Menu

SACCHAROMYCES BOULARDII ៖ សារធាតុចម្បងមួយរបស់ឱសថ Bioflor


SACCHAROMYCES BOULARDII ៖ សារធាតុចម្បងមួយរបស់ឱសថ Bioflor

Saccharomyces boulardii ជាឈ្មោះប្រភេទផ្សិតល្អ (Yeast) ម៉្យាងដែលគេយកវាមកប្រើប្រាស់ជាសារធាតុសកម្មនៅក្នុងឱសថ Bioflor សម្រាប់ការព្យាបាល ការពារ និងធ្វើឲ្យប្រសើរឡើងវិញចំពោះជំងឺរាកដែលបណ្តាលមកពីមូលហេតុនានា ជាពិសេសសម្រាប់កុមារ។

សកម្មភាពរបស់ឱសថ
ជាមួយសកម្មភាពប្រឆាំងនឹងមេរោគដូចជាបាក់តេរី និងផ្សិតនៅប្រព័ន្ធរំលាយអាហារ ឱសថប្រូប៊ីយ៉ូទិច Bioflor (Saccharomyces boulardii) ត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺដូចជា៖
•    រាកស្រួចស្រាវ
•    ជំងឺរលាកប្រព័ន្ធរំលាយអាហារ
•    រាកបណ្តាលមកពីការធ្វើដំណើរ
•    រាកបណ្តាលមកពីការប្រើប្រាស់ថ្នាំផ្សះ។ល។

កម្រិត និងការប្រើប្រាស់
•    ចំពោះឱសថគ្រាប់៖ លេបម្តង ១ ឬ២ គ្រាប់ ១ ទៅ ២ដងប្រចាំថ្ងៃ ដោយប្រើប្រាស់ជាមួយទឹក
•    ចំពោះឱសថជាម្សៅ៖ ប្រើប្រាស់ម្តង ១ ទៅ២កញ្ចប់ អាចប្រើ ១ ទៅ២ដងប្រចាំថ្ងៃដោយលាយវាជាមួយទឹក ឬអាហារ ហើយចៀសវាងលាយជាមួយទឹកត្រជាក់ ឬក្តៅពេក ឬសារធាតុអាល់កុល។ 

ផលរំខានរបស់ឱសថ
ឱសថអាចនឹងផ្តល់ជាផលរំខាននានាមួយចំនួន ប៉ុន្តែមិនញឹកញាប់នោះទេ ដែលមានដូចជា៖
•    ហើមពោះ
•    កន្ទួលក្រហម រមាស់
•    វិលមុខធ្ងន់ធ្ងរ
•    ផ្សិតនៅក្នុងឈាម (មានភាពកម្រ)។

អន្តរកម្មឱសថ
ឱសថ Saccharomyces boulardii អាចនឹងថយចុះប្រសិទ្ធភាពក្នុងករណីប្រើប្រាស់ក្នុងពេលដូចគ្នាជាមួយឱសថប្រឆាំងមេរោគផ្សិតផ្សេងទៀតដូចជា Fluconazole (Diflucan), Terbinafine (Lamisil), Itraconazole (Sporanox)។ល។

បម្រុងប្រយ័ត្ន
•    ចំពោះកុមារ៖  អាចអនុញ្ញាតឲ្យប្រើប្រាស់ Saccharomyces boulardii តែភាគច្រើនជំងឺរាកចំពោះកុមារត្រូវការ ការប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ
   ចំពោះស្រ្តីមានផ្ទៃពោះ និងបំបៅដោះកូន៖  មិនមានការបញ្ជាក់ច្បាស់លាស់ពីសុវត្ថិភាពក្នុងការប្រើប្រាស់ឱសថនោះទេ ដូច្នេះស្រ្តីមានផ្ទៃពោះគួរការពារខ្លួន និងចៀសវាងការប្រើប្រាស់ដោយខ្លួនឯង
•    ចំពោះអ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ៖  គួរមានការប្រុងប្រយ័ត្នពីព្រោះការប្រើប្រាស់ឱសថ Saccharomyces boulardiiនេះ អាចបណ្តាលឲ្យមានផ្សិតនៅក្នុងឈាម
•    ចំពោះអ្នកមានប្រតិកម្មជាមួយផ្សិត៖  គួរចៀសវាងប្រើប្រាស់ឱសថនេះ ប្រសិនមានបញ្ហាអាល្លែកហ្ស៊ីជាមួយសារធាតុដែលមានវត្តមានពពួកផ្សិត។

គួរបញ្ជាក់ផងដែរឱសថ Saccharomyces boulardii ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងទម្រង់ទាំងឱសថគ្រាប់ និងម្សៅមានឈ្មោះដូចជា Enterol®, Flomicin, Floratil® ជាដើម។

©2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ       
 

Share:

អត្ថបទទាក់ទង