សមល្មមឲ្យអ្នកត្រឡប់ទៅផ្ទះវិញ ងូតទឹក ទទួលទានអាហារពេលព្រឹក និងចាប់ផ្តើមថ្ងៃចុងសប្តាហ៍ដ៏ល្អរបស់អ្នកបន្តទៀត។
ធ្វើម្ហូបញុំាដោយខ្លួនឯង ឬសម្រាប់គ្រួសារ
ភាពមមាញឹកនឹងការសិក្សា និងការងារអាចធ្វើឲ្យអ្នកខ្វះភាពស្និទ្ធស្នាលក្នុងគ្រួសារ។ សាកល្បងធ្វើម្ហូបសម្រាប់ខ្លួនឯង ឬសម្រាប់គ្រួសារអ្នកម្តងមើល៎…អ្នកអាចនឹងមានអារម្មណ៍ប្លែក និងសប្បាយ បើទោះបីជាអ្នកមិនសូវពូកែធ្វើម្ហូបក៏ដោយ។ ហើយរសជាតិអាហារនៅចុងសប្តាហ៍នេះ អាចភ្លក្សនៅផ្ទះជុំគ្នាក៏បាន ឬក៏រៀបចំទៅពិកនិកនៅក្បែរៗក្រុងក៏កាន់តែល្អ។
អង្គុយលេងនៅហាងកាហ្វេ
អង្គុយញុំាកាហ្វេនៅថ្ងៃចុងសប្តាហ៍អាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ អ្នកអាចទៅហាងកាហ្វេដែលមានសភាពអ៊ូអរដូចជាBrown ឬStarbucks មើលគេឯង ឬជួបជុំមិត្តភក្តិជជែកកំសាន្តបំបាត់ស្ត្រេស តែកុំច្រឡំថាទៅចុចទូរស័ព្ទណា៎!!!
មួយបែបទៀត គឺសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់ ដែលហាងកាហ្វេបែបធម្មជាតិ គឺជាជម្រើសល្អបំផុតដូចជាកាហ្វេEM ឬThe Museum Caféជាដើម។ ដោយគ្រាន់តែអង្គុយអានសៀវភៅដែលអ្នកចូលចិត្ត និងស្តាប់ភ្លេងកំដរតិចៗក៏គ្រប់គ្រាន់ក្នុងការទទួលបានអារម្មណ៍ល្អៗបានហើយ។
សាកល្បងអ្វីដែលថ្មី
ព្យាយាមសាកល្បងអ្វីដែលថ្មីខ្លះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាងមុនដូចជា ជិះកង់កំសាន្ត លេងប៊ូលីង ហាត់យោគៈ ឡើងជញ្ជាំង (Mountain Climbing) ជិះស្គី ឬជិះស្គីទឹកកកជាដើម។ ថ្ងៃចុងសប្តាហ៍ ជាថ្ងៃដែលអ្នកអាចសន្សំបទពិសោធន៍ថ្មីៗ និងស្វែងរកចំណូលចិត្ត ឬទេពកោសល្យដែលមិនធ្លាប់ដឹងសម្រាប់ជីវិត…ដូចនេះ មិនថាអ្នកធ្លាប់ ឬមិនធ្លាប់ ពូកែ ឬក៏អត់ ចូលចិត្ត ឬមិនចូលចិត្ត សាកល្បងទៅ…បានដឹង!
អង្គុយស្តាប់ភ្លេង និងមើលគេរាំ
ការស្តាប់ភ្លេង ជាវិធីបំបាត់ស្ត្រេសដ៏មានប្រសិទ្ធភាពមួយ។ អ្នកអាចអង្គុយស្តាប់ភ្លេង និងមើលគេរាំនៅតាមទីសាធារណៈដូចជា សួនច្បារ ឬមាត់ទន្លេ ហើយក៏អាចញុំាចំណីតាមផ្លូវកំដរមាត់ ដែលនឹងធ្វើឲ្យអ្នកនឹកឃើញអនុស្សាវរីយ៍កាលពីវ័យកុមារផងដែរ។
អាចនិយាយថាថ្ងៃចុងសប្តាហ៍បែបនេះ ជាការចំណាយពេលវេលាដ៏ល្អសម្រាប់ខ្លួនឯងផ្ទាល់ បន្ទាប់មកគឺសម្រាប់ក្រុមគ្រួសារ ហើយក៏សម្រាប់មិត្តភក្តិក៏ដូចជាមនុស្សជាទីស្រឡាញ់ផងដែរ ហើយនេះជាអ្វីដែលធ្វើឲ្យចុងសប្តាហ៍ដ៏ខ្លីរបស់អ្នកមានតម្លៃបំផុត...
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ