
រដ្ឋបាលផ្នែកចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទីកសម្រាប់ការឆ្លងមេរោគលើស្បែក


FDAបានអនុម័តឲ្យប្រើថ្នាំប្រភេទ Delafloxacin ដែលមានឈ្មោះក្នុងទីផ្សារថា Baxdela ផលិតដោយក្រុមហ៊ុន Melinta Therapeutics។ វាគឺជាពួក Fluoroquinolone បង្កើតឡើងសម្រាប់ព្យាបាលមនុស្សពេញវ័យ ដែលមានបញ្ញាស្បែក បង្កដោយបាក់តេរី ស្រួចស្រាវ និងការឆ្លងមេរោគទៅលើរចនាសម្ព័ន្ធនៃស្បែក (Acute Bacterial Skin and Skin Structure Infections ឬ ABSSSI)បង្កឡើងដោយពួកបាក់តេរី។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Melinta បាននិយាយថា ការអនុម័តឲ្យប្រើថ្នាំថ្មីដែលមានឈ្មោះថា Baxdela នេះ គឺមានការគាំទ្រពីការសិក្សាស្រាវជ្រាវចំនួនពីរ។ រីឯការសិក្សា និងធ្វើតេស្ត Phase 3 studies គឺជាការសិក្សាមួយដែលមានរយៈយូរ និងមានទំហំសិក្សាធំ ដើម្បីធ្វើតេស្តសាកល្បងទៅលើប្រសិទ្ធភាពនៃថ្នាំ ទៅលើអ្នកជំងឺដែលមាន ABSSSI បានបង្ហាញថាការព្យាបាលដោយ Baxdela ទាំងថ្នាំចាក់ និងថ្នាំគ្រាប់ បានឆ្លើយតបនឹងការព្យាបាលនៅ៤៨ទៅ៧២ម៉ោងដំបូង គឺមានប្រសិទ្ធមិនទាបជាងការរួមបញ្ចូលគ្នារវាង Vancomycin និងAztreonamទេ នេះបើយោងទៅតាមការសាកល្បងរបស់ FDA។
តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Melinta បានឲ្យដឹងថា ថ្នាំគ្រាប់៤៥០មីលីក្រាមនេះ គឺមានសមាសធាតុផ្សំ និងប្រសិទ្ធភាពដូចគ្នា និងអាចប្រើជំនួសឲ្យថ្នាំចាក់ ៣០០មីលីក្រាមបាន ហើយវាក៏មិនមានសញ្ញានៃផលប៉ះពាល់លើមុខងារថ្លើម មុខងារតម្រង់នោម ឬការសម្របសម្រួលគ្លុយកូសទេ។
លោកវេជ្ជបណ្ឌិត David Hooper សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យ Harvardបានមានប្រសាសន៍ថា “ភាពធន់នឹងថ្នាំអង់ទីប៊ីយ៉ូទិក កំពុងធ្វើឲ្យមានការកើននូវការព្រួយបារម្ភកាន់តែខ្លាំងឡើង។ គ្រូពេទ្យត្រូវការឧបករណ៍បន្ថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនេះ។ ការអនុម័តឲ្យមានការប្រើប្រាស់ថ្នាំ Baxdelaនេះ គឺវាមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងភាពធន់នៃ Methicillin-Resistance Staphylococcus Aureus (MRSA) និងជំងឺឆ្លងដ៏កាចសាហាវដទៃទៀត ដែលវាបានផ្ដល់ឲ្យគ្រូពេទ្យនូវជម្រើសមួយផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់អ្នកជំងឺ ABSSSI”។
ប្រភព ៖ Pharmacy Times
©2017 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។