Loading...

Your cart (4)

Product thumb

Basic hooded sweatshirt in pink

  • Color: Pink
  • Size: S
$15.00 $31.00
Product thumb

Mid-rise slim cropped fit jeans

  • Size: M
$76.00
Product thumb

Men fashion gray shoes

  • Color: Gray
  • Size: 10.5
$84.00
Subtotal: $198.65
Checkout

បើអ្នករៀបចំផែនការជីវិត ហ៊ានទទួលស្គាល់ការពិតនោះ នឹងមិនធ្លាក់ទឹកចិត្តឡើយ

នាពេលបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង បញ្ហាផ្លូវចិត្តហាក់ដូចជាមានសញ្ញាណមួយគួរឲ្យកត់សម្គាល់ ជាក់ស្តែង គេឃើញមានអ្នកជំងឺជាង៥០០នាក់ជារៀងរាល់ថ្ងៃ រង់ចាំទទួលសេវាផ្លូវចិត្តជាប្រចាំនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី) នេះបើយោងតាមសង្ឃដីការបស់ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅវត្តគល់ទទឹងនិងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្នុងនោះមានជំងឺផ្លូវចិត្ត២កើតមានច្រើនជាងគេ គឺ«ជំងឺធ្លាក់ទឹកចិត្ត» និង«ថប់បារម្ភ»។

ព្រះតេជគុណបានបញ្ជាក់ផងដែរថា ជំងឺធ្លាក់ទឹកចិត្តនេះអាចជាជំងឺលាក់មុខ ដែលពីមុនមិនសូវមានការបើកចំហក្នុងការផ្តល់នូវសេវាពិគ្រោះ និងប្រឹក្សាយោបល់ ឬដោយសារតែសង្គមបច្ចុប្បន្ននេះ មនុស្សម្នាក់មានភាពសម្ភារៈនិយម ហើយចេះតែចង់បានខ្លាំង ដល់ពេលមិនបានដូចចិត្តប្រាថ្នាក៏ស្រាប់តែបាក់ទឹកចិត្តតែម្តង ទើបថ្មីៗនេះ ហាក់ដូចជាអ្នកកើតមានបញ្ហានេះច្រើន។ ដើម្បីជាការចែករំលែកអំពីការយល់ឃើញ និងគន្លឹះខ្លះៗអំពីទំនាក់ទំនងរវាង«ផែនការជីវិត» និង«ជំងឺធ្លាក់ទឹកចិត្ត» ព្រះភិក្ខុ គូ សុភាព ក៏បានផ្តល់កិត្តិយសផ្តល់នូវបទសម្ភាសន៍ជាមួយនឹងក្រុមការងារហេលស៍ថាម ដោយបានបកស្រាយនូវចម្ងល់ជុំវិញបញ្ហានេះដែលរួមមានដូចខាងក្រោម៖

«ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងអ្វី? វាបង្កមកពីកត្តាអ្វីខ្លះដែរ?
មនុស្សដែលធ្លាក់ទឹកចិត្ត ជាមនុស្សដែលរស់នៅក្នុងពេលយប់ដោយមិនមានពន្លឺអ្វីសោះ  មើលអ្វីក៏មិនឃើញ មើលអ្វីក៏មិនយល់ ដែលជាទូទៅបណ្តាលមកពីការបាត់បង់អ្វីដែលជាទីស្រឡាញ់និងក្តីសង្ឃឹមរបស់ខ្លួន ហេតុនេះហើយ «ការធ្លាក់ទឹកចិត្ត» ប្រៀបបាននឹងពេលយប់ងងឹតស្លុប មិនមានភ្លើង ឬពន្លឺបំភ្លឺ ឬប្រៀបបាននឹងដើមឈើ ឬផ្កាដែលខ្វះជាតិទឹកហើយស្វិតស្រពោន  ឬឧបមាដូចមនុស្សដែលសឹងតែបាត់បង់ព្រលឹងវិញ្ញាណរស់នៅមើលឃើញពិភពលោកនេះងងឹតសូន្យឈឹងគ្មានខ្លឹមសារ។

កតា្តបង្កនៃជំងឺផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភមួយនេះ រួមមាន៖
•កត្តាបុគ្គល៖ ការបែកបាក់គ្រួសារ ការបាត់បង់មនុស្សជាទីស្រឡាញ់ ជំងឺរ៉ាំរ៉ៃ ការបាត់ភាពកក់ក្ដៅក្នុងគ្រួសារ ការងារមិនបានដូចបំណងប្រឡងធ្លាក់ រកស៊ីខាត ចាញ់បោកគេ និងជួបបញ្ហាជីវិតបន្តបន្ទាប់គ្នា ការចូលចិត្តស្ដីបន្ទោសខ្លួនឯង។
•កត្តាសង្គម៖ សម្ពាធការងារខ្លាំង បញ្ហាហិរញ្ញវត្ថុ ការប្រណាំងប្រជែងគ្នាគ្មានចេះស្កប់ស្កល់ ការគំរាមកំហែងផ្លូវកាយផ្លូវចិត្ត  សេចក្ដីប្រាថ្នាហួសពីសមត្ថភាពរបស់ខ្លួន សង្គ្រាម ភាពចលាចលផ្នែកនយោបាយជាដើម។
•កត្តាជីវសាស្ត្រ៖ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺមហារីកដែលបង្កឲ្យមានបម្រែបម្រួលកោសិកាក្នុងខួរក្បាល។

តើវាច្រើនកើតមានចំពោះក្រុមមនុស្សបែបណាដែរ?ហេតុអ្វី? តើវាអាចបង្កផលប៉ះពាល់អ្វីខ្លះដល់ការរស់នៅរបស់មនុស្សម្នាក់ៗ?
យុវវ័យ និងមនុស្សវ័យកណ្តាល ព្រោះជាវ័យដែលកំពុងតែចង់មានចង់បាន ចង់មានសេរីភាព មិនចង់នៅក្នុងគំនាបពីគ្រួសារហើយជាញឹកញាប់ចូលចិត្តប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។លុះដល់ពេលដែលចង់បានខ្លាំង ហើយមិនបានដូចចិត្ត ក៏ចាប់ផ្តើមបាក់ទឹកចិត្ត និយាយរួមទៅគឺជាវ័យដែលចង់បានខ្លាំង ហើយក៏ប្រឹងប្រែងខ្លាំងបំផុត។

ចំពោះបុគ្គល គឺវានឹងធ្វើឲ្យអ្នកជំងឺស្រងូតស្រងាត់  លែងចង់ចូលរួមសកម្មភាពសង្គម លែងស្រស់ស្រាយ ហើយក្លាយជាមនុស្សអសកម្ម គឺប៉ះពាល់ដល់ការសិក្សា ការប្រកបការងារ ឬរបររកស៊ី សុខភាពផ្លូវកាយ និងធ្ងន់ធ្ងរទៅលើសុខភាពផ្លូវចិត្ត ចូលចិត្តនៅតែម្នាក់ឯង ហើយពេលខ្លះក៏លែងចង់រស់ផងដែរ។

តើ«ផែនការជីវិត» អាចជាមូលហេតុបង្កនៃបញ្ហាធ្លាក់ទឹកចិត្តរបស់បុគ្គលមួយរូបឬទេ?
ប្រាកដណាស់ គឺអាច…ប្រសិនបើអ្នករៀបចំ មិនព្រមទទួលយកការពិត ព្រោះអ្វីៗមិនមែនសុទ្ធតែអាចកើតតាមផែនការទាំងស្រុងនោះទេ។បើបាត់ឱកាសពេលនេះ  ត្រូវតែចេះត្រៀមចិត្តទទួលយកឱកាសពេលក្រោយ កុំកើតទុក្ខនឹងរឿងដែលបានកន្លងហួសទៅហើយបើមិនដូច្នោះទេ គឺដើរមិនបានឆ្ងាយនោះទេ ជាមួយនឹងសម្ពាយទុក្ខព្រោះតែរឿងដែលហួសហើយនោះ។ជាធម្មតាដំណើរនៃជីវិតគឺមានឆ្វេងមានស្តាំមានថ្ងៃមានយប់មានផ្លូវស្មើផ្លូវខូងហើយក៏តែងតែមានឧបសគ្គឬរឿងចៃដន្យកើតឡើងដែលនឹកស្មានមិនដល់ បើទោះបីជាលទ្ធផលបែបណាក៏ដោយ ត្រូវតែហ៊ានទទួលស្គាល់ចំពោះលទ្ធផលដែលយើងបានប្រឹងប្រែង មានសមត្ថភាពប៉ុណ្ណា សប្បាយចិត្តប៉ុណ្ណឹង ហើយចាំក្នុងចិត្តជានិច្ចថា«អ្វីៗមិនអាចដូចចិត្ត និងការគិតរបស់យើងរហូតនោះទេ»។

តើបុគ្គលម្នាក់គួរធ្វើបែបណាចំពោះផែនការជីវិតរបស់ខ្លួន ដើម្បីចៀសវាងបាននូវបញ្ហាធ្លាក់ទឹកចិត្ត និងការប៉ះពាល់ខ្លាំងដល់ផែនការដែលបានព្រាងទុក?
ត្រូវប្រមូលសាងសមត្ថភាព  ដើម្បីសម្រេចគោលដៅមួយហ្នឹង ហើយប្រាកដណាស់ សម្រាប់គោលដៅខ្លះ អ្នកខ្លួនឯងតែម្នាក់ គឺមិនពេញលេញនោះទេ ទាល់តែមានមនុស្សជុំវិញខ្លួនលើកទឹកចិត្ត និងផ្តល់មតិយោបល់បន្ថែម។ ជាក់ស្តែង នៅក្នុងព្រះពុទ្ធសាសនា ក៏មានបង្ហាញនូវកត្តា៤សំខាន់ដែលរួមចំណែកធ្វើឲ្យមានភាពជោគជ័យដែរក្នុងជីវិតរួមមាន ៖
•ជ្រើសរើសការងារដែលខ្លួនឯងផ្ទាល់ពេញចិត្តពិតប្រាកដ
•តស៊ូព្យាយាមឲ្យអស់លទ្ធភាព មិនថាលំបាកលំបិនយ៉ាងណា
•មិនអស់សង្ឃឹមនោះទេ ទោះបីការងារមិនទាន់បានផលភ្លាមក៏ដោយ
•មានភាពឆ្លាតវាងវៃក្នុងការមានទំនាក់ទំនងល្អ។

អ្វីដែលសំខាន់ទៀតនោះ គឺប្រសិនបើចង់ធ្វើអ្វីមួយពិតប្រាកដ ឬមានគោលដៅច្បាស់លាស់មួយហើយ  ត្រូវតែមានបំណងដែលមានពេលវេលាកំណត់ផង ទើបអ្នកតស៊ូប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតាមកាលកំណត់នោះ។

ក្នុងករណីដែលផែនការជីវិតមិនបានសម្រេចហើយក៏ធ្លាក់ទឹកចិត្តម្តង តើបុគ្គលនោះគួរធ្វើបែបណាខ្លះ ដើម្បីយកឈ្នះលើបញ្ហាផ្លូវចិត្តមួយនេះបាន?
•សូមកុំនៅម្នាក់ឯង កុំបិទបាំងឲ្យសោះ ចូររកមនុស្សដែលអ្នកទុកចិត្តរំសាយនូវទុក្ខសោកដែលមានក្នុងចិត្ត
•បន្ថយសម្ពាធការងារប្រចាំថ្ងៃ ដោយសម្រាកឲ្យបានច្រើន
•ផ្លាស់ប្តូរបរិយាកាស តាមរយៈការដើរកម្សាន្តទៅកន្លែងថ្មី ប្លែក
•ទទួលការផ្តល់កម្លាំងចិត្តពីក្រុមគ្រួសារ មនុស្សជាទីស្រលាញ់  និងមិត្តភក្តិ
•រកអ្នកជំនាញដែលផ្តល់ថ្នាំរំងាប់អារម្មណ៍ឬការប្រឹក្សាផ្សេងៗ តែមិនគួរពឹងផ្អែកលើថ្នាំច្រើននោះទេ
•ស្តាប់ធម៌ ធ្វើសមាធិ ធ្វើចិត្តឲ្យនឹងនរ។

រវាងការសម្រេចឲ្យខាងតែបាននូវផែនការជីវិតនិងគុណភាពជីវិត តើមួយណាសំខាន់ជាង?
តាមការពិតទៅ គឺសំខាន់ដូចគ្នា។ ជីវិតនីមួយៗ ប្រសិនបើបានទាំង២គឺល្អមែនទែន…តែជាក់ស្តែងក៏មិនអាចបាន១០០%នោះទេ តែត្រូវតែព្រម
ទទួលស្គាល់ការពិត ហើយប្រឹងទៅមុខទៀត បើគោលដៅមិនបានដូចចិត្តទាំងស្រុងហើយ យ៉ាងហោចណាស់ក៏ត្រូវរីករាយនឹងគុណភាពជីវិតដែរ។

ជាចុងក្រោយ តើព្រះតេជគុណមានសារអ្វីចែករំលែកជូនដល់មិត្តអ្នកអានជាពិសេសអ្នកមានបញ្ហាធ្លាក់ទឹកចិត្តដែរឬទេ?
«បើថ្ងៃនៅតែរះ ជីវិតនៅតែបន្ត កុំអាលអស់សង្ឃឹមអី»!!! បញ្ហាអ្វីក៏គង់តែអាចដោះស្រាយបានទេ ឲ្យតែអ្នករឹងមាំ ហ៊ានប្រឈមមុខនឹងវា និងហ៊ានរកជំនួយពីអ្នកដទៃ។ បញ្ហាណាដោះស្រាយបាន ក៏ដោះទៅ រឿងណាដោះមិនបាន មានតែព្រមតាមហ្នឹងទៅ…

អត្ថបទដោយ៖ ព្រះភិក្ខុ គូ សុភាព

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ


អត្ថបទទាក់ទង

មើលទាំងអស់

ធ្លាប់ចាប់អារម្មណ៍ទេ៎? ឲ្យតែថ្ងៃណាក្រោកពីគេងយឺត មិនញ៉ាំអាហារពេលព្រឹកប្រញាប់ប្រញាល់រៀបចំខ្លួនចេញពីផ្ទះ ដឹងតែមានអារម្មណ៍ថា ថ្ងៃហ្នឹងមិនមែនជាថ្ងៃរបស់ខ្លួនឯង ហើយក៏មិនមានអារម្មណ៍ល្អក្នុងការបំពេញកិច្ចការងាររបស់ខ្លួនទាល់តែសោះ។ តាមការពិតទៅពេលដែលយើងចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងទម្លាប់ល្អ រយៈពេលក៏ដូចជាម៉ោងដែលនៅសេសសល់ក្នុងថ្ងៃនោះ ក៏នឹងអាចប្រព្រឹត្តបានរលូនដោយសារតែសុខភាពផ្លូវចិត្តរបស់យើងមានលក្ខណៈស្រស់ថ្លា និងរឹងមាំ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញសកម្មភាពផ្សេងៗផងដែរ។ ដោយហេតុថាអ្វីដែលយើងធ្វើ ឬជួបប្រទះនៅពេលព្រឹក ពិតជាមានឥទ្ធិពលចំពោះអារម្មណ៍ សកម្មភាព និងការគិតរបស់យើងពេញមួយថ្ងៃ ទើបយើងគួរតែរៀនបង្កើតនូវទម្លាប់ពេលព្រឹកងាយៗខាងក្រោមនេះជាមួយគ្នា… នៅឲ្យឆ្ងាយពីបច្ចេកវិទ្យា ការប្រើអុិនធើណែតឆែកមើលសារ ឬសារអេឡិចត្រូនិចនៃការងារភ្លាមៗក្រោយពេលភ្ញាក់ពីគេងធ្វើឲ្យអ្នកចាប់ផ្តើមមានប្រតិកម្មចំពោះអ្វីៗដែលនឹងកើតមាន ជាជាងគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អ ហើយក៏បារម្ភ និងមានទុក្ខព្រួយក្នុងចិត្តច្រើនជាងស្ងប់សុខនៅក្នុងចិត្ត។ អ្នកគួរតែឃ្លាតឆ្ងាយពីបច្ចេកវិទ្យាយ៉ាងហោចណាស់ ១ម៉ោងក្រោយពីដំណេក ដើម្បីអាចតាំងអារម្មណ៍បានល្អ។ ផ្តល់ជាតិទឹកដល់សារពាង្គកាយ អាចញ៉ាំទឹកមួយកែវពេលព្រឹក ឬ ទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅឧណ្ហៗ ដែលនឹងជួយសម្អាតសារធាតុពុល ផ្តល់នូវវីតាមីន C ធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លាជួយឲ្យស្រកទម្ងន់ ព្រមទាំងជំរុញដល់ដំណើរការដុត និងរំលាយអាហារផងដែរ។ នឹកគិតបែបសុទិដ្ឋិនិយម និងការដឹងគុណ ចំណាយពេលប្រមាណ ១នាទី ញញឹម ហើយនឹកគិតដល់អ្វី ឬនរណាម្នាក់ដែលអ្នកដឹងគុណនិងមានអំណរចំពោះវត្តមានរបស់វា ឬគេ ព្រោះថាការញញឹមនឹងនាំឲ្យមានការផលិតចេញនូវអ័រម៉ូនដែលធ្វើឲ្យអារម្មណ៍ស្រស់ថ្លា ស្របពេលដែលការរំលឹកដឹងអាចនឹងកាត់បន្ថយស្ត្រេស និងនាំឲ្យមានអារម្មណ៍ល្អ។ រៀបចំគ្រែ ឬកន្លែងគេង វានឹងផ្តល់នូវអារម្មណ៍ថា អ្នកបានសម្រេចកិច្ចការមួយ ហើយអារម្មណ៍មោទនភាពក្នុងការសម្រេចការងារបែបនេះ នឹងជួយជំរុញទឹកចិត្តក្នុងការបំពេញកិច្ចការងារជាបន្តបន្ទាប់។ ធ្វើលំហាត់ប្រាណ លំហាត់ប្រាណងាយៗ យោគៈ ឬសកម្មភាពណាក៏ដោយ ឲ្យតែធ្វើឲ្យអ្នកមានថាមពលនិងឫកពារហ័សរហួន គួរតែត្រូវបានធ្វើក្នុងរយៈពេលសមល្មម (១០-២០នាទី) ហើយអាចធ្វើការឆ្លាស់នូវប្រភេទ ក៏ដូចជាសកម្មភាពទាំងនោះក៏បានដែរ។ រៀបចំខ្លួនឲ្យបានស្អាតបាត សកម្មភាពតូចៗតែសំខាន់ ចំពោះអនាម័យសម្ផស្ស និងសុខភាពរបស់អ្នក ពិតជាមិនអាចរំលងបានឡើយ ព្រោះការរៀបចំខ្លួនបានល្អប្រៀបនឹងការកសាងនូវទំនុកចិត្តដល់ខ្លួនឯងហើយជាលទ្ធផល អ្នកនឹងមានអារម្មណ៍ល្អសម្រាប់ថ្ងៃថ្មីរបស់អ្នក។ ញ៉ាំអាហារពេលព្រឹក ដែលល្អចំពោះសុខភាព អាហារពេលព្រឹក ជាអាហារដែលសំខាន់ជាងគេ ដូចនេះហើយ វាគួរតែមានសារធាតុចិញ្ចឹមទាំងនេះ (ប្រូតេអុីន ខ្លាញ់ល្អ គ្រាប់ធញ្ញជាតិ…) ដើម្បីឲ្យរាងកាយមានថាមពលព្រមទាំងផ្លូវចិត្តរឹងមាំល្អក្នុងការផ្ចង់អារម្មណ៍ និងបំពេញការងារ។ មានគម្រោងកិច្ចការដែលត្រូវបំពេញ ចំណាយពេលប៉ុន្មាននាទី រៀបចំនូវគម្រោងកិច្ចការដែលត្រូវបំពេញក្នុងមួយថ្ងៃហើយរៀបចំដាក់អាទិភាពលើកិច្ចការទាំងនោះ។ ទម្លាប់នេះនឹងបង្ការការគិត ឬរកនឹកសារឡើងវិញនូវអ្វីដែលត្រូវធ្វើ ហើយក៏ផ្តល់នូវអារម្មណ៍ដែលមានគោលដៅប្រចាំថ្ងៃដល់អ្នកផងដែរ។  ធ្វើសមាធិ សកម្មភាពនេះនឹងជួយត្រៀម ក៏ដូចជាហ្វឹកហាត់ចិត្ត និងអារម្មណ៍ ដែលនឹងមានឥទ្ធិពលលើប្រតិកម្មរបស់អ្នកចំពោះរឿងរ៉ាវគ្រប់យ៉ាងដែលនឹងកើតមានឡើង។ ការសមាធិអាចជាការអង្គុយចុះនៅកន្លែងដែលស្ងប់ស្ងាត់ បិទភ្នែក ហើយផ្តោតលើដង្ហើមចេញ និងចូល ប្រមាណ ៥នាទី ហើយគិតស្រមៃដល់រូបភាពដែលអ្នកនឹងត្រូវធ្វើក្នុងថ្ងៃនេះ រួចបើកភ្នែកសន្ធឹងដៃឡើងលើ ហើយងើបឡើង។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៤ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រហែលជាមានអ្នកខ្លះយល់ឃើញថា បើនៅទំនេរមិនធ្វើអ្វីសោះ ចេះតែមានអារម្មណ៍ថាខ្លួនឯងមិនបានការ ឬមិនមានប្រយោជន៍អ្វីសោះ ទើបតែងតែរៀបកាលវិភាគមមាញឹកសម្រាប់ខ្លួនឯង តែពួកគាត់មិនបានដឹងទេថាការធ្វើបែបនេះបាននិងកំពុងតែធ្វើឲ្យជីវិតរបស់ខ្លួនពិបាកក្នុងការមានតុល្យភាពការងារ-ជីវិតហើយក៏មានអ្នកខ្លះដាក់សម្ពាធចំពោះខ្លួនឯងក្នុងការសម្រេចគោលដៅជីវិតពេករហូតដល់ភ្លេចគិតពីសុខមាលភាពផ្លូវចិត្តរបស់ខ្លួន។ ប្រសិនបើអ្នកគិតថា ខ្លួនឯងហាក់ដូចជាបាត់បង់នូវរសជាតិជីវិត ឬជីវិតដែលមានគុណភាពនោះ អ្នកគួរងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់អាននូវសំណួរ-ចម្លើយខ្លីៗអំពីតុល្យភាពការងារ-ជីវិតខាងក្រោមនេះ… សំណួរ៖ អ្វីទៅជា«តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ «តុល្យភាពការងារ-ជីវិត» សំដៅទៅលើតុល្យភាពរវាងការប្រកបកិច្ចការងារនិងជីវិតគ្រួសារការកម្សាន្ត ឬអាចនិយាយបានថាជាជីវិតដែលមិនទន់ទោរទៅលើខាងណាខ្លាំង ដោយមានការបែងចែកពេលវេលា២៤ម៉ោង/ថ្ងៃ បានល្អ។ សំណួរ៖ តើ «តុល្យភាពការងារ-ជីវិត» មានសារសំខាន់អ្វីខ្លះចំពោះប្រសិទ្ធភាពការងារ? ចម្លើយ៖ - បង្កើនប្រសិទ្ធភាពការងារ - កាត់បន្ថយការឈប់សម្រាកដោយសារជំងឺ ជាពិសេសបញ្ហាថប់បារម្ភ - កម្លាំងបំពេញការងារកាន់តែរឹងមាំ វិជ្ជមាន និងមិនមានបញ្ហាស្មុគស្មាញ - មានអារម្មណ៍ល្អចំពោះខ្លួនឯង និងទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងគ្រួសារ - បង្កើនភាពស្មោះត្រង់ ការប្តេជ្ញាចិត្ត និងកម្លាំងចិត្តចំពោះការងារ និងក្រុមហ៊ុន - កាត់បន្ថយសម្ពាធការងារ។ សំណួរ៖ តើ «សុខភាពផ្លូវចិត្ត» និង«តុល្យភាពការងារ-ជីវិត» មានទំនាក់ទំនងគ្នាបែបណាខ្លះ? ចម្លើយ៖ ប្រសិនបើជីវិត និងការងារមិនមានតុល្យភាពទេនោះ សម្ពាធផ្លូវចិត្ត និងស្ត្រេសនឹងធ្វើឲ្យអ្នកប្រឈមមុខខ្លាំងទៅនឹងបញ្ហាផ្លូវចិត្តរួមមានជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ។ល។ សំណួរ៖ តើគួរ និងមិនគួរធ្វើអ្វីខ្លះដើម្បីឲ្យមាន «តុល្យភាពការងារ-ជីវិត»? ចម្លើយ៖ • ក្នុងម៉ោងការងារ - រៀបចំបំបែកគោលដៅធំ ជាគោលដៅតូចៗដែលអាចសម្រេចបានជាប្រចាំថ្ងៃ - បែងចែកពេលវេលាម៉ោងការងារប្រកបដោយប្រសិទ្ធភាព - ស្នើសុំការឆ្លាស់ពេលវេលាធ្វើការ ក្នុងករណីចាំបាច់ - កុំក្រែងចិត្ត ឬរារែកក្នុងការសុំច្បាប់សម្រាក ពេលដែលត្រូវការពេលខ្លះសម្រាប់ខ្លួនឯង - សម្រាកពេលខ្លី ដោយស្តាប់នូវបទចម្រៀង ឬភ្លេងដែលខ្លួនចូលចិត្ត - កុំខ្លាចក្នុងការប្រាស្រ័យទាក់ទង និងស្នើសុំជំនួយពីមិត្តរួមការងារ និងថ្នាក់លើ - កុំព្យាយាមដាក់សម្ពាធខ្លួនឯងជ្រុលពេក។ • ក្រៅម៉ោងការងារ - កាត់ផ្តាច់ទំនាក់ទំនងរឿងការងារ លើកលែងតែករណីចាំបាច់ និងបន្ទាន់ - ចំណាយពេលវេលាដែលមានគុណភាពជាមួយក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់ - បែងចែកឲ្យដាច់រវាងពេលវេលា និងបញ្ហាក្នុងការងារក្រុមហ៊ុន និងការងារ ក៏ដូចជាបញ្ហាក្នុងផ្ទះ - ធ្វើលំហាត់ប្រាណជាប្រចាំ - ទទួលទានអាហារ និងដំណេកឲ្យបានត្រឹមត្រូវនិងគ្រប់គ្រាន់ - ស្វែងរកជំនួយ រាល់ពេលដែលត្រូវការ។ សង្ឃឹមថាអាចធ្វើបាន...ស៊ូៗឡើង ដើម្បីជីវិតដែលមានតុល្យភាពណា៎!!! អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨៣ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ធ្លាប់មានបទពិសោធន៍ពេលជួបមនុស្សមិនធ្លាប់ស្គាល់ស្រាប់តែនិយាយអីក៏លែងចេញ ឬបែកញើសបាតដៃជោគពេលត្រៀមធ្វើបទបង្ហាញធំៗម្តងៗដែរទេ? នេះគេហៅថាជំងឺចាញ់ច្រាបគេ។ អ្នកអាចនឹងព្យាយាមចៀសវាងនូវទំនាក់ទំនងសង្គមទាំងអស់សូម្បីតែការជជែកគ្នាតិចតួច ឬគេចពីក្រសែភ្នែកអ្នកដទៃ ព្រោះរឿងដែលអ្នកដទៃយល់ថាធម្មតា អ្នកបែរជាមានអារម្មណ៍ថាមិនស្រណុកខ្លួនទៅវិញ។ ជំងឺចាញ់ច្រាបគេ ច្រើនកើតឡើងក្នុងអំឡុងពេលអ្នកមានអាយុ ១៣ឆ្នាំ។ វាអាចជាប់ទាក់ទងទៅនឹងប្រវត្តិអ្នកជំងឺដែលធ្លាប់ត្រូវគេធ្វើបាបសម្លុត ឬចំអន់ជាដើម។ កូនក្មេងដែលមានការអៀនខ្មាសច្រើនមានទំនោរក្នុងការវិវឌ្ឍទៅជាជំងឺចាញ់ច្រាបគេនៅពេលដែលពួកគេធំឡើង ដោយសារតែការគ្រប់គ្រងលើសកម្រិតរបស់ឪពុកម្តាយ។ អ្នកដែលចាញ់ច្រាបគេ ភាគច្រើនលេចចេញសញ្ញានៅពេលពួកគេស្ថិតក្នុងស្ថានភាពដូចជា៖ • ត្រូវជួបជាមួយមនុស្សប្លែកមុខ • ត្រូវនិយាយជាសាធារណៈ • ត្រូវសម្តែងនៅលើឆាក • ត្រូវបានគេមើលពេលកំពុងធ្វើអ្វីមួយ • ត្រូវគ្រូហៅនៅក្នុងថ្នាក់ • ត្រូវនិយាយក្នុងកិច្ចប្រជុំ។ នៅពេលស្ថិតក្នុងស្ថានភាពបែបនោះ ពួកគេនឹងលេចចេញនូវសញ្ញាដូចជា៖ • អារម្មណ៍ - មានការបារម្ភច្រើនហួសលើស្ថានភាពសង្គម - បារម្ភរាប់ថ្ងៃ រាប់ខែនៅពេលមានកម្មវិធីអ្វីម្តងៗ - ភ័យខ្លាចជ្រុលថាមានគេវាយតម្លៃមិនល្អមកលើខ្លួន ជាពិសេសអ្នកដែលមិនធ្លាប់ស្គាល់ - ខ្លាចសកម្មភាពរបស់ខ្លួនធ្វើទៅខ្មាសគេ - ខ្លាចគេមើលដឹងថាខ្លួនឯងកំពុងតែភ័យ។ • រាងកាយ - មុខឡើងក្រហម - ពិបាកដកដង្ហើម - ឈឺពោះ ចង្អោរ - ញ័រ ដល់ថ្នាក់សំឡេងក៏ញ័រ - បេះដូងលោតញាប់ តឹងទ្រូង - បែកញើស - វិលមុខ ឬអស់កម្លាំង។ បើទោះអ្នកអាចគេចពីស្ថានភាពសង្គមទាំងនេះក៏ពិតមែន តែជំងឺនេះអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពជីវិតរបស់អ្នកផងដែរព្រោះអ្នកនឹងបាត់បង់នូវការគោរពចំពោះខ្លួនឯង មានគំនិតអវិជ្ជមាន បាក់ទឹកចិត្ត ពិបាកក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។ អ្នកដែលមានបញ្ហាចាញ់ច្រាបគេ មិនមែនថាមិនអាចងើបមុខរួចនោះទេ អ្នកអាចព្យាយាមជាមួយនឹងវិធីសាស្រ្តខាងក្រោមនេះដើម្បីធ្វើឲ្យជីវិតរបស់អ្នកមានពន្លឺឡើងវិញ៖ • ទៅឲ្យបានមុនគេ៖ ការទៅធ្វើការមុនគេ ឬចូលរួមកម្មវិធីមុនគេ ជាវិធីសាស្ត្រប្រាប់ខួរក្បាលអ្នកថា អ្នកមិនមានភាពភ័យខ្លាចនោះទេ ហើយអ្នកក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាគ្រប់យ៉ាងដែលនៅចំពោះមុខ។ • សាកល្បងអ្វីថ្មី៖ អ្នកអាចសាកល្បងទៅកន្លែងដែលអ្នកមិនធ្លាប់ទៅ ឬចូលរៀនថ្នាក់សិល្បៈ។ ការធ្វើបែបនេះ អាចឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងផ្សងព្រេងហើយអារម្មណ៍ភ័យខ្លាចរបស់អ្នកក៏លែងតាមបន្លាចអ្នកពីក្រោយទៀតដែរ។ • ផ្តល់ការគោរពដល់ខ្លួនឯង៖ និយាយពាក្យពិរោះៗមកកាន់ខ្លួនឯង។ អ្នកត្រូវនិយាយពាក្យដែលអ្នកចង់ឲ្យអ្នកដទៃនិយាយមកកាន់អ្នកមកខ្លួនឯងហើយនិយាយពាក្យដែលជួយជ្រោមជ្រែងគេទៅកាន់អ្នកដទៃ។ ការគោរពតាមនូវអ្វីដែលខ្លួនអ្នកបាននិយាយចេញមក នឹងធ្វើឲ្យខួរក្បាលអ្នកមានមហិច្ឆតាជាងមុន។ • កំណត់តម្លៃរបស់ខ្លួនឯង៖ សិក្សាពីខ្លួនឯងឲ្យបានស៊ីជម្រៅ ហើយកំណត់ពីតម្លៃរបស់ខ្លួន រួចជីកកកាយវាចេញមក។ អ្នកគួរធ្វើការជម្នះដើម្បីអ្វីដែលអ្នកជឿជាក់ថាខ្លួនអាចធ្វើបាន។ ការធ្វើតាមតម្លៃខ្លួនឯងនឹងធ្វើឲ្យអ្នកមានក្តីសង្ឃឹម និងជួយអ្នកឲ្យយកឈ្នះនូវការភ័យខ្លាចដែលធ្វើឲ្យអ្នកបាត់តម្លៃនោះ។ មិនមែនមានតែអ្នកម្នាក់ទេ ដែលកើតជំងឺចាញ់ច្រាបគេ មានមនុស្សជាច្រើនដែលមានបញ្ហាមួយនេះ។ អ្វីដែលអ្នកត្រូវធ្វើគឺមិនត្រូវបោះបង់ខ្លួនឯងចោលនោះទេ ព្យាយាមធ្វើតាមវិធីសាស្ត្រដែលបានរៀបរាប់ខាងលើ ហើយប្រាប់ខ្លួនឯងថា “ខ្ញុំអាចធ្វើបាន ខ្ញុំមិនខ្វល់ពីក្រសែភ្នែកអ្នកដទៃឡើយ”។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ​ ៨១ 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ប្រាកដណាស់ «មានរូប មានទុក្ខ» ដរាបណានៅមានជីវិត យើងនៅតែត្រូវប្រឈមនឹងបញ្ហា ក៏ដូចជាឧបសគ្គនានា ហើយក្នុងនោះ រឿងរ៉ាវខ្លះក៏បានប៉ះទង្គិចដល់សុខភាពផ្លូវចិត្តរបស់យើង។ ទោះបីបញ្ហាតូច ឬធំប៉ុណ្ណា បើយើងចេះមើលថែសុខភាពផ្លូវចិត្តរបស់ខ្លួនឯងបានរឹងមាំនោះ យើងក៏មិនសូវមានការព្រួយបារម្ភខ្លាំងដែរចំពោះផលប៉ះពាល់មកលើផ្លូវចិត្តរបស់យើង។ ជាមួយនឹងវិធីងាយៗខាងក្រោមនេះ មិត្តអ្នកអានអាចសាកល្បងអនុវត្តនិងជ្រើសរើសយកវិធីណាដែលអ្នកគិតថា ស័ក្តិសមសម្រាប់ខ្លួនអ្នកផ្ទាល់ ហើយធ្វើការអនុវត្តវាឲ្យបានជាប្រចាំ… សរសេរចេញនូវគំនិត និងអារម្មណ៍របស់អ្នក ត្រង់នេះមិនសំដៅលើការផុសនៅលើហ្វេសប៊ុក ឬបណ្តាញសង្គមណាមួយឡើយ គឺសំដៅលើការចាប់កាន់ប៊ិច និងក្រដាស ហើយចាប់ផ្តើមសរសេរនូវអារម្មណ៍និងអ្វីដែលអ្នកមាននៅក្នុងចិត្តទាំងអស់ ដោយកុំខ្វល់ពីអ្វីទាំងអស់ គ្រាន់តែឲ្យដៃរបស់អ្នក ភ្ជាប់ទំនាក់ទំនងទៅនឹងបេះដូង និងខួរក្បាលរបស់អ្នកតែម្យ៉ាង ជាពិសេសរឿងរ៉ាវដែលអ្នកគិតថា ពិបាកនឹងនិយាយចេញ ឬនៅពេលដែលមិនមាននរណាម្នាក់ចាំស្តាប់អ្នក។ ឈរលើជំហរ និងការគិតបែបវិជ្ជមាន មិនថាក្នុងកាលៈទេសៈបែបណា មិនថារឿងមួយអាចនឹងមានភាពអវិជ្ជមានខ្លាំងកម្រិតណា ក៏គង់តែមានចំណុចវិជ្ជមាននៅក្នុងនោះដែរ។ ជាក់ស្តែង បើអ្នកត្រូវសម្រេចកិច្ចការមួយក្នុងពេលដ៏ខ្លី ជំនួសដោយការគិតដែលមានសម្ពាធ និងមានអារម្មណ៍មិនល្អចំពោះវា អ្នកអាចគិតថា រយៈពេលកំណត់ខ្លីនេះ ជាកម្លាំងជំរុញទឹកចិត្តយ៉ាងមានប្រសិទ្ធភាព ក្នុងការធ្វើឲ្យអ្នកបញ្ចប់នូវកិច្ចការមួយនោះបានរហ័ស និងតាមកាលកំណត់។ កំណត់ពេលដើរលម្ហែឲ្យបានជាប្រចាំ បើសិនជាអាច អ្នកគួរតែសម្រាកការគិត និងដើរលម្ហែចិត្តរៀងរាល់២០នាទីម្តង ឬជាប្រចាំ ជាពិសេសអ្នកដែលធ្វើការដោយប្រើប្រាស់ខួរក្បាលច្រើន។ ការធ្វើបែបនេះ មិនត្រឹមតែធ្វើឲ្យចិត្តរបស់អ្នកបានធូរស្រាលពីសម្ពាធការងារនោះទេ ប្រសិទ្ធភាពការងារក៏អាចនឹងមានការរីកចម្រើនផងដែរនៅពេលដែលអ្នកផ្តល់ពេលសម្រាកដល់ខួរក្បាលអ្នកបានគ្រប់គ្រាន់។ មានមនុស្សដែលអ្នកអាចទុកចិត្ត និងចែករំលែករឿងរ៉ាវក្នុងចិត្តបាន មិនថាមានតិច ឬច្រើននោះទេ អ្នកគួរតែមាននរណាម្នាក់ដែលអ្នកជឿជាក់និងអាចចែករំលែកអ្វីគ្រប់យ៉ាងបាន ជាពិសេសពេលដែលមានទុក្ខសោក ឬបញ្ហាក្នុងចិត្ត ដើម្បីអាចឲ្យអ្នកមានអារម្មណ៍ថា«អ្នកមិនឯកាឡើយ»។ រំលឹករឿងវិជ្ជមានឲ្យបាន ៣ ពេលកំពុងមានអារម្មណ៍អវិជ្ជមាន ឲ្យតែជារឿងវិជ្ជមានដែលងាយនឹងរកនឹកឃើញ ទោះបីជាសាមញ្ញយ៉ាងណាក៏ដោយ អាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ស្នាដៃដែលធ្វើឲ្យអ្នកមានមោទនភាព និងនរណាម្នាក់ដែលអ្នកស្រលាញ់ចូលចិត្ត ។ល។ ឆ្លើយតបនឹងសំឡេងក្នុងចិត្តរបស់អ្នកដោយឆ្លាតវៃបើសិនជាសំឡេងនោះកំពុងគិតអវិជ្ជមាន អ្នកគួរសាកល្បងគិតថា អ្នកជាមិត្តភក្តិម្នាក់របស់ខ្លួនអ្នកហើយសួរខ្លួនឯងថា «តើអ្នកនឹងផ្តល់យោបល់ ឬឆ្លើយតបបែបណា ចំពោះស្ថានភាពបែបនេះ?» ហើយធ្វើការថ្លឹងថ្លែងអំពីគំនិត ឬដំណោះស្រាយដែលល្អសម្រាប់ខ្លួនអ្នក។ សួរខ្លួនឯងថា «បន្ទាប់ពីនេះ តើនឹងអាចមានអ្វីខ្លះកើតឡើង?» ក្នុងករណីកំពុងមានបញ្ហាប្រឈមណាមួយដែលមិនមានអ្វីអាចកែប្រែ ឬធ្វើឲ្យប្រសើរបាន អ្នកត្រូវតែទទួលស្គាល់ការពិត ហើយជំនួសដោយការសម្ងំនៅសោកសៅចំពោះបញ្ហានោះ អ្នកអាចគិតបន្តទៅលើអ្វី ដែលនឹងកើតឡើងបន្ទាប់ពីបញ្ហានេះកើតមានឡើងដើម្បីអាចគិតគូរអំពីអ្វីដែលអ្នកអាចធ្វើបាន។ បណ្តុះទម្លាប់ល្អ មុនពេលចូលគេង បញ្ឈប់ការគិត និងព្រួយបារម្ភពីបញ្ហានានា (អ្នកអាចកត់ចំណំានូវបញ្ហាទាំងនោះដើម្បីបន្តការគិតនៅថ្ងៃស្អែកហើយប្រសិនបើនឹកឃើញអំពីគំនិតអ្វីមួយនោះអ្នកអាចសរសេរចេញមកឲ្យអស់ រហូតដល់ខួរក្បាលរបស់អ្នកលែងគិតអំពីរឿងរ៉ាវទាំងនោះទៀត)។ ទន្ទឹមនឹងគ្នានេះដែរ ការចៀសវាងការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗក៏ជាទង្វើដែលអ្នកគួរតែធ្វើ មុនពេលបិទភ្នែកចូលគេងផងដែរ។ ព្រោះថា…សុខភាពផ្លូវចិត្ត ក៏សំខាន់ដូចជាសុខភាពផ្លូវកាយផងដែរ… 2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ

ការឡើងទម្ងន់ ឬស្រកទម្ងន់ខ្លាំងពេកបានក្លាយជាកង្វល់របស់បុគ្គលភាគច្រើន ដោយសារតែការមិនអាចបង្ហាញដងខ្លួនដែលស្អាត ស៊ិចស៊ីដល់មនុស្សជុំវិញខ្លួនបាន។ មិនត្រឹមតែប៉ុណ្ណោះ ការចំអកឡកឡាយពីគ្រួសារ មិត្តភក្តិ ក្លាយជាសម្ពាធមួយ ដែលធ្វើឲ្យពួកគេស្វែងរកដំណោះស្រាយ ហើយមូលហេតុនៃបញ្ហាទម្ងន់ដែលគ្រប់គ្នា នឹងគិតដល់មុនគេនោះគឺអាហារ។ ហេតុដូច្នេះហើយ របបអាហារក៏ត្រូវចាប់ផ្តើមប្រែប្រួល ដោយបុគ្គលខ្លះធ្វើការតមអាហារយ៉ាងគំហុកដើម្បីសម្រកទម្ងន់ ឯអ្នកខ្លះទៀត ក៏ចាប់ផ្តើមបង្កើនបរិមាណនៃការញ៉ាំឲ្យបានច្រើនដើម្បីឲ្យទម្ងន់កើនឡើង។ សកម្មភាពនេះមើលទៅដូចជាមិនមានអ្វីប្លែកទេ ប៉ុន្តែបើអ្នកសង្កេតឲ្យបានម៉ត់ចត់ជាងនេះវាអាចជាសម្ពាធមួយដែលធ្វើឲ្យមនុស្សទាំងនោះទទួលរងនូវជំងឺផ្លូវចិត្តម្យ៉ាងដែលគេឲ្យឈ្មោះថា Eating Disorder។ តើធ្វើយ៉ាងម៉េចទើបអាចដឹងថាខ្លួនអ្នកមានជំងឺ Eating Disorder? ចម្លើយនេះ អ្នកដែលបានតាមដានទស្សនាវដ្តីហេលស៍ថាមលេខ ៧៧ ដែលចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១៩ ប្រាកដជាបានដឹងនិងបានធ្វើតេស្តខ្លះៗហើយមែនទេ? តែសម្រាប់អ្នកដែលមិនទាន់បានអានវិញ អាចចូលអានអត្ថបទនេះតាមតំណនេះ៖ អ្នកអាចកំពុងមានជំងឺផ្លូវចិត្តទាក់ទង Eating Disorders សិនណាសឹមយើងទៅស្វែងយល់ជាមួយគ្នាបន្តពីដំណោះស្រាយនៃបញ្ហានេះ។ តើ Eating Disorder អាចព្យាបាលបែបណា? តោះ! បើបានដឹងថាខ្លួនមានបញ្ហានេះហើយ មកតាមដានទាំងអស់គ្នាពីការដោះស្រាយម្តង... - ការពិនិត្យសុខភាពទូទៅ៖ កង្វល់ធ្ងន់ធ្ងរជាងគេក្នុងការព្យាបាលជំងឺ Eating Disorder គឺការរកមើលថាតើមានបញ្ហាសុខភាពណាមួយទេ ដែលបណ្តាលមកពីការប្រែប្រួលទម្លាប់បរិភោគអាហារនេះ។ - ការបំពេញអាហារូបត្ថម្ភ៖ អ្នកជំងឺនឹងត្រូវបានណែនាំឲ្យបរិភោគតាមធម្មតាវិញហើយគ្រូពេទ្យនឹងរៀបចំគម្រោងអាហារផ្ទាល់ខ្លួនសម្រាប់អ្នកជំងឺម្នាក់ៗដើម្បីឲ្យទម្ងន់ត្រឡប់មកធម្មតាវិញ និងរក្សាទម្ងន់ដែលសមស្រប។ - ការព្យាបាលផ្នែកផ្លូវចិត្ត៖ ការព្យាបាលផ្នែកផ្លូវចិត្តរបស់អ្នកជំងឺ អាចមានទម្រង់ផ្សេងៗគ្នា ដោយមានការចូលរួមពីបុគ្គលខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួន អាស្រ័យទៅតាមមូលហេតុនៃ Eating Disorder របស់អ្នកជំងឺនីមួយៗ។ ការព្យាបាលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការធ្វើឲ្យអ្នកជំងឺមានឱកាសជាសះស្បើយឡើងវិញ និងព្យាបាលការប៉ះទង្គិចផ្លូវអារម្មណ៍របស់ពួកគាត់ហើយក៏អាចស្វែងរកគុណភាពជីវិតរបស់ខ្លួនឯងមកវិញផងដែរ។ - ការព្យាបាលដោយឱសថ៖ ឱសថមួយចំនួនអាចមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាអារម្មណ៍តានតឹងដែលអាចកើតឡើងរួមគ្នាជាមួយនឹងការប្រែប្រួលទម្លាប់នៃការញ៉ាំ។ បើទោះបីជាអ្នកបានដឹងពីវិធីសាស្រ្តក្នុងការព្យាបាលជំងឺ Eating Disorder នេះហើយក៏ដោយតែអ្នកមិនត្រូវភ្លេចធ្វើការតាមដានស្ថានភាពរបស់ខ្លួនជាមួយនឹងគ្រូពេទ្យជំនាញនោះឡើយ ព្រោះការព្យាបាលជំងឺនេះ គឺត្រូវការចំណាយពេលវេលាយូររួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អ្នកផ្ទាល់ ព្រមទាំងការគាំទ្រពីក្រុមគ្រួសារ មិត្តភក្តិនិងមនុស្សជុំវិញខ្លួនផងដែរ។ អត្ថបទ៖​ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៨០ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

ធ្លាប់មានអារម្មណ៍ថា ច្រណែនមិត្តក្នុង Facebook មែនទេ? ធ្លាប់គិតថា ហេតុអ្វីខ្ញុំចំណាយពេលឥតប្រយោជន៍ច្រើនជាមួយ Facebookបែបនេះ? ហេតុអ្វី?.....តាមពិតមានហេតុផល ២យ៉ាងរវាងទំនាក់ទំនងនៃការបាក់ទឹកចិត្ត និងការប្រើប្រាស់ Facebook ដែលត្រូវបានបកស្រាយដូចខាងក្រោម៖ ១. ចំណាយពេលច្រើនពេក ការប្រើប្រាស់ហ្វេសប៊ុកដោយមានពេលវេលាត្រឹមត្រូវនិងក្នុងគោលបំណងប្រើប្រាស់ជាប្រយោជន៍ណាមួយច្បាស់លាស់ពិតជាមិនបានផ្តល់ជាបញ្ហាចោទនោះទេ។ ប៉ុន្តែភាគច្រើននៃអ្នកប្រើប្រាស់ដែលទទួលអារម្មណ៍អវិជ្ជមាន ពិសេសអាចបណ្តាលឲ្យបាក់ទឹកចិត្តនោះ គឺប្រើច្រើនលើសកម្រិត អូសចុះ អូសឡើង ជាពិសេសមិនបានបែងចែកពេលវេលាសម្រាប់ការប្រកបការងារ ឬរៀនសូត្រឲ្យមានប្រសិទ្ធភាពឡើយ ជាហេតុធ្វើឲ្យពួកគាត់តែងមានអារម្មណ៍ខុសឆ្គងចំពោះខ្លួនឯង ដែលមិនអាចប្រើប្រាស់ពេលវេលាឲ្យមានតម្លៃ បង្កើនចំណូល ឬបង្កើនចំណេះដូចអ្នកដទៃឬដូចដែលបានគ្រោងទុក។ ២. ចូលចិត្តប្រៀបធៀប ការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយក្នុងខែមិថុនា ឆ្នាំ២០១៦ នៃ Current Opinion in Psychology បានរកឃើញថាភាពច្រណែនមិត្តភក្តិក្នុង Facebook អាចបណ្តាលឲ្យកើតជាជំងឺបាក់ទឹកចិត្ត។ តាមរយៈ ការអូសចុះឡើង New Feeds ដែលសុទ្ធតែជារូបភាពពោរពេញដោយសុភមង្គលភាពជោគជ័យនានា ដំណើរកម្សាន្តក្រៅប្រទេស គូស្នេហ៍ដ៏ផ្អែមល្អែម ឡើងតំណែងការងារ ជាប់អាហារូបករណ៍ទៅសិក្សាក្រៅប្រទេស រាងកាយដ៏ស្រលូន ស៊ិចស៊ីចំពោះនារី ឬរាងកាយសម្បូរទៅដោយសាច់ដុំចំពោះបុរស។ល។ សុទ្ធតែអាចបណ្តាលឲ្យអ្នកទទួលអារម្មណ៍ច្រណែន ប្រៀបធៀបជីវិតអ្នកជាមួយគេព្រមទាំងប្រាថ្នាឲ្យបានដូចគេទៀតផង។ ពេលខ្លះ អ្នកតែងគិតថាហេតុអ្វីពិភពលោកនេះលម្អៀងចំពោះអ្នកម្ល៉េះ? ហេតុអ្វីអ្នកមិនអាចទទួលបានភាពរីករាយដូចគេ? ក្នុងករណីអ្នកកំពុងមានអារម្មណ៍អវិជ្ជមានបែបនេះសូមព្យាយាមអនុវត្តការគិតនិងដាក់ផែនការចំពោះខ្លួនឯងដូចខាងក្រោមដើម្បីទទួលបានអារម្មណ៍ប្រសើរឡើងវិញ៖ - ព្យាយាមកាត់បន្ថយការប្រើប្រាស់ Facebook បែបអកម្ម (Passive User) ដែលគ្រាន់តែអូសចុះឡើងដើម្បីមើលថាមានអ្វីខ្លះដែលបានកើតឡើងចំពោះមិត្តភក្តិអ្នក - កំណត់ពេលវេលាប្រើប្រាស់ឲ្យបានច្បាស់លាស់ និងប្រើក្នុងពេលកំណត់មួយ (ក្នុងករណីជា Passive User) - ត្រូវសប្បាយរីករាយ និងត្រេកអរជាមួយការទទួលបានរបស់មិត្តភក្តិអ្នក តែមិនមែនច្រណែននោះទេ - ត្រូវគិតថា ការបង្ហាញចេញរបស់មិត្តភក្តិអ្នកក្នុងបណ្តាញសង្គម គ្រាន់ជាផ្នែកមួយនៃជីវិតរបស់ពួកគេប៉ុណ្ណោះ។ គ្មាននរណាម្នាក់នឹងបង្ហាញភាពឥតខ្ចោះនៃគ្រួសារ ឬជីវិតផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃដឹងឡើយ! ជីវិតពោរពេញទៅដោយភាពផ្អែមល្អែម ល្វីង ជូរចត់ដូចគ្នា។ ម៉្យាងអ្នកត្រូវចាំថា ជីវិតរបស់បុគ្គលម្នាក់ៗលើលោកយើងនេះមានវាសនាមិនដូចគ្នាទេ ចំណែកការកំណត់និយមន័យជោគជ័យ និងសុភមង្គលកាន់តែផ្សេងគ្នាទៀត ប៉ុន្តែសំខាន់អ្នកត្រូវចេះប្រើប្រាស់ពេលវេលាប្រចាំថ្ងៃអ្នកឲ្យអស់លទ្ធភាព ព្រមទាំងរីករាយនូវអ្វដែលអ្នកកំពុងមាន និងព្យាយាមសម្រេចនូវអ្វីដែលអ្នកប្រាថ្នានាពេលអនាគត។ Facebook មិនមែនជាកត្តាបង្កហេតុទេ ប៉ុន្តែការប្រើប្រាស់មិនត្រឹមត្រូវទៅវិញទេដែលជាបញ្ហាប្រឈមសំខាន់បណ្តាលឲ្យបាក់ទឹកចិត្តដោយមិនដឹងខ្លួន។ អត្ថបទ៖ ដកស្រង់ចេញពីទស្សនាវដ្ដី ហេលស៍ថាម ប្រូ លេខ ៧៩ ©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូលប្រព័ន្ធអុីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 

Top