មេឃក្តៅចឹង គួរត្រៀមអ្វីខ្លះពេលដើរលេងចូលឆ្នាំ?
ជិតចូលឆ្នាំខ្មែរហើយបងប្អូនអើយ មានបានត្រៀម រៀបចំគម្រោងទៅណាខ្លះហើយ ឬនៅ? ជាធម្មតាទេ ដែលខែមេសាជារដូវប្រាំង ហើយមេឃក៏ក្តៅណាស់ដែរ ដូច្នេះបានអ្នកខ្លះសាញមិនសូវចង់ទៅណា ព្រោះអាកាសធាតុហ្នឹង។ ប៉ុន្តែកុំបារម្ភអី! ថ្ងៃនេះយើងសូមបង្ហាញអ្នកទាំងអស់គ្នាសម្រាប់ត្រៀមទុកឲ្យហើយពេលទៅដើរក្នុងអាកាសធាតុក្តៅបែបនេះ។ តោះ! កត់ទុកទៅថាមានអ្វីខ្លះ នឹងអាលទៅត្រៀម!
១. ទឹក
ប្រាកដណាស់ ថាទឹកសំខាន់! ទឹកជារបស់សាមញ្ញបំផុត តែមនុស្សនៅតែភ្លេច ឬមិនចង់យកតាមខ្លួន ព្រោះវាធ្ងន់ ប៉ុន្តែអ្នកគួរមានខ្លះយកតាមខ្លួនឲ្យហើយពេលដើរលេង កុំអាងចាំទៅទិញនៅកន្លែងអី! ចុះបើអត់មានគេលក់ដូចយើងគិត? ម៉្យាងទៀត ខែក្តៅបែបនេះរាងកាយអ្នកត្រូវការទឹកជាចាំបាច់បំផុត។ ដូចនេះ យកល្អ អ្នកគួរត្រៀមទឹកសុទ្ធខ្លះ ឬមានដប និងបំពង់ទឹកតាមខ្លួន ទោះពេលដើរលេងកន្លែងណាក៏ដោយ។
២. អាវក្រៅ ឬអាវដៃវែង
អ្នកខ្លះប្រាកដជាមាន Fashion ប្រចាំខ្លួនហើយ តែអ្នកគួរមានអាវក្រៅតាមខ្លួនមួយ ទុកពាក់ពីលើពេលដើរកន្លែងក្តៅខ្លាំង ឬជ្រើសរើសសម្លៀកបំពាក់ណាដែលមានដៃវែងជើងវែងស្រាប់តែម្តងទៅកុំឲ្យពិបាក ព្រោះម៉ូតសម័យនេះអីក៏មានដែរ។ អត់មានអីពិបាក ឬធ្ងន់ណាស់ទេគ្រាន់តែយកអាវក្រៅថែមមួយទៀតទៅជាមួយ ហើយអ្នកអាចពាក់តែពេលដើរ ចាំដោះចេញពេលថតរូបទៅ កុំឲ្យខូច Fashion ពេលបង្ហោះក្នុង Facebook។ ណាមួយវាក៏ជួយការពារស្បែករបស់អ្នកពីកម្ដៅថ្ងៃក្តៅផងដែរ កុំឲ្យខូចស្បែកនឹងដើរលេង។
៣. មួក ឬឆ័ត្រ
ត្រង់នេះ វាអាស្រ័យលើចំណូលចិត្ត កាលៈទេសៈ និងកន្លែង ដែលអ្នកទៅផងដែរ ដូចនេះ មួក និងឆ័ត្រ មានសារៈសំខាន់ម៉្យាងម្នាក់ទេ។ ឧទាហរណ៍ថា អ្នកទៅលេងខេត្តសៀមរាប ហើយមានគម្រោងជិះកង់ទៅតាមប្រាសាទនានា អ្នកគួរមានមួក ឬមួកសុវត្ថិភាពទើបប្រសើរ ព្រោះគ្មាននរណាធាក់កង់បណ្តើរ ទទូរឆ័ត្របណ្តើរទេបងប្អូន! ប៉ុន្តែបើអ្នកជិះឡាន ហើយដើរតែតាមប្រាសាទ (មិនចូលប្រាសាទក្នុងព្រៃជ្រៅ) អ្នកអាចប្រើប្រាស់ឆ័ត្រវិញបាន ព្រោះវាស័ក្តិសមនឹងភាពស៊ីវិល័យ សមរម្យ និងបាំងថ្ងៃបានច្រើនជាងមួកទៀតផង។
៣. វ៉ែនតាខ្មៅ
វ៉ែនតាខ្មៅមិនត្រឹមតែបន្ថែម Fashion Idea សម្រាប់អ្នកទេ វាថែមទាំងជួយការពារភ្នែកអ្នកពីការជះចូលនូវពន្លឺថ្ងៃក្តៅខ្លាំងទៀតផង។ ជាការពិតណាស់ ភ្នែកយើងមិនសូវជាត្រូវគ្នាជាមួយពន្លឺថ្ងៃទេ ជាពិសេសនារដូវក្តៅបែបនេះទៀត ដូចនេះ អ្នកគួរមានវ៉ែនតាខ្មៅតាមខ្លួនពេលដើរលេងដែរ ហើយសម្រាប់អ្នកបើកបរយានយន្ត រឹតតែគួរពាក់វាទៀត ដើម្បីការពារភ្នែករបស់លោកអ្នកពីពន្លឺ ដែលជះចូលខ្លាំង។ បន្ថែមពិសេសសម្រាប់អ្នកម៉្ញូប ឬភ្នែកខ្សោយ អ្នកគួរបន្ថែមនូវថ្នាំបន្តក់ភ្នែកតាមខ្លួនផងដែរ ចៀសវាងភ្នែកស្ងួតខ្លាំង ដោយសារថ្ងៃក្តៅពេក។
៤.ឡេការពារកម្តៅថ្ងៃ
សម្រាប់អ្នកធម្មតាប្រហែលមិនអី តែមានអ្នកខ្លះក៏ប្រតិកម្មជាមួយកម្តៅថ្ងៃណាស់ដែរ ដូច្នេះ អ្នកគួរមាន និងលាបក្រែម ឬឡេការពារកម្តៅថ្ងៃជាប់ខ្លួន ដើម្បីរក្សាសំណើមស្បែក និងមិនឲ្យពន្លឺព្រះអាទិត្យនាខែក្តៅបំផ្លាញបាន។
៥. កន្សែង ឬក្រដាសជូតមាត់
កុំឲ្យបែកញើសស្អុយខ្លួនពេក! យើងដឹងស្រាប់ហើយថា ដើរលេងពេញមួយថ្ងៃ ប្រាកដជាបែកញើសច្រើនណាស់ បើមេឃក្តៅចឹងៗអី ហើយមានពេលឯណាមកងូតទឹកសិនចាំដើរទៀតនុះ! អ៊ីចឹងមានតែសម្រួលៗទៅ! អ្នកគួរមានកន្សែង ឬក្រដាសសម្រាប់ជូតញើសចេញខ្លះ ទោះបីវាមិនបានជួយ ១០០% ឲ្យបាត់ក្លិនខ្លួន ក៏វាបានកាត់បន្ថយបានខ្លះៗដែរ។ មួយវិញទៀត សម្រាប់អ្នកពាក់ស្បែកជើងឃ្លុប ឬប៉ាត់តា អ្នកក៏គួរផ្លាស់ប្តូរស្រោមជើងរបស់អ្នកដែរ ចៀសវាងក្លិន និងមេរោគជាប់នឹងជើង។
សរុបមកវិញ នារដូវក្តៅបែបនេះ អ្នកគួរត្រៀមរបស់របរជាស្រេច មុននឹងចេញទៅដំណើរកម្សាន្ត ក្នុងឱកាសចូលឆ្នាំខាងមុខនេះ ហើយយើងក៏សង្ឈឹមថា អ្នកទទួលបានអត្ថប្រយោជន៍ខ្លះ តាមរយៈអត្ថបទមួយនេះ។ សម្រាប់អ្នកមិនទាន់មានគម្រោងទៅណាទេ គិតលេងៗឲ្យហើយដែរទៅ! សូមសុខសប្បាយតាមផ្លូវទាំងអស់គ្នាណា៎! កុំភ្លេចញ៉ាំទឹកឲ្យបានច្រើនផង មេឃក្តៅណាស់!
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ