កត្តាដែលជះឥទ្ធិពលដល់ការនិយាយរបស់កុមារ
ក្មេងភាគច្រើនមានការលូតលាស់ខុសៗគ្នាជាធម្មតា ទាំងរូបរាងកាយ ប្រាជ្ញាស្មារតី ចិត្តគំនិត ក៏ដូចជាការនិយាយស្តី ដែលក្មេងខ្លះលូតលាស់ផ្នែកទំនាក់ទំនង និងការនិយាយស្តីបានលឿន ខណៈពេលដែលក្មេងខ្លះទៀតអាចវិវឌ្ឍយឺត។ វាអាចបណ្តាលមកពីមូលហេតុជាច្រើន និងក្នុងករណីខ្លះប្រហែលជាកត្តាផ្លូវចិត្តមួយចំនួនដែលប៉ះពាល់ដល់ការនិយាយ បរិស្ថាន ឬការថែទាំដែលរួមមាន៖
កម្រិតនៃការថែទាំ
ការថែទាំកម្រិតណាដែលកូនរបស់អ្នកទទួលបានពីអ្នកជាឪពុកម្តាយអាចប្រហែលជះឥទ្ធិពលដល់ការវិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ នេះបើយោងតាមការសិក្សាមួយរបស់សាកលវិទ្យាល័យ North Carolina បើប្រៀបធៀបទៅនឹងក្មេងដែលទទួលបានការយកចិត្តទុកដាក់ និងថែទាំតាមតម្រូវការ។ ក្នុងករណីទីកន្លែងដែលក្មេងមើលឃើញ និងក្មេងហាក់នៅម្នាក់ឯងញឹកញាប់ខ្លាំងពេក ខ្វះទំនាក់ទំនង និងការលើកទឹកចិត្តតែងតែរារាំងពួកគេពីការអភិវឌ្ឍ ថែមទាំងអាចបន្ថយនូវជំនាញនិយាយយ៉ាងពិតប្រាកដ។
ភាពតានតឹងធ្ងន់ធ្ងរ
យោងតាម The National Child Traumatic Stress Network ភាពតានតឹងធ្ងន់ធ្ងរអាចទាញក្មេងចេញពីការយល់ដឹងផ្នែកភាសា និងការរៀននិយាយឲ្យបានត្រូវ។ ការប្រទះជាមួយនឹងអំពើហិង្សា និងការរំលោភបំពានអាចនាំឲ្យក្មេងប្រឈមនឹងការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរដែលធ្វើឲ្យមានផលអវិជ្ជមានលើការវិវឌ្ឍផ្នែកភាសា។ ដូចនឹងលទ្ធភាពក្នុងការគ្រប់គ្រងអារម្មណ៍របស់ពួកគេក្លាយជាផលប៉ះពាល់សមត្ថភាពក្នុងការស្តែងពីអារម្មណ៍របស់ពួកគេប្រកបដោយប្រសិទ្ធភាព។
បរិយាកាសសង្គម
ឪពុកម្តាយ គ្រូបង្រៀន និងមិត្តភក្តិដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា ឬការនិយាយរបស់កុមារ ដែលការនិយាយទាក់ទងគ្នាគឺពិតជាសំខាន់សម្រាប់ដំណើរការលូតលាស់របស់ក្មេង។ ជាលទ្ធផលបរិយាកាសសង្គមដែលលើកទឹកចិត្តដល់ការនិយាយទាក់ទងគ្នាដោយប្រសិទ្ធភាពរួមចំណែកដល់ភាសារបស់ពួកគេ។ ផ្ទុយមកវិញ នៅពេលសង្គមដែលក្មេងរស់នៅមានផលប៉ះពាល់ផ្នែកអារម្មណ៍ ស្ត្រេស និងទំនាក់ទំនងគ្មានប្រសិទ្ធភាព នោះពួកគេប្រហែលគេចពីការនិយាយ និងអាចក្លាយជាមានអារម្មណ៍ភ័យខ្លាច ដែលទាំងនេះក៏រួមចំណែកធ្វើឲ្យថយចុះនូវការវិវឌ្ឍផ្នែកភាសាដូចគ្នាដែរ។
ការនិយាយមានបញ្ហា
បញ្ហានៃការនិយាយដូចជានិយាយមិនច្បាស់ដោយសារប្រព័ន្ធសរសៃប្រសាទ ឬឮខ្សាវៗ អាចធ្វើឲ្យកូនរបស់អ្នកមានភាពខ្មាសអៀន និងអាចរហូតដល់មានសម្ពាធផ្លូវចិត្ត។ លទ្ធផលចុងក្រោយ ក្មេងប្រហែលមានភាពស្ទាក់ស្ទើរក្នុងការនិយាយ និងពន្យារពេលក្នុងការយល់ដឹងផ្នែកភាសា ឬទំនាក់ទំនងជាមួយអ្នកដទៃ។
ការប្រើភាសា ២
ក្មេងដែលចាប់ផ្តើមរៀនភាសាទី២លឿនពេកក្នុងជីវិតអាចប្រហែលធ្វើឲ្យភាសាទីមួយរបស់ពួកគេមានការវិវឌ្ឍយឺតជាងការរំពឹងទុក។ រៀនភាសា ២ក្នុងពេលតែមួយអាចធ្វើឲ្យមានការច្រឡំពិសេសក្មេងមិនទាន់គ្រប់អាយុចូលសាលាត្រឹមត្រូវ ដែលអាចឲ្យក្មេងបាក់ទឹកចិត្តបាន។ អ្នកជំនាញបានលើកឡើងថា ភាសាទី ២គួរឲ្យក្មេងចាប់ផ្តើមរហូតទាល់តែក្មេងមានអាយុចន្លោះ ៥ ទៅ៦ឆ្នាំ។
កត្តាភេទ
ភេទត្រូវបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកភាសា និងការនិយាយស្តីរបស់ក្មេង។ អំឡុងអាយុ២-៣ឆ្នាំ ក្មេងស្រីមានទំនោរចាប់ផ្តើមយល់ដឹងផ្នែកភាសា ការនិយាយទំនាក់ទំនង ក្នុងកម្រិតខ្ពស់ជាងក្មេងប្រុស។ ពួកគេចាប់ផ្តើមយល់ដឹងផ្នែកទំនាក់ទំនងកាន់តែមានប្រសិទ្ធភាព និងភាសានិយាយវិវឌ្ឍយ៉ាងរហ័ស។
ចៀសពីផលប៉ះពាល់ដែលអ្នកជាឪពុកមា្តយអាចធ្វើបាន នឹងជួយឲ្យកូនអ្នកគេចផុតពីការពន្យារលើការនិយាយទំនាក់ទំនង ក៏ដូចជាភាសារបស់កូនអ្នក។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ