ភាពស្រាកស្រាន្តជាមួយនឹងបន្ទុកក្នុងការរស់នៅរបស់ស្រ្តីអស់រដូវ
ជីវិតរបស់ស្ត្រីពេលចូលទៅដល់វ័យអស់រដូវ គឺជារបត់នៃជីវិតដ៏ធំមួយ ដែលធ្វើឲ្យគុណភាពក្នុងការរស់នៅរបស់ស្ត្រីក្លាយជាការបារម្ភ និងរំខានអស់រយៈពេលរហូតដល់ជាច្រើនខែ ឬច្រើនឆ្នាំ។
ស្វែងយល់អំពីការផ្លាស់ប្តូរ
មិនត្រឹមតែបាត់បង់នូវលទ្ធភាពក្នុងការបន្តពូជប៉ុណ្ណោះទេការផ្លាស់ប្តូរផ្នែករាងកាយជាច្រើនក៏នឹងអាចកើតមានឡើងផងដែរនៅអំឡុងពេលអស់រដូវរបស់ស្ត្រីដោយក្នុងនោះរួមមានដូចជាការកើនឡើងនូវសម្ពាធឈាម បម្រែបម្រួលកម្រិតកូឡេស្តេរ៉ុល និងភាពខ្សោយនៃសុខភាពឆ្អឹងដែលទាំងអស់នេះបណ្តាលមកពីការធ្លាក់ចុះនៃអ័រម៉ូនអឺស្ត្រូហ្សែន។ កម្រិតធ្ងន់ធ្ងរនៃរោគសញ្ញាដែលកើតមានឡើងអាចមានការខុសគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត ដោយក្នុងនោះរោគសញ្ញាព្រមានដំបូងៗអាចរួមមានដូចជា ការកើនទម្ងន់ ភាពក្តៅស្អុះស្អាប់ បែកញើសយប់ ភាពឆេវឆាវខុសប្រក្រតី ពិបាកផ្តោតអារម្មណ៍ ឈឺក្បាលញឹកញាប់ជាងធម្មតា ឈឺសន្លាក់ និងការធ្លាក់ឈាមរដូវច្រើន។ រយៈពេលយូរទៅការធ្លាក់ចុះនៃអឺស្ត្រូហ្សែនអាចបង្កើននូវហានិភ័យនៃជំងឺធ្ងន់ធ្ងរផងដែរ ជាពិសេស ជំងឺបេះដូង និងភាពខ្សោយនៃឆ្អឹង។ លើសពីនេះ ជំងឺមហារីកក្រពេញអូវែក៏ត្រូវបានដឹងថាជាជំងឺដែលកើតឡើងមានញឹកញាប់ចំពោះស្ត្រីដែលមានវ័យជុំវិញ៥០ឆ្នាំផងដែរ។
ស្វែងយល់អំពីការព្យាបាល
ការព្យាបាលដោយអ័រម៉ូន (HRT) ត្រូវបាននិយមប្រើប្រាស់ដោយស្ត្រីជាច្រើនក្នុងទិសដៅគ្រប់គ្រងឲ្យបាននូវរោគសញ្ញារំខានផ្សេងៗអំឡុងពេលអស់រដូវ។ ទោះយ៉ាងណាក៏ដោយមិនមែនស្ត្រីទាំងអស់សុទ្ធតែអាចទទួលយកការព្យាបាលដោយអ័រម៉ូននេះបាននោះទេ ដោយសារលក្ខខណ្ឌទាក់ទងនឹងបញ្ហាសុខភាពផ្ទាល់ខ្លួនរបស់ពួកគេ ស្របពេលដែលស្ត្រីមួយចំនួនទៀតក៏មិនចង់ទទួលការព្យាបាលនេះដែរ ដោយពួកគេងាកមកជ្រើសរើសការផ្លាស់ប្តូររបបអាហារ និងរបៀបរបបរស់នៅក្នុងការសម្រាលអាការៈរំខានទាំងនោះជំនួសវិញ។
ស្វែងយល់អំពីជម្រើសនៃការទ្រទ្រង់ដោយសារធាតុបំប៉នពីរុក្ខជាតិ
1. សារធាតុចម្រាញ់ពីតែបៃតងតែបៃតងសម្បូរទៅដោយ EGCG ដែលមានសកម្មភាពប្រឆាំងអុកស៊ីតកម្មខ្លាំងជាងវីតាមីន អឺ ២៥ដង និងខ្លាំងជាងវីតាមីន សេ រហូតដល់ទៅ១០០ដងឯណោះ។ អំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែបៃតងត្រូវបានរកឃើញថាមានឥទ្ធិពលល្អលើជំងឺរ៉ាំរ៉ៃជាច្រើន រួមមានដូចជា មហារីកសរសៃឈាមបេះដូង និងភាពខូចខាតនៃសរសៃប្រសាទ។ សកម្មភាពជាច្រើនរបស់តែបៃតងត្រូវបានបញ្ជាក់ជាបន្តបន្ទាប់ទៅលើអត្ថប្រយោជន៍នៃការការពារ និង/ឬ ព្យាបាល ដំបៅបង្កឡើងដោយមេរោគ HPV។ លើសពីនោះវាក៏ត្រូវបានបង្ហាញថាមានសារៈសំខាន់ក្នុងការព្យាបាល និងការពារជំងឺខូចខាតកោសិកា កស្បូន និងជំងឺឫសនៅប្រដាប់បន្តពូជផងដែរ។ ដោយឡែកគេសង្កេតឃើញផងដែរថា តែបៃតងអាចចូលរួមក្នុងការសម្របសម្រួលសម្ពាធឈាម និងកម្រិតជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសចំពោះស្ត្រីអស់រដូវ។
2. Isoflavones ពីសណ្តែកសៀង
Isoflavones ត្រូវបានចាត់ទុកជាអឺស្ត្រូហ្សែនពីរុក្ខជាតិដែលជាទម្រង់នៃការព្យាបាលមួយទទួលបានការនិយមប្រើប្រាស់ក្នុងការសម្រាលអាការៈនៃការអស់រដូវ ក្រៅពីការព្យាបាលដោយអ័រម៉ូន។ សាធាតុនេះមានលក្ខណៈសម្បត្តិក្នុងការការពារ ជាមួយនឹងសកម្មភាពប្រឆាំងវីរុស ផ្សិត បាក់តេរី អុកស៊ីតកម្ម បម្រែបម្រួលហ្សែន ការរីករាតត្បាតនៃជំងឺ ការរលាក ក៏ដូចជាសកម្មភាពការពារពីអឺស្ត្រូហ្សែនផងដែរ។ តាមរយៈការប្រើប្រាស់តាមមាត់ Isoflavones នឹងត្រូវបានបំបែកដោយអង់ស៊ីមផ្លូវអាហារទៅជាសារធាតុបំលែងផ្សេងៗទៀតដែលជាចម្បងទទួលខុសត្រូវក្នុងការបញ្ចេញឥទ្ធិពលអឺស្ត្រូហ្សែន។
3. Lycopene
Lycopene មានសកម្មភាពជាច្រើនក្នុងការប្រឆាំងនឹងមហារីក ដែលក្នុងនោះមានទំនាក់ទំនងនឹងឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម ប្រឆាំងការរលាក និងឥទ្ធិពលសម្របសម្រួលប្រព័ន្ធការពាររាងកាយ ព្រមទាំងឥទ្ធិពលលើហ្សែន ARE (Antioxidant Response Element)។ Lycopene អាចរារាំងការរីករាតត្បាតនៃកោសិកាមហារីក ធ្វើឲ្យមានការស្លាប់ទៅវិញដោយឯកឯងនៃកោសិកា ព្រមទាំងការពារការកើតឡើងនៃសរសៃឈាមទៅចិញ្ចឹមកោសិកាមហារីក។ Lycopene អាចបន្ថយការរសាត់ឆ្អឹងដែលជាលទ្ធផលជួយកាត់បន្ថយហានិភ័យទៅនឹងជំងឺពុកឆ្អឹង។ លើសពីនេះ Lycopene ក៏អាចបន្ថយការប្រឈមនឹងជំងឺមហារីកក្រពេញអូវែក្នុងចំណោមស្ត្រីអស់រដូវបានទៀតផង តាមរយៈការការពារកោសិកាផ្នែកខាងលើពីការរងអុកស៊ីតកម្ម ក៏ដូចជាការពារពីការប្រែប្រួលមិនប្រក្រតីនៃកោសិកាអូវែផងដែរ។ ដូចគ្នាដែរ សកម្មភាពរារាំងការលូតលាស់នៃមហារីកសុដន់ ស្រទាប់ស្បូន សួត ព្រមទាំងកោសិកាឈាម ស ធ្វើឲ្យ Lycopene មានសារប្រយោជន៍កាន់តែប្រសើរចំពោះជំងឺមហារីក។
4. វីតាមីន សេ
វីតាមីន សេ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំខាន់ចំពោះមនុស្ស ប៉ុន្តែវាត្រូវបានរកឃើញថា មានបរិមាណថយចុះចំពោះអ្នកជំងឺទឹកនោមផ្អែម។ ជាក់ស្តែង វីតាមីន សេ ដើរតួជាអ្នកសម្របសម្រួលនៃប្រតិកម្មបំបែកនៃកូឡេស្តេរ៉ុល ទៅជាទឹកអាស៊ីតប្រមាត់ ហើយថែមទាំងជាសារធាតុចាំបាច់សម្រាប់ការផលិតជាកូឡាជែនក្នុងរាងកាយ ក៏ដូចជាការសំយោគជា Hydroxyproline និង Hydroxylysine ព្រមទាំងអាចជួយរក្សាទ្រទ្រង់សុខភាពឆ្អឹងបានផងដែរ។ តាមរយៈការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញផងដែរថាវីតាមីនសេ មានឥទ្ធិពលសម្លាប់កោសិកាមហារីកបានជាច្រើនប្រភេទ។ កាន់តែពិសេស វីតាមីន សេ អាចជំរុញឲ្យស្បែកការពារខ្លួនបានពីការបាត់បង់ជាតិទឹក និងភាពស្ងួតដែលច្រើនកើតមានឡើងចំពោះស្ត្រីអស់រដូវ និងជាមូលហេតុបណ្តាលឲ្យមានភាពជ្រីវជ្រួញកាន់តែខ្លាំង។
5. កាល់ស្យូមកាបូណាត
កាល់ស្យូម គឺជាសារធាតុសំខាន់ក្នុងការជួសជុលកូឡាជែនក្រោមទម្រង់ជា Calcium phosphate ហើយវាជាសារធាតុចាំបាច់សម្រាប់ភាពរឹងមាំនៃឆ្អឹង។ សម្រាប់ស្ត្រីដែលមានម៉ាស់ឆ្អឹងក្នុងកម្រិតធម្មតា ក៏គួរប្រើប្រាស់កាល់ស្យូមផងដែរដើម្បីចៀសវាងការបាត់បង់ឆ្អឹងដែលអាចផាត់ចោលបាន។ លើសពីនេះ ការទទួលទានកាល់ស្យូមបន្ថែមអាចជួយធ្វើឲ្យប្រសើរឡើងនូវបរិមាណនៃសារធាតុរ៉ែរបស់ឆ្អឹង និងដង់ស៊ីតេឆ្អឹង ព្រមទាំងបន្ថយហានិភ័យនៃការបែកបាក់ឆ្អឹងអំឡុងពេលអស់រដូវផងដែរ។
©2019 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ