Menu

យោគៈ អាចនឹងមិនមានសុវត្ថិភាព ដូចជាអ្នកគិតនោះទេ


យោគៈ អាចនឹងមិនមានសុវត្ថិភាព ដូចជាអ្នកគិតនោះទេ

យោគៈ ហាក់ដូចជាទទួលបានប្រជាប្រិយភាពនៅទូទាំងពិភពលោក ពីព្រោះគេបានរកឃើញថា វាមានប្រយោជន៍យ៉ាងច្រើនលើសលុបចំពោះសុខភាពទូទៅ។ សម្រាប់ប្រទេសកម្ពុជាយើង យោគៈក៏បានក្លាយជាការហាត់ប្រាណដ៏ពេញនិយម សម្រាប់ប្រជាពលរដ្ឋមួយចំនួនផងដែរ ជាពិសេស សម្រាប់អ្នកមានបញ្ហាស្រ្តេស និងអ្នកធាត់លើសទម្ងន់។
 
ប៉ុន្តែ​ តើអ្នកដឹងទេថា ការសិក្សាមួយចំនួនថ្មីៗនេះ បានរកឃើញថាសម្រាប់មនុស្សមួយចំនួន យោគៈមិនមានសុវត្ថិភាពក្នុងការហាត់នោះទេ។ ការសិក្សាដោយសាកលវិទ្យាល័យ Sydney និងសាកលវិទ្យាល័យ Mercy នៅទីក្រុងញូយ៉ក បានបង្ហាញថា «អ្នកហាត់យោគៈ ១០% បានទទួលរងការឈឺចុកចាប់សាច់ដុំ ខណៈពេលដែល ២១ % បានទទួលរងគ្រោះថ្នាក់នានាផ្សេងៗទៀត»។
 
សាស្រ្តាចារ្យរង Evangelos Pappas មកពីសាកលវិទ្យាល័យ Sydney បានប្រាប់សារព័ត៌មានស៊ីនហួររបស់ប្រទេសចិនថា ការសិក្សារបស់គាត់ បានរកឃើញគ្រោះថ្នាក់ និងបញ្ហាមួយចំនួន ដែលបណ្តាលមកពីការហាត់ក្បាច់យូហ្កា។ គាត់បាននិយាយថា ៖ «យើងចង់បង្ហាញថា យោគៈអាចធ្វើឲ្យអ្នកហាត់ ឈឺចុកចាប់សាច់ដុំ ហើយប្រឈមទៅនឹងបញ្ហានានាមួយចំនួនទៀត»។
 
ការសិក្សាហាក់ដូចជា សារក្រើនរំលឹក ដល់អ្នកស្រឡាញ់ការហាត់យោគៈទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះក្បាច់ហាត់ប្រាណមួយនេះ។ យោគៈ ជាក្បាច់ហាត់ប្រាណមួយ ដែលទាមទារចលនា និងកាយវិការជាច្រើន ហើយកាយវិការទាំងនោះមួយចំនួនមិនស័ក្តសមនឹងមនុស្សទាំងអស់គ្នានោះឡើយ។ ដូច្នេះ សូមអ្នកស្រឡាញ់ការហាត់យោគៈទាំងអស់មេត្តាប្រុងប្រយ័ត្ន និងស្វែងយល់ពីការហាត់នេះឲ្យបានច្បាស់ ដើម្បីឲ្យដឹងថាវាស័ក្តសមនឹងសុខភាព ឬលក្ខខណ្ឌរាងកាយរបស់អ្នកដែរឬទេ។ ជាមួយគ្នានេះផងដែរ អ្នកគួរតែស្វែងរកគ្រូបង្វឹក ឬអ្នកណែនាំឲ្យបានត្រឹមត្រូវផងដែរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ និងផលវិបាកនានា៕

©2017 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Health Time Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែត ឧបករណ៍អេឡិចត្រូនិក អាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ។


Share:

Related Articles