ការចាប់ក្រួស ក្នុងផ្លូវទឹកប្រមាត់ មិនចាំបាច់ត្រូវតែវះកាត់ទៀតទេ
ក្រួសក្នុងប្រមាត់ ជាជំងឺមួយដែលគេឧស្សាហ៍ជួបប្រទះបំផុតមិនថានៅកម្ពុជាផ្ទាល់ ឬបណ្តាប្រទេសផ្សេងទៀតក្នុងសកលលោកទេ។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាប្រហែល ១៥%នៃប្រជាជនសរុបក្នុងសកលលោកមានបញ្ហាក្រួសក្នុងថង់ទឹកប្រមាត់ប៉ុន្តែជាសំណាងល្អ ៨0%នៃអ្នកជំងឺដែលមានក្រួសក្នុងថង់ទឹកប្រមាត់មិនបង្កឲ្យមានជារោគសញ្ញា ឬក៏ផលលំបាកណាមួយដែលតម្រូវឲ្យមានការព្យាបាល ឬការតាមដានឡើយ។
រោគសញ្ញាអាចស្តែងចេញបានលុះត្រាតែគ្រាប់ក្រួសត្រូវបានធ្លាក់ចេញពីថង់ទឹកប្រមាត់ទៅស្ទះកន្លែងណាមួយនៃផ្លូវទឹកប្រមាត់ដែលអាចបង្កជាផលវិបាកក្រោមរូបភាពជាជំងឺធំៗចំនួន ៣គឺ ជំងឺរលាកថង់ទឹកប្រមាត់ស្រួចស្រាវ (Cholecystitis) ដែលទាក់ទងនឹងការស្ទះនៅមាត់ថង់ទឹកប្រមាត់ ជំងឺរលាកផ្លូវទឹកប្រមាត់ (Angiocholitis) សំដៅដល់ការស្ទះនៅផ្លូវទឹកប្រមាត់ និងជំងឺរលាកលំពែងស្រួចស្រាវ (Acute Pancreatitis) ដែលបណ្តាលមកពីការស្ទះផ្លូវលំពែង។ ជំងឺទាំងនេះមានលក្ខណៈធ្ងន់ធ្ងរអាចប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺ និងតម្រូវឲ្យមានការព្យាបាលឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលាជាពិសេសគឺជំងឺពីរខាងក្រោម។ក្នុងករណីដែលក្រួសធ្លាក់ពីថង់ទឹកប្រមាត់មកស្ទះនៅផ្លូវទឹកប្រមាត់ផ្នែកខាងក្រោម ឬផ្លូវទឹកលំពែងការព្យាបាលតម្រូវឲ្យមានការដកយកគ្រាប់ក្រួសនោះចេញជាបន្ទាន់ទើបអ្នកជំងឺអាចជាសះស្បើយ។គួរបញ្ជាក់ថាការប្រើប្រាស់ថ្នាំអង់ទីប៊ីយូទិចតែម្យ៉ាងមិនអាចព្យាបាលអ្នកជំងឺឲ្យបានជាសះស្បើយបានឡើយ។
ជាទូទៅ ការដកគ្រាប់ក្រួសចេញពីកន្លែងស្ទះអាចធ្វើទៅបានតាម២វិធីគឺការវះកាត់ និងការចាប់យកក្រួសដោយម៉ាស៊ីន Endoscopy ដែលគេឲ្យឈ្មោះថា Endoscopic Retrograde CholAngiopancreatography, or ERCP។ រហូតមកដល់បច្ចុប្បន្ន ERCP ត្រូវបានទទួលស្គាល់ថាជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ដោយវាអាចកាត់បន្ថយនូវពេលវេលាសម្រាកពេទ្យ។
អ្វីទៅជា ERCP?
ERCP មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ វាត្រូវបានគេបង្កើតឡើងក្នុងអំឡុងឆ្នាំ ១៩៦៨ហើយបច្ចេកវិទ្យានេះត្រូវបានរីកដុះដាលពាសពេញទ្វីបអ៊ឺរ៉ុបក្នុងអំឡុងទសវត្សរ៍ទី៧០ ។ បច្ចុប្បន្ន បច្ចេកទេសនេះត្រូវបានពិភពលោកទទួលស្គាល់ថាជាវិធីសាស្ត្រមួយដែលជឿនលឿន និងមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់។
ដោយឡែក នៅកម្ពុជាយើង ERCP មិនត្រូវបានគេយកមកអនុវត្តនៅឡើយទេដោយសារមានកង្វះខាតនូវឧបករណ៍ និងធនធានមនុស្ស។ នៅអំឡុងចុងឆ្នាំ២០១៤មន្ទីរពេទ្យកាល់ម៉ែតបាននាំចូលនូវបច្ចេកវិទ្យានេះតាមរយៈវេជ្ជបណ្ឌិត គី វុត្ថា ដែលបានទទួលការបណ្តុះបណ្តាលនៅប្រទេសបារាំងនិងប៊ែលហ្សិក និងជាវេជ្ជបណ្ឌិតឯកទេសផ្នែកក្រពះពោះវៀនថ្លើមនៃមន្ទីរពេទ្យកាល់ម៉ែត ។ ជាក់ស្តែងបច្ចេកវិទ្យានេះក៏ត្រូវបានចាប់ផ្តើមអនុវត្តដោយទទួលបានជោគជ័យទៅលើអ្នកជំងឺចំនួន១០ នាក់រួចមកហើយដែរ។ វិធីសាស្ត្រ ERCP ត្រូវបានទទួលស្គាល់អំពីប្រសិទ្ធភាព សុវត្ថិភាព ភាពងាយស្រួល ព្រមទាំងការកាត់បន្ថយនូវហានិភ័យជាច្រើនពីការវះកាត់ក៏ដូចជាគុណសម្បត្តិដទៃទៀតដែលធ្វើឲ្យ ERCP ក្លាយជាជម្រើសទីមួយក្នុងការព្យាបាលជំងឺក្រួសក្នុងផ្លូវទឹកប្រមាត់ បើធៀបទៅនឹងការវះកាត់។
ទន្ទឹមនឹងអត្ថប្រយោជន៍ជាច្រើនដែលគេទទួលបានពីបច្ចេកទេសថ្មីនេះ ផលរំខានមួយចំនួនក៏ត្រូវបានសង្កេតឃើញផងដែរខណៈពេលដែលគេធ្វើការកាត់ពង្រីកច្រកចេញរបស់ទឹកប្រមាត់ក្នុងនោះរួមមានការកាត់ត្រូវសរសៃឈាមដែលបណ្តាលឲ្យមានការហូរឈាមលំពែង និងការជ្រៀតចូលនៃមេរោគបណ្តាលឲ្យរលាកផ្លូវទឹកប្រមាត់ព្រមទាំងការប៉ះពាល់ដល់ពោះវៀនផងដែរ។ យ៉ាងណាមិញផលរំខានទាំងអស់នេះកម្របង្កសភាពធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតណាស់។
ដោយហេតុថាឧបករណ៍នៅមានចំនួនតិច និងធនធានមនុស្សក៏នៅមានកម្រិតបច្ចេកទេស ERCP មិនទាន់ត្រូវបានធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅឡើយទេ។ យ៉ាងណាមិញបច្ចេកទេសនេះនឹងត្រូវពង្រីក និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំ ទូលាយនៅពេលអនាគតដ៏ខ្លីខាងមុខនេះបើតាមសំដីរបស់លោកវេជ្ជបណ្ឌិត គី វុត្ថា។
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។