
វិធីសាស្ត្រជួយអ្នកឲ្យសម្រេចក្តីប្រាថ្នាដោយជោគជ័យសម្រាប់ឆ្នាំថ្មី



បំណងប្រាថ្នាឆ្នាំថ្មី ដែលគ្រប់គ្នាតែងនិយាយថា New Year Resolution គឺជាបំណងប្រាថ្នាដែលយើងចង់ធ្វើវាយូរហើយ តែធ្វើមិនបាន ឬមិនបានធ្វើតែម្តង។ វាអាចជាបំណងដែលសល់ពីឆ្នាំចាស់ ឬបំណងថ្មីៗទើបនឹងកើតក្នុងចិត្តយើងគ្រប់គ្នា ប៉ុន្តែសួរថាវាសំខាន់អត់? គួរតែមានឬអត់? ចម្លើយគឺវាអាស្រ័យលើខ្លួនអ្នកហ្នឹងហើយ!
តាមពិតទៅនរណាៗក៏មានក្តីស្រមៃ សុបិន្ត និងបំណងប្រាថ្នាដែរ ប៉ុន្តែវាអាស្រ័យលើថាតើអ្នកនឹងឲ្យតម្លៃ និងព្យាយាមដើរទៅមុខឈោងចាប់វា ឬអត់។ បំណងប្រាថ្នាឆ្នាំថ្មីជាការសន្យាមួយដែលមនុស្សម្នាក់ធ្វើសម្រាប់ឆ្នាំថ្មី ហើយមិនថាអ្នកប៉ងចង់បាន ឬធ្វើនោះអ្វីទេ ក៏គោលដៅរបស់វាគឺដើម្បីកែលម្អជីវិតឲ្យកាន់តែប្រសើរ និងមានន័យនៅក្នុងឆ្នាំខាងមុខនេះ។ ការតាំងចិត្ត ទាំងនោះអាចមាននៅក្នុងទម្រង់ជាច្រើន តួយ៉ាងអ្នកខ្លះសន្យាថានឹងផ្លាស់ប្តូរទម្លាប់អាក្រក់ដូចជាឈប់ជក់បារី ឬញ៉ាំអាហារមិនល្អសម្រាប់សុខភាព ឯអ្នកខ្លះទៀតសន្យាថានឹងបង្កើតទម្លាប់វិជ្ជមាន ដូចជាការចាប់ផ្តើមកម្មវិធីហាត់ប្រាណ ឬការចូលធ្វើការងារស្ម័គ្រចិត្តនៅក្នុងសហគមន៍ជាដើម ដែលវាអាស្រ័យលើអ្វីដែលមនុស្សម្នាក់ៗបានតាំងចិត្ត និងចង់សម្រេចឲ្យបាន។
មូលហេតុចម្បងដែលមនុស្សមួយចំនួនមិនមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី គឺភាគច្រើនពួកគេប្រហែលធ្លាប់បរាជ័យក្នុងការរក្សាវា ឬពិបាកធ្វើឲ្យវាកើតឡើងតាមបំណង ប៉ុន្តែ បើទោះជាយ៉ាងណាក៏ដោយ បំណងទាំងនោះគួរតែត្រូវបានធ្វើឡើង ក្រោមហេតុផលខាងក្រោម៖
• យកឈ្នះលើខ្លួនឯងបានតាមរយៈការបង្កើតបំណងទាំងនោះ ដោយបញ្ឈប់ទម្លាប់មិនល្អ ឬចាប់ផ្តើមធ្វើរឿងដែលយើងចូលចិត្តតែមិនបានធ្វើ ឬមិនធ្លាប់បានធ្វើជាដើម
• ពិនិត្យចំណុចខ្វះខាតរបស់ខ្លួនឯង និងធ្វើខ្លួនឲ្យល្អប្រសើរជាងមុន
• ដាស់តឿនអ្នករាល់ថ្ងៃឲ្យក្រោកពីគេង ហើយបន្តដំណើរស្វែងរកអ្វីដែលអ្នកប៉ងប្រាថ្នាកន្លងមក
• ជួយឲ្យអ្នកមានអារម្មណ៍ល្អ និងមោទនភាព ពេលសម្រេចវាបានជោគជ័យ
• អ្នកនឹងទទួលបានអារម្មណ៍ថាខ្លួនឯងរស់នៅមានគោលដៅត្រូវសម្រេច និងសុទិដ្ឋិនិយមក្នុងជីវិត។
ចុះប្រសិនបើចង់ឲ្យបំណងបានសម្រេច តើអ្នកត្រូវធ្វើយ៉ាងម៉េចទៅ? ប្រាកដណាស់ ប្រសិនបើអ្នកគ្រាន់តែចង់ តែមិនធ្វើ ឬគិតថាធ្វើមិនបាន តើវានឹងសម្រេចបានយ៉ាងម៉េចទៅ! កុំបារម្ភ ប្រសិនបើអ្នកស្ថិតក្នុងកាលៈទេសៈនេះ ដោយហេតុថានៅមានដំណោះស្រាយខ្លះអាចជួយអ្នកបាន ទោះមិនមែន១០០% ក៏ដោយតែសំខាន់គឺនៅលើខ្លួនអ្នកថាតើអ្នកព្រមធ្វើតាម ឬអត់ទៀតប៉ុណ្ណោះ។ តោះនៅចាំអីទៀត អានវិធីខាងក្រោមសាកល៎មើល ក្រែងលអាចសម្រេចបំណងឆ្នាំថ្មីបាន៖
១. ចាប់ផ្តើមពីបំណងតូចៗសិន
មុននឹងសម្រេចបំណងធំបាន អ្នកគួរចាប់ផ្តើមពីបំណងតូចៗសិនផងដែរ។ ម៉្យាងទៀត នៅពេលអ្នកសម្រេចបំណងតូចៗបានជោគជ័យ វាអាចក្លាយជាកម្លាំជំរុញទឹកចិត្តឲ្យអ្នកអាចបន្តទៅសម្រេចបំណងធំបានកាន់តែមានប្រសិទ្ធិភាព។ លោកអ្នកអាចចាប់ផ្តើមសាកល្បងដោយកែប្រែទម្លាប់មិនល្អរបស់អ្នកជាមុនសិនដូចជា ការក្រោកពីព្រឹកព្រលឹម ហាត់ប្រាណ ទៅសាលា ឬទៅកន្លែងធ្វើការទាន់ម៉ោងជាដើម។
២. កំណត់គោលដៅឲ្យច្បាស់លាស់
ឧទាហរណ៍ថាចង់សន្សំលុយ តើអ្នកសន្សំប៉ុណ្ណា? អ្នកគួរកំណត់ឲ្យច្បាស់ថាចង់សន្សំដើម្បីទិញរបស់អ្វីមួយ ហើយត្រូវសន្សំប៉ុន្មានក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ ដូចជា បើម្តង១ម៉ឺន ៥ម៉ឺន ឬ១០ម៉ឺន ត្រូវច្បាស់លាស់ នោះនៅពេលអ្នកធ្វើតាម វានឹងកាន់តែមានប្រសិទ្ធិភាពជាងពេលដែលអ្នកមិនសូវមានគោលដៅច្បាស់លាស់ ឬមិនបានកំណត់ទុកសម្រាប់ខ្លួនឯង។
៣. សរសេរគោលដៅទាំងនោះ
ដឹងទេ! អ្នកដែលបានសរសេរគោលដៅ ឬបំណងប្រាថ្នាទាំងនោះ មានឱកាសក្នុងការសម្រេចបំណងជាងអ្នកមិនបានសរសេរ។ អ្នកអាចសរសេរវាក្នុងសៀវភៅណាមួយ ឬលើស្ទីកគ័របិទលើជញ្ជាំងក៏បាន ឲ្យតែបានសរសេរ និងរៀបរាប់គោលបំណងទាំងនោះ ដែលវាប្រៀបបាននឹងការចុះកុងត្រាជាមួយខ្លួនឯងដូច្នេះដែរ។
៤. ប្រាប់អ្នកដទៃអំពីបំណងទាំងនោះ
មិនមែនឲ្យដើរប្រាប់គេគ្រប់គ្នានោះទេណា៎! អ្នកគួរជ្រើសរើសនរណាដែលអ្នកទុកចិត្ត និងជាមនុស្សស្និទ្ធិស្នាល អាចជាមិត្តភក្តិ ឬក្រុមគ្រួសារ ហើយនិយាយប្រាប់គេអំពីបំណងប្រាថ្នា និងគោលដៅរបស់អ្នកក្នុងឆ្នាំថ្មីទាំងនោះ។ ការចែករំលែកបែបនេះក៏អាចជួយបានតាមរយៈថា គេអាចជាអ្នកជួយរំឭកអ្នកឲ្យខំប្រឹងសម្រេចបំណងទាំងនោះឲ្យបាន។
៥. រស់នៅរាល់ថ្ងៃជាមួយគោលបំណងអ្នក
ប្រសិនបើអ្នកហីៗ មិនអើពើ ឬមិនខ្វល់ជាមួយបំណងខ្លួនឯងផងតើវានឹងអាចទៅមុខបានយ៉ាងម៉េច? បង្កើតទំនាក់ទំនងអ្នកជាមួយនឹងពួកវាឲ្យបានស្អិតរមួត រហូតដល់អ្នកខ្វះវាមិនបាន ពិសេសរាល់ពេលក្រោកពីគេង និងមុនពេលចូលគេងរបស់អ្នក ហើយកុំយកឡេះ ដូចជាសុំសម្រាកបន្តិច គិតមិនចេញ អស់កម្លាំង អីហ្នឹងដឹងតែចប់ហើយ។
៦. ជឿជាក់លើខ្លួនឯង
កុំទាន់បាក់ទឹកចិត្ត ប្រសិនបើបំណងខ្លះនៅតែសម្រេចមិនបានក្នុងឆ្នាំកន្លងមក! ដាក់កម្រិតខ្លួនឯងឲ្យច្បាស់លាស់ ហើយទន្ទិញពាក្យថា «ខ្ញុំអាចធ្វើបាន»។ អ្នកនឹងមិនអាចសម្រេចវាបានទេ ប្រសិនបើអ្នកមិនជឿជាក់លើគោលបំណងខ្លួនឯង ហើយសូម្បីតែអ្នកខ្លួនឯងក៏គិតថាតើវាមិនអាចទៅរួចផងនោះ។
មិនថាអ្នកជាអ្នកណា មកពីណា ប្រសិនបើអ្នកគ្មានក្តីស្រមៃ និងបំណងប្រាថ្នាទេ ជីវិតអ្នកប្រៀបបាននឹងការរស់នៅកណ្តាសមុទ្រដ៏ធំល្វឹងល្វើយគ្មានត្រើយ។ តោះ! ឆ្នាំថ្មីជិតមកដល់មែនទែនហើយ តើអ្នកមានបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មីហើយឬនៅ? បើមានហើយ សូមឲ្យបានសម្រេចដូចបំណងណា៎! តែបើមិនទាន់មាន ឆាប់រក និងសរសេរវាឲ្យហើយទៅ ប្រយ័ត្នភ្លេចបាត់!
©2018 រក្សាសិទ្ធិគ្រប់យ៉ាងដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ