Menu

ការក្រហាយក្រពះ អាចមានបញ្ហាលើសពីអ្វីដែលអ្នកគិតដល់!


ការក្រហាយក្រពះ អាចមានបញ្ហាលើសពីអ្វីដែលអ្នកគិតដល់!

ភាពឈឺចាប់ ឬក្រហល់ក្រហាយជាធម្មតាក្នុងពោះបណ្តាលមកពីការរលាកក្រពះតិចតួចអាចនឹងត្រូវបំបាត់បានតាមរយៈការប្រើប្រាស់ឱសថប្រឆាំងការបញ្ចេញជាតិអាស៊ីត (Antacids) យ៉ាងណាមិញចំពោះអាការៈជំងឺដែលកើតមានឡើងមិនធម្មតា ឬថ្មីៗ អ្នកជំងឺគួរស្វែងរកការពិនិត្យឲ្យបានត្រឹមត្រូវ។

អ្វីគួរដឹង?
ជាទូទៅ អាការៈក្រហល់ក្រហាយ ភាគច្រើនជាសញ្ញាដាស់តឿនពាក់ព័ន្ធទៅនឹងបម្រែបម្រួលមុខងារក្រពះពោះវៀន ភ្នាសបំពង់អាហារ ដែលបង្កឡើងពីជំងឺដំបៅភ្នាសក្រពះ ឬច្រាលទឹកអាស៊ីតក្រពះជាដើម។ ដោយឡែក ប្រសិនសញ្ញាឈឺចាប់ណាមួយ ស្តែងឡើងរយៈពេលលើសពី ១០ថ្ងៃ មានសភាពធ្ងន់ធ្ងរបូករួមការថយចុះទម្ងន់ និងលាមកមានពណ៌ខ្មៅ នោះការពិគ្រោះជំងឺជាមួយវេជ្ជបណ្ឌិត ឬវេជ្ជបណ្ឌិតជំនាញផ្នែកក្រពះពោះវៀនគួរត្រូវបានណែនាំ។ 

អ្វីគួរធ្វើ?
ប្រសិនស្ថានភាពឈឺចាប់ ឬក្រហាយកើតមានឡើងភ្លាមៗ អ្នកជំងឺអាចណែនាំឲ្យប្រើប្រាស់៖
ប្រភេទឱសថរួមបញ្ចូលសារធាតុអាលុយមីញ៉ូមអ៊ីដ្រុកស៊ីត និងអំបិលម៉ាញ៉េស្យូម  ដែលមានសមត្ថភាពទៅបិតលើភ្នាសក្រពះ គ្មានការស្រូបចូល និងត្រូវបញ្ចេញចោលតាមលាមកនៅពេលអស់ប្រសិទ្ធភាព ដូចជា៖
• Maalox (Théraplix)
• Phosphalugel (Yamanouchi Pharma)៖ ស្ថិតក្នុងទម្រង់ជាជែល អាចប្រើបាន ២ស្លាបព្រាបាយ ឬ ១កញ្ចប់ បន្ទាប់ពីអាហារ។

ឬអាចប្រើប្រាស់ឱសថប្រឆាំងការចេញអាស៊ីតពីក្រពះ ប្រភេទ Anti H2 ដែលមាន៖
• Cimétidine៖ អាចមានឈ្មោះ Stomédine 200mg ប៉ុន្តែវាអាចបង្កជាផលរំខានមួយចំនួន និងមានអន្តរកម្មឱសថក្នុងលក្ខខណ្ឌណាមួយ
• Famotidine៖ អាចមានឈ្មោះ Pepcidac ដោយអាចប្រើម្តង ១គ្រាប់ នៅពេលឈឺចាប់ភ្លាមៗ ឬនៅមុនពេលគេង តែចៀសវាងប្រើប្រាស់លើសពី ២ គ្រាប់ក្នុងមួយថ្ងៃ (សម្រាប់មនុស្សពេញវ័យ)។

ប្រសិនអាការៈស្តែងចេញជាជំងឺច្រាលទឹកអាស៊ីតក្រពះ អាចណែនាំឲ្យប្រើប្រាស់ឱសថប្រភេទពាសក្រពះ ដែលមានសារធាតុរួមបញ្ចូលនូវម្សៅ Baking Soda និង Alginate ដែលមានឈ្មោះ៖
Gaviscon (Smithkline Beecham)៖ ក្នុងកម្រិត ១កញ្ចប់ ឬ២ស្លាបព្រាកាហ្វេ អំឡុងពេលអាហារ ៣ពេល។ ត្រូវប្រាកដថាអាការៈក្រហល់ក្រហាយដែលកើតមានឡើង មិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ឱសថប្រភេទ Corticoïde ឱសថបំបាត់ការឈឺចាប់ (Antalgique) ឬឱសថក្នុងក្រុម Anti-inflammatoire non stéroïdien ដែលក្នុងករណីបែបនេះ   ត្រូវជួបព្យាបាលជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។

ប្រភពយោង៖ Le vademecum de la Médication officinale

©2019 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយ Healthtime Corporation ចំពោះគ្រប់អត្ថបទដោយគ្មានផ្នែកណាមួយត្រូវបោះពុម្ពផ្សាយចូល ប្រព័ន្ធអ៊ីនធឺណែតឧបករណ៍អេឡិចត្រូនិកអាត់ជាសំឡេងឬថតចំលងគ្រប់រូបភាពដោយគ្មានការអនុញ្ញាតឡើយ 


Share:

អត្ថបទទាក់ទង