ដាក់ធ្មេញប្រភេទណាដែលល្អសម្រាប់អ្នក?
នៅពេលបច្ចុប្បន្នមានភាពជឿនលឿន វិស័យទន្តសាស្ត្រមានការរីកចម្រើន និងវិវឌ្ឍទៅរកអ្វីដែលយើងតែងតែនិយមហៅថា “Technology of Digital” ឬយើងអាចធ្វើការកែតម្រូវ ទម្រង់ឆ្អឹងថ្គាមដោយបច្ចេកវិទ្យាទំនើបៗ។ នៅក្នុងនោះយើងសង្កេតឃើញការដាក់ធ្មេញឡើងវិញកំពុងតែឈានឡើង និងមានការចាប់អារម្មណ៍ច្រើនពីប្រជាជន។ ដោយឡែក វិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជាយើងមានការរីកចម្រើន និងអភិវឌ្ឍន៍ខ្លាំងរហូតដល់មានប្រជាជនក្រៅស្រុកមកទទួលការព្យាបាល និងថែរក្សាមាត់ធ្មេញ។ ដោយហេតុនេះ ខ្ញុំសូមលើកបង្ហាញ និងពន្យល់បន្ថែមនូវប្រភេទធ្មេញដែលប្រជាជនតែងតែយកមកដាក់ដើម្បីបន្ថែមសោភ័ណភាព។
ប្រភេទធ្មេញដែលសម្រាប់ដាក់ញឹកញាប់មានដូចជា៖
1. ប្រភេទធ្មេញលោហៈ (Metal Crown)
ប្រភេទធ្មេញលោហៈមានច្រើនប្រភេទ Metal alloy ហើយប្រភេទដែលគេនិយមប្រើប្រាស់ជាងគេមាន ៣ប្រភេទរួមមានដូចជា៖ High-noble, Noble alloy និង Base metal alloy។
• Metal-noble និង Noble alloy
សំដៅទៅលើមាស (Gold) ប៉ុន្តែមាសមានសភាពទន់ដូច្នេះគេបញ្ចូលនូវសារធាតុ Copper , Platinum, Palladium, Zinc, Indium និង Nickel។ ជាក់ស្តែង គេប្រើចំពោះធ្មេញខាងក្រោយ (ធ្មេញថ្គាម) ដោយវាប៉ះពាល់ទៅលើសោភ័ណភាព។ ដោយសារវាមានភាពរឹងមាំប្រើបានយូរ ហើយមិនត្រូវការកម្រាស់ធ្មេញច្រើន (០,៥ ទៅ១មិល្លីម៉ែត្រ) ប៉ុន្តែវាមានភាពប៉ះពាល់ទៅលើកំណាំធ្មេញម្ខាង (Trauma) ទៀតនៅពេលខាំកល់។ វាមានភាពរឹងតែត្រូវការកែតម្រូវនិងខាត់ឲ្យរលោងឲ្យមានសភាពងាយស្រួល ចំណេញពេលវេលារបស់អ្នកជំងឺ។
• Base Metal alloy
ធ្មេញប្រភេទបែបនេះមិនសូវមានច្រើន ឬប្រើប៉ុន្មានទេ។ នៅពេលប្រៀបធៀបជាមួយ High-noble និង Noble វាមានភាពរឹងខ្លាំងដែលអាចឆាបកម្រាស់ធ្មេញបានតិច (០,២ ទៅ០,៥មិល្លីម៉ែត្រ) បាន។ វាមានសភាពរឹងខ្លាំងពិបាកកែតម្រូវ និងមានភាពលំបាកចំពោះអ្នកជំងឺ Allergy និង Nickel ។
2. ប្រភេទធ្មេញ Titanium
ចំពោះប្រភេទធ្មេញ Titanium វិញមានសភាពប្រហាក់ប្រហែលនឹង Biocompatible របស់មនុស្ស។
• Metal Ceramic
វាត្រូវបានប្រើប្រាស់ជាយូរមកហើយ ប៉ុន្តែយើងសង្កេតឃើញថាវាងាយទទួលរងប្រតិកម្មជាមួយនឹងអញ្ចាញធ្មេញបំផុត។ មិនត្រឹមតែប៉ុណ្ណោះគេកំណត់ឃើញអ្នកជំងឺអាចរលាក (Sensible) ឬខ្មៅអញ្ចាញធ្មេញផងដែរ។
• Nickel-Free Ceramic
ជាទូទៅត្រូវបានគេដឹងថាវាមិនមានប្រតិកម្មជាមួយអញ្ចាញធ្មេញនោះទេ គេប្រើប្រាស់វាសម្រាប់ជំនួសធ្មេញដែលខូចខាតដើម្បីបង្កើតនូវមុខងារសោភ័ណភាព និងរចនាសម្ព័ន្ធរបស់ធ្មេញឡើងវិញ ព្រមទាំងមានតម្លៃដែលអាចទទួលយកបាន។
• Titanium Ceramic
វាមានសភាពល្អប្រហាក់ប្រហែលនឹងសរីរៈដែលនៅជុំវិញធ្មេញ ប៉ុន្តែវាមានតម្លៃថ្លៃ ហើយត្រូវបានគេប្រើប្រាស់ច្រើន ចំពោះអ្នកជំងឺដែលប្រតិកម្មជាមួយ Nickel ។
• Gold Ceramic
វាត្រូវបានប្រើប្រាស់លើសពី ៤០០០ឆ្នាំ ហើយវាលាយជាមួយសារធាតុដទៃដូចជា Palladium, Nickel ឬ Chronium ដែលជួយបង្កើនភាពរឹងមាំ និងកាត់បន្ថយតម្លៃ។ វាមានសភាពល្អដោយកាត់បន្ថយនូវអាល្លែកហ្ស៊ីបានច្រើន។
3. Zirconium Teeth
ធ្មេញប្រភេទ Zirconium បង្កើតឡើងដោយ Zirconium dioxide (ZrO2) ដែលមានសភាពរឹងមាំ ហើយត្រូវបានរកឃើញដោយជនជាតិអាល្លឺម៉ង់ឈ្មោះM.H Klaproth នៅក្នុងឆ្នាំ ១៧៨៩។ ដោយឡែក នៅឆ្នាំ ១៩៦០ ធ្មេញប្រភេទ Zirconium ត្រូវបានប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្ត ហើយទសវត្សរ៍ ១៩៩០ ធ្មេញប្រភេទនេះត្រូវបានគេដាក់ប្រើប្រាស់នៅក្នុងវិស័យទន្តសាស្រ្តផងដែរ។ ជាក់ស្តែងចំពោះធ្មេញប្រភេទ Zirconium មានគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដូចជា៖
គុណសម្បត្តិ
• ពណ៌មានសភាពប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ
• វាមានសភាពរឹងមាំ ហើយមិនចាំបាច់ឆាបធ្មេញកំណើតច្រើន (Fram Zirconium)
• ជួយបង្កើនសោភ័ណភាពដោយ Layered with Porcelain
• Zirconium Crown អាចភ្ជាប់បាន ( Bonded ឬ Cemented) ដោយម៉ាស៊ីនភ្ជាប់ធ្មេញច្រើនប្រភេទ
• Zirconium អាចរចនានៅក្នុងកុំព្យូទ័រមុនពេលផលិត
• សារធាតុផ្សំមានសភាពដូចធ្មេញធម្មជាតិ ពិសេសវាមិនសូវមានប្រតិកម្មជាមួយបង្គោលនៅក្នុងឆ្អឹងថ្គាម។
គុណវិបត្តិ
• តម្លៃនៃការធ្វើធ្មេញ Zirconium មានតម្លៃថ្លៃដូច្នេះនៅពេលធ្វើ ឬកែសម្រួល Occulusion (ផ្ទៃទំពារ) មិនបានត្រឹមត្រូវ
• អាចធ្វើឲ្យឈឺធ្មេញធម្មជាតិ (Antagonist teeth)។
4. Emax –System
វាបង្កើតដោយសារធាតុ Lithium disilicate glass, Lithium dioxide, Phosphoroxide, Alumina, Potassium oxide និង Trace elements។ វាមានភាពល្បីល្បាញយ៉ាងឆាប់រហ័សដោយសារសោភ័ណភាព (Excellent esthetic) ព្រមទាំងប្រើប្រាស់បានយូរ និងរឹងមាំ (Strength)។ លើសពីនេះ វាមានសភាពល្អប្រសើរចំពោះធ្មេញមុខនិង Veneer ។ ដោយឡែក Emax មានតម្លៃថ្លៃ មិនប្រើសម្រាប់ធ្មេញថ្គាម ឬធ្មេញក្រោម មិនប្រើសម្រាប់អ្នកដែលមានធ្មេញខ្មៅខ្លាំង និងធ្វើធ្មេញតែមួយប៉ុណ្ណោះ។
ចំពោះអ្នកដែលអាចទទួលការធ្វើ Emax-System គឺ៖
• Stained teeth៖ មានសភាពឆ្លុះថ្លា (Highly transclucent) និងអ្នកដែលមានធ្មេញមិនស្អាត។
• Crooked teeth៖ វាអាចជួយកែចំពោះធ្មេញមុខដែលមានភាពវៀច ឬមិនត្រង់ជួរ
• Root canal teeth៖ ធ្មេញដែលបានព្យាបាលរួចមានភាពផុយស្រួយ ឆាប់ខូច និងមានបញ្ហារន្ធឫសធ្មេញ
• Fractured teeth៖ ធ្មេញដែលខូច ព្រោះតែរោគពុកធ្មេញ ឬការប៉ះទង្គិច។
មូលហេតុមួយចំនួនដែលជ្រើសរើសយក Emax-System គឺ៖
• វាមានពណ៌ថ្លាប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ
• All Ceramic Prosthetic៖ ដោយមិនមាន Metal alloy (សារធាតុលោហៈក្នុងការធ្វើធ្មេញ) ដូច្នេះវាជួយកាត់បន្ថយអញ្ចាញពណ៌ខ្មៅ និងអាចមើលទៅប្រហាក់ប្រហែលនឹងធ្មេញធម្មជាតិ
• Durability៖ ដោយ E-max ធ្វើឡើងពី Lithiumdislocate ដូច្នេះវាមានភាពរឹងមាំខ្លាំង ហើយ E-max អាចជួយកាត់បន្ថយស្រាំ ឬបាក់នៅក្នុងពេលប្រើប្រាស់
• Ability to milled ៖ មានភាពងាយស្រួលក្នុងការធ្វើដោយ CAD, CAM milling
• Conservation of teeth structure៖ វាមានសភាពរឹងមាំ។
បកស្រាយដោយ៖ ទន្តបណ្ឌិត ឃុយ មករា ប្រធានគ្លីនិកធ្មេញ ឃុយ មករា
អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៨
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ